រកឃើញ«ថ្មបញ្ចុះសីមា»នៅកំពូលខ្លោងទ្វារតាកាវ
ខេត្តសៀមរាប ៖ ថ្មភក់រាងបួនជ្រុង ទំហំ ៥៣សង់ទីម៉ែត្រ គុណនិង ៥៣ សង់ទីម៉ែត្រ និងកម្រាស់ ១២សង់ទីម៉ែត្រ…
ខេត្តសៀមរាប ៖ ថ្មភក់រាងបួនជ្រុង ទំហំ ៥៣សង់ទីម៉ែត្រ គុណនិង ៥៣ សង់ទីម៉ែត្រ និងកម្រាស់ ១២សង់ទីម៉ែត្រ…
ខេត្តសៀមរាប ៖ ថ្មភក់រាងបួនជ្រុង ទំហំ ៥៣សង់ទីម៉ែត្រ គុណនិង ៥៣ សង់ទីម៉ែត្រ និងកម្រាស់ ១២សង់ទីម៉ែត្រ ដែលគេស្គាល់ជាទូទៅថា ជា«ថ្មបញ្ចុះសីមា» ត្រូវបានរកឃើញទើ នៅលើខ្លោងទ្វារពេលរុះរើផ្នែកខាងលើ នៃរចនាសម្ពន្ធសំណង់ខ្លោងទ្វារតាកាវ ដើម្បីជួសជុល ។
នៅលើថ្មបញ្ចុះ មានរន្ធជាច្រើន ដែលរន្ធរាងមូលធំមួយនៅចំកណ្តាល នៃផ្ទៃថ្មព័ទ្ធជុំវិញ ដោយរន្ធរាងបួនជ្រុងស្មើ នៅតាមទិសទាំង៨ និងនៅជ្រុងឦសាន ដែលជាទិសសំខាន់នៅក្នុងជំនឿខ្មែរតាំងពីបុរាណកាលរហូតដល់បច្ចុប្បន្ន ត្រូវបានគេដាប់រន្ធបួនជ្រុងបន្ថែមមួយទៀត នៅចន្លោះរន្ធមូលកណ្តាល និងរន្ធបួនជ្រុងនៅទិសឦសាន ។ រន្ធទាំងអស់ព័ទ្ធ ពីក្រៅដោយជញ្ជាំងថ្មភក់ ដែលជញ្ជាំងនេះ ត្រូវបានកាត់ផ្តាច់ចេញជា ៤ជ្រុង ដោយចង្អូរនៅតាមអ័ក្ស សំខាន់ទាំងបួន ។ នៅពីលើផ្នែកខ្ពស់មានរន្ធតូចៗ រាងបួនជ្រុងចំនួន ៣៤ ដែលគេដាប់រាក់ល្មមចំនួន១០ នៅជ្រុងឦសាន ៩នៅជ្រុងអាគ្នេយ៍ ៧នៅជ្រុងនិរតី និង៨នៅជ្រុងពាយ័ព្យ ។
លោក គឹម សុធិន អគ្គនាយករង នៃអាជ្ញាធរជាតិអប្សរា បានមានប្រសាសន៍ថា ថ្មបញ្ចុះសីមា ភាគច្រើនប្រទះឃើញនៅកណ្ដាលបាតប្រាសាទ ប៉ុន្តែ វាច្រើនមានកម្រាស់ក្រាស់ និងដោយនៅផ្នែកខាងលើកំពូល គឺស្ដើងដូចថ្ម ដែលបានរកឃើញ ។
លោកបានប្រៀបធៀបជំនឿ និងទំនៀមទម្លាប់ នៃការបញ្ចុះថ្មសីមា ទៅនិងសំណង់ផ្ទះលំនៅដ្ឋានខ្មែរ ជាមួយនឹងការចងក្រណាត់ពណ៌ក្រហម(យ័ន្ត)នៅចំកណ្តាលមេដំបូល ដែលទើបតែសាងសង់ថ្មី ដើម្បីការពារផ្ទះផងដែរ ។
