ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រ​វ​តិ្ត​សម្តេចព្រះ​ធម្មលិខិត ល្វី ឯម គណៈមហានិកាយ

7 ឆ្នាំ មុន

ឯកសារ​«​មហា​បុរស​ពុទ្ធសាសនា​ប្រទេស​ខ្មែរ​»​អត្ថាធិប្បាយ​ថា សម្តេចព្រះ​ធម្មលិខិត​ល្វី ឯម ប្រសូត​នៅ​ថ្ងៃ​ចន្ទ ៥​កើត ខែ​ពិសាខ ឆ្នាំរោង ទោស័ក ព​.​ស​.២៤២២ គ​.​ស​.១៨៧៨(​យោង​តាម​ប្រសាសន៍​លោកតា​មហា​ទិ​ត អ៊ា​វ

ឯកសារ​«​មហា​បុរស​ពុទ្ធសាសនា​ប្រទេស​ខ្មែរ​»​អត្ថាធិប្បាយ​ថា សម្តេចព្រះ​ធម្មលិខិត​ល្វី ឯម ប្រសូត​នៅ​ថ្ងៃ​ចន្ទ ៥​កើត ខែ​ពិសាខ ឆ្នាំរោង ទោស័ក ព​.​ស​.២៤២២ គ​.​ស​.១៨៧៨(​យោង​តាម​ប្រសាសន៍​លោកតា​មហា​ទិ​ត អ៊ា​វ រស់នៅ​ក្នុងភូមិ​ព្រៃ​បាំង ឃុំ​ស៊ីធរ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​ថា សម្តេច​ល្វី ឯម មានស្រុក​កំណើត​នៅ​ភូមិ​វៃ​វេទ ឃុំ​រាប ស្រុក​ពារាំង ខេត្តព្រៃវែង ចំណែកឯ​ឯកសារ​ដើម​របស់​ឈឹ​ម ស៊ុម​ន៍​ថា សម្តេច​មានស្រុក​កំណើត​នៅ​ទីក្រុង​ភ្នំពេញ សង្កាត់​លេខ​៣ ។ បើ​តាម​យោបល់​អ្នក​រៀបរៀង​ឯកសារ​ថា សម្តេច​ប្រាកដជា​មានស្រុក​កំណើត​នៅ​ខេត្តព្រៃវែង ពីព្រោះ​ប្រវត្តិ​របស់​លោក​មានការ​ជាប់​ពាក់ព័ន្ធ​ច្រើន​នៅ​ក្នុង​ខេត្តព្រៃវែង​) ។ បិតា​នាម​មាន់ ឧកញ៉ា​រតនៈ នាយក​​ចាងហ្វាង​ព្រះ​ឃ្លាំង នៅ​ព្រះ​បរមរាជវាំង ក្នុង​រជ្ជកាល​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តមព្រះ​សុវណ្ណកោដ្ឋ មាតា​នាម​ប្រាក់ ។ ឯថា​នៅ​ភ្នំពេញ​នោះ​គឺ​ប្រវត្តិ​របស់​លោក​ទៅ​រៀន​ទេ មិនមែន​ស្រុក​កំណើត​ឡើយ ឯ​ប្រវត្តិ​លោក​ដាក់​ថា​នៅ​ខេត្តកណ្តាល​នោះ ទំនងជា​ការ​កាឡៃ​ប្រវត្តិ បើ​តាម​សាកសួរ​ពី​អ្នកស្រុក​កំណើត​របស់​លោក​មិនដឹង​ថា មក​ពី​មូលហេតុ​អ្វី​បានជា​លោក​ផ្លាស់​ប្តូរ​ស្រុក​កំណើត ?

