ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ទះចរាចរណ៍​ខ្លាំង​ពេក ចុះ​ពីលើ​ម៉ូតូឌុប​ឆ្លងទន្លេ​លើ​ស្ពាន​ព្រះ​មុនី​វង្ស​ថ្មី

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី ២០ ខែកុម្ភៈ ឆ្នាំ​២០១៧ ស្ត្រី​ម្នាក់​បាន​ជិះ​ម៉ូតូឌុប​ទៅ​សម្រាលកូន​នៅ​មន្ទីរពេទ្យ​បង្អែក​មាន​ជ័យ ប៉ុន្តែ​ដោយសារ​ស្ទះចរាចរណ៍​ …

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី ២០ ខែកុម្ភៈ ឆ្នាំ​២០១៧ ស្ត្រី​ម្នាក់​បាន​ជិះ​ម៉ូតូឌុប​ទៅ​សម្រាលកូន​នៅ​មន្ទីរពេទ្យ​បង្អែក​មាន​ជ័យ ប៉ុន្តែ​ដោយសារ​ស្ទះចរាចរណ៍​ខ្លាំង​ពេក ស្រាប់តែ​ស្ត្រី​រូប​នោះ​ចុះ​ពីលើ​ម៉ូតូ​ឆ្លងទន្លេ​បានកូន​ស្រី​មួយ​នៅ​លើ​ស្ពាន​ព្រះ​មុនី​វង្ស​ថ្មី ត្រើយ​ខាងកើត ស្ថិត​ក្នុង​សង្កាត់​ច្បារ​អំពៅ​ទី​១ ខណ្ឌ​ច្បារ​អំពៅ បង្ក​ឲ្យ​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង ។

ស្ត្រី​រូប​នេះ​ឈ្មោះ ស្រី​ចិន អាយុ​២៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ បច្ចុប្បន្ន​សុំ​ផ្ទះ​ប្រជាពលរដ្ឋ​ស្នាក់​នៅ​បណ្តោះអាសន្ន នៅ​ភូមិ​ព្រែក​តា​នូ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ ។

ប្រភព​ព័ត៌មាន​ពី​ក្រុម​អ្នក​ភូមិ​ដែល​រស់នៅ​ជាមួយ​នាង​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ព្រឹក​ថ្ងៃ​២០ ខែ​កុ​ម្ភះ នាង​ថ្ងូរ​ថា​ឈឺពោះ​ខ្លាំង​ណាស់ ម្យ៉ាងទៀត​កូន​ដែល​នៅ​ក្នុង​ផ្ទៃ​របស់​នាង​ក៏​គ្រប់​ខែ​នឹង​ត្រូវ​កើត​ទៀត ។ ដោយ​ឃើញ​ការ​ខ្វះខាត អ្នកស្រុក​បាន​រៃ​អង្គាស​លុយ​គ្នា​ម្នាក់​បន្តិច​ជួល​ម៉ូតូឌុប​ឲ្យ​ឌុ​ប​នាង​ទៅ​សម្រាក​កូន​នៅ​មន្ទីរពេទ្យ​បង្អែក​មាន​ជ័យ ស្ថិត​ក្នុង​សង្កាត់​ច្បារ​អំពៅ​១ ខណ្ឌ​ច្បារ​អំពៅ ។ លុះ​ធ្វើ​ដំណើរ​មក​ដល់​លើ​ស្ពាន​ព្រះ​មុនី​វង្ស​ថ្មី​ត្រើយ​ខាងកើត ដោយសារ​ស្ថានភាព​ចរាចរណ៍​មាន​ភាព​ណែនណាន់តាន់តាប់​ខ្លាំង​ពេក ស្ត្រី​ខាងលើ​ក៏​បាន​ចុះ​ពីលើ​ម៉ូតូ ហើយ​សម្រាលកូន​នៅ​លើ​ស្ពាន​ដោយ​ខ្លួនឯង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នកដំណើរ​ពាសពេញ​ស្ពាន នាំ​គ្នា​ចោមរោម​មើល ខណៈ​ចរាចរណ៍​នៅ​ចំណុច​ខាងលើ​កំពុង​មានការ​កកកុញ​ស្ទះ​យ៉ាង​ខ្លាំង ។

ភ្លាម​ៗ​នោះ គេ​សង្កេត​ឃើញ​កម្លាំង​អាជ្ញាធរ​មូលដ្ឋាន​ចុះ​អន្តរាគមន៍ និង​ជួយ​ទំនាក់ទំនង​ទៅ​កាន់​រថយន្ត​សា​មុ​យ​របស់​មន្ទីរពេទ្យ​បង្អែក​មាន​ជ័យ​ឲ្យ​មក​ជួយ​សង្គ្រោះ​ផង​ដែរ ។ ប៉ុន្តែ​យ៉ាងណា​ក៏​ដោយ មុន​ពេល​រថយន្ត​សា​មុ​យមក​ដល់ ស្ត្រី​រូប​នេះ​បាន​ប្រសូត​បានកូន​ស្រី​ម្នាក់​ហើយ ព្រមទាំង​មាន​ឈាម​ស្រោច​ពេញ​ថ្នល់​លាយឡំ​នឹង​សម្រែក​ស្រែកថ្ងូរ​គួរ​ឲ្យ​អាណិត​ជាទី​បំផុត ។

យ៉ាងណាមិញ គិត​មក​ត្រឹម​ម៉ោង​១​រសៀល​ថ្ងៃ​ដដែល​នេះ ស្ត្រី​ខាងលើ និង​កូនស្រី កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​មាន​ជ័យ ដោយ​មានការ​យកចិត្តទុកដាក់​ពី​ក្រុម​គ្រូពេទ្យ​ផង​ដែរ ៕