ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ​អើយ​!! តារា​សម្ដែង​ជើង​ចាស់​មាន​ជំងឺ​ប្រចាំ​កាយ​ជា​ច្រើន​មុខ ត្រូវការ​ជំនួយ​ជា​បន្ទាន់

2 ឆ្នាំ មុន
  • ភ្នំពេញ

មហាជន​សម្ដែង​ការ​អាណិតអាសូរ និង​ព្រួយបារម្ភ​ជា​ខ្លាំង​ដល់​តារា​សម្ដែង​ប្រុស​ជើង​ចាស់​លោក មិន សា​រិ​ន ហៅ ម៉ែ​ន ដែល​បច្ចុប្បន្ន​នេះ​លោក​មាន​វ័យ​៨២​ឆ្នាំ និង​កំពុង​ធ្វើ​អោយ​មហាជន​តក់ស្លុត ដោយសារ​

រាជធានី​ភ្នំពេញ ៖ មហាជន​សម្ដែង​ការ​អាណិតអាសូរ និង​ព្រួយបារម្ភ​ជា​ខ្លាំង​ដល់​តារា​សម្ដែង​ប្រុស​ជើង​ចាស់​លោក មិន សា​រិ​ន ហៅ ម៉ែ​ន ដែល​បច្ចុប្បន្ន​នេះ​លោក​មាន​វ័យ​៨២​ឆ្នាំ និង​កំពុង​ធ្វើ​អោយ​មហាជន​តក់ស្លុត ដោយសារ​តារា​សម្ដែង​ភាពយន្ត​បុរាណ​ខ្មែរ​រូប​នេះ កំពុង​តែ​ជួប​បញ្ហា​សុខភាព ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ធ្ងរ ព្រោះតែ​មាន​ជំងឺ​ជា​ច្រើន​មុខ​ប្រចាំ​កាយ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ច្បារ​អំពៅ​ផង​ដែរ​។

តារា​សម្ដែង​ជើង​ចាស់​លោក មិន សា​រិ​ន ហៅ ម៉ែ​ន លោក​គឺជា​តួរ​អង្គ​ដ៏​ល្បីល្បាញ និង​លេចធ្លោ​មួយ​រូប​ក្នុង​ខ្សែភាពយន្ត​រឿង​ភាគ​បុរាណ​ខ្មែរ​ជា​ច្រើន​សម្បូរ​បែប ជា​ពិសេស​ក្នុង​រឿង​ដែល​លោក​សម្ដែង​នីមួយ​ៗ​​សុទ្ធតែ​ទទួល​បានការ​គាំទ្រ​ភ្លូកទឹកភ្លូកដី ដូច​ទឹកបាក់​ទំនប់​ពី​សំណាក់​មហាជន តួរ​យ៉ាងដូច​ជា​រឿង «​ចិត្ត​ចង​ចាំ​» ក្រោម​ស្នាដៃ​ដឹកនាំ​របស់ លោក ម៉ៅ អា​យុទ្ធ​, រឿង «​ទុក្ខ​ស្រី​ប្តី​ព្រាត់​» ក្រោម​ស្នាដៃ​ដឹកនាំ​របស់​លោក សោម ដូ​រិ​ន្ទ​, រឿង «​ម្ជុល​បាតសមុទ្រ​» ក្រោម​ស្នាដៃ​ដឹកនាំ​របស់ ភូមិ​ពេជ្រ និង​ភាពយន្ត​រឿង «​ដងរែក​» បែប​អប់រំ ក្រោម​ស្នាដៃ​ដឹកនាំ​របស់ លោក គូ សុភាព និង​មាន​ស្ព​ត​អប់រំ ស្ព​ត​ផ្សព្វផ្សាយ​ការងារ​រដ្ឋ ខារ៉ាអូខេ ជា​ច្រើន​ទៀត ដែល​លោកតា​ម៉ែ​ន មិន​ចាំ​ចំណងជើង​បាន​អស់នោះ​ឡើយ ។

