ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហោស្រព​សិល្បៈ​យុវជន​ឆ្នាំ​នេះ​មាន​សិល្បករ​900​នាក់​ចូលរួម

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ កុម្ភៈ ឆ្នាំ​២០១៧​នៅ​ទីស្តីការក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​រៀបចំ​សន្និសីទ​សារព័ត៌មាន​មួយ​ស្តី​ពី​ការ​បង្កើត​ព្រឹត្តិការណ៍​វប្បធម៌ ដើម្បី​អបអរសាទរ​ទិវា​វប្បធម៌​ជាតិ​៣​មីនា

រាជធានី​ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ កុម្ភៈ ឆ្នាំ​២០១៧​នៅ​ទីស្តីការក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​រៀបចំ​សន្និសីទ​សារព័ត៌មាន​មួយ​ស្តី​ពី​ការ​បង្កើត​ព្រឹត្តិការណ៍​វប្បធម៌ ដើម្បី​អបអរសាទរ​ទិវា​វប្បធម៌​ជាតិ​៣​មីនា លើក​ទី​១៩ ឆ្នាំ​២០១៧ ។ សន្និសីទ​ក្រោម​វត្តមាន​លោក​សំរាំង កំសាន្ត រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ព្រមទាំង​មន្ត្រី​ក្រោម​ឱវាទ ។

លោក​សំរាំង កំសាន្ត លើក​ឡើង​ថា ដោយ​មានការ​អនុញ្ញាត​ពី​លោក​ជំទាវ​រដ្ឋមន្ត្រី​បាន​រៀបចំ​ព្រឹត្តិការណ៍​វប្បធម៌ សំខាន់​ៗ​មានការ​បើក​មហោស្រព​យុវជន​ឆ្នាំ​ទី​៣ ក្រោម​ប្រធានបទ «​យុវជន​ដើម្បី​វប្បធម៌​ជាតិ​» ។ ការ​ប្រកួតប្រជែង​គំនូរ​ផ្សាយ​ក្រោម​ប្រធានបទ «​យុវជន​ដើម្បី​វប្បធម៌​» ។ ការ​ប្រកួតប្រជែង​វី​ដេ​អូ​អប់រំ​ក្រោម​ប្រធានបទ​«​យុវជន​ដើម្បី​វប្បធម៌​សង្គម​» ។ កម្មវិធី​នេះ​មាន​អនុក្រឹត្យ​ចេញ​តាំងពី​ឆ្នាំ​២០០៦ រហូត​ទល់​ពេល​នេះ​១៩​លើក​មក​ហើយ ដោយ​ទិវា​វប្បធម៌​ជាតិ នីមួយ​ៗ​សុទ្ធតែ​មាន​ប្រធានបទ ដោយឡែក​ៗ​ពី​គ្នា ។ នៅ​ឆ្នាំ​នេះ​ដើម្បី​អបអរសាទរ​ទិវា​វប្បធម៌​ជាតិ​៣​មីនា​ក្រសួង​វប្បធម៌ សហការ​ជាមួយ​ក្រសួង​អប់រំ​រៀបចំ​មហោស្រព​យុវជន​ឆ្នាំ​ទី​៣​ពី​ថ្ងៃ​ទី​១៦ កុម្ភៈ ឆ្នាំ​២០១៧ រហូត​ដល់​ថ្ងៃ​ទី​២៨ កុម្ភៈ ឆ្នាំ​២០១៧​។ ការ​ចូលរួម​មាន​ក្រុម​យុវជន​សម្តែង​ចំនួន​៣៦​ក្រុម ក្នុង​នោះ​មាន​ក្រុម​សិល្បៈ​សិស្ស​ថ្នាក់​មធ្យម​គ្រប់​រាជធានី​ខេត្ត​-​ក្រុង​២៥​ក្រុម និង​យុវ​និស្សិត​ថ្នាក់ឧត្តម​សិក្សា​នៅ​រាជធានី​ភ្នំពេញ​ចំនួន​១១​ក្រុម សរុប​ក្រុម​យុវ​សិស្ស និង​និស្សិត​ចូលរួម​ចំនួន​៣៦​ក្រុម គិត​ជា​សិល្បករ​ចំនួន​៩០០​នាក់ ។

