ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នេ​ល​សាន់ ម៉ា​ន់​ដេ​ឡា «​ប្រធានាធិបតី​ស្បែក​ខ្មៅ​ដំបូង​បង្អស់​នៃ​អា​ហ្វ្រុិក​ខាងត្បូង​»

7 ឆ្នាំ មុន

គ្រប់​រូបភាព​ទាំងឡាយ​របស់​លោក​នេ​ល​សាន់ ម៉ា​ន់​ដេ​ឡា ដែល​មាន​មក​លើ​សង្គម​លោក​ទាំងមូល សុទ្ធតែ​ជះ​ឥទ្ធិពល​ដល់​មនុស្ស​ទូទៅ​យ៉ាង​ទូលំទូលាយ ទាំង​ជា​អ្នកទោស​នយោបាយ​ដ៏​ល្បីល្បាញ ទាំង​ជា​ប្រធានាធិបតី​ស្បែក

គ្រប់​រូបភាព​ទាំងឡាយ​របស់​លោក​នេ​ល​សាន់ ម៉ា​ន់​ដេ​ឡា ដែល​មាន​មក​លើ​សង្គម​លោក​ទាំងមូល សុទ្ធតែ​ជះ​ឥទ្ធិពល​ដល់​មនុស្ស​ទូទៅ​យ៉ាង​ទូលំទូលាយ ទាំង​ជា​អ្នកទោស​នយោបាយ​ដ៏​ល្បីល្បាញ ទាំង​ជា​ប្រធានាធិបតី​ស្បែក​ខ្មៅ​ដំបូង​គេ​បង្អស់​របស់​អា​ហ្វ្រុិក​​ខាងត្បូង​ដែល​មាន​តួនាទី​ដ៏​សំខាន់​ក្នុង​ការ​ទាមទារ​សិទ្ធិ​សេរីភាព​មក​ឱ្យ​ជនជាតិ​ដើមអា​ហ្វ្រុិក​ ដែល​រស់នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​ស្បែក​ស ហើយ​ក៏​ជា​អ្នក​ទទួល​រង្វាន់​ណូបែល​សន្តិភាព​ផង​ដែរ ។ សៀវភៅ​«​បុគ្គល​ខ្លាំង​អ្នក​ធ្វើ​ឱ្យ​រង្គើ​ប្រវត្តិសាស្ត្រ​លោក​»​រៀបរៀង​ដោយ​លោក​គឹ​ម ចាន់​ណា អត្ថាធិប្បាយ​ថា​ប្រការ​សំខាន់​ដែល​ជំរុញ​ឱ្យ​នេ​ល​សាន់ ម៉ា​ន់​ដេ​ឡា ធ្វើ​កិច្ចការ​ទាំងនេះ​បាន គឺ​ឆន្ទៈ​តស៊ូ​មោះមុត​មិន​ចុះចាញ់ ក្នុង​ការ​ចង់​ឃើញ​ជនជាតិ​ដើម​ស្បែក​ខ្មៅ​អាច​ឈរជើង​នៅ​លើ​ទឹកដី​កំណើត​របស់​ខ្លួន​ប្រកបដោយ​មោទនភាព​មិន​ត្រូវ​ទទួល​រង​នូវ​ការ​គាបសង្កត់ គំរាមកំហែង និង​បំពាន​លើ​សិទ្ធិ​សេរីភាព​ពី​រដ្ឋាភិបាល​ដែល​កាន់កាប់​ដោយ​ពួក​ជនជាតិ​ស្បែក​ស និង​ដែល​មក​បឺត​ជញ្ជក់​យក​ផលប្រយោជន៍​ពី​ទឹកដី​ដែល​ម្ចាស់​ដើម​គឺជា​ជន​ស្បែក​ខ្មៅ​នេះ ។