ក្នុង​អាយុ​១៥​ឆ្នាំ បួស​ជា​សាមណេរ ដែល​មាន​សម្តេចព្រះ​មហាសង្ឃរាជ​ទៀង ជា​ព្រះ​ឧ​ប​ជ្ឃា​យ៍ ក្នុង​វត្ត​ឧណ្ណាលោម នៅ​ពេល​ញោមប្រុស ត្រឡប់​ពី​ធ្វើ​ចៅហ្វាយស្រុក ក្នុង​ខេត្ត​ត្បូងឃ្មុំ​(​ខេត្តកំពង់ចាម​)​ផ្លាស់​ទៅ​ខេត្ត​លង្វែក​ព​.​ស​.២៤៣៧ គ​.​ស​.១៨៩៣ ។ សាមណេរ​ឯម ខំ​ហាត់រៀន​ធម៌​ប្រែ​គម្ពីរ​បាលី​ក្នុង​សំណាក់ ព្រះ​មហាវិមលធម្ម​ថោ​ង គ្រូអាចារ្យ​យ៉ាំ​ង អាចារ្យ​រ៉េ​ត លោក​ឧ​ញ៉ា​សុធម្ម​មេធា​អ៊ុ​ង និង​លោក​ឧកញ៉ា​សទ្ធម្ម​ប្រីជាកង ។

អាយុ​២១​ឆ្នាំ ឧបសម្បទា​ជា​ភិក្ខុ ដែល​មាន​សម្តេចព្រះសង្ឃរាជ​ទៀង បាន​ឧ​ប​ជ្ឃា​យ៍ ព្រះពុទ្ធ​វង្ស​ន​ន្ទ និង​ព្រះ​មង្គលទេពាចារ្យ​កុយ ជា​ឧបសម្បទាចារ្យ​នៅ​វត្ត​ឧណ្ណាលោម ក្រុងភ្នំពេញ មាន​លោក​ឧកញ៉ា​មហាមន្ត្រី​ប៉ុក ឌុ​ច ជា​អ្នក​ឧបត្ថម្ភ​នៅ​ព​.​ស​.២៤៤៣ គ​.​ស​.១៨៩៩ ។

ព្រះ​មហាសង្ឃរាជ​បាន​ចាត់តាំង​នវ​ភិក្ខុ​ឯម ជា​គ្រូបង្ហាត់​សូត្រ អាន​ធម៌អាថ៌​បាលី នៅ​វត្ត​ឧណ្ណាលោម​ផង នៅ​ខេត្តកំពង់ឆ្នាំង ជាដើម​ផង អស់​រយៈ​២​ឆ្នាំ ។

ព​.​ស​.២៤៤៥ គ​.​ស​.១៩០១ លោកគ្រូ​អាចារ្យ​ឯម ត្រូវ​បាន​ចាត់តាំង​ឱ្យធ្វើ​ចៅអធិការ​វត្ត​សុ​ី​ធរ ឃុំ​សុ​ី​ធរ ស្រុក​ស្រី​សុ​ី​ធរ ខេត្តព្រៃវែង​(​សព្វ​ថ្ងៃនេះ​រួម​ចូល​ក្នុងស្រុក​ខ្សាច់​កណ្តាល ខេត្តកណ្តាល​) ។ ព្រះ​អង្គ​បាន​គ្រប់គ្រង និង​កសាង​វត្ត​បាន​រីក​ចម្រើន ព្រមទាំង​បង្រៀន​គម្ពីរ​បាលី​ដល់​ភិក្ខុ​សាមណេរ​អស់​វេលា​៩​ឆ្នាំ នាំ​ឱ្យ​មាន​កិត្តិ​ស័ព្ទ​ល្បីល្បាញ​ខាង​ការ​កសាង​វត្ត ការ​បង្រៀន​គម្ពីរ​បាលី និង​ខាង​សម្តែងធម៌​ទេសនា ។

ព​.​ស​២៤៥៤ គ​.​ស​១៩១០ ព្រះបាទ​សម្តេចព្រះ​សុ​ី​សុវត្ថិ មុនី​វង្ស ឃើញ​វត្ត​លង្កា​មាន​សភាព​ខ្សត់ខ្សោយ ហើយ​លោកគ្រូ​ចៅអធិការ​ខាត់ បាន​សុគត​ផង ទ្រង់​ក៏​ទូល​សម្តេច​ព្រះសង្ឃរាជ សុំ​និមន្ត​លោកគ្រូ​ចៅអធិការ​ឯម ពី​វត្ត​សុ​ី​ធរ មក​គង់នៅ​វត្ត​លង្កា​(​ភ្នំពេញ​)​វិញ ក្នុង​ព​.​ស​២៤៥៤​នោះ ដែល​ដំបូង​ឡើយ​លោក​មក​គង់នៅ​ក្នុង​សេនាសនៈ​ចាស់​មួយ​ដែល​ជា​សាលារៀន​ផង ជា​សាលា​បុណ្យ​ផង ជា​កុដិ​សម្រាប់​ចៅអធិការ​ផង​ដែរ​អ្នកឧកញ៉ា​ម៉ែ​ន សេនាបតី​ក្រសួងយុត្តិធម៌ រុះ​រោងល្ខោន​របស់​លោក​យក​មក​កសាង​ប្រគេន។

