ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំបន់ឆ្នេរ​មាត់​ព្រែក​ចាប់ពី​ផ្សារ​ត្រី​ទៅ​ជិត​ដល់​មុខ​សាលាខេត្ត​បាត់បង់​សោភ័ណ​ភាព

7 ឆ្នាំ មុន

ខេត្តកំពត ៖ តំបន់ឆ្នេរ​ស្អាត​នៅ​ព្រែក​កំពត​កន្លង​មក ត្រូវ​បាន​ទទួល​ការ​លើក​សរសើរ​ពី​សំណាក់​អាជ្ញាធរ​និង​ភ្ញៀវ​ដែល​មក​ពី​តាម​បណ្តា​រាជធានី​-​ខេត្ត​ចូល​មក​លេង​កម្សាន្ត​ក្នុង​ខេត្ត​ដែល​មាន​សក្តានុពល​ផ្នែក​ទេសចរណ៍ធម្មជាតិ​មួយ​នេះ​ថា

ខេត្តកំពត ៖ តំបន់ឆ្នេរ​ស្អាត​នៅ​ព្រែក​កំពត​កន្លង​មក ត្រូវ​បាន​ទទួល​ការ​លើក​សរសើរ​ពី​សំណាក់​អាជ្ញាធរ​និង​ភ្ញៀវ​ដែល​មក​ពី​តាម​បណ្តា​រាជធានី​-​ខេត្ត​ចូល​មក​លេង​កម្សាន្ត​ក្នុង​ខេត្ត​ដែល​មាន​សក្តានុពល​ផ្នែក​ទេសចរណ៍ធម្មជាតិ​មួយ​នេះ​ថា​ជា​ឆ្នេរ​ដែល​មាន​សោភ័ណ​ភាព​ស្អាត​បែប​ធម្មជាតិ ។ ប៉ុន្តែ​ថ្មី​ៗ​នេះ​បែរជា​មានការ​រិះគន់​ពី​សំណាក់​ភ្ញៀវ​ទេសចរ​ជាតិ​ជា​ច្រើន ដែល​មក​ទស្សនា​តាម​តំបន់ឆ្នេរ​ថា​បែប​អនាធិបតេយ្យ​ទៅ​វិញ ។

មតិ​រិះគន់​បាន​លើក​ឡើង​ថា ចាប់ពី​ខាងត្បូង​ស្ពាន​ចាស់​(​ស្ពាន​ឥន្ទធនូ​) ទៅ​ត្បូង​តាម​បណ្តោយ​ឆ្នេរ​ទៅ​ទល់មុខ​មន្ទីរ​ប្រៃសណីយ៍​ខេត្ត មានការ​បោះបង្គោល​ផែ​ចតទូក​យ៉ាងច្រើន រួម​នឹង​ការ​ធ្វើ​ជណ្តើរ​សម្រាប់​ចុះទូក​យ៉ាងច្រើន​ស្អេកស្កះ ធ្វើ​ឲ្យ​បាត់បង់​សោភ័ណ​ភាព​ឆ្នេរ រីឯ​ការ​គ្រប់គ្រង​អនាម័យ​នៅ​តាម​បណ្តោយ​ឆ្នេរ ដែល​លក់ដូរ​នៅ​លើ​ទូក​នេះ​ទៀត​សោត ក៏​គេ​ឃើញ​ភ្ញៀវ​ដែល​បរិភោគ​ចំណីអាហារ​នៅ​លើ​ទូក​តាម​បណ្តោយ​ឆ្នេរ​បាន​ចោល​សំរាម និង​កាក​សំណល់​ផ្សេង​ៗ​ចូល​ក្នុង​ទឹក​ដោយ​គ្មាន​អនាម័យ​ឡើយ ។ មជ្ឈដ្ឋាន​ភ្ញៀវ​ទេសចរ​ទាំងនោះ​បាន​លើក​ឡើង​ថា ខេត្ត​មាន​សោភ័ណ​ភាព​ឆ្នេរ​ស្អាត ហើយ​សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល​ធ្លាប់​បាន​ផ្តល់​កិត្តិយស​ជា​ខេត្ត​ទទួល​ជ​យ័​លា​ភី​រំដួល​៣​ទង​ទៀត​ផង ។ ប៉ុន្តែ​បច្ចុប្បន្ន​នៅ​ជាប់​នឹង​សាលាខេត្ត គេ​ឃើញ​ភាព​អនាធិបតេយ្យ​ដោយ​ការ​ចតទូក និង​បោះបង្គោល​ធ្វើ​ផែ​ទូក​យ៉ាងច្រើន​ជា​បន្តបន្ទាប់​ពី​សំណាក់​អ្នក​ធ្វើ​អាជីវកម្ម​ដឹក​ភ្ញៀវ​ទេសចរ​កម្សាន្ត​តាម​បណ្តោយដៃ​ព្រែក មិនដឹង​ថា មានការ​អនុញ្ញាត​ច្បាប់​ត្រឹមត្រូវ​ពី​មន្ទីរ​ជំនាញ​ឬ​ក៏​យា​៉​ង​ណា​នោះ​ទេ ។

