សារព័ត៌មានប្រទេសចិនផ្សាយថា ក្រុងប៉េកាំងគ្រោងបង្កើត«ប៉ូលិសបរិស្ថាន»ដោយតួនាទីចំបងគឺដើរល្បាត និងត្រួតពិនិត្យសកម្មភាពរបស់ពលរដ្ឋ ដែលអាចបង្កឱ្យកើតជាតិពុលផ្នែកបរិស្ថាន រួមមានការអាំងសាច់នៅកណ្តាលវាលដុតសម្រាម ដុតធ្យូង-អុស ឬដុតសារធាតុជីវសាស្ត្រគ្រប់ប្រភេទ ។
ក្រៅពីនេះអាជ្ញាធរនៅក្រុងប៉េកាំងប្រកាសកាត់បន្ថយបរិមាណនៃការប្រើធ្យូងថ្មឱ្យបាន៣០% ដោយបិទរោងចក្រដែលបង្កឱ្យមានសារជាតិពុលក្នុងបរិយាកាសខ្ពស់ចំនួន៥០០កន្លែង រួមទាំងរោងចក្រអគ្គិសនីប្រើធ្យូងថ្មមួយនៅក្នុងទីក្រុង និងធ្វើកំណែទម្រង់រោងចក្រចំនួន២.៥០០ទៀតនៅដំណាច់ឆ្នាំ២០១៧ ។
គុណភាពអាកាសធាតុនៅទីក្រុង ធំៗជាច្រើនក្នុងប្រទេសចិន នៅតែកើតខ្ពស់ជាងបទដ្ឋានសុវត្ថិភាពរបស់អង្គការសុខភាពពិភពលោក (WHO) ។ បច្ចុប្បន្នក្រុងប៉េកាំងស្ថិតក្នុងការប្រកាសអាសន្ន«កម្រិតពណ៌ទឹកក្រូច»គឺជាដំណាក់កាលទី២បន្តពីពណ៌ក្រហម ជាដំណាក់កាលខ្ពស់តាំងពីឈានចូលឆ្នាំថ្មី ។ ចំណែកទីក្រុងធំជាង២០ទៀតស្ថិតក្នុងការប្រកាសអាសន្ន«កម្រិតពណ៌ក្រហម»បង្កឱ្យមានការបិទសាលារៀន បិទអង្គភាពរដ្ឋ និងលុបចោលជើងហោះហើរជាច្រើនរយជើងហោះហើរ រួមទាំងហាមចេញទៅខាងក្រៅលំនៅឋាន ព្រោះស្ថានភាពក្នុងអាកាសធាតុកាន់តែអាក្រក់ឡើង ៕
ចែករំលែកព័តមាននេះ