ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្នាំ​ប្រឆាំង​ការ​រលាក​អាច​ព្យាបាល​ជំងឺ​ធ្លាក់​ទឹកចិត្ត

7 ឆ្នាំ មុន

ក្រុម​អ្នក​ស្រាវជ្រាវ​បាន​និយាយ​ថា ថ្នាំ​មួយ​ចំនួន​នា​ពេល​បច្ចុប្បន្ន​នេះ​ប្រើ​ក្នុង​ការ​ព្យាបាល​ជំងឺ​អូ​តូ​អ៊ុយ​មីន ក៏​អាច​ប្រើ​ក្នុង​ការ​ព្យាបាល​រោគ​សញ្ញា​នៃ​ជំងឺ​ធ្លាក់ទឹក​ចិត្តបាន​ផង​ដែរ។ ថ្នាំ​ទាំងនេះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ថ្នាំ​ប្រឆាំង​នឹង​ការ​រលាក​។

ក្រុម​អ្នក​ស្រាវជ្រាវ​បាន​និយាយ​ថា ថ្នាំ​មួយ​ចំនួន​នា​ពេល​បច្ចុប្បន្ន​នេះ​ប្រើ​ក្នុង​ការ​ព្យាបាល​ជំងឺ​អូ​តូ​អ៊ុយ​មីន ក៏​អាច​ប្រើ​ក្នុង​ការ​ព្យាបាល​រោគ​សញ្ញា​នៃ​ជំងឺ​ធ្លាក់ទឹក​ចិត្តបាន​ផង​ដែរ។ ថ្នាំ​ទាំងនេះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ថ្នាំ​ប្រឆាំង​នឹង​ការ​រលាក​។ ពួក​វា​ជួយ​កាត់​បន្ថយ​ការ​រលាក​ក្នុង​រាង​កាយ ។ ការ​រលាក គឺជា​ការ​ឈឺចាប់ និង​ការ​រីក ឬ​ហើម​នៃ​ជាលិកា​ដែល​បាន​រង​ការ​ខូចខាត ។

តើ​អ្វី​ជា​ជំងឺ​អូ​តូ​អ៊ុយ​មីន?
ជំងឺ​អូ​តូ​អ៊ុយ​មីន​គឺជា​ជំងឺ​មួយ​ដែល​រាង​កាយ​វាយប្រហារ​ខ្លួនឯង ។ ជំងឺ​ទាំងនោះ​រួម​មាន​របកស្បែក​ក្រហម ជំងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​1 និង​ជំងឺ Crohn ។
ដើម្បី​ព្យាបាល​ជំងឺ​អូ​តូ​អ៊ុយ​មីន អ្នកជំងឺ​ជា​ញឹកញាប់​ត្រូវ​បាន​គេ​ណែនាំ​ឲ្យ​ប្រើ​ថ្នាំ​ប្រឆាំង​នឹង​ការ​រលាក ។ ឥឡូវនេះ​ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា ថ្នាំ​នេះ​ក៏​ព្យាបាល​រោគ​សញ្ញា​នៃ​ជំងឺ​ធ្លាក់​ទឹកចិត្ត​ផង​ដែរ ។ ការ​សិក្សា​ក៏​បាន​បង្ហាញ​ថា ថ្នាំ​ប្រឆាំង​នឹង​ការ​រលាក​នឹង​ធ្វើការ​ព្យាបាល​តាម​បែប​បុរាណ​ដើម្បី​ជួយ​ដល់​ប្រជាជន​ដែល​មាន​ជំងឺ​នេះ ។

ថ្នាំ​ប្រឆាំង​នឹង​ការ​រលាក​បន្ថយ​សកម្មភាព​របស់​ប្រព័ន្ធ​ការពារ​រាង​កាយ តាម​រយៈ​ការ​លុប​បំបាត់​ប្រូ​តេ​អីុ​ន​ដែល​គេ​ស្គាល់​ថា​ជា cytokines​។ ប្រូ​តេ​អីុន​ទាំងនេះ​មាន​សារៈ​សំខាន់​ចំពោះ​រាង​កាយ​ក្នុង​ការ​ប្រតិកម្ម​ជាមួយ​ការ​រលាក ។ ការ​រលាក​ក្នុង​កម្រិត​តិចតួច​អាចភ្ញោ​ច​ឱ្យ​ប្រព័ន្ធ​ភាពស៊ាំ​មាន​សកម្មភាព​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ​។ ប៉ុន្តែ​វា​នឹង​បណ្តាល​ឲ្យ​មានការ​ឈឺចាប់ ឬ​ហើម​កាន់តែ​ខ្លាំង ។