ជុំវិញ​ការ​រិះគន់​ពី​សំណាក់​ភ្ញៀវ​ទេសចរ​ខាងលើ​ត្រូវ​បាន​លោក សយ ស៊ី​ណុ​ល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ថ្លែងប្រាប់​អ្នក​យក​ព័ត៌មាន​ថា កន្លង​មក​ការ​បោះបង្គោល​ក្នុង​ទឹក​សម្រាប់​ទូក​ចត​ក៏​ដូច​ការ​ចតទូក​ដែរ ខាង​មន្ទីរ​ទេសចរណ៍​បាន​ចាត់​ឲ្យ​មន្ត្រី​ជំនាញ​ចុះ​ទៅ​ណែនាំ និង​ហាមឃាត់​មិន​អនុញ្ញាត​ឲ្យ​បោះបង្គោល​សម្រាប់​ចតទូក ដោយ​គ្មាន​ច្បាប់ទម្លាប់​អុ​ី​ចឹ​ង​ទេ ប៉ុន្តែ​បងប្អូន​អ្នក​ធ្វើ​អាជីវកម្ម​ខាង​ទូក​ដឹក​ភ្ញៀវ ទៅ​បោះបង្គោល​នេះ​គ្មាន​សុំ​ច្បាប់​មន្ទីរ​ជំនាញ ឬ​អាជ្ញាធរ​ក្រុង​ទេ ហើយ​ថ្មី​ៗ​នេះ​លោក​បាន​ជម្រាប​ទៅ​អាជ្ញាធរ​ក្រុង សុំ​ឲ្យ​ជួយ​មានការ​សម្របសម្រួល​ឲ្យ​អ្នក​ដែល​បោះបង្គោល​ក្នុង​ទឹក​នេះ​ដក​ចេញ​វិញ​ឲ្យ​អស់ បើ​ពួក​គេ​មិន​ព្រម​ដក​ចេញ​ទេ ខាង​មន្ទីរ​ជំនាញ​នឹង​រក​កម្លាំង​ទៅ​ដក​តែ
ម្តង ។

លោក សយ ស៊ី​ណុ​ល បាន​ឲ្យ​ដឹង​ទៀត​ថា ទាំង​ការ​ដាំ​បង្គោល ទាំង​ការ​ចតទូក លោក​កំពុង​រិះរក​ធ្វើ​ផែ​សម្រាប់​ឲ្យ​ទូក​ដែល​ដឹក​ភ្ញៀវ​ទេសចរ​ចត​ឲ្យ​បាន​ត្រឹមត្រូវ មិន​ឲ្យ​ចត​នៅ​កន្លែង​ដែល​ពួក​គេ​ចត​ដូច​សព្វ​ថ្ងៃនេះ​ទេ ។ ផែ​សម្រាប់​ចតទូក លោក​បាន​បញ្ជាក់​ថា មិន​ឲ្យ​ឆ្ងាយ​ពី​កន្លែង​ចត​សព្វ​ថ្ងៃនេះ​ប៉ុន្មាន​ទេ អាច​សង់​ផែ​នៅ​ម្តុំ​ខាងលិច​កីឡាហែលទឹក ។ រីឯ​សំរាម និង​កាក​សំណល់​ក៏​ដូច្នេះ​ដែរ លោក​បាន​ចុះ​ពិនិត្យ​នៅ​តំបន់​ក្រោម​ផ្សារ​ត្រី​ក៏​ដូច​នៅ​ក្បែរ​ទូក​ចត​នោះ​ដែរ តែ​មិនមែន​អ្នក​បរិភោគ​អាហារ​នៅ​លើ​ទូក ឬ​នៅ​លើ​ផ្សារ​ត្រី​ចោល​នោះ​ទេ គឺ​កាក​សំណល់​ដែល​ភ្ញៀវ​មួយ​ចំនួន​អាច​ហូប​រួច​ចោល​ពី​កន្លែង​ផ្សេង ហើយ​ហូរ​តាម​ទឹក​មក​ទើរ​នៅ​ក្បែរ​ទូក​ចត និង​នៅ​ក្រោម​ផ្សារ​ត្រី ។

ដូច្នេះ​ចាប់ពី​ពេល​នេះ​ទៅ​មុខ លោក​នឹង​រៀបចំ​ផែ​សម្រាប់​ចតទូក​ឲ្យ​បាន​ត្រឹមត្រូវ​មាន​សណ្តាប់ធ្នាប់​ល្អ ដើម្បី​កុំ​ឲ្យ​បាត់បង់​នូវ​សោភ័ណ​ភាព​រំដួល​បី​ទង​នៃ​ខេត្ត​ដែល​មាន​សក្តានុ​ពល​ទេសចរណ៍ធម្មជាតិ​មួយ​នេះ ៕