រាជធានីភ្នំពេញ ៖ ក្រោយជួបព្យុះភ្លៀងជាច្រើនថ្ងៃរហូតលោកជំទាវ ហ៊ុន ស៊ីណាត ប្អូនស្រីបង្កើតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ព្រមានបឹ្តងលោក ផែង វណ្ណៈ ពេលនេះគ្រប់យ៉ាងហាក់ប្រសើរឡើងវិញហើយ ដោយពេលនេះលោកជំទាវ ហ៊ុន ស៊ីណាត ព្រមបើកទ្វារអោយពន្លឺរះសារជាថ្មី ដោយអនុញ្ញាតឱ្យលោក ផែង វណ្ណៈ មកជួប «សុំការអភ័យទោស» ចំពោះកំហុសឆ្គងដែលបានធ្វើឱ្យប្អូនស្រីសម្តេចនាយករដ្ឋមន្ត្រី ខឹងសម្បាយ៉ាងខ្លាំងនោះ។
លោកជំទាវ ហ៊ុន ស៊ីណាត ដែលអ្នកស្រលាញ់គាំទ្រតែងតែហៅថា លោកជំទាវម៉ែ ឬលោកជំទាវចិត្តធម៌ បានបង្ហោះរូបភាពលោកផែង វណ្ណៈ ចូលជួបលោកជំទាវ នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ អមជាមួយនឹងសំណេរមានខ្លឹមសារទាំងស្រុងថា «អុញ! ស្មានតែអត់ចេះរត់រកអន្តរាគមន៍ ណ្ហើយចុះដោយសារមានវត្តមានលោកក្មួយ ឃ្លាំង ហួត ជាមនុស្សម្នាក់ក្នុងសង្គម ជាចាស់ទុំអញ្ជើញមកដោះស្រាយរាល់បញ្ហាប្រឈមមួយចំនួនក្នុងពាក្យសម្ដី កន្លងមកគាត់មកអង្វរ ខ្ញុំក៏បញ្ចប់ទៅ»។
លោកជំទាវបានបន្តថា «ម្យ៉ាងទៀត មីងសូមឲ្យក្មួយចេះប្រើភាសាល្អ ហើយដាក់មានៈមិនមែនអ្វីដែលក្មួយនិយាយសុទ្ធតែត្រូវ សុទ្ធតែល្អគ្រប់ដប់ទេ ។ រៀនដាក់មានៈ រៀនស្ដាប់ចាស់ៗ រៀនទទួលយកគំនិតអ្នកដទៃ រៀនឲ្យតម្លៃគេ ដើម្បីការរីកចម្រើនរបស់ក្មួយទៅអនាគត សុភាសិតបុរាណខ្មែរយើងអប់រំអោនដាក់គ្រាប់ងើយស្កក សម្ដីរបស់មីងក្មួយទទួលយកមិនទទួលយកបោះចោលចុះ»។
សូមរម្លឹកថា ដើមចមនៃរឿងរ៉ាវដែលបានធ្វើឱ្យលោកជំទាវ ហ៊ុន ស៊ីណាត ប្រកាសដាក់ពាក្យបណ្តឹងលើរូបលោក ផែង វណ្ណៈ ពាក់ព័ន្ធនឹងបញ្ហារបស់ប្តីប្រពន្ធមួយគូដែលកំពុងហែកហួរគ្នាលើបណ្តាញសង្គម នោះគឺរឿងជម្លោះរបស់នាង ទ្រីញ ផល្លា ជាមួយលោក ជីង ចក់ ដែលកំពុងធ្វើឱ្យមហាជនចាប់អារម្មណ៍ដោយខ្លះថា ជារឿងបុគ្គលសោះ បង្ហោះរឿងហូរហែបំពុលសង្គម ហើយម្នាក់ៗប្រឹងអួតក្អេងក្អាងបង្ហាញរូបថតជាមួយថ្នាក់ដឹកនាំហាក់ចង់បង្ហាញថា ខ្លួនមានខ្សែធំ ឬខ្នងបង្អែក។
