CNN កាលពីពេល ថ្មីៗកន្លងមកផ្សាយថា រដ្ឋាភិបាលក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម បានអនុម័តគម្រោងដ៏ធំមួយដោយបង្កើត«Hyperloop» ប្រព័ន្ធដឹកជញ្ជូនទំនើបក្នុងពេលអនាគត ហើយនឹងក្លាយជាក្រុងដំបូងនៅលើពិភពលោកប្រើប្រព័ន្ធដឹកជញ្ជូនល្បឿនលឿន ។
«Hyperloop» ជាប្រព័ន្ធដឹកជញ្ជូនល្បឿនលឿនមិត្ដនឹងបរិស្ថាន ព្រោះប្រើថាមពលពន្លឺព្រះអាទិត្យ ។ ប្រព័ន្ធដឹកជញ្ជូនHyperloop មានលក្ខណៈខុសប្លែកពីរថយន្ដទូទៅ ព្រោះមានទូដឹកអ្នកដំណើរស្ថិតក្នុងក្រសោមមួយស្រដៀងគ្រាប់ថ្នាំប្រភេទកាប់សុីល(Capsule) ដោយបន្លាស់ទីតាមបំពង់មានសម្ពាធប៉ប្រះទាបអាចធ្វើដំណើរបានលឿន ដោយមានល្បឿនជិត១.១៩០គីឡូម៉ែត្រក្នុងមួយម៉ោង ។
សម្រាប់ការធ្វើដំណើរនៅក្នុងប្រទេសពីក្រុងឌូបៃ ទៅក្រុងអាប៊ុយដាប៊ី ដែលមានចម្ងាយប្រហែល១៦៥គីឡូម៉ែត្រ ជាធម្មតាប្រសិនធ្វើដំណើរដោយរថយន្ដចំណាយពេលជាង១ម៉ោង ប៉ុន្ដែបើធ្វើដំណើរដោយ«Hyperloop» ចំណាយពេលតែ១២នាទីប៉ុណ្ណោះ ។
លោករ៉ប់ ឡយ ប្រធានក្រុមហ៊ុន«Hyperloop» និយាយថា ឌូបៃជាក្រុងមួយក្នុងចំណោមក្រុងដ៏សំខាន់ជាច្រើនក្នុងនាមជាមជ្ឃមណ្ឌលនៃការធ្វើដំណើរនៅលើពិភពលោក ។ ដូច្នេះការមានបំពាក់ប្រព័ន្ធដឹកជញ្ជូនល្បឿនលឿនគឺសមស្របបំផុត និងអ្វីដែលសំខាន់ ឌូបៃ គឺជាអតិថិជនធំរបស់ក្រុមហ៊ុន ហើយខាងក្រុមហ៊ុននឹងព្យាយាមសាងសង់ឱ្យបានឆាប់ក្នុងពេលដ៏ខ្លីខាងមុខ ។
ក្រៅពី ឌូបៃ ក្រុមហ៊ុននៅមានគម្រោងសាងសង់ប្រព័ន្ធដឹកជញ្ជូនល្បឿនលឿននេះ ក្នុងបណ្ដាប្រទេសជាច្រើនទៀតនៅលើពិភពលោក រួមមាន រុស្ស៊ី ហ្វាំងឡង់ ស៊ុយអែត ហូឡង់ ស្វ៊ីស និងអង់គ្លេស។ ចំពោះឌូបៃ គម្រោងនោះរំពឹងថា នឹងសង់រួចរាល់ដាក់ឱ្យដំណើរការនៅឆ្នាំ២០២១៕
ចែករំលែកព័តមាននេះ