លោក Golam Khandaker សាស្ត្រាចារ្យ​ផ្នែក​ចិត្តសាស្ត្រ​នៅ​ឯ​សាកលវិទ្យាល័យ Cambridge បាន​និយាយ​ថា «​ការ​រលាក​បន្តិច​ម្តង​ៗ​ដែល​ចរាចរ​នៅ​ក្នុង​រាង​កាយ​របស់​យើង​អាច​បណ្តាល​ឱ្យ​មាន​បញ្ហា​មួយ​ចំនួន​ដល់​រាង​កាយ​និង​ផ្លូវចិត្ត ។ ឧទាហរណ៍ៈ នៅ​ក្នុង​ខួរក្បាល វា​អាច​នាំ​ឱ្យ​មាន​ហានិភ័យ​នៃ​ការ​កើនឡើង​ជំងឺ​ធ្លាក់​ទឹកចិត្ត​។ ទន្ទឹម​នឹង​នេះ​ដែរ នៅ​ក្នុង​រាង​កាយ​វា​អាច​នាំ​ឱ្យ​មានការ​កើនឡើង​ហានិភ័យ​នៃ​ជំងឺ​បេះដូង ជំងឺ​សរ​សៃ​ឈាម​បេះដូង ដូច​ជា​ជំងឺ​ដាច់​សរសៃឈាម​ខួរ​ក្បាល ឬ​ក៏​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​1 ឬ​ប្រភេទ​2 ។

អ្នក​ដែល​មាន​ជំងឺ​អូ​តូ​អ៊ុយ​មីន​ជា​ញឹកញាប់​នឹង​ជួប​បញ្ហា​ធ្លាក់​ទឹកចិត្ត ។ ការ​សិក្សា​មួយ​ចំនួន​ពី​មុន​បាន​លើក​ឡើង​ថា អ្នកជំងឺ​ទាំងនេះ​ជួបនឹង​ជំងឺ​ធ្លាក់​ទឹកចិត្ត​ដោយសារ​តែ​ស្ថានភាព​ជំងឺ​របស់​ពួក​គេ ។ ប៉ុន្តែ​ការ​ស្រាវជ្រាវ​ថ្មី​បាន​បង្ហាញ​ថា ការ​រលាក​បណ្តាល​ឲ្យ​មានការ​ផ្លាស់​ប្តូរ​សារធាតុ​គីមី​នៃ​ខួរក្បាល ធ្វើ​ឱ្យ​ពួក​គេ​មាន​ជំងឺ​ធ្លាក់​ទឹកចិត្ត ។

ថ្នាំ​រម្ងាប់​អារម្មណ៍​រៀបចំ​ការ​ប្រតិបត្ដិ​នៃ​សារធាតុ​គីមី​ក្នុង​ខួរក្បាល​ជា​ថ្មី ដែល​គេ​ហៅ​ថា​ណឺរ៉ូន​វិញ្ញាណ​នាំ ។ ប៉ុន្តែ​ថ្នាំ​នេះ ជា​ញឹកញាប់​មិន​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ព្យាបាល​អ្នកជំងឺ​ដែល​មាន​ជំងឺ​ធ្លាក់​ទឹកចិត្ត​ទេ ។ ប៉ុន្តែ​ថ្នាំ​ប្រឆាំង​នឹង​ការ​រលាក​ធ្វើការ​ខុស​គ្នា​នៅ​ក្នុង​ខួរក្បាល ដែល​អាច​ផ្តល់​ជម្រើស​ព្យាបាល​ផ្សេង​ទៀត​ដល់​គ្រូពេទ្យ ។

ក្រុម​អ្នក​ស្រាវជ្រាវ​បាន​និយាយ​ថា ថ្ងៃ​ណាមួយ ថ្នាំ​ប្រឆាំង​នឹង​ការ​រលាក​អាច​នឹង​ប្រើ​ចំពោះ​អ្នកមាន​ជំងឺ​ធ្លាក់​ទឹកចិត្ត​ដែល​ថ្នាំ​ផ្សេង​ទៀត​គ្មាន​ប្រសិទ្ធភាព​ចំពោះ​ជំងឺ​ពួក​គាត់ ។
ជំងឺ​ធ្លាក់ទឹក​ចិត្តនឹង​ក្លាយជា​មូលហេតុ​ខ្ពស់​បំផុត​ទី​ពីរ​នៃ​បន្ទុក​ជំងឺ​នៅ​ក្នុង​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​មធ្យម​នៅ​ឆ្នាំ​2030 ការ​ព្យាករ​នេះ​ធ្វើ​ឡើង​ដោយ​អង្គការ​សុខភាព​ពិភពលោក ៕