ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​ផ្ការំដួល កំពុង​មាន​ចម្រូងចម្រាស ក្រោយ​ខ្សែភាពយន្ត​ថៃ​បាន​ថត​រឿង​ពាក់ព័ន្ធ​ផ្ការំដួល

1 ឆ្នាំ មុន
  • ភ្នំពេញ

ផ្ការំដួល ដែល​ជា​ប្រភេទ​ផ្កា «​តំណាង​ឱ្យ​កម្ពុជា​» កំពុង​ក្លាយជា​ប្រធានបទ​យ៉ាង​ក្តៅ​គគុក ជជែក​ដេញដោល​ពេញ​បណ្តាញ​​សង្គម​ខ្មែរ រាប់​ចាប់ពី​មហាជន​ទូទៅ និង​អ្នកសិល្បៈ​នោះ គឺ​ដោយសារ​តែ

រាជធានី​ភ្នំពេញ ៖ ផ្ការំដួល ដែល​ជា​ប្រភេទ​ផ្កា «​តំណាង​ឱ្យ​កម្ពុជា​» កំពុង​ក្លាយជា​ប្រធានបទ​យ៉ាង​ក្តៅ​គគុក ជជែក​ដេញដោល​ពេញ​បណ្តាញ​សង្គម​ខ្មែរ រាប់​ចាប់ពី​មហាជន​ទូទៅ និង​អ្នកសិល្បៈ​នោះ គឺ​ដោយសារ​តែ «​ផ្ការំដួល​ដែល​ជា​ផ្កា​តំណាង​ជាតិខ្មែរ​» ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​ភាពយន្ត​ថៃ ដែល​សម្តែង​ដោយ​នាង ប៊ែ​ល​ឡា រ៉ា​នី និង​តារា​ប្រុស​ថៃ ក្នុង​ថ្មី​របស់​ថៃ​។

កញ្ញា ឌួ​ង ហ្ស​រី​ដា ពិធី​ការិនី តារា​សម្តែង និង​បច្ចុប្បន្ន​ជា​ថៅកែ​ស្រី​របស់​ផលិតផល​ថែរក្សា​សម្រស់​ក៏​ហាក់​មិន​សប្បាយចិត្ត​ចំពោះ​រឿង «​ផ្ការំដួល​» នេះ​ផង​ដែរ​។ នាង​បាន​ទម្លាយ​ថា ធ្លាប់​ផ្សព្វផ្សាយ «​ផ្ការំដួល​ខ្មែរ​» រយៈពេល​១០​ឆ្នាំ​មក​ហើយ តែ​គ្មាន​អ្នក​ចាប់អារម្មណ៍ ដូច​រឿង​ថៃ​សោះ​។

ស្រី​ស្រស់​សម្រស់​កាន់តែ​ក្មេង​ជាង​វ័យ នាង ឌួ​ង ហ្ស៊ូ​រី​ដា បានឱ្យ​ដឹង​ថា ការ​ផ្សព្វផ្សាយ «​ផ្ការំដួល​ខ្មែរ​» តាម​រយៈ​ការ​បញ្ចូល​ទៅ​ក្នុង​ការ​ច្នៃ​ម៉ូត​សម្លៀក​បំពាក់​ហាង​របស់​នាង​រយៈពេល​ប្រមាណ​១០​ឆ្នាំ​មក​ហើយ ប៉ុន្តែ​គ្មាន​អ្នក​ចាប់អារម្មណ៍​យក​ទៅ​ផ្សព្វផ្សាយ និង​ចែករំលែក​អោយ​បាន​ទូលំទូលាយ​នោះ​ឡើយ​។ ការណ៍​ដែល​នាង​ចេញ​មុខ​មក​និយាយ «​រឿង​ផ្ការំដួល​» នេះ បន្ទាប់​ពី​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ មហាជន អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កបាន​នាំ​គ្នា​ចាប់អារម្មណ៍ និង​បាន​ចែកចាយ​រូបភាព POSTER រឿង​ភាគ​ថៃ​មួយ ដែល​បាន​ភ្ជាប់​នូវ​រូបភាព និង​គំនិត​បង្ហាញ «​ផ្ការំដួល​» ហើយ​វា​បាន​ក្លាយជា​ប្រធានបទ​ជជែក​វែង​ញែក​គ្នា​ពេញ​ហ្វេ​ស​ប៊ុ​ក ត្បិត​ផ្ការំដួល គឺជា​ផ្កា​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​។