ជា​កូន​របស់​មេ​កុលសម្ព័ន្ធ
នេ​ល​សាន់ រ៉ូ​លី​ឡា​ឡា ម៉ា​ន់​ដេ​ឡា​(Nelson Rolihlahla Mandela) កើត​នៅ​ភូមិ​ដ៏​តូច​មួយ​នៅ​ស្រុក​ត្រាន​ស្កេ ឆ្នាំ​១៩១៨ គ្រួសារ​កុលសម្ព័ន្ធ​សូ​សា​(Xhosa) ជា​អម្បូរ​ជនជាតិ​ដើម​មួយ​នៃ​ទឹកដី​អា​ហ្វ្រុិក​​ខាងត្បូង ។ កាលពី​ក្មេង​នេ​ល​សាន់ បាន​ទទួល​ការ​ចិញ្ចឹម​បីបាច់​ថែរក្សា​យ៉ាង​ល្អ ក្នុង​ឋានៈ​ជា​កូន​របស់​មេ​កុលសម្ព័ន្ធ​ដ៏​ជាទី​គោរព​លើកតម្កើង ហើយ​ក៏​បាន​ទទួល​ការ​សិក្សា​រៀនសូត្រ​ច្រើន​ជាង ក្មេង​ៗ​ដទៃ​ទៀត ដោយ​រៀនចំណេះ​វិជ្ជា ផ្សេង​ៗ​តាម​រយៈ​អ្នក​ផ្សព្វផ្សាយ​សាសនា​ជនជាតិ​អង់គ្លេស​បាន​យ៉ាង​ល្អ​ធ្វើ​ឱ្យ​គេ​អាច​ប្រើ​ភាសា​អង់គ្លេស​បាន​យ៉ាង​ស្ទាត់ជំនាញ ដែល​ជា​ស្ពាន​ក្នុង​ការ​ស្វែង​យល់​ពី​វប្បធម៌ គំនិត ប្រពៃណី និង​ទស្សនវិស័យ​របស់​ជនបរទេស​បាន​យ៉ាងច្រើន​ដែល​ចាត់​ទុក​ថា ជា​អ្នកចេះ​ដឹង​ដ៏​ទាន់សម័យ និង​មាន​ចក្ខុនិម្មិត​វែង​ឆ្ងាយ​មួយ​រូប ។

បើកចំហ​ជើងមេឃ
ពេល​ធំ​ពេញវ័យ​ម៉ា​ន់​ដេ​ឡា បាន​ចូល​រៀន​នៅ​មហាវិទ្យាល័យ​វិត​វ៉​ទ័​រ​ស្រេ​ន​ដ៍​(University of Wifwartersrand) ឯកទេស​ខាង​នីតិសាស្ត្រ និង​បាន​ចូលរួម​សកម្មភាព​នយោ​បាយ​ជាមួយ​គណបក្ស​អេ​អិន​ស៊ី ​(ANC:African National Congress) ដែល​ជា​គណបក្ស​របស់​ជន​ស្បែក​ខ្មៅ ។ នៅ​ពេល​នោះ ម៉ា​ន់​ដេ​ឡា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ចូ​ហាន​នេ​ស្ប៊ើ​ក (Johannesburg) ដែល​ជាទី​ក្រុង​ដ៏​ធំ​ទាន់សម័យ​បំផុត​របស់​អា​ហ្វ្រុិក​​ខាងត្បូង ។ គឺ​នៅ​ទីនោះ​ហើយ ដែល​ធ្វើ​ឱ្យ​បុត្រា​មេ​កុលសម្ព័ន្ធ​ដ៏​ខ្ពង់ខ្ពស់​នេះ​បាន​មើល​ឃើញ​ការ​រើសអើង​ពណ៌​សម្បុរ​ដ៏​ហួសហេតុ​ពី​រដ្ឋាភិបាល​ស្បែក​ស ដែល​បាន​ដណ្តើម​យក​ទឹកដី​ពី​ជនជាតិ​ដើម​ស្បែក​ខ្មៅ​តាំងពី​ឆ្នាំ​១៨៧១​មក ។ ដោយសារ​ខ្លួន​ជា​ជនជាតិ​ស្បែក​ខ្មៅ​ដែល​ត្រូវ​គេ​បង្កើត​ច្បាប់​មក​ជាន់ឈ្លី​មើលងាយមើលថោក​បែប​នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​បញ្ញវន្ត​ដូច​រូបគេ​នេះ​មានការ​ឈឺចាប់​ជា​ខ្លាំង ។

