សារប្រធាន CMAC សហរដ្ឋអាមេរិកគួរតែសងតម្លៃនៃការទម្លាក់គ្រាប់បែក
រាជធានីភ្នំពេញ ៖ លោក ហេង រតនា ប្រធានមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC)បានបង្ហាញពីបំណងចង់ឱ្យសហរដ្ឋអាមេរិកផ្តល់ប្រាក់មកកម្ពុជាវិញ
រាជធានីភ្នំពេញ ៖ លោក ហេង រតនា ប្រធានមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC)បានបង្ហាញពីបំណងចង់ឱ្យសហរដ្ឋអាមេរិកផ្តល់ប្រាក់មកកម្ពុជាវិញ
រាជធានីភ្នំពេញ ៖ លោក ហេង រតនា ប្រធានមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC)បានបង្ហាញពីបំណងចង់ឱ្យសហរដ្ឋអាមេរិកផ្តល់ប្រាក់មកកម្ពុជាវិញ ចំពោះការបំផ្លាញកម្ទេសប្រទេសកម្ពុជានៅក្នុងសម័យសង្គ្រាមដើមទសវត្សទី៧០ ។
យោងតាមសង្គមហ្វេសប៊ុកលោក ហេង រតនា បានដាក់ជាសំណួរថា តើសំណួរពីការបំផ្លាញដោយសង្គ្រាម និងការជំពាក់ប្រាក់កម្ចីសហរដ្ឋអាមេរិក គួរប្រកាន់យកដំណោះស្រាយមួយណា ? លោកបានពន្យល់ដោយលើកជាករណីថា ៖
ទី១-ជំពាក់ត្រូវសងទាំងដើមទាំងការ ហើយសំណងចំពោះការបំផ្លាញដោយសង្គ្រាមត្រូវអនុវត្តតាមរូបមន្ត សំណងលើការខូចខាតជាក់ស្តែង ។
ទី២-ជំពាក់ត្រូវជំរះទាំងដើមទាំងការប្រាក់ ចំពោះសំណងការខូចខាតដោយសារសង្គ្រាមត្រូវអនុវត្តដោយមនោសញ្ចេតនាជាក់ស្តែង ។
លោកបញ្ជាក់ថា«ខ្ញុំសុំទាញយកការពិចារណាតាមតក្កវិជ្ជាដោយសង្ខេបខ្លីបំផុតដូចខាងក្រោម ៖
សហរដ្ឋអាមេរិកទំលាក់គ្រាប់បែកនៅកម្ពុជាតាំងពីដើមឆ្នាំ១៩៦៣ ដល់ដើមឆ្នាំ១៩៧៥ ហើយទិន្នន័យដែលត្រូវបានឯកភាពដោយប្រធានាធិបតី Bill Clinton នៅឆ្នាំ២០០០ បញ្ចេញជាឯកសារចំហ(លុបការសំងាត់)បានទទួលស្គាល់ថាអាមេរិកទំលាក់គ្រាប់បែកនៅកម្ពុជាជិត២លាន៨សែនតោន ដោយគិតរយះពេលចាប់ពីថ្ងៃទី៥ ខែតុលា ឆ្នាំ១៩៦៥ ដល់១៩៧៣ប៉ុណ្ណោះ» ។
លោកថា ក្នុងការទំលាក់នេះមានដូចជា១គ្រាប់បែកធម្មតា ២-គ្រាប់បែកមានកូនគ្រាប់បែកចង្កោម និង៣-គ្រាប់បែកគីមី ដែលការទំលាក់នេះមានជាង១១ម៉ឺនទីតាំង និងមានការហោះហើរទំលាក់គ្រាប់ជិត២៥ម៉ឺនជើង ។ ចំនួនបរិមាណគ្រាប់បែកនេះមិនទាន់ត្រឹមត្រូវទេ ព្រោះវាបាត់រយះពេលជិត៥ឆ្នាំមិនទាន់បញ្ចេញទិន្នន័យនៅឡើយ ។