ជំនាន់​មុន​នេះ ការ​សិក្សា​ធម៌​វិន័យ​គម្ពីរ​បាលី និង​ការ​ប្រតិបត្តិ​មានការ​ធ្លាក់​ចុះ ។ តាំងពី​សាលា​បាលី​ជាន់ខ្ពស់​កើតឡើង មាន​ព្រះ​មហាវិមលធម្ម​ថោ​ង ជានា​យក​ព្រះ​ញាណ​បវរ​វិជ្ជា​ឯម ព្រះ​គ្រូ​សង្ឃ​ស​ត្ថា​ជួន ណាត ព្រះ​គ្រូ​សង្ឃ​វិជ្ជា​ហួត តាត ជាដើម ជា​សាស្ត្រាចារ្យ​សាលា​បាលី​ជាន់ខ្ពស់ ជា​ជំនួយ​កម្លាំង​ផង​លោក​បាន​រៀបចំ​ការ​សិក្សា​និង​ការ​កែប្រែ​វត្តប្រតិបត្តិ​ច្រើន​អន្លើ ។ សម័យ​នោះ​មាន​អធិករណ៍​យ៉ាង​ធំ​ខាង​ផ្លូវ​ពុទ្ធសាសនា ដូច​ជា​មហាសង្គ្រាម​មួយ​កើតឡើង​ក្នុង​ប្រទេស ។

ព្រះ​ញាណ​បវរ​វិជ្ជា​ឯម បាន​កសាង​ធ​ម្មា​វុ​ធ គឺ​សៀវភៅ​ធម៌​វិន័យ មានការ​ឯកភាព​ពី​អ្នក​អង្គ​ម្ចាស់​នរោត្តម សង្ហ​រ៉ា សុណិសា​ព្រះបាទ​ស៊ី​សុវត្ថិ មុនី​វង្ស ព្រមទាំង​មន្ត្រី​សង្ឃ​ទាំង​ពីរ​គណៈ​ផង​ថា​«​ប្រែ​គម្ពីរ​ព្រះ​ត្រៃ​បិដក​ដែល​ជា​ភាសាបាលី​ឱ្យ​ជា​សេចក្តី​សម្រាយ​»​ដើម្បី​ឱ្យ​ជន​ទាំងឡាយ​បាន​អាន​សេចក្តី​យល់​គ្រប់​គ្នា ។

កាល​ចាត់តាំង​សរសេរ​ចម្លង​បាលី​វិន័យ​បិដក ព្រមទាំង​ប្រែ​ផង ចប់​គម្ពីរ​មហា​វិភង្គ​ក្នុង​ព​.​ស​២៤៦០​យក​ទៅ​ថ្វាយ​ព្រះបាទ​ស៊ី​សុវត្ថិ​មុនី​វង្ស កាល​ទ្រ​ង​នៅ​ជា​សម្តេចព្រះ​កៅ​កែវ​ហ្វា​នៅឡើយ ដើម្បី​ទ្រង់​ទូល​ស្នើ​បោះពុម្ព​ចំពោះ​ព្រះបាទ​ស៊ី​សុវត្ថិ ព្រះ​ចៅ​ប្រទេស​កម្ពុជា និង​រាជការ​អាណាព្យាបាល​តែ​ពុំ​បាន​លទ្ធផល ។

