ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាសាទបាយ័ន​កំពុង​ជួសជុលដោយ​គម្រោង​ជប៉ុន​-​អប្សរា

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ប្រាសាទបាយ័ន​មាន​ទីតាំង​ស្ថិត​នៅ​ចំ​កណ្តាល​នៃ​ក្រុង​អង្គរធំ ។ ប្រាសាទ​នេះ​កសាង​ឡើង​នៅ​ចុង​សតវត្សរ៍​ទី​១២ និង​ដើម​សតវត្សរ៍​ទី​១៣ ក្នុង​រាជ្យ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ ។ ដោយ​ភាព​មហិមា​នៃ​សំណង់

ខេត្តសៀមរាប ៖ ប្រាសាទបាយ័ន​មាន​ទីតាំង​ស្ថិត​នៅ​ចំ​កណ្តាល​នៃ​ក្រុង​អង្គរធំ ។ ប្រាសាទ​នេះ​កសាង​ឡើង​នៅ​ចុង​សតវត្សរ៍​ទី​១២ និង​ដើម​សតវត្សរ៍​ទី​១៣ ក្នុង​រាជ្យ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ ។ ដោយ​ភាព​មហិមា​នៃ​សំណង់ ទឹកមុខ​ញញឹម​នៃ​ចម្លាក់​មុខព្រហ្ម​នៃ​ប្រាង្គ​ប្រាសាទបាយ័ន រួម​នឹង​ក្បូរ​ក្បាច់រចនា និង​ចម្លាក់​ពិពណ៌នា​ពីរ​នូវ​ជីវភាព​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​សម័យ​នោះ​ផង ប្រាសាទ​នេះ​បាន​ក្លាយ​ជាទី​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​ភ្ញៀវ​ទេសចរ​គ្រប់​ជាតិ​សាសន៍​ដែល​មក​ទស្សនា​អង្គរ ។

ដោយសារ​អាយុកាល​ដ៏​យូរលង់​ប្រាង្គ​ប្រាសាទ​នានា​ក្នុង​តំបន់​អង្គរ​ក៏​ទទួល​រង​នូវ​ភាព​ទ្រុឌទ្រោម​ជា​បន្តបន្ទាប់ ។ ប្រាសាទបាយ័ន​ក៏​ដូច​គ្នា ផ្នែក​ខ្លះ​នៃ​ប្រាសាទ​នេះ​បាន​ជ្រុះ​ធ្លាក់​ហើយ​ផ្នែក​ខ្លះ​ទៀត​ក៏​ពុក​ផុយ​ចម្លាក់​មួយ​ចំនួន​ក៏​សឹក​រេចរឹល​ស្ទើរ​មើល​លែង​យល់​ទៀត​ផង ។ តាម​ឯកសារ​ដែល​នៅ​សេសសល់ អាច​ដឹង​ថា ប្រាសាទបាយ័ន​ត្រូវ​បាន​សិក្សា​ស្រាវជ្រាវ និង​អភិរក្ស​ជួសជុល​ជា​បន្តបន្ទាប់ តាំងពី​ជំនាន់​បារាំង​នៅ​គ្រប់គ្រង​ម្ល៉េះ ស្តែង​មាន​ដុំ​ថ្ម​ប្រាសាទ​រាប់​ម៉ឺន​ដុំ ដែល​ត្រូវ​បាន​បារាំង​ប្រមូល​យក​មក​គរ​ទុក​នៅ​ក្នុង​ប្រាសាទ​ដើម្បី​អភិរក្ស និង​ប្រើប្រាស់​ឡើង​វិញ​សម្រាប់​ការងារ​ជួសជុល ។

ចាប់តាំងពី​អង្គរ​ត្រូវ​បាន​ចុះបញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ក្នុង​ឆ្នាំ​១៩៩២​មក ស្ថាប័ន​ជាតិ និង​អន្តរជាតិ​បាន​ចាប់ផ្តើម​ចូល​មក​ចូលរួម​អភិរក្ស​ជួសជុល​ប្រាសាទ​នានា​ក្នុង​តំបន់​អង្គរ ។ ដោយឡែក​ក្រុមការងារ​រដ្ឋាភិបាល​ជប៉ុន​សម្រាប់​ការ​អភិរក្ស​អង្គរ ហៅ​កាត់​ថា JSA (Japanes Government Team for Safeguarding Angkor) ក៏​បាន​ចូល​មក​ជួយ​អភិរក្ស​ជួសជុល​ប្រាសាទ​ក្នុង​ទ​ឧទ្យាន​អង្គរ​ដែរ ដោយ​បាន​ជ្រើសរ​សើ​ប្រាសាទបាយ័ន​សម្រាប់​ជួសជុល​អភិរក្ស​តាំងពី​ឆ្នាំ​១៩៩៤​មក​ម្ល៉េះ ។ ប៉ុន្តែ​ចាប់ពី​ឆ្នាំ​២០០៥​មក JSA បាន​សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា​បង្កើត​ស្ថាប័ន​រួម​គ្នា​មួយ​ហៅ​ថា JASA (JAPAN-APSARA team for Safeguarding Angkor) ។