ច្បាប់​រើសអើង​ពណ៌​សម្បុរ
ច្បាប់​ស្តី​ពី​ការ​រើសអើង​ពណ៌​សម្បុរ គឺជា​មាត្រា​ដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់​របស់​រដ្ឋ ដែល​តម្រូវ​ឱ្យ​ជនជាតិ​ដើម​ស្បែក​ខ្មៅ​ជា​ម្ចាស់​ប្រទេស​ពិតប្រាកដ ត្រូវ​គេ​ចាត់​ទុក​ថា​ជា​ពល​រដ្ឋ​លំដាប់​ទី​២ ធ្វើ​ឱ្យ​មានការ​បែងចែក​សិទ្ធិ និង​វណ្ណៈ បង្ក​ឱ្យ​មានការ​យក​ប្រៀប និង​ការ​ឈឺចាប់​ដល់​ម្ចាស់​ស្រុក ដែល​ត្រូវ​រស់នៅ​ក្រោម​ច្បាប់​នេះ​ជា​ខ្លាំង ដូច​ជា​ជនជាតិ​ស្បែក​ខ្មៅ​គ្មាន​សិទ្ធិ​ធ្វើ​នយោបាយ ត្រូវ​ប្រកប​អាជីព​តាម​ដែល​រដ្ឋាភិបាល​កំណត់​ឱ្យ ឬ​ប្រសិនបើ​ធ្វើការ​រួម​ជាមួយ​ជន​ស្បែក​ស ពួក​គេ​នឹង​ទទួល​បាន​ប្រាក់​បំណាច់​តិច​ជាង​ជន​ស្បែក​ស​ជាដើម ។

ក្រៅពី​នេះ​នៅ​មាន​ទៀត​គឺ ៖
-​ក្មេង​ស្បែក​ខ្មៅ​មិន​អាច​ចូល​រៀន​ក្នុង​សាលារៀន​ជាមួយ​ក្មេង​ស្បែក​សបាន​ទេ ។
-​ជន​ស្បែក​ខ្មៅ​គ្មាន​សិទ្ធិ​អង្គុយ​តាម​ទី​សាធារណៈ​បាន​តាម​ចិត្ត​ដូច​ពួក​ជន​ស្បែក​ស​ទេ ។
-​ជន​ស្បែក​ខ្មៅ​មាន​សិទ្ធិ​ចូល​ទិញ​ទំនិញ​តែ​ក្នុង​ហាង​ទំនិញ​សម្រាប់​ពួក​ស្បែក​ខ្មៅ​ប៉ុណ្ណោះ ។

សកម្មភាព​នយោបាយ
ពេល​ដែល​រដ្ឋាភិបាល​បង្កើត​ច្បាប់​មិន​យុត្តិធម៌​គាប សង្កត់ ជាន់ឈ្លី និង​បំពាន​លើ​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ដើម​កាន់តែ​ខ្លាំង ម៉ា​ន់​ដេ​ឡា ក៏​មានគំនិត​ចង់​ប្រមែប្រមូល​ប្រជាជន​ស្បែក​ខ្មៅ​ដែល​មានអម្បូរ ផ្សេង​ៗ​គ្នា​ឱ្យ​រួបរួម​គ្នា​ឡើង ដើ​ម្ប​ប្រឆាំង​ទាមទារ​សិទ្ធិ​សេរីភាព​ដែល​ខ្លួន​គួរតែ​មាន ។ ម៉ា​ន់​ដេ​ឡា បាន​ប្រើ​ភាព​ជា​អ្នកដឹកនាំ​បុគ្គលិកលក្ខណៈ​អង់អាច​ក្លាហាន ភាព​ប៉ិន​ប្រសប់​ក្នុង​ការ​ប្រើ​វោហារ​ដើម្បី​បើក​បង្ហាញ​ពី​ទ្រឹស្តី​នយោបាយ​ទៅ​កាន់​មហា​ជនរួមជាតិ​សាសន៍​បាន​យ៉ាង​ត្រូវ​ចំណុច រួម​ផ្សំ​ជាមួយនឹង​ខ្លួនឯង​មានចំណេះ​ជ្រៅជ្រះ​ខាង​នីតិសាស្ត្រ និង​សមត្ថភាព​គ្រប់គ្រង​ខាង​ផ្នែក​នយោបាយ​ដ៏​ឆ្នើម ទើប​ធ្វើ​ឱ្យ​គាត់​ក្លាយជា​បុគ្គល​ដ៏​សំខាន់​ដែល​មាន​ឥទ្ធិពល និង​មាន​ប្រជាប្រិយ​បំផុត​សម្រាប់​ប្រជា​ពល​រដ្ឋ​អា​ហ្វ្រុិក​​ខាងត្បូង​រាប់​សិប​លាន​នាក់ ហើយ​ក៏​ជា​ក្តី​សង្ឃឹម​តែ​មួយ​គត់​របស់​ប្រជាជនអា​ហ្វ្រុិក​​ខាងត្បូង ដែល​នឹង​ទាមទារ​ប្រទេស​នេះ​ឱ្យ​ត្រឡប់​មក​ជា​កម្មសិទ្ធិ​របស់​ប្រជា​ពលរដ្ឋ​ម្ចាស់​ដើម​ពិតប្រាកដ​វិញ ។