ដោយឡែក នា​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០២២ ម្សិលមិញ​នេះ លោកតា​បាន​ធ្លាក់ខ្លួន​ឈឺ​ជា​ទម្ងន់ ហើយ​ត្រូវ​សម្រាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​បង្អែក​ច្បារ​អំពៅ ដោយ​មាន​ជំងឺ​ប្រចាំ​កាយ​ជា​ច្រើន និង​មាន​ជីវភាព​ខ្វះខាត​ខ្លាំង ដោយ​ត្រូវការ​ថវិកា​ដើម្បី​យក​មក​ព្យាបាល​ជំងឺ​ជា​បន្ទាន់ ដូច្នេះ​មាន​តែ​រំពឹង​លើ​បងប្អូន​ប្រជា​ពល​ដ្ឋ​ខ្មែរ និង​សប្បុរសធម៌​ទាំង​ក្នុង និង​ក្រៅប្រទេស ដើម្បី​ជួយ​រូប​លោក​តែ​ប៉ុណ្ណោះ ។

ហើយ​បើ​យោង​តាម​ការ​បង្ហោះ​សារ​លើ​ហ្វេ​ស​ប៊ុ​ក​ពី​តារា​សម្តែង​លោក សា​វី​ន ហ្វី​លី​ព ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា តារា​សម្ដែង​ជើង​ចាស់ លោក មិន សា​រិ​ន ហៅ ម៉ែ​ន អាយុ​៨២​ឆ្នាំ ត្រូវ​បានកូន​ប្រុស​ពៅ​ដឹក​ទៅ​មន្ទីរពេទ្យ​បង្អែក​ច្បារ​អំពៅ​ដើម្បី​សង្គ្រោះ​បន្ទាន់​ជំងឺ​លើស​ឈា​.​ម និង​ក្រួស​ក្នុង​តម្រងនោម ។ ហើយ​លោក​មិន សា​រិ​ន ក៏​ជា​ឪពុក​បង្កើត​របស់​អតីត​តារា​សម្ដែង​ល្បីឈ្មោះ អ៊ុំ សុវណ្ណ​នី ដែល​ជា​តួឯក​ស្រី​ក្នុង​រឿង «​នរក​៩​ជាន់​» ផង​ដែរ​។ ពេល​នេះ លោកតា​មាន​ជីវភាព​ក្រខ្សត់​ណាស់ ហើយ​កំពុង​តែ​ខ្វះខាត​ថវិកា​ក្នុង​ការ​ព្យាបាល ដូច្នេះ​បើ​មាន​សប្បុរ​ជន​ណា​ចង់​ជួយ​គាត់ សូម​ទាក់ទង​លេខ​កូន​របស់​គាត់​ដែល​បាន​ខ​លម​ក​ប្រាប់​ខ្ញុំ​តាម​លេខ ៖ 0975151791/012622053 ។

លោក សា​វី​ន ហ្វី​លី​ព បញ្ជាក់​បន្ថែម​ថា បច្ចុប្បន្ន​លោក មិន សា​រិ​ន ហៅ​ម៉ែ​ន មិន​បាន​បន្ត​អាជីព​សម្តែង​​ឡើយ ដោយសារ​លោក​កាន់តែ​ជរា រួម​ទាំង​មាន​ជំងឺ​ប្រចាំ​កាយ ហើយ​ប្រសិនបើ​ជំងឺ​របស់​លោក​នា​ពេល​នេះ គ្រូពេទ្យ​តម្រូវ​អោយ​វះកាត់​នោះ គឺ​ប្រាកដជា​ត្រូវការ​ប្រាក់​ច្រើន​សម្រាប់​ព្យាបាល ខណៈ​ពេល​ដែល​តារា​ជើង​ចាស់​រូប​នេះ កំពុង​តែ​មាន​ជីវភាព​ខ្វះខាត​ខ្លាំង​ណាស់​។

សូម​រំលឹក​ផង​ដែរ​ថា លោកតា មិន សា​រិ​ន ហៅ ម៉ែ​ន ជាតា​រា​ជើង​ចាស់​សល់​ពី​សង្គមចាស់ លោកតា​ក៏​ធ្លាប់​ធ្វើការ​ក្នុង​ភាពយន្ត​នៅ​ឯ​ក្រសួង​វប្បធម៌​ផង​ដែរ គ្រានោះ​ក្រោយ​ស្រុក​ទេស​កើតសង្គ្រាម លោក​តា​ក៏​បាន​ឈប់ រហូត​មក​ចូល​សិល្បៈ​ម្ដងទៀត​នៅ​ឆ្នាំ​១៩៧៩ បន្ទាប់​ពី​ថ្ងៃ​រំដោះ ។ ហើយ​តារា​សម្ដែង​សល់​ពី​សង្គមចាស់​រូប​នេះ បាន​ចូលរួម​សម្តែង​ក្នុង​ខ្សែភាពយន្ត​រឿង​ភាគ​ខ្មែរ​ប្រមាណ​ជាង​៧០​រឿង​ផង​ដែរ​។