លោកបន្ថែមថា ចំនួនគ្រាប់បែកអាមេរិកទំលាក់នៅកម្ពុជាមានចំនួនច្រើនជាង ពួកសម្ពន្ធ័មិត្ត និងសហរដ្ឋអាមេរិកទំលាក់គ្រាប់បែកនៅអឺរ៉ុបរួមនៅបារាំង អាលឺម៉ង់ជាដើម ដែលមានចំនួនតែជាង១លាន៤សែនតោន ។ តាមឯកសារស្រាវជ្រាវជាច្រើនបានបញ្ជាក់ថាមានប្រជាជនកម្ពុជាចំនួនប្រមាណ៥០០.០០០នាក់ (កន្លះលាននាក់) បានស្លាប់ដោយផ្ទាល់ពីការទំលាក់គ្រាប់បែកនេះ និងចំនួនយ៉ាងច្រើនទៀតស្លាប់ដោយការជន្លៀសជម្ងឺ និងការអត់ឃ្លាន ។ បើគិតតែតម្លៃនៃការបោសសម្អាតទីតាំងទំលាក់គ្រាប់បែកទាំងនោះមួយមុខប៉ុណ្ណោះ ក៏អាចមានតំលៃរាប់ពាន់លានដុល្លារដែរ ។
លោក ហេង រតនា ក៏បានលើកទៀតថា ការជំពាក់ប្រាក់អាមេរិកបើផ្អែកតាមឯកសារចន្លោះឆ្នាំ១៩៧២-១៩៧៥ មានចំនួនប្រមាណចំនួន២៧៨លានដុល្លារ ដែលគិតមកដល់បច្ចុប្បន្នបូកទាំងការប្រាក់ផងអាចមានចំនួនប្រមាណ៤០០លានដុល្លារ កម្ចីនេះត្រូវបានធ្វើឡើងចំនួន៤លើក ហើយចំនួនកម្ចីច្រើនជាងគេនៅឆ្នាំ១៩៧៣ ដែលជាឆ្នាំមានការទំលាក់គ្រាប់បែកខ្លាំងនិងធ្ងន់ធ្ងជាងគេ ។
លោកគូសបញ្ជាក់ថា ដោយសារប្រទេស និងប្រជាជនកម្ពុជាក្រីក្រ និងមានសង្គ្រាមស៊ីវិលរ៉ាំរ៉ៃនោះមានប្រទេសជាច្រើនរួមមានចិន រុស្សី ឥណ្ឌា ជប៉ុនជាដើមបានលើកលែងឬអនុគ្រោះសំណងស្ទើរទាំងស្រុងជូនប្រជាជននិងប្រទេសកម្ពុជា ដើម្បីផ្តល់ឱកាសបំបាត់បំណុលនិងជួយកសាងប្រទេសនេះឡើងវិញក្រោយបញ្ចប់សង្គ្រាម។ តែហេតុអី្វអាមេរិកធ្វើមិនបាន សំរាប់ប្រជាជនកម្ពុជារងទុក្ខពីសង្គ្រាមនិងកាប់សម្លាប់ស្ទើរផុតពូជ និងប្រទេសរលាយដល់ឆ្នាំសូន្យទៅហើយនោះ ! ។
ប្រធានCMACក៏លើកឡើងថា បើផែ្អកតាមអនុសញ្ញាអន្តរជាតិក្នុងការហាមប្រាមការប្រើប្រាស់គ្រាប់និងសព្វាវុធមួយចំនួនដូចជា អាវុធគីមី គ្រាប់បែកចង្កោមជាដើមនោះ សំណងត្រូវផ្តល់ចំពោះជនរងគ្រោះដូចជា ផលប៉ះពាល់រាងកាយផ្ទាល់មានស្លាប់ របួស ផលប៉ះពាល់សង្គមគ្រួសារ ការបែកបាក់គ្រួសារ ខាតបង់ខាងសេដ្ឋកិច្ច បាត់បង់សិទិ្ធនានា និងបញ្ហាសង្គម ជាច្រើនទៀត ។
លោកសង្កត់ធ្ងន់ថា «វិធានការល្អបំផុតនិងយោគយល់បំផុតគឺរួមគ្នាដោះស្រាយវិបតិ្តអតីតកាល និងខិតខំលុបបំបាត់នូវការឈឺចាប់ដែលបន្សល់ពីអតីតកាល ដើម្បីរួមគ្នាកសាងមិត្តភាព និងអនាគតមួយប្រកបដោយភាតរៈភាព ជាដៃគូល្អ ភាពជឿជាក់និងអនាគតរុងរឿងសំរាប់មនុស្សជំនាន់ក្រោយៗទៀត ដោយប្រកាន់ភ្ជាប់នូវវប្បធម៌ទទួលខុសត្រូវខ្ពស់ ។ ដូចនេះកាតព្វកិច្ចផ្លូវច្បាប់សំរាប់សំណងមិនគួរអនុវត្តសំរាប់ភាគីតែម្ខាងទេ! ហើយកាតព្វកិច្ចសីលធម៌ ចំពោះលទ្ធផលសង្គ្រាមនៅក្នុងព្រះរាជាណាចក្រនេះ គួរត្រូវយកមកអនុវត្តដោយគ្មានការរើសអើង !» ៕
ចែករំលែកព័តមាននេះ