ខេត្តប៉ៃលិន ៖ រហូតមកដល់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២នេះ ម្ចាស់រមណីយដ្ឋានមួយចំនួន ដូចជារមណីយដ្ឋានម្លប់សាវម៉ាវ បាននិយាយរៀបរាប់ត្អូញត្អែរថា ក្រៅពីរដូវបុណ្យទាន នៅពេលបច្ចុប្បន្នភ្ញៀវទេសចរហាក់ដូចជាស្ងាត់ជាងមុន ប្រហែលជាដោយសារតែបញ្ហាប្រេងសាំងឡើងថ្លៃ ណាមួយកសិផលដែលគាត់ដាំដុះមិនសូវទទួលបានផលច្រើន មិនសូវមានថវិកាដើរលេងកម្សាន្តច្រើន។

លោក ញ៉ាវ សាគុណ ម្ចាស់រមណីយដ្ឋានម្លប់សាវម៉ាវ ស្ថិតនៅក្បែរស្ទឹងបរយ៉ាខា សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានរៀបរាប់ឱ្យដឹងថា ៖ គាត់មិនសូវធ្វើម្ហូបអាហារទុកច្រើនដូចមុននោះទេ ព្រោះសព្វថ្ងៃ មានភ្ញៀវចូលទៅលេងកម្សាន្តកន្លែងរបស់ខ្លួនតិចតួចបំផុត ដោយថ្ងៃខ្លះ១ទៅ២ខ្យុស ថ្ងៃខ្លះទៀតអត់មានភ្ញៀវចូលលេងតែម្តង សូម្បីតែថ្ងៃសៅរ៍ ឬថ្ងៃអាទិត្យ ក៏ខ្សត់ភ្ញៀវផងដែរ។

លោកបន្តទៀតថា ទោះបីជាយ៉ាងណា ខាងលោកនៅតែខិតខំប្រឹងប្រែងរៀបចំតុបតែងកែលម្អកន្លែងលេងកម្សាន្តរបស់ខ្លួនឱ្យកាន់តែទាក់ទាញ ព្រោះនៅក្បែរមាត់ស្ទឹង ទោះបីយ៉ាងណា ក៏យូរៗមានភ្ញៀវនាំកូនចៅចុះទៅលេងទឹកស្ទឹង ដើម្បីលំហែកាយ។ ចំណែកថ្ងៃបុណ្យទានវិញ គឺមានភ្ញៀវក្នុងខេត្ត និងមកពីតាមបណ្តាខេត្តនានា ដូចជា បាត់ដំបង ពោធិ៍សាត់ បន្ទាយមានជ័យ រហូតដល់រាជធានីភ្នំពេញផងដែរ៕

ចែករំលែកព័តមាននេះ