ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើម​ស្ពង់​ចំណាស់​មួយ​ក្នុង​តំបន់​អង្គរ​បានការ​សង្គ្រោះ​ពី​អ្នកជំនាញ

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ក្រៅពី​ទស្សនា​ប្រាង្គ​ប្រាសាទ​ដ៏​អស្ចារ្យ ភ្ញៀវ​ទេសចរ​មួយ​ចំនួន​ក៏​ចាប់អារម្មណ៍​នឹង​ទេសភាព​ដ៏​ស្រស់​ស្អាត​នៃ​ដើមឈើ ធំ​ៗ​ដែល​ដុះ​ចាក់​ឫស​នៅ​លើ​តួ​ប្រាសាទ​ផង​ដែរ ។ ដើមឈើ​ចំណាស់​ជា​ច្រើន​បាន​ទាក់ទាញ

ខេត្តសៀមរាប ៖ ក្រៅពី​ទស្សនា​ប្រាង្គ​ប្រាសាទ​ដ៏​អស្ចារ្យ ភ្ញៀវ​ទេសចរ​មួយ​ចំនួន​ក៏​ចាប់អារម្មណ៍​នឹង​ទេសភាព​ដ៏​ស្រស់​ស្អាត​នៃ​ដើមឈើ ធំ​ៗ​ដែល​ដុះ​ចាក់​ឫស​នៅ​លើ​តួ​ប្រាសាទ​ផង​ដែរ ។ ដើមឈើ​ចំណាស់​ជា​ច្រើន​បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​ភ្ញៀវ​ទេសចរ ជា​ពិសេស​ដើម​ស្ពង់​នៅ​ក្នុង​ប្រាសាទតាព្រហ្ម ក៏​ដូច​ជា​នៅ​តាម​បណ្តា​ប្រាង្គ​ប្រាសាទ​មួយ​ចំនួន​ទៀត​។

ក្នុង​បំណង​អភិរក្ស និង​ថែរក្សា​ដើមឈើ​ចំណាស់​ដែល​ដុះ​ក្នុង​ឧទ្យាន​អង្គរ អាជ្ញាធរ​ជាតិ​អប្សរា តាម​រយៈ​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ ទេសភាព​វប្បធម៌ និង​បរិស្ថាន បាន​ព្យាបាល​ប្រភេទ​ដើមឈើ ចំណាស់​ៗ​ជា​ច្រើន ជា​ពិសេស​ដើម​ស្ពង់​។ ជាក់ស្តែង​ដើម​ស្ពង់​ចំណាស់​មួយ​ដើម​នៅ​ជិត​ខ្លោងទ្វារ​ទន្លេ​អុំ ត្រូវ​បាន​អភិរក្ស​ថែទាំ​ដោយ​យកចិត្តទុកដាក់​ពី​ក្រុម​អ្នកជំនាញ​របស់​អាជ្ញាធរ​ជាតិ​អប្សរា ។ ការ​ជួយ​សង្គ្រោះ​នេះ ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែមករា ឆ្នាំ​២០១៧ ។

លោក​លឹ​ម សៀង​ហួត បុគ្គលិក​ជំនាញ​តាមដាន​សុខភាព​ផ្នែក​ព្យាបាល​ដើមឈើ​នៃ​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ ទេសភាព​វប្បធម៌ និង​បរិស្ថាន ឲ្យ​ដឹង​ថា ដើម​ស្ពង់​ដែល​ព្យាបាល​នេះ​មានការ​ពុក​ផុយ​នៅ​ត្រង់​គល់ និង​ចុង ។ ដោយសារ​មាន​ទីតាំង​ជាប់​ផ្លូវ​ដើរ​ដ៏​សំខាន់​សម្រាប់​ភ្ញៀវ​ទេសចរ ដូច្នេះ​ក្រុមការងារ ប្រញាប់​ព្យាបាល ។ ការ​ព្យាបាល​មានការ​ចាប់អារម្មណ៍​ច្រើន​ពី​ទេសចរ​ដែល​ទស្សនា​នៅ​ទីនោះ​។ ភ្ញៀវ​ទេសចរ​ទាំងនោះ​បាន​សាកសួរ​ពី​ការងារ​ព្យាបាល​ដើម​ស្ពង់ ដែល​ក្រុមការងារ​កំពុង​ជួយ​សង្គ្រោះ ។