ចលនា​ប្រឆាំង និង​ការ​ជាប់​ឃុំឃាំង
ក្នុង​ដំណាក់កាល​ដំបូង មាន​តែ​ការ​ធ្វើ​បាតុកម្មអហិង្សា​តាម​គំរូ​របស់​មហា​ត្មៈ គ​ន្ធី តែ​ប៉ុណ្ណោះ ប៉ុន្តែ​ដោយ​មិន​អាច​ស៊ូទ្រាំ​មើល​ពួក​ទាហាន​រដ្ឋាភិបាល​ស្បែក​ស​ប្រើ​អំពើ​ហិង្សា​មក​លើ​ក្រុម​បាតុករ​បាន ទើប​ម៉ា​ន់​ដេ​ឡា រៀបចំ​បង្កើត​កងកម្លាំងប្រដាប់អាវុធ​មានឈ្មោះ​ថា​«​សភាជាតិអា​ហ្វ្រុិក​ខាងត្បូង​»​ដែល​មាន​រូប​គាត់​ជា​អ្នកដឹកនាំ​ក្បួន​ការ​តស៊ូ​របស់​ជនជាតិ​ស្បែក​ខ្មៅ ដែល​រួបរួម​គ្នា​ដើម្បី​ទាមទារ​សេរីភាព និង​ឥស្សរភាព​ក្នុង​ការ​គ្រប់គ្រង​ប្រទេស​ដោយ​ខ្លួនឯង ។ ដោយសារ​តែ​ការ​បង្កើត​កងកម្លាំង​នេះ​ធ្វើ​ឱ្យ​ម៉ា​ន់​ដេ​ឡា ត្រូវ​គេ​ចាប់​ដាក់គុក ក្នុង​នាម​ជា​អ្នកទោស​នយោបាយ​ពី​បទល្មើស​ថា ជា​អ្នក​រៀបចំ​គម្រោង​ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល និង​ជា​អ្នក​ធ្វើ​វិនាសកម្ម ។

គាត់​ត្រូវ​គេ​យក​ទៅ​ដាក់គុក​នៅ​លើ​កោះ​រ៉ូបិ​ន ​(Robben)​ ស្ថិត​នៅ​ក្នុង​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក​ខាងត្បូង ទន្ទឹម​នឹង​ច្រាំង​ខែ​ប​ថោ​ន ។ គឺជា​កោះ​នៅ​ឆ្ងាយ ដែល​គ្មាន​នរណា​អាច​ហែល​ទៅ​ដល់ និង​ឡោម​ព័ទ្ធ​ទៅ​ដោយ​កំផែង​របង​ដ៏​រឹង​មាំ​មិន​ងាយ​នឹង​រត់គេច​ចេញ​បាន​ឡើយ ។ ម៉ា​ន់​ដេ​ឡា រស់នៅ​ក្នុង​គុក​អស់​រយៈពេល​២៨​ឆ្នាំ នៅ​ក្នុង​បន្ទប់​ដ៏់​តូច​ចង្អៀត គ្មាន​គ្រែ គ្មាន​សម្ភារ​ប្រើប្រាស់​អ្វី​ទាំងអស់ ។ ជា​រៀងរាល់ថ្ងៃ គាត់​ត្រូវ​ចេញ​ទៅ​ធ្វើការ​ជា​ទម្ងន់ ហើយ​ក្នុង​១​ឆ្នាំ ទើប​អាច​ឱ្យ​ជួបនឹង​អ្នក​មក​សួរសុខទុក្ខ​បាន​ម្តង ដោយ​ម្តង​ៗ​បាន​ត្រឹមតែ​៣០​នាទី​ប៉ុណ្ណោះ ។