ដោយសារ​ឃើញ​មានការ​ចែកចាយ និង​ជជែក​វែង​ញែក​យ៉ាង​ផល​ផុស​ពេញ​បណ្តាញ​សង្គម​ជុំវិញ បញ្ហា​ខាងលើ​នេះ ឌួ​ង ហ្ស៊ូ​រី​ដា ក៏​បាន​ចេញ​មុខ​និយាយ​រឿង​ផ្ការំដួល​នេះ ខណៈ​ពេល​ដែល​នាង​ក៏​ធ្លាប់​បាន​ចូលរួម​ផ្សព្វផ្សាយ​ពាក់ព័ន្ធ​ផ្ការំដួល​នេះ ប្រមាណ​ជា​១០​ឆ្នាំ​មក​ហើយ ប៉ុន្តែ​មិនសូវ​ឃើញ​មានការ​ចាប់អារម្មណ៍ និង​ចូលរួម​ផ្សព្វផ្សាយ​ដូច​ករណី​ខាងលើ​នេះ​ឡើយ​។

តាម​រយៈ​រូបភាព​ចាស់​ៗ​មួយ​ចំនួន​ដែល​ហាង​របស់​នាង​បាន​ឆ្នៃ​ដោយ​ភ្ជាប់​ជាមួយនឹង​ផ្ការំដួល​នា​ពេល​កន្លង​មក​នោះ ឌួ​ង ហ្ស៊ូ​រី​ដា បាន​ភ្ជាប់​ជាមួយនឹង​សារ​ថា ២០១២ ដល់ ២០២២ រយៈពេល​១០​ឆ្នាំ​គត់ ដែល​ម្ចាស់​ហាង ដា​ណា​ម៉ា កាត់ដេរ ដូច​ជា​រូប​នាង​ខ្ញុំ​បាន​ច្នៃ​ម៉ូត​រ៉ូ​ប ឬ​ឈុត​បុរាណ​ខ្មែរ ភ្ជាប់​ជាមួយ​អត្តសញ្ញាណ​ជាតិខ្មែរ «​ផ្ការំដួល​» ផ្កា​តំណាង​ជាតិ​។

នាង​បញ្ជាក់​ថា សួរ​ថា​មាន​បងប្អូន​ខ្មែរ​ប៉ុន្មាន​រូប​ដែល​ធ្លាប់​ខ​មីន​សរសើរ ឬ​ជួយ​ស៊ែរ​យើងខ្ញុំ​អត់ ? តែ​ពេល​ឃើញ​គេ​ផុស រូប​ផ្កា​ជាតិ​ឯង​ទាំង​មិន​យល់​ពី Concept សាច់​រឿង​គេ​ផង និយាយ​ពី​នាំ​គ្នា​ផុស ស៊ែរ ដាច់​ដៃ ផលប្រយោជន៍ គឺ​ធ្វើ​អោយ​គេ​កាន់តែ​ល្បី ងាក​មក​ខ្លួន​បាន​ត្រឹម​ជា​តួ​ច្រណែនឈ្នានីស​។ នាង​បន្ថែម​ថា សុំ​បាន​ទេ កូន​ខ្មែរ​គ្រប់​គ្នា​ប្រើ​ការ​គោរព​ស្រឡាញ់​អ្វី​ដែល​ជា​វប្ប​ធ៌​ម អរិយធម៌​ជាតិ ចេញពី​បេះដូង មិនមែន​ឆន្ទៈ​កើតឡើង​ដូច​ភ្លើងចំបើង​ទេ​…!​។