គោលបំណង​នៃ​ការ​បើក​មហោស្រព​នេះ គឺ​ចូលរួម​ប​អរសាទរ​ទិវា​វប្បធម៌​ជាតិ​៣ មីនា ដែល​មាន​ជា​រៀង​រាល់​ឆ្នាំ និង​មាន​គោលបំណង​សំខាន់​៤ គឺ​

ទី​១-​ដើម្បី​គោរព​តាម​មតិ​ណែនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ។

ទី​២-​ចង់​បន្ត​ឲ្យ​សិស្ស​និស្សិត​ទាំងអស់​កាន់តែ​មានការ​យល់​ដឹង​ពី​វប្បធម៌​ជាតិ​យើង ដើម្បី​បណ្តុះ​សេចក្តី​ស្រឡាញ់ ចូលរួម​ថែរក្សា​វប្បធម៌​ឲ្យ​រីក​ចម្រើន ។
ចំណុច​ទី​៣-​ចង់​បញ្ជ្រាប​ចំណេះដឹង​ផ្នែក​សិល្បៈ​វប្បធម៌ ដើម្បី​ឲ្យ​កូន​ខ្មែរ​ស្គាល់​ពី​អត្តសញ្ញាណ​ជាតិ​ខ្លួន សំដៅ​កាត់​បន្ថយឥទ្ធិពល​វប្បធម៌​មិនល្អ​មក​ពី​ខាងក្រៅ ។

ទី​៤-​ដើម្បី​អបអរសាទរ​ទិវា​វប្បធម៌​៣​មីនា​ហើយ​ប្រែក្លាយ​ទិវា​វប្បធម៌​នេះ​ទៅ​ជា​យុទ្ធនាការ​ថ្នាក់​ជាតិ ដល់​យុវជន​ជួយ​លើក​ស្ទួយ​បន្ត​ទៀត ។
ប្រធានបទ​សម្រាប់​ការ​សម្តែង​របស់​យុវជន គឺ​ប្រធានបទ «​ឈុត​ល្ខោន​អប់រំ​» ដើម្បី​ឲ្យ​មានការ​រីក​ចម្រើន​ផ្នែក​ឈុត​ល្ខោន​ជា​ច្រើន ក្រោម​ខ្លឹមសារ​មួយ​ចំនួន​ដែល​ដាក់​ឲ្យ​យុវជន​សម្តែង ទី​១​គឺ​«​យុវជន​ដើម្បី​អភិរក្ស និង​អភិវឌ្ឍ​វប្បធម៌​ជាតិ​» ។ ទី​២-«​យុវជន​ដើម្បី​សីលធម៌​សង្គម និង​គុណធម៌​ជាតិ​» ។  ទី​៣-«​យុវជន​ដើម្បី​សុវត្ថិភាព​សង្គម និង​សន្តិភាព និង​ការ​អភិវឌ្ឍ​» ។

ពានរង្វាន់​ជ័យ​លា​ភី​នឹង​ប្រគល់​ជូន​ផ្ទាល់​ពី​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នា​ព្រឹក​ថ្ងៃ​ទី​៣​មីនា​ឆ្នាំ​២០១៧ នៅ​សាលសន្និសីទ​ចតុម្មុខ ។ ក្រុម​ជ័យ​លា​ភី​ត្រូវ​សម្តែង​ជា​កិត្តិយស​ជូន​សម្តេច​នាយក​រដ្ឋមន្ត្រី​ទស្សនា ដើម្បី​អបអរសាទរ​ទិវា​វប្បធម៌​ជាតិ​៣ មីនា ៕