ក្នុង​រយៈពេល​៦​ខែ ទើប​អាច​ផ្ញើ​សំបុត្រ​បាន​ម្តង ហើយ​ក្នុង​ពេល ដំបូង​ៗ​គឺ​បាន​ចំពោះតែ​ផ្ញើ​ឱ្យ​ក្រុម​គ្រួសារ​ប៉ុណ្ណោះ ។ លុះ​ពេល​ក្រោយមក​ទៀត ទើប​គេ​អនុញ្ញាត​ឱ្យ​ផ្ញើ​ទៅ​កាន់​មិត្តភក្តិ​បាន ប៉ុន្តែ​សំបុត្រ​ទាំងនោះ​ត្រូវ​តែ​បាន​ឆ្លងកាត់​ការ​ត្រួតពិនិត្យ​ពី​មន្ត្រី​គុក​ជា​មុន ។

បាតុកម្ម​របស់​ពលរដ្ឋ​ស្បែក​ខ្មៅ
រដ្ឋាភិបាល​ស្បែក​ស គិត​ខុស​ត្រង់​ថា ការ​ដែល​ចាប់​ម៉ា​ន់​ដេ​ឡា យក​ទៅ​ដាក់គុក​នោះ​គឺជា​វិធី​«​អា​រក​មាន់ បំភ័យ​ស្វា​»​ប៉ុន្តែ​តាម​ពិត​បែរជា​ផ្ទុយ​ទៅ​វិញ​ដែល​ថា​ទន្ទឹម​នឹង​មិន​បាន​ធ្វើ​ឱ្យ​ពួក​គេ​បាក់ស្បាត តែ​វា​ប្រៀប​ដូច​«​យក​សាំ​ទៅ​ស្រោច​លើ​ភ្លើង​»​ទៅ​វិញ ។ ជនជាតិ​អា​ហ្វ្រុ​ិ​ក​ស្បែក​ខ្មៅ​គ្រប់​ពូជសាសន៍​បាន​រួបរួម​គ្នា​ជា​ធ្លុង​មួយ​ទាមទារ​ដែនដី​ពី​ជនជាតិ​ស្បែក​ស​យ៉ាង​ពេញទំហឹង រហូត​ដល់​មានការ​បង្ហូរឈាម​គ្នា​កាន់តែ​ខ្លាំង​ឡើង ហើយ​បន្តសកម្មភាព​ជា​បន្តបន្ទាប់ ទោះបីជា​រដ្ឋាភិបាល​ស្បែក​ស​បន្ធូរបន្ថយ​ច្បាប់​រើសអើង​ពណ៌​សម្បុរ​យ៉ាងច្រើន ដើម្បី​ចៀសវាង​នូវ​អំពើ​ហិង្សា​កុំឱ្យ​រីក​រាលដាល​តទៅ​ទៀត​ក៏​ដោយ ។

