ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិត្តភក្តិ​បង្ខំ​ប្រើ​គ្រឿងញៀ.ន​ភ័យរ​ត់រក​កន្លែង​បន្សាប

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​ធ្វើ​ដំណើរ​មក​កាន់​ប៉ុស្ដិ៍​នគរបាល​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​២១ កុម្ភៈ ដើម្បី​សុំ​ឲ្យ​នគរបាល​ជួយ​នាំ​

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​ធ្វើ​ដំណើរ​មក​កាន់​ប៉ុស្ដិ៍​នគរបាល​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​២១ កុម្ភៈ ដើម្បី​សុំ​ឲ្យ​នគរបាល​ជួយ​នាំ​រូបគេ​ទៅ​កាន់​មណ្ឌល​បន្សាប​គ្រឿងញៀន ។ យុវជន​រូបនេះ​បាន​ប្រាប់​នគរបាល​ទាំង​ទឹកភ្នែក​ថា ខ្លួន​មានមុខរ​បរជា​ជាងភ្លើង ខណៈ​ពេល​ផឹកស៊ី​ជាមួយ​មិត្តភក្ដិ ពួក​គេ​ក៏​នាំ​ចូល​ទៅ​កាន់​ផ្ទះសំណាក់​មួយ​កន្លែង រួច​បាន​បង្ខំ​ឲ្យ​ខ្លួន​ប្រើប្រាស់​គ្រឿងញៀន​ពេញ​មួយ​យប់ ។

យុវជន​រូប​នេះ​បន្ដ​ថា ក្រោយ​ពេល​ប្រើ​រួច ហាក់​មាន​អារម្មណ៍​ខុស​ប្លែក​ពី​ពេល​មុន ដោយ​យល់​ថា​ខ្លួនឯង​កំពុង​ឈាន​ទៅ​រក​ការ​ញៀន​ថ្នាំ ទើប​រូបគេ​មានការ​ភ័យ​ខ្លាច​ខូចអនាគត ជា​ពិសេស​ខ្លាច​ឪពុក​ម្ដាយ​ដឹង ទើប​សម្រេច​ចិត្តរក​អន្តរាគមន៍​ពី​សំណាក់​នគរបាល ឲ្យ​ជួយ​នាំ​រូបគេ​ទៅ​ដាក់​នៅ​មណ្ឌល​បន្សាប​គ្រឿងញៀន ។

យុវជន​ដែល​មាន​ភាព​ក្លាហាន រក​ការ​អន្តរាគមន៍​ពី​នគរបាល​នេះ ឈ្មោះ ភ​ន សំ​ប៊ែ​រ អាយុ​២១​ឆ្នាំ ជា​ជាងភ្លើង​មាន​ទីលំនៅ​ក្នុងភូមិ​កោះ​តា​កូវ ឃុំ​ព្រែក​ក្រឹស ស្រុក​កំពង់ត្រាច ខេត្តកំពត និង​ស្នាក់​នៅ​ក្នុងភូមិ​បឹង​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

យុវជន​នោះ​បាន​ប្រាប់​ប៉ុស្ដិ៍​នគរបាល​ចោម​ចៅ ឲ្យ​ដឹង​ថា នៅ​វេលា​យប់​ថ្ងៃ​ទី​២០ កុម្ភៈ រូបគេ​បាន​ទៅ​ផឹកស៊ី​ជុំ​គ្នា​ជាមួយ​មិត្តភក្ដិ​៧​នាក់​ទៀត នៅ​ជិត​ផ្ទះ​ជួល​ដែល​ខ្លួន​ស្នាក់​នៅ​នោះ​ដែរ ។ លុះ​ក្រោយ​ពេល​ផឹក​ស្រវឹង មិត្តភក្ដិ​ម្នាក់​ក្នុង​ចំណោម​៧​នាក់ បាន​នាំ​ខ្លួន​ដើរ​លេង បន្ទាប់​មក​បាន​នាំ​ចូល​ទៅ​ក្នុងផ្ទះ​សំណាក់​មួយ​ដែល​មិន​ស្គាល់ឈ្មោះ ហើយ​មាន​ទីតាំង​ស្ថិត​នៅ​កន្លែង​ណា​នោះ​ទេ ។ ពេល​ចូល​ទៅ​ដល់​ក្នុងផ្ទះ​សំណាក់​មួយ​នោះ មិត្តភក្ដិ​បាន​បង្ខំ​ឲ្យ​ខ្លួន​ប្រើប្រាស់​គ្រឿងញៀន ខណៈនោះ​ខ្លួន​មិន​ព្រម​ទេ ប៉ុន្តែ​ត្រូវ​ជន​នោះ​សំឡុត ។ ដោយ​ខ្លាច​ជន​នោះ​ហៅ​គ្នា​វាយ​ធ្វើបាប ទើប​ខ្លួន​សម្រេច​ជក់​គ្រឿងញៀន​នៅ​ក្នុងផ្ទះ​សំណាក់​នោះ ដោយ​ប្រើប្រាស់​អស់​ជា​ច្រើន ។