កាលនោះ ក្រោយឃើញនៅពាក្យសម្ដីប៉ុន្មានម៉ាត់របស់លោក ផែង វណ្ណៈ បានធ្វើអោយលោកជំទាវ ហ៊ុន ស៊ីណាត ឆ្លើយតបទៅលោក ផែង វណ្ណៈ ខ្លាំងៗវិញភ្លាមៗថា នោះជាការប្រមាថលើលោកជំទាវជាខ្លាំង ហើយលោកជំទាវ ហ៊ុន ស៊ីណាត ព្រមានដាក់ពាក្យប្ដឹងនោះ មិនចាំយូរលោក ផែង វណ្ណៈ ក៏បានចេញមុខសុំទោសលោកជំទាវជាសាធារណៈលើបណ្តាញសង្គមម្តងហើយ និងសុំឱកាសពីលោកជំទាវ ដើម្បីជួបលោកជំទាវផ្ទាល់ ដើម្បីសុំធ្វើការបំភ្លឺ។
លោក ផែង វណ្ណៈ បានបង្ហោះសារកាលគ្រានោះថា «ខ្ញុំបាន សំណូមពរអោយឈ្មោះចក់ និងនាងផល្លា បញ្ឈប់ការយករូបថត លោកជំទាវមីង និងរូបថតសម្ដេចតេជោទៅបង្ហោះលើហ្វេសប៊ុក ខណៈពួកគេកំពុងឈ្លោះគ្នា គឺក្នុងគោលបំណងការពារកិត្តិយសលោកជំទាវមីង និងសម្ដេចតេជោ តែប៉ុណ្ណោះ ខ្ញុំបាទគ្មានចេតនាអាក្រក់ ចំពោះលោកជំទាវមីងទេ ខ្ញុំគោរពស្រលាញ់ គាំទ្រ លោកជំទាវមីងណាស់ ខ្ញុំគ្មានហេតុផលអ្វីដែលត្រូវនិយាយអាក្រក់ពីលោកជំទាវមីងទេ។ ខ្ញុំសង្ឃឹមថា លោកជំទាវមីង នឹងផ្ដល់ឱកាសអោយខ្ញុំបាទ បានជួបដើម្បីបំភ្លឺជូនលោកជំទាវមីង និងសុំការអធ្យាស្រ័យពីលោកជំទាវមីង» ។
ជាក់ស្ដែង ដូចពាក្យគេថា ក្រោយភ្លៀង មេឃស្រលះ ពេលនេះ លោកជំទាវ ហ៊ុន ស៊ីណាត ព្រមបើកទ្វារអោយពន្លឺរះសារជាថ្មី ដើម្បីអោយលោក ផែង វណ្ណៈ មកជួបសុំការអភ័យទោស ព្រមទាំងផ្ដល់ដំបូលន្មានល្អៗជាច្រើនដល់អ្នកអត្ថាធិប្បាយព័ត៌មានសង្គមរូបនេះ នេះបើតាមការបង្ហោះសារលើបណ្ដាញសង្គមរបស់លោក ផែង វណ្ណៈ បានអោយដឹងថា «ក្រោយភ្លៀងមេឃស្រឡះ!! នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ ខ្ញុំបាទបានការអនុញ្ញាតពីអ្នកមីង ហ៊ុន ស៊ីណាត ចូលជួបដើម្បីធ្វើការសុំទោសអ្នកមីង និងទទួលយកការណែនាំពីអ្នកមីង ដើម្បីកែប្រែនូវចំណុចខ្វះខាត ដើម្បីបន្តការងារលើបណ្ដាញសង្គមហ្វេសប៊ុកតទៅមុខទៀត ។ ក្មួយសូមគោរពជូនពរអ្នកមីង មានសុខភាពល្អ បរិបូណ៌ អាយុយឺនយូរ ដើម្បីបន្តបំរើប្រជាពលរដ្ឋតទៅទៀត ក្រោមម្លប់សន្តិភាពនៃការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន »។
ចែករំលែកព័តមាននេះ