ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​ខ្លួន​ជនសង្ស័យ​ម្នាក់​ទៅ​សាលាដំបូង​ខេត្ត ពី​បទ​ឆបោក…!

7 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​រៀបចំ​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​រៀបចំ​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃនេះ​ជាប់ចោទ​ពី​បទ​រំលោភ​លើ​សេចក្តី​ទុកចិត្ត​។ លោក​វរសេនីយ៍ទោ ខែ​ម សោភ័ណ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ សុខ ស៊ី​ណា​ន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ នៅ​ភូមិ​ចំការ​សំរោង ឃុំ​ចំការ​សំរោង ស្រុក​បាត់ដំបង ខេត្តបាត់ដំបង​។

ជន​នេះ​កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​០៩ ខែកុម្ភៈ ឆ្នាំ​២០១៧ ត្រូវ​បាន​កម្លាំង​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ដើរ​ល្បាត​ជួប​ប្រទះ​ឃើញ​កំពុង​អំពាវនាវ​លក់​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​២០១៦ ក្នុង​តម្លៃ​៩០០​ដុល្លារ ដោយ​គ្មាន​ឯកសារ​អ្វី​ទាំងអស់ ទើប​មានការ​សង្ស័យ​ក៏​ឃាត់ខ្លួន​មក​សាកសួរ​នៅ​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ប៉ោយ​ប៉ែ​ត​។ លោកនាយ​ការិយាល័យ បាន​បញ្ជាក់​ថា បើ​តាម​ការ​បំភ្លឺ​របស់​ឈ្មោះ ណ​ន វ​ណ្ឌី ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ បាន​និយាយ​ថា នៅ​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​០៨ ខែកុម្ភៈ ឆ្នាំ​២០១៧ ឈ្មោះ សុខ ស៊ី​ណា​ន បាន​ខ្ចី​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​២០១៦ ពាក់​ស្លាក​លេខ បាត់ដំបង 1W-2261 ពី​ក្មួយ​ប្រុស​របស់​ខ្លួន​ឈ្មោះ ទូច សួស្តី អាយុ​២៦​ឆ្នាំ ទៅ​ហូប​បាយ​ក៏​បាត់​ដំណឹង​ឈឹង។

លុះ​ថ្ងៃ​ទី​០៩ ខែកុម្ភៈ ស្រាប់តែ​ទទួល​ព័ត៌មាន​ថា មាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ចាប់​អ្នក​ដើរ​លក់​ម៉ូតូ​គ្មាន​ឯកសារ ពេល​មក​ដល់​ទើប​ស្គាល់ឈ្មោះ សុខ ស៊ី​ណា​ន​។ ចំណែក​ឈ្មោះ ទូច សួស្តី ក៏​បាន​បំភ្លឺ​ថា នៅ​យប់​ថ្ងៃ​កើតហេតុ ឈ្មោះ​ស៊ី​ណា​ន បាន​ខ្ចី​ម៉ូតូ ខ្លួន​ទៅ​ហូប​បាយ​មួយ​ភ្លែត​ស្រាប់តែ​១​ម៉ោង​ក្រោយមក​ទូរស័ព្ទ​ទៅ​មិន​ចូល​ក៏​ទៅ​ដល់​ផ្ទះ​ម្តាយ​របស់​គាត់​និយាយ​វា​រត់គេច​ខ្លួន​បាត់​ហើយ​។ លុះ​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៧ នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​ថា ឈ្មោះ​សុខ ស៊ី​ណា​ន យក​ម៉ូតូ​របស់​គេ​ទៅ​លក់​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ខ្ចី​ម៉ូតូ​របស់​ឈ្មោះ ទូច សួស្តី ទៅ​លក់​នៅ​ប៉ោយ​ប៉ែ​ត ក្នុង​តម្លៃ​៩០០​ដុល្លារ​ប្រាកដ​មែន តែ​គ្មាន​អ្នក​ណា​គេ​ហ៊ាន​ទិញ​ព្រោះ​គ្មាន​ឯកសារ ដោយ​សមត្ថកិច្ច​នគរបាល​មានការ​សង្ស័យ​ឃាត់​ចាប់​តែ​ម្តង​។ លោកនាយ​កា​រិ​យា​ក៏​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា​ដោយ​ផ្អែក​លើ​ការ​បំភ្លឺ​របស់​ជន​រង​គ្រោះជា​ម្ចាស់​ម៉ូតូ និង​ចម្លើយ​សារភាព​របស់​ជនសង្ស័យ កម្លាំង​នគរបាល​ជំនាញ​បាន​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​រួច​ហើយ​ដែរ​។ ចំណែក​ម៉ូតូ​មាន​ប្រគល់​ជូន​ឪពុកមា ជន​រង​គ្រោះជា​ម្ចាស់​ម៉ូតូ​វិញ​ដែរ​៕