បើ​តាម ឌួ​ង ហ្ស៊ូ​រី​ដា សួរ​ថា អ្នកមាន​លុយរាប់​សិប​លាន​ដុល្លារ ផ្ទះ​វីឡា ដីធ្លី​ធំ​ៗ​ក្នុង​ប្រទេស មាន​ប៉ុន្មាន​នាក់ ដែល​ក្នុង​បរិវេណ​ភូមិ​គ្រឹះ​របស់​លោក​អ្នកមាន​ដាំ​ដើម​ផ្ការំដួល​ខ្មែរ​នោះ? ហើយ​កុំ​និយាយ​ថា «រំដួល​» ជា​ផ្កា​ព្រៃ ពិបាក​ដាំ​នៅ​ដី​ក្រុង​ណា ព្រោះ​សូ​ម្បី​ដី​ក្នុងផ្ទះ​ដ៏​តូចតាច មាន​ដី​មិន​ដល់​១០​ម៉ែត្រ​ផង ខ្ញុំ​ឆ្លៀត​ដាំ​បាន​មួយ​ដើម ហើយ​ផ្កា​រាល់​ឆ្នាំ ចុះ​លោក​អ្នកមាន​ដី​រាប់​ហិច​តា​វិញ? សាក​ដាំ​ដើម​ផ្ការំដួល​មួយម្នាក់​មើល អោយ​ប្រទេស​កម្ពុជា ងាក​ទៅ​ទិស​ណា ក៏​មាន​តែ​ផ្កា​តំណាង​ជាតិ មិនមែន​មាន​តែ​នៅ​សៀមរាប​ណា យ៉ាងណា ឌួ​ង ហ្ស៊ូ​រី​ដា បាន​ស្នើ​ឲ្យ​មហាជន​ចូលរួម​ទាំងអស់​គ្នា រក្សា​ការពារ នូវ​អ្វី​ដែល​យើង​ធ្លាប់​មាន កំពុង​មាន ហើយ​កុំអោយ​បាត់បង់​ទើប​នាំ​គ្នា​ស្តាយក្រោយ​។

ចំណែក​អ្នកលេង​បណ្តាញ​សង្គម​ខ្លះ​ទៀត បាន​ចែករំលែក​នូវ​ការ​យល់​ឃើញ​ថា «​ប្រជាជន​យើង​មួយ​ចំនួន តែង​ធ្វើ​ជា​ឧបករណ៍​ផ្សព្វផ្សាយ​ឲ្យ​គេ​ទទេ​ៗ រហូត​ឥឡូវ​ផ្ទុះ​ការ​តវ៉ា​រឿង​ផ្ការំដួល ពេល​ឃើញ​ហើយ​វិលមុខ ដៀល​ថា​គេ​ចោរ​រហូត តែ​សួរ​ថា ៖

-​រឿង​ហ្នឹង​ចាក់​បញ្ចាំង តើ​ទៅ​មើល​ទេ? មិន​ឲ្យ​ខកខាន​ឡើយ​!
-​ចង់ទៅ​ថៃ​លេង​ទេ? ចង់
-​មាន​លុយ​ល្មម​ៗ​ចង់​ព្យាបាល​ជំងឺ​នៅឯណា? ថៃ
-​ប្រើ​របស់​ថៃ​ល្អ​ទេ? ចូល​ចិត្ត​ប្រើ​ទេ? ល្អ ចូល​ចិត្តខ្លាំង​ណាស់
-​ម្ហូប​ថៃ​ឆ្ងាញ់​ទេ? ឆ្ងាញ់ យក​មក​លក់​នៅ​ខ្មែរ​ដាច់​ទេ? ដាច់
-​រឿង​ថៃ​ល្អមើល​ទេ? ចូល​ចិត្ត​មើល​ទេ? ល្អមើល ជក់ចិត្ត
-​តារា​ថៃ​ស្អាត ឆ្លាត​ពូកែ​សម្ដែង ស្រលាញ់​ទេ? ស្រលាញ់​ពេញ​បេះដូង តាមដាន​គ្រប់​រឿងរ៉ាវ គ្រប់​សកម្ម​ភាព ស្អប់​ថៃ​ដល់​ថ្នាក់​ហ្នឹង បើ​ប្រាប់​ឲ្យ​ឈប់​ធ្វើ​រឿង​ខាងលើ តើ​ឈប់​ទេ? អត់​! »​។

