ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បរិស្ថានគ្មានផ្សែងបារី ជួយលើកកម្ពស់វិស័យ​ទេសចរណ៍ ខណៈបញ្ហាកូវីដ ក៏ត្រូវកាត់បន្ថយ

1 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង៖ មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ លើកឡើងថា បរិស្ថាន​គ្មានផ្សែងបារី នឹងជួយ​លើកកម្ពស់វិស័យទេសចរណ៍ ខណៈដែល​បញ្ហាកូវីដ ក៏ត្រូវកាត់បន្ថយឱកាសឆ្លងរីករាលផងដែរ។…

ខេត្តកោះកុង៖ មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ លើកឡើងថា បរិស្ថាន​គ្មានផ្សែងបារី នឹងជួយ​លើកកម្ពស់វិស័យទេសចរណ៍ ខណៈដែល​បញ្ហាកូវីដ ក៏ត្រូវកាត់បន្ថយឱកាសឆ្លងរីករាលផងដែរ។

ក្នុងពិធី​បើកសិក្ខាសាលា និងពិធីចែកពាន​បរិស្ថានគ្មានផ្សែងបារី ក្នុងវិស័យទេសចរណ៍ ដំណាក់កាលកូវីដ១៩ លោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ បាន​បន្ថែមទៀតថា បរិស្ថានគ្មានផ្សែងបារី ក្នុងវិស័យទេសចរណ៍ ក៏បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងធានាបានថា កម្ពុជា គឺជាគោលដៅទេសចរណ៍សុវត្ថិភាព ស្អាត និងបៃតងផងដែរ។

លោក ហោ សារុន ពន្យល់​ថា ការផ្តល់ពាន និងប័ណ្ណសរសើរដល់ម្ចាស់អាជីវកម្ម ៥៦កន្លែង លើសេវាកម្មទេសចរណ៍ ភោ​ជនីយដ្ឋាន និងអាហារដ្ឋាននេះ ក្នុងន័យកិច្ចសហការអនុវត្តរបស់អ្នក​ពាក់ព័ន្ធបានល្អពីការទប់ស្កាត់ការជក់បារីតាមតំបន់ទេសចរណ៍។ ពោលគឺករាជក់បារី នៅតំបន់ទេសចរណ៍ ត្រូវបាន​ហាមឃាត់។

ការផ្តល់បានរង្វាន់នេះ ក៏ដើម្បីជំរុញ​ការយល់ដឹង និងលើកទឹកចិត្តឱ្យមានការចូលរួមពីគ្រប់ផ្នែក​ទាំងអស់ ដើម្បីការពារសុខមាលភាពរបស់ប្រជាជន ការពារ និងទប់ស្កាត់ការរង​ផ្សែងរបស់​ផលិតផលថ្នាំជក់ ដែលបង្កឲ្យមានហានិភ័យសុខភាព ដល់អ្នកនៅជុំវិញ និងបរិស្ថាន ព្រមទាំង​កាត់បន្ថយផល​ប៉ះពាល់ដល់សុខភាពសេដ្ឋកិច្ចសង្គម និងបរិស្ថាន ដែលបណ្តាលមកពីផលិតផលថ្នាំជក់។

រដ្ឋលេខាធិការក្រសួងទេសចរណ៍ ក៏បាន​ដាស់តឿនថា ផលប៉ះពាល់ និងគ្រោះថ្នាក់ ដែលបណ្តាលមកពីការប្រើប្រាស់ផលិតផលថ្នាំជក់ មានទំហំ​ធំធេង ចំពោះសុខភាពសាធារណៈ ក៏ដូចជា សង្គម និងសេដ្ឋកិច្ច ទើបមានការគិតគូរយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ដែលជាស្ថាប័នជំនាញ រហូតដល់មានច្បាប់ ស្តីពី ការត្រួតពិនិត្យ​ផលិតផលថ្នាំជក់ អនុក្រឹត្យ ប្រកាស និងសេចក្តីណែនាំនានា។

