រាជធានីភ្នំពេញ ៖ តារាពហុជំនាញអ្នកនាង ខាត់ សុឃីម គ្រោងនឹងចេញទៅអាមេរិកជាមួយនឹងគ្រួសាររបស់នាងទាំងមូលនៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ក្នុងដំណើរដើរលេងកំសាន្តនៅទីនោះមួយរយៈ។ បើមិនមានអ្វីប្រែប្រួលទេ តាមគម្រោងតារារូបនេះនឹងដឹកដៃស្វាមី និងកូនប្រុសស្រីរបស់អ្នកនាងចាកចេញពីស្រុកខ្មែរ ឡើងយន្តហោះទៅកាន់ទឹកដីអាមេរិកនៅក្នុងអំឡុងខែសីហា ឆ្នាំ២០២២ខាងមុខនេះ។
![Picture]()
អ្នកនាង ខាត់ សុឃីម បានអះអាងប្រាប់កោះសន្តិភាពថា អ្នកនាង និងគ្រួសារបានសម្ភាសន៍ជាប់ហើយ សម្រាប់ការចាកចេញទៅលេងទឹកដីអាមេរិកខាងមុខនេះ។ អ្នកនាងបញ្ជាក់ថា តាមការគ្រោងទុក អ្នកនាង និងគ្រួសារនឹងចេញទៅទឹកដីមហាអំណាចមួយនេះនៅអំឡុងខែសីហា ខាងមុខ ដោយសារនាងត្រូវរង់ចាំកូនៗរបស់ឈប់សម្រាកពីការសិក្សា។ នាងបន្ថែមថា ការចាកចេញទៅអាមេរិកនាពេលនេះ គឺមានរយៈពេលតែ១ខែប៉ុណ្ណោះ សម្រាប់ដំណើរកំសាន្ត និងការជួបជុំម្តាយ និងប្អូនស្រីដែលកំពុងរស់នៅទីនោះ។
![Picture]()
បើតាមអ្នកនាង ខាត់ សុឃីម ថា ការសម្រេចគោលបំណងចេញលេងកំសាន្តនៅលើទឹកដីអាមេរិកនាពេលនេះ នាងពិតជាសប្បាយរីករាយយ៉ាងខ្លាំង ព្រោះនាងខានទៅលេងយូរហើយដែរ។ អ្នកនាងថា សម្រាប់នាង គឺមិនជាបញ្ហាឡើយ ព្រោះនាងធ្លាប់ទៅលេងអាមេរិកហើយដែរ ប៉ុន្តែអ្វីដែលសំខាន់នោះ គឺស្វាមី និងកូនៗរបស់នាងទើបតែលើកទី១ប៉ុណ្ណោះដែលបានទៅលេងស្រុកអាមេរិក។
![Picture]()
អ្នកនាង ខាត់ សុឃីម លើកឡើងបន្ថែមថា ការចេញទៅដើរលងកំសាន្តនៅអាមេរិកនាពេលនេះ គឺ ជារឿងល្អសម្រាប់គ្រួសារនាង ព្រោះកូនៗរបស់នាងក៏បានឈប់សម្រាកពីការសិក្សា ខណៈពេលការ ងារសិល្បៈរបស់នាងក៏មិនសូវមាននាអំឡុងពេលនោះដែរ។ យ៉ាងណា នាងសប្បាយរីករាយយ៉ាងខ្លាំង ដោយសារនាងមានឱកាសចេញទៅលេងអាមេរិកទាំងគ្រួសារបែបនេះ ព្រោះបើនាងបានចេញទៅហើយគ្រួសារ និងកូនៗមិនបានទៅនោះ នាងក៏មិនអាចទៅតែម្នាក់ឯងបានឡើយ។
![Picture]()
អ្នកនាងបញ្ជាក់ថា ការចេញទៅអាមេរិកនាពេលនេះ គឺនាងមានគោលបំណងសំខាន់២ គឺ ការជួបជុំគ្រួសារ ជាពិសេសម្តាយរបស់នាងដែលបានចេញទៅរស់នៅទីនោះ ដែលធ្វើអោយនាងមានការនឹករលឹកយ៉ាងខ្លាំង និងនៅពេលសេសសល់ និងគ្រួសារ នឹងចំណាយពេលដើរលេងកំសាន្តនៅទីកន្លែងនានាមួយចំនួននៅលើទឹកដីនោះ មុនហោះវិលត្រឡប់មកកាន់ស្រុកខ្មែរវិញ។
![Picture]()
ជាការកត់សម្គាល់ ក្រោយពេលដែលម្តាយរបស់អ្នកនាង ខាត់ សុឃីម បានសម្ភាសន៍ជាប់ចេញទៅរស់នៅអាមេរិកនោះ តារាស្រីរូបនេះធ្លាប់បានបញ្ជាក់ថា នាងនិងគ្រួសារមិនមានគម្រោងចេញទៅរស់នៅអាមេរិកដូចម្តាយ និងប្អូនស្រីនាងឡើយ ដោយនាងសុំត្រឹមទៅលេងទីនោះម្តងម្កាលតែប៉ុណ្ណោះ៕
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