រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់ថា ស្របពេលដែលជំងឺកូវីដ-១៩ បានថមថយ តែមិនទាន់បានបញ្ចប់នៅឡើយ សកលលោកទាំងមូលក៏បាន និងកំពុងជួបប្រទះនឹងបញ្ហាប្រឈមដ៏គួរឱ្យព្រួយបារម្ភជាច្រើនផ្សេងទៀតដែលអាចបន្ទច់បង្អាក់សន្ទុះនៃការងើបឡើងវិញនៃសង្គម-សេដ្ឋកិច្ចសកល ។
![Picture]()
សម្តេចតេជោ ហ៊ុនសែន បានថ្លែងក្នុងពិធីប្រគល់-ទទួលអំណោយដ៏ថ្លៃថ្លា វ៉ាក់សាំងកូវីដ-១៩ (Pfizer ) សម្រាប់កុមារពីប្រជាជន និងរដ្ឋាភិបាលនៃព្រះរាជាណាចកអេស្ប៉ាញ ជូនប្រជាជន និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាវិមានសន្តិភាព នាព្រឹកថ្ងៃទី១៨ សីហា ឆ្នាំ២០២២ថា សកលលោកទាំងបាននឹងកំពុងជួបបញ្ហាប្រឈមព្រួយបារម្ភជាច្រើនទៀត ដែលជាក់ស្ដែងការកើនឡើងនៃថ្លៃប្រេងឥន្ធនៈ បានបង្កឱ្យមានអតិផរណាខ្ពស់នៅគ្រប់ទីកន្លែង ជាពិសេសសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបដែលបានជំរុញឱ្យធនាគារកណ្តាលត្រូវបង្ខំចិត្តដំឡើងអត្រាការប្រាក់ ដើម្បីទប់ស្កាត់ការបន្តកើនឡើងនៃអតិផរណាដែលការណ៍នេះអាចនឹងធ្វើឱ្យតម្រូវការសកលធ្លាក់ចុះ ។
![Picture]()
សម្តេចបន្តថា ជាងនេះទៅទៀត អតិផរណាខ្ពស់ក៏បាន និងកំពុងដាក់សម្ពាធកាន់តែខ្លាំងឡើងមកលើជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនយើងផងដែរ ។ ស្ថិតក្នុងកាលៈទេសៈដ៏លំបាក និងពិបាកប៉ាន់ប្រមាណនេះយើងត្រូវការជាចាំបាច់នូវកិច្ចសហប្រតិបត្តិការ និងការចេះជួយគ្នាទៅវិញទៅមកជាងពេលណាៗទាំងអស់ ។
សម្តេចបានបញ្ជាក់ថា ៖«ក្នុងស្មារតីនេះ ខ្ញុំសូមលើកទឹកចិត្តឱ្យមានការចាត់ទុកសុខុមាលភាពរបស់ប្រជាជន និងសុខភាពសាធារណៈជា អាទិភាពខ្ពស់បំផុតប្រកាន់ខ្ជាប់ជានិច្ចនូវស្មារតីជួយគ្នាទៅវិញទៅមក និងពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ» ។
![Picture]()
ជាមួយគ្នានោះដែរ សម្តេចក៏បានលើកឡើងថា ក្នុងនាមជាប្រធានអាស៊ាននៅក្នុងឆ្នាំ២០២២នេះ កម្ពុជានឹងខិតខំពង្រឹងសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ានក៏ដូចជា រវាងអាស៊ាន-សហភាពអឺរ៉ុប និងរវាងអាស៊ាន-អេស្ប៉ាញផងដែរ ។
សម្តេចនាយករដ្ឋមន្ត្រីបានលើកឡើងថា ទោះជាយ៉ាងនេះក្តីជំងឺកូវីដ-១៩ មិនទាន់ឃ្លាតទៅណាឆ្ងាយពីយើងនោះទេ ។ ក្នុងន័យនេះ កម្ពុជា ក៏ដូចជា សកលលោកទាំងមូលត្រូវបន្តយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩ ដោយស្មារតីបុរេសកម្ម និងប្រុងប្រយ័ត្នខ្ពស់ ជាពិសេសការបន្ត និងពន្លឿនការចាក់វ៉ាក់សាំងដូសជំរុញ ជូនដល់ប្រជាជនគ្រប់រូប និងកុមារដែលមានអាយុពី៣ឆ្នាំឡើងដែលនឹងបន្តដើរតួនាទីស្នូល ក្នុងការផ្តល់ការការពារដ៏រឹងមាំ និងមានប្រសិទ្ធភាពបំផុតតទល់នឹងការបំប្លែងខ្លួនថ្មីៗ និងមិនឈប់ឈរនៃជំងឺកូវីដ-១៩ ។
![Picture]()
ឆ្លៀតក្នុងឱកាសនោះដែរ សម្តេចតេជោក៏បានលើកឡើងថា ក្នុងនាមប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមសម្តែងនូវអំណរគុណជូនចំពោះប្រជាជន និងរដ្ឋាភិបាលនៃព្រះរាជាណាចក្រអេស្ប៉ាញ និងបណ្តាប្រទេសជាសមាជិកផ្សេងទៀតនៃសហភាពអឺរ៉ុបដែលបាន និងកំពុងបន្តចូលរួមចំណែកយ៉ាងសំខាន់ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក៏ដូចជា ការងើបឡើងវិញនៃសង្គម-សេដ្ឋកិច្ចកម្ពុជាតាមរយៈការផ្ដល់ជំនួយវ៉ាក់សាំងជាពិសេសសម្រាប់កុមារ និងជំនួយបច្ចេកទេសផ្សេងៗ ជាបន្តបន្ទាប់ ៕
ចែករំលែកព័តមាននេះ