អ្នកលេង​បណ្តាញ​សង្គម​ម្នាក់​បាន​ពោល​ថា «​អ្វី​ដែល​ខ្ញុំ​សង្កេត​ឃើញ រឿង​ស្នេហា​វប្បធម៌ សិល្បៈ អី​ទាំងអស់​ហ្នឹង​មិនសូវ​ទេ​! និយាយ​ឲ្យ​ចំ​យើង​គ្រាន់តែ​ច្រណែន​ដែល​គេ​ធ្វើ​បាន​ល្អ​ជាង​យើង ប្រសើរ​ជាង​យើង​​ស្ទើរតែ​គ្រប់យ៉ាង​។ យើង​គ្មាន​សំអាង​អ្វី ដើម្បី​យក​ប្រៀប​លើ​គេ​ក្រៅពី​ដៀល​ថា គេ​ចោរ​ទេ​! តែ​សួ​រថា​សព្វថ្ងៃ​យើង​យក​អ្វី​ពី​ថៃ​ខ្លះ (​ម៉ូត​វីឡា ផ្ទះ​បុរាណ សម្លៀក​បំពាក់ គ្រឿង​ប្រើប្រាស់ អាហារ ដ​ន្ត្រី រឿងកុន​) គឺ​ស្ងាត់​មាត់​ដូច​គេ​ចុក​!»​។

ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ដដែល​បាន​បន្ត​ថា «​ផ្នត់គំនិត​យើង​នៅ​វិលវល់​ក្នុង​៥០០-៦០០ ឆ្នាំ​មុន​ដែល​នៅ​តែ​យល់​ថា ថៃ​គ្មាន​អ្វី​ទេ តែ​ថៃ​ពេល​នេះ​គឺ​ខ្លាំង​ជាង​យើង​ឆ្ងាយ​ណាស់​! យើង​ឯណេះ​ទេ ដែល​ដេកស៊ី​កេរ្តិ៍ឈ្មោះ​ដូនតា​រាល់ថ្ងៃ គ្មាន​បង្កើត​អ្វី​ថ្មី​ៗ ក្រៅពី​នាំ​ចូល និង​ចំលង​ពី​បរទេស​។ ហើយ​បើ​របស់​ដូនតា​វិញ គឺ​យក​មក​ដាក់​ទាំង​ដុល សំណង់​អគារ​ចាប់​ផ្គុំ​ៗ​មិន​ប្រើ​គំនិត​ច្នៃ​ថ្មី​ទេ​។ សរសេរ​នេះ មិនមែន​មើល​ងាយ​​ខ្មែរ ឬ​ឲ្យ​តាំងចិត្ត​ស្អប់​គេ​ទេ តែ​ត្រូវ​ចេះ​ថ្លឹងថ្លែង​ចំណុចខ្លាំង​ខ្សោយ​របស់​ខ្លួន​។

ម្យ៉ាងទៀត គ្រាន់តែ​ចង់​ប្រាប់​ថា​សព្វថ្ងៃ យើង​ចេះ​តែ​តាមដាន​រឿងរ៉ាវ​ផិតក្បត់ ហែកហួរ​គ្នា ជេរប្រទេច អនាចារ​តែ​ប៉ុណ្ណោះ​។ បើ​ការងារ​សាច់​ការ ក្លាយជា​សាច់​កា​.​ប់​អស់ហើយ បើ​ដាក់​ប៊ីយែរ​ត្រជាក់​ៗ​ទៅ គឺ​ត្រូវ​គ្នា​ណាស់​។ អ្ន​ចេះ​មានចំណេះ​គ្មាន​អ្នក​ប្រើ បើ​ប្រើ​ឲ្យ​តម្លៃ​ថោក​ដូច​ព្រលិត បញ្ញវន្ដ​មួយ​ចំនួន​​វេច​បង្វេច​ទៅ​ស្រុក​គេ​ធ្វើការ អ្នករៀន​ចប់​ក៏​មិន​វិល​វិញ ព្រោះ​មក​ដល់​ចំណេញ​តែ​រឿង​ខ្លោចផ្សា​»​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