នៅ​ឆ្នាំ ១៩៦៣ លោកតា​បាន​ចូល​បម្រើកងទ័ព​សម័យ រាជា​និយម ហើយ​នៅ​ចន្លោះ​ឆ្នាំ ១៩៧០-​១៩៧៥ លោកតា​ក៏​ធ្លាប់​ជា​កងទ័ព​របស់ លន់ នុ​ល ផង​ដែរ ប៉ុន្តែ​ពី​ឆ្នាំ​១៩៧៥ ដល់ ១៩៧៩ លោកតា​ក៏​ក្លាយជា​ទាសករ​ធ្វើការ​ហួសកម្លាំង ដូច​ប្រជាពលរដ្ឋ​ខ្មែរ​ទូ​ទាំង​ប្រទេស​។

គួរ​បញ្ជាក់​ផង​ដែរ​ថា លោកតា មិន សា​រិ​ន ហៅ ម៉ែ​ន បាន​ឈប់​ពី​សិល្បៈ​យូរ​គួរសម​ដែរគឺ​ប្រមាណ​ជាង​៣០​ឆ្នាំមក​ហើយ ដោយ​សារ​លោកតា​មាន​ព្រះ​ជន្ម​ច្រើន មួយទៀត​កត្តា​សុខភាព លោក​មានការ​ចុះ​ខ្សោយ និង​ប្រឈម​ជា​មួយ​ជំងឺ​ជា​ច្រើន​មុខ​ដែល​មិន​អាច​បន្ត​អាជីព​សិល្បៈ​បាន​នោះ​ឡើយ រីឯ​ភរិយា​លោក​វិញ បាន​ទទួលអនិច្ចកម្ម​ជា​ច្រើន​ឆ្នាំទៅ​ហើយ​ ។

បន្ទាប់​ពី​ភិ​រិ​យារ​បស់​លោក​បាន​ស្លា​.​ប់​ចោល​លោក​រយៈ​ប្រមាណ​ជា​ជិត​១០​ឆ្នាំ​មក លោក​បាន​រស់នៅ​ជា​មួយ​កូនប្រុស​នៅ​ឯ​ច្បារ​អំពៅ ហើយ​លោក​មិន​មានការ​ងារ​អ្វី​ក្រៅពី​សិល្បៈ ក្នុង​ពេល​មួយ​រយៈ​ចុង​ក្រោយ​នេះ គឺ​ចាប់ពី​ឆ្នាំ​២០១៧ រហូត​ដល់​បច្ចុប្បន្ន​លោក​មិន​អាច​ចេញពីផ្ទះ​បាន​ឡើយ ដោយសារ​តែ​វ័យចាស់​ជរា មាន​ជំងឺ​ប្រចាំ​កាយ ថែម​ទាំង​ធ្ងន់ត្រចៀក​ថែម​ទៀត ដូច្នេះ​ហើយ​ទើប​ពុំ​មាន​ផលិតកម្ម​ណាមួយ​ហៅ​លោកតា​ទៅ​ថត ព្រោះ​វ័យចាស់​ជរា ហើយ​កូន​គេ​ក៏​មានគ្រួសារ​ត្រូវ​ទទួលខុសត្រូវ​ដែរ​។

យ៉ាងណា​ក្នុង​នាម​ជា​អ្នកសិល្បៈ​បម្រើ​ទស្សនិកជន​អស់​ជា​ច្រើន​ឆ្នាំ​មកនេះ​លោក មិន សា​រិ​ន ហៅ ម៉ែ​ន បាន​លើកដៃ​សូម​អំពាវនាវ​ឱ្យ​សប្បុរសធម៌​ទាំង​ក្នុង និង​ក្រៅប្រទេស មេត្តា​អាណិត​ជួយ​លោក​ផង​!!! ទោះបី​តិច​ក្ដី ច្រើន​ក្ដី លោក​នឹង​ថ្លែងអំណរគុណ​ខ្លាំង​បំផុត សម្រាប់​ការ​អាណិត​ស្រឡាញ់​មក​ដល់​រូប​លោក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