ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូប​អ្នកតា​ចិន​មាន​អាថ៌​កំបាំង​អ្វីខ្លះ ?

9 ឆ្នាំ មុន

ប្រជាជន​នៅ​ក្នុង​ទ្វីបអាស៊ី គេ​តែង​ដឹង​រឿង​អ្នកតា​ស្ទើរតែ​ទាំងអស់ ។

ប្រទេស​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​ជាងគេ គឺ​ប្រទេស​ខ្មែរ​យើង ភាគច្រើន​បណ្តាជន​នៅ​ក្នុង​ក្រុងភ្នំពេញ ធ្លាប់​បានឃើញ​រូប​អ្នកតា​ចិន​ស្ទើរ​គ្រប់​ៗ​គ្នា ព្រោះ​នៅ​ទីក្រុង​ភ្នំពេញ​មាន​វត្ត​អ្នកតា​ចិន​ច្រើន​ណាស់ ។

យោង​តាម​សៀវភៅ​«​សែន​បញ្ហា​» ជា​រៀងរាល់ថ្ងៃ គេ​តែង​សង្កេត​ឃើញ​មាន​អ្នក​ជំនឿ​ជា​ច្រើន (​ប្រុស​ក៏​មាន ស្រី​ក៏​មាន មនុស្ស​ចាស់​ក៏​មាន កូន​ក្មេង​ក៏​មាន​) នាំ​គ្នា​ទៅ​បន់ស្រន់​អ្នកតា ។ ដូច្នេះ​នៅ​ក្នុង​រោង​អ្នកតា​នីមួយ​ៗ មិនសូវ​មាន​ពេល​ស្ងាត់​ទេ តែងតែមាន​មនុស្ស​ចេញចូល​មិន​ដាច់​រយៈ (​មើល​តែ​ផ្ទះ​លក់ទំនិញ​) ។ អ្នក​ជំនឿ​ដែល​យួរ​មាន់ ទា និង​ទៀន​ធូប​ក្រដាសប្រាក់ ដើរ​ចូល​ទៅ​សែន​ទៅ​បន់​នៅ​ក្នុង​រោង​អ្នកតា​នោះ សុទ្ធតែ​មាន​គោលបំណង​ខុស​ៗ​គ្នា ។

ក្រៅពី​បន់ស្រន់​អ្នកតា​នេះ មានរឿង​ជាន់​រូប​ទៀត គឺ​ដើម្បី​ឱ្យ​អ្នក​ជំនឿ​បានឃើញ​ផ្ទាល់​នឹង​ភ្នែក គេ​ត្រូវ​ចាត់​ឱ្យ​មាន​ម្នាក់ (​ប្រុស ឬ​ស្រី​) សម្រាប់​ឱ្យ​ជាន់​រូប ។ ក្នុង​អត្ថន័យ​ជាន់​រូប​នេះ បាន​សេចក្តី​ថា​គេ​បន់ស្រន់​ឱ្យ​ព្រលឹង​អ្នកតា​នោះ ចូល​មក​ស្ថិត​នៅ​ក្នុង​ខ្លួន​មនុស្ស​ម្នាក់​សម្រាប់​ដោះស្រាយ​ដោយ​ផ្ទាល់មាត់​ជាមួយ​អ្នក​ជំនឿ ។ រូប​អ្នកតា​ដែល​ចូល​ហើយ​នេះ មាន​ឫទ្ធានុភាព​សម្បើម​ណាស់ អាច​មើលឃើញ​កន្ទុយលេខ​ឆ្នោត និង​ល្បែង ផ្សេង​ៗ ដែល​គេ​មិន​ទាន់​ចេញ ។ អាច​មើលឃើញ​រឿង​អាថ៌​កំបាំង​ទាំងអស់​ក្នុង​ខ្លួន​មនុស្ស អាច​ព្យាបាល​ជំងឺ​បាន​ដោយ​ប្រើ​តែ​ឈាម​ពី​អណ្តាត ដែល​អ្នកតា​រូស ឬ​អារ​អណ្តាត​ដោយ​ខ្លួនឯង​ទៅ​ផ្តិត​លើ​ក្រដាស​អាច​មើលឃើញ​រាសី​ចុះ ឬ​ឡើង​របស់​មនុស្ស​អាច​បញ្ចេញ​មន្តអាគម អូ​ម​អាម គ្រប់​បែប​យ៉ាង ដើម្បី​ធ្វើ​ឱ្យ​គេ​រកស៊ី​បាន ។​ល​។ និង ។​ល​។