វិល​ត្រឡប់​មក​កាន់​ឥស្សរភាព
ទឹកដី​អា​ហ្វ្រុិក​​ខាងត្បូង ត្រូវ​ទទួល​រង​នូវ​ទំនាស់​ផ្ទៃក្នុង​យ៉ាង​ខ្លាំងក្លា រួម​ផ្សំ​ទាំង​ការ​ដែល​ពួក​បស្ចិមប្រទេស​បាន​នាំ​គ្នា​យកចិត្តទុកដាក់​គាបសង្កត់​រដ្ឋាភិបាល​ស្បែក​ស​ឱ្យ​ប្រគល់​សិទ្ធិ​ទៅ​ឱ្យ​ជនជាតិ​ដើម​ដែល​ជា​ជន​ស្បែក​ខ្មៅ​វិញ ទើប​រដ្ឋាភិបាល​អា​ហ្វ្រុិក​​ខាងត្បូង ដែល​ដឹកនាំ​ដោយ​លោក​ប្រធានាធិបតី​អិ​ហ្វ ដប់​បឹ​ល​យូ ដឺ​ក្លឺ​ក​«FW.de Klerk»​ត្រូវ​តែ​បង្ខំចិត្ត​ដោះ​លែង​នេ​ល​សាន់ ម៉ា​ន់​ដេ​ឡា ជា​អតីត​មេដឹកនាំ​សភាជាតិ​អា​ហ្វ្រុិក​​ខាងត្បូង​ដោយ​គ្មាន​លក្ខខណ្ឌ​នៅ​ថ្ងៃ​ទី​១១ ខែកុម្ភៈ ឆ្នាំ​១៩៩០​ដែល​នៅ​ពេល​នោះ​ម៉ា​ន់​ដេ​ឡា មាន​អាយុ​៧២​ឆ្នាំទៅ​ហើយ ។

ប្រធានាធិបតី​ស្បែក​ខ្មៅ​ទី​១​នៃ​អា​ហ្វ្រុិក​​ខាងត្បូង
៤​ឆ្នាំ​ក្រោយ​ពី​បាន​ឥស្សរភាព​មក ម៉ា​ន់​ដេ​ឡា ត្រូវ​បាន​ប្រជាជន​បោះ​ឆ្នោត​ជ្រើសរើស​ឱ្យ​កាន់​តំណែង​ជា​ប្រធានាធិបតី​ស្បែក​ខ្មៅ​ដំបូង​គេ​បង្អស់​នៃ​ប្រទេស នៅ​ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​១៩៩៤ ។ គាត់​បាន​បំពេញភារកិច្ច​គ្រប់គ្រង​ប្រទេស​ដោយ​ប្រឹងប្រែង​ជា​និច្ច ។

អ្នក​ជំនិត​ម្នាក់​បាន​និយាយ​ថា ម៉ា​ន់​ដេ​ឡា តែងតែ​ភ្ញាក់​ពី​ព្រលឹម​ប្រហែល​ម៉ោង​៥​កន្លះ​ព្រឹក ហើយ​ចេញដំណើរ​ទៅ​ក្រៅ​ទីក្រុង ម្តង​ៗ​បី​ម៉ោង ដើម្បី​សួរសុខទុក្ខ និង​ផ្សារ​ភ្ជាប់​ការ​ទាក់ទង​សាកសួរ​ពី​បញ្ហា​ដែល​ពួក​គេ​កំពុង​ជួប​ប្រទះ និង​ណែនាំ​ពី​វិធី​ធ្វើ​ការងារ​ដល់​ពួក​គេ ។

រង្វាន់​ណូបែល​សន្តិភាព និង​ការ​លាលែង​ចេញពី​តំណែងនៅ​ពេល​គាត់​រួច​ពី​គុក​មុន​ពេល​ត្រូវ​បាន​គេ​ជ្រើសតាំង​ឱ្យធ្វើ​ជា​ប្រធានាធិបតី​របស់​អា​ហ្វ្រុិក​ខាងត្បូង​នោះ នេ​ល​សាន់ ម៉ា​ន់​ដេ​ឡា បាន​ទទួល​រង្វាន់​ណូបែល​សន្តិភាព​នៅ​ឆ្នាំ​១៩៩៣ ដោយសារ​ការ​ឧទ្ទិស​ខ្លួន​តាម​ឧត្តមគតិ​ក្នុង​ការ​ទាមទារ​សិទ្ធិ​សេរីភាព​ឱ្យ​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​ស្រុក ។

