អាស៊ីត Pantothenic ដែលគេស្គាល់ថាជាវីតាមីន B5 គឺជាវីតាមីនដែលគេប្រើប្រាស់ទូទៅបំផុត។ វាសម្បូរនៅក្នុងគ្រឿងក្នុងសត្វ អង្ករ ស្រូវសាលី ទឹកដោះគោ ស៊ុត សណ្តែក ប្រូខូលី និងគ្រាប់ធញ្ញជាតិ។ វីតាមីននេះចាំបាច់សម្រាប់ការធ្វើមេតាប៉ូលីស និងការសំយោគប្រូតេអុីន កាបូអីុដ្រាត និងខ្លាញ់ ។ វីតាមីន B5 ក៏មាននៅក្នុងប្លាស្មានៃឈាម ហើយអាចជួយឱ្យមានតុល្យភាពជាតិសូដ្យូម និងប៉ូតាស្យូមនៅក្នុងរាងកាយរបស់មនុស្ស។ ខាងក្រោមនេះជាអត្ថប្រយោជន៍មួយចំនួននៃវីតាមីន B5 ចំពោះសុខភាពយើង ៖
១-ប្រយុទ្ធប្រឆាំងនឹងភាពតានតឹង ៖ វីតាមីននេះជួយប្រយុទ្ធប្រឆាំងនឹងជំងឺនានាដូចជាជំងឺផ្លូវចិត្ត ។ វីតាមីន B5 ធានាឲ្យមានការថយចុះកម្រិតនៃការថប់អារម្មណ៍ និងភាពតានតឹងក្នុងរាងកាយ ។ ការភ្ញោចដោយផ្ទាល់ទៅលើអ័រម៉ូននៃវីតាមីននេះជួយថែរក្សាសុខភាពទាំងផ្លូវកាយ និងផ្លូវចិត្តឲ្យបានល្អបំផុត ។
២-ជួយទប់ស្កាត់ជំងឺស្លេកស្លាំង ៖ អាស៊ីត Pantothenic ត្រូវបានគេស្គាល់ថា អាចរក្សាកម្រិតអេម៉ូក្លូប៊ីនក្នុងឈាម ដូច្នេះវាអាចកាត់បន្ថយឱកាសនៃការខ្វះជាតិដែក ឬជំងឺស្លេកស្លាំង។ ការទទួលទានវីតាមីន B5 ឲ្យបានគ្រប់គ្រាន់គឺល្អបំផុត ជាពិសេសប្រសិនបើអ្នកមានជំងឺស្លេកស្លាំង ។
៣-ល្អសម្រាប់បេះដូង ៖ វីតាមីន B5 ជួយថែរក្សារមុខងារសាច់ដុំបេះដូងឲ្យដំណើរការបានល្អ ។ វីតាមីននេះក៏ធ្វើឲ្យកម្រិតកូឡេស្តេរ៉ុលមានតុល្យភាព និងគ្រប់គ្រងកម្រិតសម្ពាធឈាម ដូច្នេះវាអាចបន្ថយឱកាសនៃការកើតជំងឺលើសឈាម ។
៤-ល្អសម្រាប់ស្បែក ៖ វីតាមីន B5 ជួយឲ្យស្បែក និងសក់មានសុខភាពល្អ និងភ្លឺរលោង។ វាប្រយុទ្ធប្រឆាំងនឹងភាពចាស់នៃស្បែក និងរក្សាពណ៌សក់ ។
៥-ពង្រឹងប្រព័ន្ធភាពស៊ាំ ៖ វីតាមីន B5 ក៏មានប្រសិទ្ធភាពយ៉ាងខ្លាំងនៅក្នុងការពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយ។ វាជួយប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគទូទៅ និងគ្រោះថ្នាក់ជាច្រើន តាមរយៈការបង្កើនចំនួនកោសិកាឈាមសរបស់អ្នក។ អ្នកដែលមានប្រព័ន្ធភាពស៊ាំមិនសូវរឹងមាំ គួរតែទទួលទានវីតាមីន B5 ក្នុងរបបអាហារប្រចាំថ្ងៃរបស់ពួកគេ ៕
ចែករំលែកព័តមាននេះ