ប្រភព​ដដែល​បាន​បន្ត​ថា បន្ទាប់​ពី​ជក់​គ្រឿងញៀន​នៅ​ទីនោះ អស់​រយៈពេល​ពេញ​១​យប់​រួច​មក ខ្លួន​មាន​អារម្មណ៍​ថា ដូច​ជា​មាន​អាកា​រៈ​ប្លែក​នៅ​ក្នុង​ខ្លួន​យ៉ាង​ខ្លាំង ។ ដោយសារ​តែ​ភ័យ​ខ្លាច​ញៀន ខូចអនាគត និង​ត្រូវ​ឪពុក​ម្ដាយ​ស្ដីបន្ទោស​ផង​នោះ ទើប​ខ្លួន​សម្រេចចិត្ត​ធ្វើ​ដំណើរ​មក​កាន់​ប៉ុស្ដិ៍​នគរបាល​ចោម​ចៅ ដើម្បី​សុំ​ការ​អន្តរាគមន៍​ពី
នគរបាល និង​សុំ​ឲ្យ​ជួយ​នាំ​ខ្លួន​ទៅ​កាន់​មណ្ឌល​បន្សាប​គ្រឿងញៀន​ណាមួយ ។ ម្យ៉ាងទៀត​ចង់​គេច​ចេញពី​មិត្តភក្ដិ​នរក​ទាំងនោះ​ទៀត​ផង ហើយ​ខ្លួន​មាន​អារម្មណ៍​ថា ខ្លាច​ពួក​គេ​តាម​រក​បង្ខំ​ឲ្យ​ខ្លួន​ប្រើប្រាស់​គ្រឿងញៀន​បន្ត​ទៀត ។

នគរបាល​បាន​ឲ្យ​ដឹង​ថា យុវជន​រូប​នេះ​ពិតជា​បាន​ស្វែងរក​ការ​អន្តរាគមន៍ ឲ្យ​ជួយ​នាំ​រូបគេ​ទៅ​ដាក់​នៅ​មណ្ឌល​បន្សាប​គ្រឿងញៀន​ពិតប្រាកដ​មែន ដែល​នេះ​គឺជា​ភាព​ក្លាហាន​មួយ​ក្នុង​បំណង​កែប្រែ​ខ្លួន​ឱ្យ​បាន​ចាក​ចេញពី​គ្រឿងញៀន ដែល​ពិតជា​គួរ​ឲ្យ​កោត​ស​សើរ និង​ជា​គំរូ​ដែល​យុវជន​គ្រប់​រូប​គប្បី​អនុវត្ដ​តាម ។ ខណៈនោះ​បាន​នាំ​ទៅ​កាន់​សាលាសង្កាត់ ដើម្បី​ឲ្យ​មន្ត្រីសង្កាត់​ចោម​ចៅ ជួយ​ទំនាក់ទំនង​ជាមួយ​មន្ទីរ​សង្គមកិច្ច​រាជធានី ដើម្បី​ចាត់ការ​បន្ត​នាំ​យក​ទៅ​កាន់​មណ្ឌល​បន្សាប​គ្រឿងញៀន​តាម​បំណង​ដែល​គេ​ចង់បាន ។

បន្ទាប់​មក​មន្ត្រី​សាលាសង្កាត់​ចោម​ចៅ ក៏​បាន​ទំនាក់ទំនង​ទៅ​កាន់​មន្ត្រី នៃ​មន្ទីរ​សង្គមកិច្ច​រាជធានី និង​បាន​ឲ្យ​យុវជន​រូប​នោះ​ទៅ​ជួប​មន្ត្រី​ទាំងនោះ​ហើយ ៕