ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិភ័យ​ឆេះ​សំណង់​ក្លិប​យប់មិញ បណ្ដាល​មក​ពី​…

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្លិប​មួយ​កន្លែង​ដែល​សាងសង់​ជិត​រួចរាល់​ហើយ​នោះ ខណៈ​ពេល​ជាង​កំពុង​តែ​សម្រុក​ធ្វើ​ទាំង​យប់​ទាំង​ថ្ងៃ ស្រាប់តែ​ត្រូវ​អគ្គិភ័យ​ឆាបឆេះ …

រាជធានី​ភ្នំពេញ ៖ ក្លិប​មួយ​កន្លែង​ដែល​សាងសង់​ជិត​រួចរាល់​ហើយ​នោះ ខណៈ​ពេល​ជាង​កំពុង​តែ​សម្រុក​ធ្វើ​ទាំង​យប់​ទាំង​ថ្ងៃ ស្រាប់តែ​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​កាលពី​វេលា​ម៉ោង​នៅ​វេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី​៥ ខែធ្នូ ឆ្នាំ​២០១៦ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​១៩៨៦ ជាប់​ក្លឹ​ប​ម៉ូ​ណា​កូ ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ក្លិប​ដែល​រង​ការ​ឆាបឆេះ​នេះ​គឺជា​សំណង់​ក្លិប​ដែល​កំពុង​តែ​សាងសង់​ជិត​រួចរាល់​ហើយ​នៅ​លើ​ផ្ទៃដី​ទំហំ​២០​ម៉ែត្រ​គុណ​៤០​ម៉ែត្រ តែ​មិន​ទាន់​មាន​ស្លាក​យីហោ​នៅឡើយ​ទេ ព្រោះ​ក្លិប​សាងសង់​មិន​ទាន់​រួច​ជា​ស្ថាពរ គ្រាន់តែ​ដឹង​ថា ក្លិប​នេះ​គ្រោង​នឹង​បើក​សម្ពោធ​នៅ​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០១៦ ខាង​មុខ​នេះ ។

ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ថៅកែ​ក្លិប​នេះ​ត្រូវ​គេ​ដឹង​ថា ជា​ថៅកែ​ក្លិប​ម៉ូ​ណា​កូ ។ មុន​ពេល​កើតហេតុ​សំណង់​ក្លិប​នេះ​ត្រូវ​បាន​ជាង​សម្រុក​ធ្វើការ​ទាំង​យប់ ព្រោះ​ជិត​ដល់​ថ្ងៃ​សម្ពោធ​បើក​ហើយ ខណៈ​ពេល​ជាង​ផ្សារ​ដែក​កំពុង​តែ​ផ្សារ​ជាប់​ពិ​ដាន​ដើម្បី​ចាប់​អំ​ពូ​ល​ភ្លើង និង​ដាក់​ជើង​កង្ហា សង្ស័យ​ថា​ធ្លាក់​កម្ទេច​ផ្កាភ្លើង​ធូបផ្សារ​ទៅ​លើ​អេ​ប៉ុង​ដែល​បិទ​នៅ​ជុំវិញ​ជញ្ជាំង​ដើម្បី​ការពារ​សម្លេង​មិន​ឲ្យ​ចេញ​មក​ខាងក្រៅ និង​ស្នោ ព្រមទាំង​សំបក​កេស​ក្រដាស តែ​ជាង​មិន​បាន​ចាប់អារម្មណ៍ ។ មួយសន្ទុះ​ក្រោយមក​ស្រាប់តែ​មាន​ផ្សែង​ខ្មៅ​ហុយ​ចេញ​មក​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល ហើយ​ផ្សែងហុយ​កាន់តែ​ខ្លាំង​ទៅ​ៗ និង​បាន​ផ្តាច់​ប្រព័ន្ធ​អគ្គិសនី​ងងឹតឈឹង​ពិបាក​ដល់​អ្នក​ដែល​យក​បំពង់​ពន្លត់​អគ្គិភ័យ​យក​ទៅ​បាញ់​ពន្លត់ ទើប​ថៅកែ​ក្លិប​ម៉ូ​ណា​កូ​ដែល​ជា​ម្ចាស់​សំណង់​ក្លិប​ខាងលើ​នេះ​បាន​ទូរស័ព្ទ​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​ជួយ​អន្តរាគមន៍​ភ្លាម​ៗ ។

បន្ទាប់​ពី​កើតហេតុ​កន្លែង​កើតហេតុ​គេ​ឃើញ​វត្តមាន​លោក ប៉ឹង កុសល អភិបាល​ខណ្ឌ​សែន​សុខ លោក ម៉ក់ ហុង អធិការ​នគរបាល​ខណ្ឌ​សែន​សុខ និង​លោក ព្រហ្ម យ៉​ត ប្រធាន​ការិយាល័យ​បង្ការ និង​ពន្លត់​អគ្គិភ័យ នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ចុះ​បញ្ជា​ដឹកនាំ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៥​គ្រឿង​បាញ់​ទឹក​ពន្លត់​រហូត​រលត់​ទៅ​វិញ​ក្នុង​រយៈពេល​ប្រហែល​១​ម៉ោង ។

ដោយសារ​តែ​នៅ​ក្នុង​ក្លិប​ខាងលើ​នេះ​ការ​រៀបចំ​មិន​ទាន់​រួចរាល់ មិន​ទាន់​មាន​របស់របរ​យក​ទៅ​ដាក់​ចូល​ក្នុង​ក្លិប​នៅឡើយ មាន​តែ​ម៉ូតូ​ជាងសំណង់​ចំនួន​៥​គ្រឿង​ដែល​ទុក​នៅ​ក្នុង​ក្លិប ។ ម៉ូតូ​ទាំង​៥​គ្រឿង​នោះ​រួម​មាន ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​២​គ្រឿង​, ម៉ាក​ហុងដា​ឌ្រី​ម​ប្រើ​ប៉ិច​២​គ្រឿង និង​ម៉ាក​សង់​កូរ៉េ​១​គ្រឿង ។ ក្នុង​ចំណោម​ម៉ូតូ​ទាំង​៥​គ្រឿង​ត្រូវ​បាន​អណ្តាតភ្លើង​ឆាបឆេះ​អស់ទាំង​ស្រុង​នៅ​សល់​តែ​គ្រោង​ដែក​ចំនួន​២​គ្រឿង គឺ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ស៊េរី​ឆ្នាំ​២០១១ មួយ​គ្រឿង និង​១​គ្រឿង​ទៀត​ម៉ាក​ហុងដា​ឌ្រី​ម​ប្រើ​ប៉ិច ។

សមត្ថកិច្ច​បាន​បាន​ឲ្យ​ដឹង​ថា អគ្គិភ័យ​ខាងលើ​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ការិយាល័យ​បង្ការ និង​ពន្លត់​អគ្គិភ័យ នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​អស់​ចំនួន​៥​គ្រឿង​ទើប​ភ្លើង​បាន​រលត់​ទាំងស្រុង​នៅ​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ដដែល ចំណែក​ការ​ឆាបឆេះ​ខូចខាត​គិត​ជា​ទឹកប្រាក់​អស់​ប៉ុន្មាន​នោះ​ថៅកែ​ក្លិប​មិន​ទាន់​បាន​ប៉ាន់​ប្រមាណ​នៅឡើយ​ទេ គ្រាន់តែ​ដឹង​ថា​ឆេះ ម៉ូតូ​ជាងសំណង់​អស់​២​គ្រឿង​នៅ​សល់​តែ​គ្រោង​ដែក និង​ជាងសំណង់​ម្នាក់​រង​របួសស្រាល ៕