ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា ឯកឧត្តម Pablo Kang លើក​ឡើង​ថា គ្រាប់ស្វាយចន្ទី​ខ្មែរ​ឆ្ងាញ់​ជាងគេ

2 ឆ្នាំ មុន
  • ភ្នំពេញ

(​ត​ពី​លេខ​មុន​)៖ សំណួរ ៖ ជុំវិញ​បញ្ហា​នៃ​ការ​ផ្ទុះ​ឡើង និង​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ កម្ពុជា​ក៏​ជា​ប្រទេស​មួយ ​ដែល​ទទួល​រង​គ្រោះ​ពី​ការ​វាយប្រហារ​ដោយ​កូ​វី​ដ​-១៩ ក្នុង​នោះ​កម្ពុជា​ក៏​ទទួល​បាន​ជំនួយ​ជា​សម្ភារ​ពេទ្យ និង​វ៉ាក់សាំង​ ពី​បណ្តា​ប្រទេស​ជា​មិត្ត…

(​ត​ពី​លេខ​មុន​)៖ សំណួរ ៖ ជុំវិញ​បញ្ហា​នៃ​ការ​ផ្ទុះ​ឡើង និង​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ កម្ពុជា​ក៏​ជា​ប្រទេស​មួយ ​ដែល​ទទួល​រង​គ្រោះ​ពី​ការ​វាយប្រហារ​ដោយ​កូ​វី​ដ​-១៩ ក្នុង​នោះ​កម្ពុជា​ក៏​ទទួល​បាន​ជំនួយ​ជា​សម្ភារ​ពេទ្យ និង​វ៉ាក់សាំង​ ពី​បណ្តា​ប្រទេស​ជា​មិត្ត និង​តាម​រយៈ​យន្តការ​កូ​វ៉ា​ក់ ។ សម្រាប់​អូស្ត្រាលី​ផ្ទាល់ តើ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-១៩ ចំនួន​ប៉ុន្មាន​ហើយ ​ដែល​បាន​ជួយ​ដល់​ប្រទេស​កម្ពុជា ? តើ​នឹង​មានការ​បន្ត​ផ្តល់​វ៉ាក់សាំង​បន្ថែម​ទៀត​ណា​ឆ្នាំ​ខាង​មុខ ឬ​យ៉ាងណា ? បើ​មាន​តើ​ចំនួន​ប៉ុន្មាន​ដូ​ស​ដែរ ?

ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា ឯកឧត្តម Pablo Kang ។ រូបភាព៖ ស្រី គំនិត

ឯកឧត្តម Pablo Kang៖ សូម​អរគុណ ។ តាំងពី​ដើមដំបូង​នៃ​ការ​មាន​ជំងឺ​រាតត្បាត​នេះ អូស្ត្រាលី​បានដឹង​ថា យើង​នឹង​មិន​មាន​សុវត្ថិភាព​ទេ លុះត្រាតែ​អ្នក​គ្រប់​គ្នា​មាន​សុវត្ថិភាព និង​ជា​ពិសេស​ប្រជាជន​នៅ​ក្នុង​តំបន់​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វិ​ក​រួម​របស់​យើង ។ ទើប​រដ្ឋាភិបាល​បាន​ចាប់ផ្តើម​កម្មវិធី​ភាព​ជា​ដៃគូ​សម្រាប់​ក្រប​ខណ្ឌ​នៃ​ការ​ស្តារ​ឡើង​វិញ ។ ដែល​នៅ​ដើមឆ្នាំ 2020 និង 2021 យើង​ផ្តោត​ជា​ខ្លាំង​ទៅ​លើ​ការ​ទិញ​វ៉ាក់សាំង សមត្ថភាព​ក្នុង​ការ​ចែកចាយ​វ៉ាក់សាំង​ទាំងនោះ​ ប្រកបដោយ​ប្រសិទ្ធភាព​ទៅ​កាន់​ប្រទេស​ផ្សេង​ៗ និង​ភាព​ប្រាកដ​ថា​យើង​កំពុង​ជួយ​ក្នុង​ការ​លើកកម្ពស់​ការ​យល់​ដឹង​ជា​សាធារណៈ និង​យុទ្ធនាការ​អប់រំ​សាធារណៈ ។ ដើម្បី​ឱ្យ​ប្រជាជន​បានដឹង​ពី​របៀប​ ដើម្បី​អនុម័ត​វិធានការ​កាត់​បន្ថយ​ហានិភ័យ​ពី​ជំងឺ​កូ​វី​ដ​-១៩ ដែល​សម​ស្រប ដូច​ជា​ការ​រក្សា​គម្លាត​សង្គម ការ​ពាក់​ម៉ាស់ និង​លាង​សម្អាត​ដៃ​ឱ្យ​បាន​ត្រឹមត្រូវ​ជាដើម ។