ចំពោះ​រឿង​ជាន់​រូប​នេះ យើង​បាន​ស្រាវជ្រាវ​ឃើញ​ការណ៍​ពិត​ច្រើន ដូច​ជា​រឿង​ប្រាប់​លេខ​ឆ្នោត ឬ​ល្បែង​១២​រូប​ជាដើម ។ កាលសម័យ​កាស៊ីណូ​ភ្នំពេញ យើង​ពិនិត្យ​ឃើញ​អ្នក​រង​គ្រោះ​ដោយសារ​ល្បែង​កាស៊ីណូ​មិន​តិច​ទេ ខ្លះ​លក់​ផ្ទះ លក់​មាស លក់​ពេជ្រ ខ្លះ​ត្រូវ​លក់ខ្លួន វង្វេង​សេចក្តីសុខ រហូត​ដល់​ចងក​សម្លាប់​ខ្លួន ខ្លះ​ត្រូវ​លែងលះ​ប្តី​ប្រពន្ធ​…​ដោយសារ​រឿង​ល្បែង និង​ដោយសារ​ការ​បំភ្លឺ​របស់​អ្នកតា ។ កាលពី​កាស៊ីណូ​ភ្នំពេញ​បើក​មាន​ល្បែង​ម្យា​៉​ង​ហៅ​ថា «១២​រូប​» ហៅ​តាម​ភាសា​ចិន​ថា «​ចាប់​យី​គី​» ។ ល្បែង​នេះ​គេ​ចូល​ចិត្ត​លេង​ច្រើន​ណាស់ ព្រោះ​ត្រូវ​១​សង​១០ ។

អ្នក​ស្រវឹង​ល្បែង​ទាំងឡាយ តែងតែ​ទៅ​សួរ​អ្នកតា​អំពី​រូប​ដែល​ត្រូវ​ចេញ​នៅ​វេលា​ថ្ងៃ​បន្ទាប់ អ្នកតា​ដែល​ចូល​ក្នុង​រូប​នោះ​ក៏​ចេះ​តែ​បង្ហាញ​ប្រាប់​អ្នក​ជំនឿ​ឱ្យ​ចាក់​រូប​នេះ ចាក់​រូប​នោះ​ទៅ ហើយ​ក្នុង​ចំណោម​អ្នក​ដែល​ទៅ​បន់​សួរ ក៏​តែង​មាន​អ្នក​ចាក់​ត្រូវ​ដែរ នេះ​ជា​រឿង​ឆុតឆាប់​របស់​អ្នកតា​ដែល​ធ្វើ​ឱ្យ​អ្នក​ជំនឿ​កាន់តែ​ជឿ​ស៊ុប​តទៅ​ទៀត ។

ក្នុង​រឿង​នេះ​យើង​បាន​សង្កេត​ឃើញ​ថា ក្នុង​ចំនួន​មនុស្ស​ដែល​ទៅ​សួរ​អ្នកតា​នោះ ពុំ​មែន​សុទ្ធតែ​ត្រូវ​ទាំងអស់​ទេ គឺ​ក្នុង​ដប់​មួយ​នាក់​បាន​ត្រូវ​ម្នាក់ ព្រោះ​នៅ​ពេល​អ្នក​ជំនឿ​ទៅ​សួរ អ្នកតា​នោះ​តែងតែ​ប្រាប់​ឱ្យ​ចាក់​រូប​ខុស​ពី​គ្នា អ្នក​ទី​១ ទៅ​សួរ​ប្រាប់​ថា ចេញ​រូប​ដំរី អ្នក​ទី​២ ទៅ​សួរ​ប្រាប់​ថា​ចេញ​រូប​សេះ អ្នក​បន្តបន្ទាប់​មក​ចេះ​តែ​ប្រាប់​រូប ខុស​ៗ​គ្នា រហូត​ដល់​គ្រប់​១២​រូប​ទើប​ចាប់ផ្តើម​ឡើង​វិញ​ម្តង ។

ធ្វើ​ដូច្នោះ ក្នុង​ចំណោម​មនុស្ស​ដ៏​កកកុញ​នោះ មុខជា​មាន​មនុស្ស​ខ្លះ​ចាក់​ត្រូវ​មិន​ខាន រីឯ​កន្ទុយលេខ​ឆ្នោត​ក៏​ដូច្នោះ​ដែរ គឺ​មនុស្ស​ម្នាក់​ប្រាប់​១​លេខ ឬ​២​លេខ លុះ​បាន​មួយ​រយ​នាក់ ក៏​ចាប់ផ្តើម​លេខ​ដំបូង​វិញ ធ្វើ​យ៉ាងនេះ​ក្នុង​ចំណោម​អ្នក​ទៅ​បន់​សួរ​នោះ ប្រាកដជា​មាន​អ្នក​ណាមួយ​ត្រូវ​មិន​ខាន ។

ចំពោះ​រឿង​អ្នកតា យើង​បានឃើញ​អ្នក​ស្រវឹង​ជំនឿ​បែប​នេះ​ត្រូវ​រង​គ្រោះ​រហូត​បាត់​បង់ជីវិត​ក៏​មាន​ចំនួន​ច្រើន​មិន​តិច​ដែរ ។ មាន​អ្នក​ជំនឿ​ខ្លះ​គ្រាន់តែ​ស្អី​បន្តិច​សួរ​អ្នកតា ស្អី​បន្តិច​សួរ​អ្នកតា (​ភាគច្រើន​ជនជាតិ​ចិន​) ។