គាត់​បាន​បង្កើត​គណៈកម្មការ The Truth and Reconciliation Commission ដើម្បី​តាមដាន និង​ដោះស្រាយ​បញ្ហា​ការ​រំលោភ​លើ​សិទ្ធិ​មនុស្ស ជា​ពិសេស​បញ្ហា​ការ​រើស​អើង​ពណ៌​សម្បុរ ហើយ​គាត់​ក៏​លាលែង​ពីមុខ​តំណែង និង​ពី​ឆាកនយោបាយ​នៅ​ក្នុង​វ័យ​៨០​ឆ្នាំ ដើម្បី​បំពេញការងារ​ជា​បេសកជន​ពិសេស​ក្នុង​ការ​ចរចា​សន្តិភាព ព្រមទាំង​ចុះ​ជួយ​យុទ្ធនាការ​ពី​បញ្ហា​រោគ​អេ​ដស៍ និង​ភារកិច្ច​ស្តី​ពី​សិទ្ធិ​មនុស្ស​នៅ​តំបន់​អា​ហ្វ្រុិក​ ។ ប្រការ​ម្យ៉ាង​ដែល​គួរ​ឱ្យ​ស្ងើចសរសើរ​ដល់​ម៉ា​ន់​ដេ​ឡា គឺ​នយោបាយ​សមាហរណកម្ម ព្រោះ​ទោះបីជា​កម្លាំង​មហាជន​របស់​ជន​ស្បែក​ខ្មៅ​មាន​ប្រៀប​លើ​ពួក​ស្បែក​ស​ក៏​ដោយ តែ​ដើម្បី​អភិវឌ្ឍ​ប្រទេស​ឱ្យ​បាន​ជឿនលឿន គេ​មិន​អាច​ទាត់​ចោល​«​ពួក​អ្នកមាន​ដើមទុន​» និង​«​ពួក​អ្នកមាន​ចំណេះដឹង និង​អ្នកមាន​បញ្ញា​»​ដែល​ជា​ជន​ស្បែក​សបាន​ឡើយ ។ ម៉ា​ន់​ដេ​ឡា បាន​សម្រុះសម្រួល​អ្នក​ទាំងនោះ​ឱ្យ​ចូលរួម​ចំណែក​កសាង​ប្រទេស​ដែល​ខុស​ពី​ប៉ុ​ល ពត គេ​បែរជា​ធ្វើ​ផ្ទុយ​ពី​នេះ​ទៅ​វិញ ។

ព្រឹត្តិការណ៍សំខាន់​ៗ
-​កើត​នៅ​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​១៩១៨ ។
-​ចូលរួម​ជាមួយ​ANC​ជា​សហគមន៍​នយោបាយ​របស់​ពួក​ស្បែក​ខ្មៅ ដើម្បី​ប្រឆាំង​នឹង​ការ​រើសអើង​ពណ៌​សម្បុរ​នៅ​ក្នុង​ឆ្នាំ​១៩៤៤ ។
-​ក្លាយជា​មនុស្ស​ឈានមុខ​របស់​សហគមន៍ និង​ឡើងជា​ប្រធាន​ស្តីទី​នៅ​ឆ្នាំ​១៩៥២ ដើម្បី​ប្រឆាំង​នឹង​ការ​រើសអើង​ពណ៌​សម្បុរ ។
-​ត្រូវ​គេ​ចាប់​ដាក់គុក​នៅ​ឯ​កោះ​រ៉ូ​បិ​ន ចាប់ពី​ឆ្នាំ​១៩៦២ ។
-​ត្រូវ​គេ​ដោះ​លែង​ពី​គុក​នៅ​ឆ្នាំ​១៩៩០ ។
-​ទទួល​រង្វាន់​ណូបែល​សន្តិភាព​នៅ​ឆ្នាំ​១៩៩៣ ។
-​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​នៅ​ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​១៩៩៤ ។
-​លាលែង​ពី​នយោបាយ​នៅ​ពេល​មាន​អាយុ​៨០​ឆ្នាំ ក្នុង​ឆ្នាំ​១៩៩៩ ។
-​ទទួលមរណភាព​នៅ​ថ្ងៃ​ទី​៥ ខែធ្នូ ឆ្នាំ​២០១៣  ៕