លោក សឿ សុធី ស្ថាបត្យករ និង​ជា​ប្រធាន​ការិយាល័យ JASA ប្រចាំ​ខេត្តសៀមរាប​ដែល​កំពុង​ដឹកនាំ​ការងារ​ជួសជុល​នៅ​ប្រាសាទបាយ័ន​បាន​ឲ្យ​ដឹង​កាលពី​ពេល​ថ្មី​ៗ កន្លង​ថា ការ​អភិរក្ស​ជួសជុល​របស់​ស្ថាប័ន JSA តាំងពី​ឆ្នាំ​១៩៩៤​មក​ចែក​ចេញ​ជា​៤​ដំណាក់កាល ផ្សេង​ៗ​គ្នា​ក្នុង​នោះ​ពី​ឆ្នាំ​១៩៩៤ ១៩៩៩ បាន​ធ្វើការ​ជួសជុល​នូវ​បណ្ណាល័យ​ខាងជើង​នៃ​ប្រាសាទបាយ័ន ។ ឆ្នាំ​២០០០ ២០០៥ ជួសជុល​បណ្ណាល័យ​ខាងជើង​ច្រកចូល​ខាងលិច​នៃ​ប្រាសាទអង្គរវត្ត និង​ជួសជុល​នៅ​ប្រាសាទសួព្រ័ត្រ​។ ដោយឡែក ស្ថាប័ន JASA បាន​អនុវត្ត​ការងារ​ចាប់ពី​ឆ្នាំ​២០០៦ ដល់​២០១១ ដោយ​ជួសជុល​បណ្ណាល័យ​ខាងត្បូង​នៃ​ប្រាសាទបាយ័ន ពង្រឹង​ប្រាង្គ​កណ្តាល អភិរក្ស​ចម្លាក់​នៅ​លើ​ជញ្ជាំង​ខាងក្នុង​នៃ​ប្រាសាទ និង​ពី​ឆ្នាំ​២០១១ ដល់​២០១៦ ដោយ​ជួសជុល​ខឿន​ស្លាប​សងខាង​រានហាល​ខាងកើត ពង្រឹង​ឡើង​វិញ​នូវ​រចនាសម្ព័ន្ធ​ប្រាង្គ​កណ្តាល និង​លាង​សម្អាត​ស្លែ​នៃ​ចម្លាក់​នៅ​លើ​ជញ្ជាំង​ខាងក្នុង​នៃ​ប្រាសាទបាយ័ន​។

ក្រៅពី​ការងារ​អភិរក្ស​ជួសជុល​ប្រាសាទ JASA ក៏​បាន​ផ្តោត​យ៉ាង​សំខាន់​លើ​ការ​សិក្សា​ស្រាវជ្រាវ​ផ្នែក​បុរាណវិទ្យា និង​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​ដែល​ជា​អ្នក​បន្តវេន​ដ៏​សំខាន់​ក្នុង​ការងារ​អភិរក្ស​អង្គរ​។ ជាក់ស្តែង​រយៈពេល​ជាង​២០​ឆ្នាំ​កន្លង​នេះ មាន​អ្នកជំនាញ​ខ្មែរ​ជា​ច្រើន​រូប​ដែល​ទទួល​បាន​បទ​ពិសោធន៍​លើ​ការងារ​អភិរក្ស​ជួសជុល រហូត​អាច​កាន់​ការងារ​ដោយ​ខ្លួនឯង​បាន​។ ចំណែក​ការ​ស្រាវជ្រាវ​វិញ ជា​រៀង​រាល់​ឆ្នាំ JASA តែង​បោះពុម្ព​សៀវភៅ​ដែល​បាន​បង្ហាញ​អំពី​របកគំហើញ ថ្មី​ៗ​របស់​ខ្លួន ចែកចាយ​ជា​ចំណេះ​ដឹង​ដល់​អ្នក​ស្រាវជ្រាវ​និង​តម្កល់​ទុកជា​ឯកសារ​ប្រវត្តិសាស្ត្រ​ដ៏​សំខាន់ ។ ចំពោះ​ការងារ​អភិរក្ស​ជួសជុល​ប្រាង្គ​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ ប្រទេស​ជប៉ុន​បាន​រួមចំណែក​យ៉ាង​សំខាន់ ដោយ​បាន​ទទួល​ធ្វើ​ជា​សហ​ប្រធាន​គណៈកម្មាធិការ​អន្តរជាតិ​ដើម្បី​សម្របសម្រួល​កិច្ច​គាំពារ និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​អង្គរ​ហៅ​កាត់​ថា ICC-Angkor ជាមួយ​ប្រទេស​បារាំង ។

ក្រៅពី​ស្ថាប័ន JASA ដែល​កំពុង​ជួសជុល​ប្រាសាទបាយ័ន​នេះ ក៏​នៅ​មាន​ស្ថាប័ន​មក​ពី​ប្រទេស​ជប៉ុន​មួយ​ចំនួន​ទៀត កំពុង​បំពេញការងារ​យ៉ាង​សំខាន់​ក្នុង​ការ​ជួសជុល អភិរក្ស និង​ស្រាវជ្រាវ​ក្នុង​តំបន់​ឧទ្យាន​អង្គរ ៕