សមណសក្តិ​ដែល​សម្តេច​បាន​ទទួល
-​ព​.​ស​២៤៤៦ បាន​ទទួល​ឋានៈ​ជា​ព្រះ​វិមល​ប្បញ្ញា ។

-​ព​.​ស​២៤៥៧ បាន​ទទួល​ឋានៈ​ឡើងជា ព្រះ​ញាណ​បវរ​វិជ្ជា​(​រាជាគណៈ​ចត្វា​) ។

-​ព​.​ស​២៤៥៨ មាន​រាជប្រកាស និង​អា​រ៉ែ​តេ​រ៉េ​សុ​ី​ដង់​ត៍ ស៊ុ​ប៉េ​រី​យើ​រ តែងតាំង​ជា​សាស្ត្រាចារ្យ​សាលា​បាលី​ជាន់ខ្ពស់ ដោយ​ការ​ប្រឡង​ជាប់​លេខ​លើក​ដំបូង​បំផុត ។

-​ព​.​ស​២៤៧២ ព្រះ​ញាណ​បវរ​វិជ្ជា​ឯម បានជា​ចាងហ្វាង​សាលា​បាលី​ជាន់ខ្ពស់ ។

-​ព​.​ស​២៤៧៥ បាន​ឡើងជា​ព្រះ​សិរី​សម្មតិ​វង្ស​(​ក្នុង​រជ្ជកាល​ព្រះ​មុនី​វង្ស បាន​រាជាភិសេក​ហើយ​)​ព្រះ​សិរី​សម្មតិ​វង្ស ទូល​ស្នើ​អំពី​ការ​ប្រែ​និង​បោះពុម្ព​ព្រះ​ត្រៃ​បិដក​ម្តងទៀត ។

ព្រះករុណា​ព្រះបាទ​ស៊ី​សុវត្ថិ មុនី​វង្ស និង​រាជការ​អាណាព្យាបាល​បារាំង​សេស ក្រោយ​ដែល​កុង្សីយ៍សេនាបតី​ជំនុំ​ព្រះ​ត្រៃ​បិដក​ផង ។

ព​.​ស​២៤៨៥ ព្រះ​អង្គ​ឡើងជា​ព្រះ​ធម្មលិខិត​(​រាជាគណៈ​ទី​១) ។ ក្នុង​ឆ្នាំ​នោះ​ឯង ព្រះ​អង្គ​សុំ​លាឈប់​ពី​ឋានៈ​ជា​ចាងហ្វាង​សាលា​បាលី​ជាន់ខ្ពស់ និង​ពី​អធិបតី​ក្រុម​ជំនុំ​ព្រះ​ត្រៃ​បិដក ព្រោះ​រាជការ​អាណាព្យាបាល​មិន​ទុកចិត្ត​លោក​ដោយ​សិស្ស​មួយ​ចំនួន និង​គ្រូ​ខ្លះ​តវ៉ា​មិន​ចង់​នៅ​ក្រោម​បង្គាប់​រាជការ​អាណាព្យាបាល​បារាំង ។

ព​.​ស​២៤៩១ បាន​ឡើងជា​សម្តេចព្រះ​ធម្មលិខិត ឧត្តម​ក្រុមប្រឹក្សា​គណៈមហានិកាយ​(​ព្រះ​រាជទាន​ដោយ​ព្រះករុណា​ព្រះបាទ​នរោត្តម សីហ​នុ​) ។

គ្រឿង​ឥស្សរិយយស​ដែល​សម្តេច​ទទួល​បាន
-​ថ្ងៃ​ទី​១៩ កុម្ភៈ ១៩១៧ ទទួល​បាន​មេដាយ​មុនី​សារា​ភ័​ណ ។
-​ថ្ងៃ​ទី​១៨ មក​រា ១៩៣២ ទទួល​បាន​មេដាយ​អស្សរឹទ្ធិ ប្រទេស​កម្ពុជា ។
-​ថ្ងៃ​ទី​៣ តុលា ១៩៣៣ ទទួល​បាន​មេដាយ សឺ​រ៉ា​លី​យេ​ដឺ​ឡា​ឡេ​ស៊ី​យ៉ុ​ង ដូ​នើ​រ ប្រទេស​បារាំង ។
-​ថ្ងៃ​ទី​១៣ ធ្នូ ១៩៥៥ លោក​អង់​ដ្រ​ម៉ោ​រី រដ្ឋមន្ត្រីក្រសួង​សិក្សាធិការ​បារាំង តាំង​លោក​ជា​មន្ត្រី​បណ្តុះ​វិជ្ជា​សាធារណៈ ។