លោកមានប្រសាសន៍ថា ថ្មបញ្ចុះ ដែលរកឃើញនៅពេលជួសជុល ត្រូវបានបញ្ចុះកាលដើមឡើយនៅលើកំពូលប្រាង្គកណ្តាល ប៉ុន្តែវាបានរលុះធ្លាក់មកទើរនៅពាក់កណ្តាលនៃខ្លោងទ្វារ ។ ក្រៅពីការបញ្ចុះថ្ម ដែលមានរន្ធច្រើន នៅកំពូលប្រាសាទ គេបានឃើញថ្មបញ្ចុះស្រដៀងគ្នា នៅក្នុងគ្រឹះប្រាសាទមួយចំនួននៅតំបន់អង្គរ ។ ការបញ្ចុះថ្មទាំងអស់មិនថា តែនៅក្នុងគ្រឹះ និងលើកំពូលប្រាសាទ គឺនឹងធ្វើឱ្យសំណង់ដែលកំពុងសាងសង់មានភាពរឹងមាំ ព្រមទាំងនាំមកនូវសេចក្តីសុខ និងសេចក្តីចម្រើនដល់សំណង់ ។ ថ្មបញ្ចុះ គឺជាពាក្យដែលយើងប្រើបច្ចុប្បន្ន តែពាក្យដែលប្រើដើម្បីហៅថ្មសម្រាប់បញ្ចុះឱ្យបានត្រឹមត្រូវតាមក្បួនបុរាណហាក់ដូចជាមិនទាន់ប្រទះឃើញសរសេរនៅក្នុងឯកសារណាមួយនៅឡើយ ។
លោកបានមានប្រសាសន៍ទាក់ទងនឹងរន្ធនៅលើថ្មបញ្ចុះវិញថា រន្ធតូចៗ ប្រើសម្រាប់ដាក់សន្លឹកមាសស្ដើង ហើយរន្ធមួយធំនៅចំកណ្ដាលប្រើសម្រាប់ដាក់ដងបង្គោលត្រីសូល៍ ដូចឃើញមាននៅចម្លាក់ប្រាសាទបាយ័ន្តស្រាប់ ។ យើងពិនិត្យឃើញថា កំពូលប្រាសាទបាយ័ន្តបានបាត់ត្រឹមផ្កាឈូក និងមានសេសថ្មខ្លះៗដែលជាទម្រឬសសីមាប៉ុណ្ណោះ ។
លោកបានកត់សម្គាល់ថា ជាការរុះរើដោយមនុស្សរករបស់មានតម្លៃ ។ បច្ចុប្បន្នយើងបានលើកយកថ្មបញ្ចុះទៅដាក់នៅលើកំពូលប្រាង្គកណ្តាល នៃខ្លោងទ្វារតាកាវវិញ ក្រោយពីបានពង្រឹងកន្លែងពុកផុយ និងជួសជុលកន្លែងប្រេះបែករួចរាល់ ។ ការរកឃើញថ្មបញ្ចុះនៅកំពូលប្រាសាទនេះ មិនមែនជាលើកដំបូងទេនៅក្នុងតំបន់បេតិកភណ្ឌពិភពលោក-អង្គរ ព្រោះកាលពីពេលកន្លងមក គេធ្លាប់បានរកឃើញថ្មបញ្ចុះ ដែលមានទម្រង់ផ្សេងៗ ដែលវិវឌ្ឍទៅតាមសម័យកាលនៅប្រាសាទដំរីក្រាបលើភ្នំគូលែន ប្រាសាទបន្ទាយស្រី ប្រាសាទបន្ទាយក្តី និងប្រាសាទទន្លេស្ងួតជាដើម ។ បច្ចុប្បន្ន យើងបានលើកយកថ្មបញ្ចុះទៅដាក់នៅលើកំពូលប្រាង្គកណ្តាល នៃខ្លោងទ្វារតាកាវវិញ ក្រោយពីបានពង្រឹងកន្លែងពុកផុយ និងជួសជុលកន្លែងប្រេះបែករួចរាល់ ។
គួរបញ្ជាក់ផងដែរថា គម្រោងជួសជុលខ្លោងទ្វាតាកាវនេះ ឧបត្ថម្ភដោយលោកជំទាវ ឧញ៉ា សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ ។ លោកជំទាវតែងតែចូលរួមឧបត្តម្ភដល់សកម្មភាពថែរក្សា និងអភិរក្សតំបន់រមណីយដ្ឋានអង្គរ មានជាអាទិ៍ ការជួសជុលរហាត់ទឹក ការជួសជុលប្រាសាទស្រះស្រង់ និងការជួសជុលខ្លោងទ្វារតាកាវនេះ ៕
ចែករំលែកព័តមាននេះ