លោកបញ្ជាក់ថា វិស័យទេសចរណ៍នៅកម្ពុជា កាលពីមុនឆ្នាំ២០២០ គឺមុនពេលកូវីដឆ្លងរាលដាល មានដំណើរការល្អប្រសើរ និងរក្សាបានកំណើនភ្ញៀវទេសចរ កើនឡើងជាលំដាប់ ប៉ុន្តែចាប់តាំងពីដើមឆ្នាំ២០២០ មកដល់ឆ្នាំ២០២១ វិស័យទេសចរណ៍កម្ពុជា ក៏ដូចជា ពិភពលោក បានទទួលរងផលប៉ះពាល់អវិជ្ជមានយ៉ាងខ្លាំង ដោយសារវិបត្តិជំងឺកូវីដ-១៩។ ក្នុងឆ្នាំ២០២០ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ១,៣លាននាក់ ថយចុះ -៨០,២% ប្រៀបធៀបទៅនឹងឆ្នាំ២០១៩ ជាមួយការបាត់បង់ប្រាក់ចំណូលប្រមាណ ៣ពាន់លានដុល្លារអាមេរិក។ ក្នុងឆ្នាំ២០២១ វិញ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ១៩ម៉ឺននាក់ ថយចុះ ៨៥% ធៀប រយៈពេលដូចគ្នាក្នុងឆ្នាំ២០២០។ ដោយឡេកនៅក្នុងឆ្នាំ២០២២នេះ ស្ថានភាពនៃវិបត្តិកូវីដ បានធូរស្រាល ហើយវិស័យទេសចរណ៍ ក៏មានការកើនឡើង គួរឲ្យកត់សម្គាល់ ជាក់ស្តែង រយៈពេល ៤ខែដើមឆ្នាំ២០២២ នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ២៤ម៉ឺននាក់។

នាឱកាសនោះ លោក ស្រេង ហុង អភិបាលរងខេត្តកោះកុង បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដាក់ចេញនូវវិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ដាច់ខាត និងហ្មត់ចត់ ដ៏មានប្រសិទ្ធិភាព និងទាន់ពេលវេលា ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺកូវីដ ១៩ ជាពិសសគោលនយោបាយវ៉ាក់សាំងជូនប្រជាពលរដ្ឋ ធ្វើឱ្យប្រទេស អាចបើកដំណើរការឡើងវិញគ្រប់វិស័យ ក្នុងនោះ មានទាំងវិស័យទេសចរណ៍ផង បានងើបឡើង គួរឱ្យកត់សំគាល់។

លោក ស្រេង ហុង បន្ថែមថា កម្ពុជា ក៏ជាប្រទេសមួយ ដែលទទួលរងគ្រោះ ដោយផលិតផលថ្នាំជក់ផងដែរ ព្រមទាំងជាអ្នកគាំទ្រ និងប្តេជ្ញាអនុវត្តតាមគោលការណ៍ណែនាំ ដែលបានចែង ក្នុងអនុសញ្ញាត្រួតពិនិត្យថ្នាំជក់របស់អង្គការសុខភាពពិភពលោក ដើម្បីកាត់បន្ថយការប្រើប្រាស់ផលិផលថ្នាំជក់។

លោក ស្រេង ហុង ជឿជាក់ថា អាជីវករ និងប្រត្តិបត្តិករទេសចរណ៍​ទាំងអស់ បន្តចូលរួមសហការគ្នា ប្រកបស្មារតីទទួលខុសត្រូវខ្ពស់ ធ្វើយ៉ាងណា ឱ្យការអនុវត្ត សេចក្ដីណែនាំ ស្ដីពី បរិស្ថានគ្មានផ្សែងបារីនេះ ទទួលបាននូវលទ្ធផលជោគជ័យត្រចះត្រចង់ ដើម្បីលើកកម្ពស់សុវត្ថិភាព សុខមាលភាពរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរពីផលប៉ះពាល់​នៃការ​ប្រើប្រាស់ផលិតផលថ្នាំជក់៕ សុខ សារ៉ាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