ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាល់តែ​ឮ​ទូរស័ព្ទ​ទៅ​សមត្ថកិច្ច ទើប​ប្រគល់​ឲ្យ​គ្រប់​ចំនួន

7 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រី​ជា​ពលករ​ម្នាក់​បាន​ឱប​កូនស្រី​សម្រក់​ទឹកភ្នែក​ខណៈ​ប្តី​របស់​នាង​តាម​សុំ​ប្រាក់​ថ្លៃ​ជូន​ផ្លូវ​ពី​គេ​វិញ​គេ​ឲ្យ​មិន​គ្រប់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ …

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រី​ជា​ពលករ​ម្នាក់​បាន​ឱប​កូនស្រី​សម្រក់​ទឹកភ្នែក​ខណៈ​ប្តី​របស់​នាង​តាម​សុំ​ប្រាក់​ថ្លៃ​ជូន​ផ្លូវ​ពី​គេ​វិញ​គេ​ឲ្យ​មិន​គ្រប់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​រសៀល​ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០១៧ ក្នុង​បរិវេណ​វត្ត​បា​លិ​លេ​យ្យ ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​២ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។

ពលករ​រង​គ្រោះ​ខាងលើ ប្តី​ឈ្មោះ លឿ​ត ឡាំ អាយុ​៣០​ឆ្នាំ ប្រពន្ធ​ឈ្មោះ ថន មុ​យ​គា អាយុ​២៩​ឆ្នាំ និង​កូនស្រី​ម្នាក់​អាយុ​៣​ឆ្នាំ មក​ពី​ភូមិ​ដីក្រហម ឃុំ​តា​សែន ស្រុក​កំ​រៀង ខេត្តបាត់ដំបង ។

ស្ត្រី​ពលករ​ខាងលើ​បាន​រៀបរាប់​ទាំង​សម្រក់​ទឹកភ្នែក​ថា នាង​និង​ប្តី​បាន​នាំ​កូនស្រី​ចេញពី​ស្រុក​ប្រុង​ទៅ​ក្រុង​បាងកក​ធ្វើការ​ផ្នែក​កាត់ដេរ ។ នាង​បន្ត​ថា អ្វី​ដែល​នាង និង​ក្រុម​គ្រួសារ​ខឹង​នោះ​គឺ ក្រោយ​ចុះ​ពី​រថយន្ត​នៅ​មុខ​វត្ត​បា​លិ​លេ​យ្យ​ជា​ចំណុច​កើតហេតុ បែរជា​មាន​ម៉ូតូឌុប​ចាប់​ប្រទាញប្រទង់​ដឹក​យក​ទៅ​ច្រករបៀង​ខុសច្បាប់​មួយ​ហើយ​យក​ប្រាក់​អស់​១៥០០​បាត បន្ទាប់​មក​គេ​ឲ្យ​អង្គុយ​ក្នុង​អូរ​ព្រំដែន ហើយ​អ្នក​ដឹក​នោះ​ចេញ​មក​វិញ​បាត់ ។

គ្រួសារ​រង​គ្រោះ​ខាងលើ​បន្ត​ថា ដោយសារ​ខ្លាច​ចាញ់បោក​គេ ក៏​នាំ​គ្នា​ហៅ​ម៉ូតូ​អ្នក​ផ្សេង​ដឹក​មក​កន្លែង​ដើម​វិញ​ដី​ម្បី​ទារប្រាក់​វិញ តែ​ពេល​ដល់​កន្លែង​ដើម​ហើយ​បែរជា​មិនឃើញ​អ្នក​ម៉ូតូឌុប​នោះ​ទេ លុះ​ទូរស័ព្ទ​សុំ​ប្រាក់​វិញ​បែរជា​ឲ្យ​តែ​១០០០​បាត​តាម​រយៈ​អ្នក​ផ្សេង គឺ​ខាត​៥០០​បាត​មួយប៉ប្រិចភ្នែក ដោយ​គេ​ថា​៥០០​បាត​នោះ​ជា​ថ្លៃ​ដឹក​យក​ទៅ​ព្រំដែន ។

យ៉ាងណា​ក៏​ដោយ ករណី​ខាងលើ​នេះ​គ្រួសារ​រង​គ្រោះ​បាន​ទទួល​ប្រាក់​៥០០​បាត​វិញ​បន្ថែម​ទៀត បន្ទាប់​ពី​អ្នក​យក​ប្រាក់​មក​ឲ្យ​ជំនួស​នោះ​ឮ​គ្រួសារ​រង​គ្រោះ​រាយការណ៍​ទៅ​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍ ។

លោក​វរសេនីយ៍ទោ ធិ​ន ស៊ិ​ន​ដេ​ត អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត បាន​បញ្ជា​កម្លាំង​ក្រោម​ឱវាទ​ចុះ​ដល់​កន្លែង​កើតហេតុ​ដើម្បី​ជួយ​ដល់​ពលករ​រង​គ្រោះ និង​ដើម្បី​ក្របួច​ជនសង្ស័យ​តែ​យឺត​ពេល​បន្តិច​ទៅ​ហើយ ដោយសារ​អ្នក​ជូន​ផ្លូវ​យក​ប្រាក់​ពលករ​រង​គ្រោះ​មិន​ហ៊ាន​មក​កន្លែង​កើតហេតុ ឯ​អ្នក​យក​ប្រាក់​ឲ្យ​ជំនួស​ក៏​គេច​ទៅ​បាត់​មុន​ពេល​សមត្ថកិច្ច​ទៅ​ដល់ ៕