ដើម​ស្ពង់​ដែល​ក្រុម​ជំនាញ​កំពុង​ព្យាបាល​នេះ មាន​បញ្ហា​៣​សំខាន់ ។ ទី​១-​ដើម​អម្ពិល​ដែល​ដុះ​ក្បែរ​នោះ ឫស​របស់​វា​ចាក់​ប្រជែង​នឹង​គល់​ដើម​ស្ពង់ ទី​២-​ការ​ដើរ​ជាន់​ឫស​ស្ពង់​ពី​មនុស្ស ព្រោះ​វា​នៅ​ជិត​ផ្លូវ​ដើរ ធ្វើ​ឲ្យ​វា​ពិបាក​ស្រូប​យក​ជីវជាតិ​ក្នុង​ដី ។ ទី​៣-​ដោយសារ​អាយុកាល​របស់​វា ដោយ​ចំណុច​ខ្លះ​នៃ​គល់​បាន​ពុក​ផុយ និង​មាន​សត្វ​កណ្តៀរ​ឡើង ។
សម្រាប់​វិធីសាស្ត្រ​នៃ​ការ​ព្យាបាល លោក សៀង ហួត រៀបរាប់​ថា​៖ «​ការ​ព្យាបាល​ដើម​ស្ពង់ គឺ​ធ្វើ​ឡើង​តាម​រយៈ​ការ​កោស​សំបក​ពុក​ផុយ​ចេញ លាប​ជ័រទឹក ដើម្បី​ការពារ​ពី​ការ​ជ្រាប​ទឹក​ចូល​ក្នុង​សាច់ និង​ចុង​ក្រោយ​បិទ​ដីដំបូក​ដើម្បី​ឲ្យ​សាច់​ឈើ​ដុះ​ឡើង​វិញ ។ បន្ទាប់​មក ក្រុមការងារ​នឹង​បន្ត​តាមដាន​រយៈពេល​៦​ខែ​ទៅ​មួយ​ឆ្នាំ ដើម្បី​ដឹង​ពី​កា​រវិ​វ​ឌ្ឍ​ថ្មី​របស់​ដើម​ស្ពង់​» ។

តាម​បទ​ពិសោធន៍​របស់​លោក​សៀង ហួត ដែល​កន្លង​មក​បាន​ព្យាបាល​ដើម​ស្ពង់​ជា​ច្រើន​ដើម​នោះ​លោក​និយាយ​ថា មាន​តែ​ដើម​ស្ពង់​ដែល​មាន​សាច់​ខ្ចី​ប៉ុណ្ណោះ ដែល​អាច​លូតលាស់​ល្អ​ឡើង​វិញ ចំណែក​ស្ពង់​ចាស់​មាន​អាយុ​លើស​ពី​១០០​ឆ្នាំ​ឡើង លទ្ធភាព​លូតលាស់​មាន​តិចតួច​បំផុត ។ ស្ពង់​ខ្ចី កោសិកា​របស់​វា​ឆាប់​លូតលាស់​ជាង​ស្ពង់​ចាស់ ដែល​កោសិកា​របស់​វា​មួយ​ចំនួន​បាន​ងាប់​ទៅ​ហើយ ដោយ​ការ​ព្យាបាល​គ្រាន់តែ​ពន្យារ​អាយុកាល​របស់​វា​ប៉ុណ្ណោះ ។

ស្ពង់​ជា​ប្រភេទ​ឈើ​ក្រៅ​ចំណាត់ថ្នាក់​មួយ ហើយ​ភាគច្រើន​មាន​ដុះ​នៅ​តំបន់​អង្គរ ។ នៅ​តំបន់​អង្គរ ដើម​ស្ពង់​មាន​ដុះ​ច្រើន​ជាងគេ​នៅ​ប្រាសាទតាព្រហ្ម ។ ស្ពង់​ជាដើម​ឈើ​ទាក់ទាញ ចំណែក​ឫស​របស់​វា​មួយ​ចំនួន​ក៏​មាន​ផលប្រយោជន៍​ការពារ និង​ទ្រ​ប្រាសាទផង​ដែរ ៕