ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គំនរ​សំរាម​នៅ​គល់​ស្ពាន​អ្នក​លឿង​កំពុង​ត្រូវ​បាន​ដាក់​តាំង​បង្ហាញ​ភ្ញៀវ​ទេសចរណ៍

7 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ អ្នកដំណើរ​ឆ្លងកាត់​ស្ពាន​អ្នក​លឿង​បាន​នាំ​គ្នា​រិះគន់​យ៉ាង​ខ្លាំង​ដល់​អាជ្ញាធរ​ស្រុក​ពាម​រក៍ ដែល​បណ្តែតបណ្តោយ​ឱ្យ​ដី​មួយ​កន្លែង​នៅ​ខាងលិច​ហាង​លក់​នំប៉័ង​រស្មី​អង្គរ …

ខេត្តព្រៃវែង ៖ អ្នកដំណើរ​ឆ្លងកាត់​ស្ពាន​អ្នក​លឿង​បាន​នាំ​គ្នា​រិះគន់​យ៉ាង​ខ្លាំង​ដល់​អាជ្ញាធរ​ស្រុក​ពាម​រក៍ ដែល​បណ្តែតបណ្តោយ​ឱ្យ​ដី​មួយ​កន្លែង​នៅ​ខាងលិច​ហាង​លក់​នំប៉័ង​រស្មី​អង្គរ ស្ថិត​នៅ​ភូមិ​១ ឃុំ​ព្រែក​ខ្សាយ​.​ខ ស្រុក​ពាម​រក៍ ខេត្តព្រៃវែង ក្លាយជា​កន្លែង​ចាក់សំរាម​យ៉ាង​អនាធិបតេយ្យ បង្អួត​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ។

អ្នកដំណើរ​ដែល​ឆ្លងកាត់​តំបន់​នោះ​បានឱ្យ​ដឹង​ថា សំរាម​ទាំងនេះ​មិន​ត្រឹមតែ​ត្រូវ​បាន​គេ​គរ​ចោល​នៅ​ដី​មួយ​កន្លែង​នោះ​ប៉ុណ្ណោះ​ទេ សូ​ម្បី​តែ​នៅ​ខាង​មុខ​ហាង​លក់​នំប៉័ង​រស្មី​អង្គរ​ក៏​ពោរពេញ​ទៅ​ដោយ​ថង់​ប្លា​ស្ទិ​ច​ហោះហើរ​ពេញ​មុខ​ហាង​ផង​ដែរ ។

ក្រុម​អ្នកដំណើរ​ទាំងនោះ​បាន​លើក​ឡើង​ថា តើ​អាជ្ញាធរ​ស្រុក​ពាមរ​ក៍មានដែ​ល​អញ្ជើញ​ធ្វើ​ដំណើរ​កាត់​តាម​ផ្លូវ​នោះ​ដែរ​ទេ បានជា​បណ្តែតបណ្តោយ​ឲ្យ​មាន​អ្នក​យក​សំរាម​ទៅ​ចាក់​ទុក​ចោល​ក្លាយជា​គំនរ​រហូត​មាន​ក្លិនស្អុយ​ជះក្លិន​ទៅ​ដល់​អ្នក​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់ ជា​ពិសេស​អ្នក​ដែល​មាន​ទីលំនៅ​ជិត​ៗ​នោះ ?

ពាក់ព័ន្ធ​នឹង​ករណី​នេះ លោក ផុ​ន សម្ភ័ស អភិបាលស្រុក​ពាម​រក៍ បានឱ្យ​ដឹង​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០១៧ ថា ចំពោះ​រឿង​នេះ​លោក​បានដឹង​រួច​ហើយ ខាង​អាជ្ញាធរ​ស្រុក​កំពុង​តែ​ធ្វើការ​ដោះស្រាយ ដោយ​លោក​ក៏​បាន​កោះ​ប្រជុំ​ជាមួយ​ខាង​បរិស្ថាន​រួចរាល់​ហើយ​ដែរ​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែមករា​នេះ ។ នៅ​ថ្ងៃស្អែក ពោល​គឺ​ថ្ងៃ​ទី​២៦ ខែមករា ខាង​បរិស្ថាន​នឹង​ចុះ​ទៅ​ត្រួតពិនិត្យ ថា​តើ​ត្រូវ​ដោះស្រាយ​យ៉ាងណា​ចំពោះ​សំរាម​ទាំងនោះ ។

លោក ផុ​ន សម្ភ័ស បាន​បញ្ជាក់​ផង​ដែរ​ថា សំរាម​ទាំង​អស់នេះ​គឺ​មិន​ទាន់​ដឹង​ថា មាន​ប្រភព​មកពីណា​ឱ្យ​ប្រាកដ​នោះ​ទេ តែ​ប្រហែលជា​អ្នក​ដែល​រស់នៅ​ជិត​នោះ ឬ​ក្រុម​អាជីវករ​ដែល​លក់ដូរ​ជិត​នោះ​ជា​អ្នក​យក​ទៅ​ចោល ព្រោះ​ទីតាំង​នោះ​មិន​ទាន់​មាន​ក្រុមហ៊ុន​ណា​ចូល​ទៅ​ដេញថ្លៃ​ដឹក​សំរាម​ឡើយ ។ ដោយឡែក​នៅ​ក្នុង​ទីប្រជុំជន​អ្នក​លឿង គឺ​មាន​ក្រុមហ៊ុន​ដែល​ប្រមូល​សំរាម​ដែរ តែ​ដោយសារ​នៅ​ចំណុច​នោះ​ទើបតែ​មាន​មនុស្ស​មក​ប្រមូលផ្តុំ​គ្នា​រស់នៅ​ច្រើន គឺ​បន្ទាប់​ពី​ស្ពាន​អ្នក​លឿង​បាន​សាងសង់​រួច ដូចនេះ​ក្រុមហ៊ុន​សំរាម​មិន​ទាន់​បាន​ទៅ​ដើរ​ប្រមូល​ដល់ទី​នោះ​ទេ ។

អ្នក​ដែល​មាន​ទីលំនៅ​ក្បែរ​ៗ​នោះ​បាន​សំណូមពរ​វ​ដល់​អាជ្ញាធរ​ស្រុក សូម​មេត្តា​ព​ន្លឿ​ន​ករណី​នេះ​ផង ព្រោះ​សំរាម​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់តែ​ច្រើន​ឡើង ដែល​ធ្វើ​ឱ្យ​ពេល​ខ្លះ​សំរាម​ដែល​ស្ងួត​មួយ​ចំនួន​បាន​ហោះហើរ​ពេញ​មេឃ​ទៅ​ហើយ ជា​ពិសេស​សូម​ឱ្យ​មន្ទីរ​បរិស្ថាន​ជួយ​ពិនិត្យ​លើ​ទីតាំង​ហាង​នំប៉័ង​រស្មី​អង្គរ​ផង ព្រោះ​ពីមុខ​ហាង គឺ​ពោរពេញ​ទៅ​ដោយ​ថង់​ប្លា​ស្ទិ​ច ដប​ទឹក​សុទ្ធ និង​សំរាម​ជា​ច្រើន​មុខ​ផង​ដែរ ៕