ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាម​រក​កូន​ក្រមុំ​ច្រើន​ថ្ងៃ​មិនឃើញ ប្តឹង​សមត្ថកិច្ច​ឲ្យ​ជួយ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​​បន្ទាប់​ពី​តាម​រក​កូន​ស្រី​វ័យ​ក្រមុំ​ជា​ច្រើន​ថ្ងៃ​ហើយ​នៅ​តែ​រក​មិន​ឃើញ ទើប​ធ្វើ​ដំណើរ​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ កាលពី​វេលា​ម៉ោង​៩​ព្រឹក​ …

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​​បន្ទាប់​ពី​តាម​រក​កូន​ស្រី​វ័យ​ក្រមុំ​ជា​ច្រើន​ថ្ងៃ​ហើយ​នៅ​តែ​រក​មិន​ឃើញ ទើប​ធ្វើ​ដំណើរ​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ កាលពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០១៧ ដើម្បី​ដាក់​ពាក្យ​បណ្តឹងសុំ​ឲ្យ​នគរបាល​ជួយ​អន្តរាគមន៍​ជួយ​រក​កូនស្រី​របស់​គាត់​ផង ។

បុរស​រូប​នោះ​ឈ្មោះ សាម ឈុ​ច អាយុ​៣៨​ឆ្នាំ មុខរបរ​ជា​កម្មករ​សំណង់ ស្នាក់​នៅផ្ទះ​ជួល​ក្នុង​ផ្សារ​អង្គ ស្ថិត​នៅ​ក្នុងភូមិ​អង្គ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​មានស្រុក​កំណើត​នៅ​ក្នុងភូមិ​បន្ទាយមាស ឃុំ​បន្ទាយមាស ស្រុក​ទូក​មាស ខេត្តកំពត ។ ចំណែក​កូនស្រី​ដែល​បាត់​ដំណឹង​ឈ្មោះ ទិ​ត្យ ស្រស់ អាយុ​២០​ឆ្នាំ ជា​កម្មករ​រោងចក្រ ស្នាក់​នៅផ្ទះ​ជួល​ជាមួយ​ឪពុក​គ្នា ។

បុរស​ជា​ឪពុក​បាន​ឲ្យ​ដឹង​ថា កូន​របស់​គាត់​បាន​បាត់​ចេញពីផ្ទះ​អស់​រយ​:​ពេល​៧​ថ្ងៃ​ហើយ គឺ​មិនដឹង​ថា នាង​កំពុង​ស្នាក់​នៅ​ទីណា​នោះ​ទេ ប៉ុន្តែ​គាត់​មានការ​សង្ស័យ​ថា នាង​ទៅ​ជាមួយ​បុរស​ម្នាក់​ឈ្មោះ ហេង អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ មុខរបរ​ធ្វើការ​រោងចក្រ ស្នាក់​នៅ​ភូមិ​អង្គ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ គាត់​ថា បុរស​ឈ្មោះ ហេង នោះ​មាន​ប្រពន្ធ​រួច​ហើយ ហើយ​បាន​ទាក់ទង​កូនស្រី​របស់​គាត់​រយ​:​ពេល​៦​ខែ​ហើយ រហូត​មក​ទល់​ពេល​នេះ មិនដឹង​ថា បុរស​នោះ​នាំ​កូនស្រី​គាត់​ទៅ​ដល់​ទីណា​ទេ ។

បុរស​ជា​ឪពុក​បន្ត​ថា គាត់ និង​កូនស្រី បាន​ចាក​ចេញពី​ស្រុក​កំណើត​មក​ស្នាក់​នៅ​ភ្នំពេញ ដើម្បីរ​រកស៊ី ដោយ​ស្នាក់​នៅផ្ទះ​ជួល​ខាងលើ ហើយ​កូនស្រី​គាត់​បាន​ធ្វើ​ជា​កម្មការិនី​រោងចក្រ​កាត់ដេរ ចំណែកឯ​គាត់​ធ្វើ​ជា​កម្មករ​សំណង់ ហើយ​ម្នាក់​ៗ​ព្រឹក​ឡើង​ចាក​ចេញពីផ្ទះ​បាត់ លុះ​យប់​ឡើង​បាន​ជួប​មុខ​គ្នា ហើយ​ពេល​ដែល​កូនស្រី​គាត់​មាន​ទំនាក់ទំនង​ជាមួយ​បុរស​ឈ្មោះ ហេង នោះ​គាត់​ក៏​បានដឹង​ដែរ និង​បាន​ណែនាំ​កូន​ជា​រឿង​យ​ៗ​ដែរ​។

ដោយឡែក នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០១៧ កូនស្រី​បាន​ចេញ​ទៅ​ធ្វើការ​រោងចក្រ ចំណែក​គាត់​បាន​ចេញ​ទៅ​ធ្វើការ​សំណង់ និង​មិន​បានដឹង​ថា មានរឿង​អ្វី​កើតឡើង​នោះ​ទេ លុះ​ល្ងាច​ឡើង ពេល​ចេញពី​ធ្វើការ​វិញ ស្រាប់តែ​បាត់​មិនឃើញ​កូនស្រី​ត្រឡប់​ទៅ​ផ្ទះ ទើប​មានការ​ភ្ញាក់ផ្អើល និង​តាម​រក​គ្រប់កន្លែង ប៉ុន្តែ​រក​មិនឃើញ​ឡើយ ។ ក្រោយ​ពេល​ចាក​ចេញពីផ្ទះ​បាត់ រយៈពេល​២-៣​ថ្ងៃ កូនស្រី​គាត់​បាន​ទូរស័ព្ទ​រក​លុយ​ពី​គាត់​ដើម្បី​ចាយវាយ ដែល​គាត់​សង្ស័យ​ថា នាង​ទៅ​ជាមួយ​បុរស​ឈ្មោះ ហេង នោះ ប៉ុន្តែ​នាង​មិន​បាន​ប្រាប់​ពី​ទីតាំង​ដែល​នាង​កំពុង​ស្នាក់​នៅឡើយ ហើយ​រហូត​មក​ដល់​ពេល​នេះ​មាន​រយៈពេល​១​អាទិត្យ​ហើយ ទើប​គាត់​សម្រេចចិត្ត​ប្ដឹង​ឲ្យ​នគរបាល​ជួយ​អន្តរាគមន៍​តែ​ម្ដង ៕