កាលពីសម័យចិនជំនាន់មុន គេនាំគ្នាប្រើដើមឫស្សីញាត់រំសេវ ហើយដុតវាដើម្បីបង្កើតបានជាការផ្ទុះតូចមួយ ឬច្រើនទៅតាមអ្វីដែលពួកគេដុតដើម្បីបណ្តេញព្រលឹងបិសាច។ លុះក្រោយមកការដុតនេះត្រូវបានគេហៅថា «ការដុតផាវ» ។ យ៉ាងណាមិញក្នុងសម័យកាលទំនើបវិធីសាស្ត្រនេះត្រូវបានគេយកមកប្រើក្នុងពិធីបុណ្យទាននានាដើម្បីឱ្យកម្មវិធីរឹតតែសប្បាយមួយកម្រិតទៀត ។
ផាវ នីមួយៗត្រូវបានខ្ចប់ជាមួយក្រដាសពណ៌ក្រហមដែលពណ៌នេះមានន័យល្អចំពោះពិធីបុណ្យជាក់ស្តែងដូចជាពិធីបុណ្យចូលឆ្នាំចិនម្តងៗ ។ នៅពេលដែលដុតផាវមានលាន់ឮសំឡេងខ្លាំង ឬខ្សោយទៅតាមបរិមាណរំសេវនៅក្នុងក្រដាសក្រហមនោះ ។ ពេលរំសេវផ្ទុះចេញមកក្រៅមនុស្សប្រុស-ស្រីបន្ទរសំឡេងតាមក្រោយដើម្បីអបអរ សាទរ ហើយពួកគេមានជំនឿថាសំឡេងរបស់ផាវនឹងជួយបណ្តេញព្រាយបិសាច ឬព្រលឹងឧបទ្រពចង្រៃឱ្យអស់ ។
រហូតមកដល់ពេលបច្ចុប្បន្ននេះការដុតផាវបានក្លាយជាទំនៀមទម្លាប់មួយដ៏សំខាន់ ពោលគឺគេតែងមានការដុតផាវអំឡុងពេលចូលឆ្នាំចិនដែលខានមិនបានឡើយ ។
ពេលវេលាដុតផាវមិនត្រូវបានគេធ្វើឡើងនៅពេលយប់ទេ ពោលគេប្រើកាំជ្រួចវិញម្តង ។ ណាមួយទៀតការដុតផាវមិនដូចការដុតកាំជ្រូចទេព្រោះពេលវាផ្ទុះបែកខ្ញែកគ្នាគ្មានសណ្តាប់ធ្នាប់ ។
គេតែងតែដុតផាវនៅពេលព្រឹក ឬថ្ងៃទៅតាមវេលាមកដល់នៃឆ្នាំថ្មីដើម្បីស្វាគមន៍ឆ្នាំថ្មី ។ ពេលដុតផាវ ម្តងៗមនុស្សម្នាមិនអាចនៅជិតបានទេ ព្រោះវាអាចបង្ករបួសដូចជារំសេវខ្ទាតចូលភ្នែក ឬកន្លែងណាផ្សេងទៀត ។ ប៉ុន្តែពួកគេអបអរសាទរដោយសំឡេងស្រែក ឬទះដៃដើម្បីទទួលអំណរឆ្នាំថ្មី ។
ទោះបីជាបែបណាក្តី ការដុតផាវនៅតាមទំនៀមទម្លាប់នោះ ត្រូវបានសាបរលាប បន្តិចម្តងៗ ដោយសារតែការដុតផាវនេះតែងបង្កឱ្យមានគ្រោះថ្នាក់ជាយថាហេតុ ហើយក៏មានបញ្ហាជាច្រើនទៀតដែលធ្វើឱ្យការផលិតផាវ និងដុតផាវមិនជាទីពេញនិយមទៀតទេ សូម្បីតែអាជ្ញាធរក៏បានហាមឃាត់ការដុតផាវជាទូទៅដែរ ទោះបីនៅមានដោយកន្លែង ខ្លះៗក្តី ។ ឆ្លើយតបទៅនឹងបញ្ហានេះ គេបានផលិតផាវជានិមិត្តរូបផងដែរ សម្រាប់ការប្រារព្ធពិធីបុណ្យនេះ ៕
ចែករំលែកព័តមាននេះ