ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​អង់គ្លេស ចង់​សហការ​ជាមួយ​កម្ពុជា សង់​ប្រព័ន្ធ​ដឹក​ជញ្ជូន​សាធារណៈ (រថភ្លើង MRTដូច​នៅ​សិង្ហ​បុរី)

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តំណាង​ក្រុមហ៊ុន Ave Arup Limited ប្រចាំ​ប្រទេស​កម្ពុជា វៀតណាម ថៃ និង​អង់គ្លេស…

រាជធានី​ភ្នំពេញ ៖ តំណាង​ក្រុមហ៊ុន Ave Arup Limited ប្រចាំ​ប្រទេស​កម្ពុជា វៀតណាម ថៃ និង​អង់គ្លេស បាន​បង្ហាញ​នូវ​វិស័យ​សក្កា​នុ​ពល ដែល​ខ្លួន​ចង់​សហការ​ជាមួយ​កម្ពុជា ក្នុង​ការ​សាងសង់​ប្រព័ន្ធ​ដឹក​ជញ្ជូន​សាធារណៈ (​ដូច​ករណី​ប្រព័ន្ធ​រថភ្លើង MRT នៅ​ប្រទេស​សិង្ហ​បុរី​) និង​បាន​បង្ហាញ​នូវ​ទម្រង់​ម៉ូ​ដែល កិច្ចសហការ​រវាង​រដ្ឋ និង​ឯកជន (Public-Private Partnership) ផង​ដែរ ។

ការ​បង្ហាញ​ចំណាប់អារម្មណ៍​ចង់​សហការ​គ្នា​កម្ពុជា​នេះ ត្រូវ​បាន​លោក Stewart Clayton នាយក​ប្រចាំ​កម្ពុជា នៃ​នាយកដ្ឋាន​ពាណិជ្ជកម្ម​អន្តរជាតិ ស្ថានទូត​អង់គ្លេស​ប្រចាំ​កម្ពុជា លើក​ឡើង​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក តូច ចាន់​កុសល រដ្ឋលេខាធិការ​ប្រចាំការ និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន នៅ​ទីស្តីការក្រសួង កាលពី​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០២២ ។

គោលបំណង នៃ​ជំនួប​នេះ គឺ​ដើម្បី​ស្វែង​យល់​បន្ថែម​អំពី​ការ​រីក​ចម្រើន និង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វន្ត​នៅ​កម្ពុជា និង​ក៏​ដូច​ជា​ដើម្បី​បញ្ជាក់​ពី​ស្ថានភាព​បច្ចុប្បន្ន នៃ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និង​អ្វី​ដែល​ជា​ផែនការ​សម្រាប់​ពេល​អនាគត ។

លោក Stewart Clayton បាន​ណែនាំ​ឲ្យ​តំណាង​ក្រុមហ៊ុន ARUP ធ្វើ​បទ​បង្ហាញ ដែល​បាន​ផ្តោត​ជា​សំខាន់ លើ​សភាពការណ៍​វិវត្តន៍​ថ្មី​ៗ​នៅ​ក្នុង​ពិភពលោក ទាក់ទង​នឹង​ដំណោះស្រាយ​សម្រាប់​វិស័យ​ដឹក​ជញ្ជូន ដំណោះស្រាយ​បញ្ហា​ចំពោះ​បម្រែបម្រួល​អាកាសធាតុ និង​ផែនការមេ​ទីក្រុង​ដើម្បី​បញ្ចៀស​ការ​កកស្ទះ​ចរាចរណ៍ និង​ការ​សម្របសម្រួល​ខ្លួន​ទៅ​នឹង​បម្រែបម្រួល​អាកាសធាតុ​ផង​ដែរ ។

លោក តូច ចាន់​កុសល រដ្ឋលេខាធិការ​ប្រចាំការ បាន​ជម្រាប​ជូន​អំពី​ការ​រៀបចំ​គោលនយោបាយ​ដឹក​ជញ្ជូន​ផ្លូវគោក ដើម្បី​ជំរុញ​ការ​ប្រើប្រាស់​រថយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី (EV) ក្នុង​ការ​ចូលរួម​ចំណែក​កាត់​បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​កាបូន កិច្ចសហការ​រវាង​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​អង្គការ UNDP (​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​) ដើម្បី​ដំឡើង​ស្ថានីយ​សាក​ថ្ម Evs នៅ​ទីស្តីការក្រសួង និង​បណ្តា​រាជធានី​-​ខេត្ត​មួយ​ចំនួន ការ​សិក្សា​ប្រព័ន្ធ​ប្រតិបត្តិការ​រថភ្លើង​ស្វ័យប្រវត្តិ (AGT) ប្រព័ន្ធ​រថភ្លើង​ក្រោម​ដី (Subway) ការ​សិក្សា​គម្រោង​អភិវឌ្ឍន៍​រថភ្លើង Monorail ដើម្បី​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍ នៅ​ក្នុង​រាជធានី​ភ្នំពេញ គម្រោង​ស្តី​ពី​ការ​ដឹក​ជញ្ជូន​បៃតង​នៅ​ខេត្តសៀមរាប ក្រោម​កិច្ចសហការ​រៀបចំ​ជាមួយ​ធនាគារពិភពលោក និង​សារសំខាន់ នៃ​ផែនការមេ​សម្រាប់​ការ​អភិវឌ្ឍន៍​ទីក្រុង ដើម្បី​បញ្ចៀស​ការ​កកស្ទះ​ចរាចរណ៍​ផង​ដែរ ។

ជាមួយ​គ្នា​នោះ​ដែរ លោក Stewart Clayton បាន​ជម្រាប​ជូន​ផង​ដែរ អំពី​គម្រោង​រៀបចំ​សិក្ខាសាលា​មួយ​នៅ​កម្ពុជា ដើម្បី​ស្វែង​យល់​អំពី​បញ្ហា​ប្រឈម និង​ដំណោះស្រាយ​លើ​វិស័យ​ដឹក​ជញ្ជូន​របស់​កម្ពុជា ក្នុង​គោលដៅ​សម្រេច​បាន​នូវ​ការ​កាត់​បន្ថយ​កាបូន ឲ្យ​នៅ​កម្រិត​សូន្យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