ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រីអប់រំ ណែនាំឱ្យបុគ្គលិកអប់រំ គ្រូបង្រៀន និងសិស្សានុសិស្ស នៅសាលារៀនរដ្ឋ និងឯកជន ចាក់វ៉ាក់សាំង ដូសជំរុញ​

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ក្នុងលិខិតចុះថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា…

ភ្នំពេញ៖ ក្នុងលិខិតចុះថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ដើម្បីចូលរួម​បង្កើន​ភាព​ស៊ាំក្នុងសហគមន៍ និងទប់ស្កាត់​ការរីករាលដាល​នៃជំងឺកូវីដ១៩ ក្រសួងអប់រំ យុវជន និងកីឡា សូមជូនដំណឹង​ដល់​គ្រប់គ្រឹះស្ថាន​ឧត្តមសិក្សា គ្រឹះស្ថាន​បណ្តុះបណ្តាលគ្រូ មន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត ការិយាល័យ​អប់រំ យុវជន និងកីឡា នៃរដ្ឋបាលក្រុង​ ស្រុក ខណ្ឌ គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន និងសិស្សានុសិស្ស និស្សិត សូមជ្រាបថា គណៈកម្មការ​ចំពោះកិច្ចចាក់វ៉ាក់សាំង កូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ( គ.វ.ក ១៩ ) នឹងធ្វើយុទ្ធនាការ​ចាក់វ៉ាក់សាំងកូវីដ១៩ ជូនដល់​បុគ្គលិក​អប់រំ និងអ្នកសិក្សានៅទូទាំងប្រទេស ដែល​ធ្លាប់​បានចាក់វ៉ាក់សាំង កូវីដ១៩ ដូស​មូលដ្ឋាន ឬដូសជំរុញរួច និងមានគម្លាត​ ចាប់ពី ៤ខែឡើងទៅ​។

ដូច្នេះក្រសួងអប់រំ បានក្រើនរម្លឹកដល់​បុគ្គលិកអប់រំ នាយក នាយិកា និងសិស្សានុសិស្ស និស្សិតទាំងអស់ ទៅទទួលការចាក់វ៉ាក់សាំង នៅតាមមូលដ្ឋាន​សុខាភិបាល នៅជិតគ្រឹះស្ថាន​សិក្សា ឬនៅតាមគ្រឹះស្ថានសិក្សាផ្ទាល់ ចាប់ពីថ្ងៃជូន​ដំណឹង​នេះតទៅ។​

ជាមួយគ្នានេះ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានក្រើនរម្លឹក សូម​ឱ្យគ្រឹះស្ថាន​ឧត្តមសិក្សា គ្រឹះស្ថាន​បណ្តុះបណ្តាលគ្រូ មន្ទីរអប់រំ យុវជន និងកីឡា រាជធានីខេត្ត ការិយាល័យ​អប់រំ យុវជន និងកីឡា នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ​ និងគ្រឹះស្ថានសិក្សា​សាធារណៈ និងឯកជន បំពេញតារាងស្តីពី បច្ចុប្បន្នភាព​នៃការចាក់វ៉ាក់សាំង​កូវីដ១៩ និងផ្តល់ផែនការចាក់វ៉ាក់សាំងដល់បុគ្គលិក​អប់រំ និងអ្នកសិក្សា ដែលបានចាក់វ៉ាក់សាំង ដូសមូលដ្ឋាន និងដូសជំរុញ រួចផ្ញើមកក្រសួងអប់រំ ( នាយកដ្ឋានសុខភាពសិក្សា) ឱ្យបានមុនថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ តាមរយៈតេឡេក្រាម លេខ 099 442 400 កុំបីខាន។

សូមរម្លឹកថា គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ បានប្រកាសថា នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ តទៅ នឹង​ចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញដល់កុមារអាយុ ៣ឆ្នាំ​ ដល់ក្រោម ១២ឆ្នាំ​ ខណៈដែលកុមារអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ បានចាប់ផ្តើម​យុទ្ធនាការចាក់ដូសជំរុញ កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