ស្នាដៃ​កសាង
កសាង​សមិទ្ធផល​នានា​ជា​ច្រើន​ក្នុង​វត្ត​លង្កា​ដូច​ជា ធម្មសភា វិហារ កុដិ​ថ្ម តូច ធំ ហោត្រ័យ សាលា​បាលី សាលា​បាលី​រង សាលា​បឋម​សិក្សា ជួសជុល​បល្ល័ង្ក​ព្រះ​ពុទ្ធរូប​ធំ ។ សាង​ប្រាង្គ​មួយ​មុខ​ព្រះ​វិហារ បញ្ចុះ​អដ្ឋិធាតុ​ព្រះ​សព​ព្រះ​មហាវិមលធម្ម​ថោ​ង ចាក់​ដី​បំពេញ​វត្ត​លង្កា​ទាំងមូល ។​ល​។ ក្រោយ​ពី​នេះ​លោក​កសាង​សមិទ្ធផល​នានា​នៅ​វត្ត​ក្រាំង​ពន្លៃ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ និង​សាងចេតិយ​មួយ​នៅ​វត្ត​នេះ​បញ្ចុះធាតុ​លោក​ឧកញ៉ា​ល្វី ជោ​មាន់ ជា​បិតា​និង​លោកស្រី​ប្រាក់ ជា​មាតា​(​ឧកញ៉ា​ល្វី ជោ ជា​ងារ​ចៅហ្វាយខេត្ត​លង្វែក​) ។

ពាក្យ​ថា​ល្វី ក្នុង​ងារ​នោះ​ឯង បាន​មក​ជា​គោត្តនាម​នៃ​សម្តេច​ល្វី ឯម ជាប់​តម​ក ព្រោះ​បារាំង​ពេញចិត្ត​នឹង​ពាក្យ​ល្វី នេះ​ណាស់ ។

ការ​និពន្ធ​សៀវភៅ​មាន​៖
១-​កាយ​បរិ​ភោ​គា​ទិ​វត្ថុ​កថា​(​សេចក្តី​ជា​ធម៌​វិន័យ​សុទ្ធ ហើយ​ស្របគ្នា​នឹង​ច្បាប់​អនាម័យ​ផ្លូវលោក​)
២-​សមាទាន​វិនិច្ឆ័យ
៣-​វុត្តោទ័យ
៤-​លោក​នេ​យ្យ
៥-​បព្វជ្ជា​ខន្ធ​កៈ
៦-​វជីរ​សារ​ដីកា
៧-​មធុរស​វាហិណី
៨-​ញាណ​កថា
៩-​បដិសម្ភិទា​ញាណ
១០-​អភិធម្ម​ត្ថា​ធិ​ប្បាយ
១១-​វិន័យ​វិនិច្ឆ័យ
១២-​ចីវរ​វិភាគ
១៣-​គិ​ហិ​ធម្ម​វិន័យ
១៤-​ប្រវត្តិ​សង្ខេប​អនុពុទ្ធ​ថ្នាក់​ទោ
១៥-​អភិធម្ម​វិភាគ និង​ធម្មកថា ផ្សេង​ៗ​ទៀត ។

សម្តេចព្រះ​ធម្មលិខិត អនិច្ចធម្ម​នៅ​ថ្ងៃ​អង្គារ ៩​កើត ខែ​ពិសាខ ឆ្នាំរកា នព្វស័ក ព​.​ស​២៥០០ ត្រូវ​នឹង​ថ្ងៃ​ទី​៧ ឧសភា គ​.​ស​១៩៥៧ ក្នុង​បច្ចូសសម័យ​ម៉ោង​៥ និង​៤០​នាទី​ភ្លឺ ក្នុង​ជន្មាយុ​៧៨​ឆ្នាំ វស្សា​ផ្នួស​បាន​៥៧ នៅ​នាម​ហា​កុដិ​វត្ត​លង្កា ក្រុងភ្នំពេញ​(​កម្ពុជសុរិយា​ឆ្នាំ​ទី​២៩ លេខ​១២ ខែធ្នូ ព​.​ស​២៥០០ គ​.​ស​១៩៥៧/១១២០​ដល់​១១៣២) ៕