ជា​ការ​ពិត​ណាស់ ដូចដែល​យើង​ទាំងអស់​គ្នា​បានដឹង​ហើយ​ថា នៅ​ពេល​ដែល​វ៉ាក់សាំង​ ចាប់ផ្តើម​ត្រូវ​បាន​ផលិត​ជា​លើក​ដំបូង វា​មានការ​លំបាក​ខ្លាំង​ សម្រាប់​ខ្សែ​សង្វា​ក់​ផ្គត់ផ្គង់​សកល​ទាំងនោះ អាច​ធ្វើការ​ចែកចាយ​បាន​គ្រប់គ្រាន់ ​ក្នុង​បរិមាណ​គ្រប់គ្រាន់ ដើម្បី​ដាក់​ឱ្យ​ប្រើប្រាស់​នៅ​ជុំវិញ​ពិភពលោក រួម​ទាំង​ទៅ​កាន់​ប្រទេស​អូស្ត្រាលី និង​ទៅ​កន្លែង​នានា ដូច​ជា​កម្ពុជា ។ ប៉ុន្តែ​យើង​បាន​សហការ​យ៉ាង​រឺ​ង​មាំ​ក្នុង​កិច្ចព្រមព្រៀង​ជាស​កល​ជាមួយ​អង្គការ​យូ​នី​សេ​ហ្វ ដោយ​អង្គការ​យូ​នី​សេ​ហ្វ បាន​ចេញ​ទៅ​ទីផ្សារ​អន្តរជាតិ​ ក្នុង​នាម​ជា​អ្នកទិញ​ជំនួស​យើង ដើម្បី​អាច​ទទួល​បាន​វ៉ាក់សាំង ទើប​យើង​អាច​ផ្តល់​វ៉ាក់សាំង​ទាំងនោះ​ដល់​ប្រទេស​នានា ដូច​ជា​កម្ពុជា ។ ហើយ​យើង​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាង​មុតមាំ​ថា យើង​នឹង​ធ្វើ​វា ។ ហើយ​កាលពី​ចុងខែ​ធ្នូ ឆ្នាំ​មុន វ៉ាក់សាំង Pfizer BioNTech ចំនួន 2.35 លាន​ដូ​ស ត្រូវ​បាន​បញ្ជូន​មក​ប្រទេស​កម្ពុជា ដែល​អង្គការ​យូ​នី​សេ​ហ្វ​បាន​ទិញ​ពី​ក្រុមហ៊ុន Pfizer ក្នុង​នាមរដ្ឋាភិបាល​អូស្ត្រាលី ។ ហើយ​វ៉ាក់សាំង​ទាំងនោះ​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា និង​ក្រសួងសុខាភិបាល​ប្រើ​ភ្លាម​ៗ សម្រាប់​ជា​ដូ​ស​ជំរុញ ដែល​ភាគច្រើន​ជា​ដូ​ស​ទី ៤ ក្នុង​ករណី​ខ្លះ​ជា​ដូ​ស​ទី ៣ ដើម្បី​ពង្រឹង​ដូ​ស​ដំបូង​ ដែល​ប្រជាជន​កម្ពុជា​បាន​ចាក់ ។

យើង​គិត​ថា វា​ដំណើរការ​បាន​ល្អ​ណាស់ ។ វ៉ាក់សាំង Pfizer គឺជា​វ៉ាក់សាំង mRNA ហើយ​ត្រូវការ​ប្រព័ន្ធ​ទុកដាក់​ជាក់លាក់ ដូច្នេះ​ក្នុង​ករណី Pfizer នេះ ត្រូវការ​ទូរ​បង្កក​រក្សា​វ៉ាក់សាំង​ ដែល​អាច​រក្សា​ទុក​វ៉ាក់សាំង Pfizer នៅ​សីតុណ្ហភាព​ត្រជាក់​ដល់ -80 អង្សា​សេ ។ តាម​ពិត​ទៅ ប្រទេស​កម្ពុជា​មាន​ទូរ​បង្កក​រក្សា​វ៉ាក់សាំង​បែ​បេ​នេះ​ មួយ​ចំនួន​រួច​ហើយ​នៅ​ទីក្រុង​ភ្នំពេញ ប៉ុន្តែ​មិន​មាននៅ​តាម​ខេត្ត​នោះ​ទេ ។ ដូច្នេះ​ផ្នែក​មួយ​នៃ​ជំនួយ​របស់​យើង គឺ​មិនមែន​គ្រាន់តែ​ទិញ​វ៉ាក់សាំង​ចំនួន 2.35 លាន​ដូ​ស ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​មាន​ជួយ​ផង​ដែរ​នូវ​ទូរ​បង្កក​រក្សា​វ៉ាក់សាំង និង​បរិក្ខា​ប្រព័ន្ធ​ត្រជាក់​រក្សា​វ៉ាក់សាំង ដែល​អាច​ឱ្យ​យើង​ចែកចាយ និង​រក្សា​ទុក​វ៉ាក់សាំង​ទាំងនោះ នៅ​តាម​ខេត្ត​មួយ​ៗ ក្នុង​ប្រទេស​កម្ពុជា​ទាំងមូល ។ ដូច្នេះ​ហើយ យើង​បាន​បញ្ជា​ទិញ​ទូរ​បង្កក​រក្សា​វ៉ាក់សាំង ចំនួន 133 ដែល​ជា​ផ្នែក​នៃ​ជំនួយ​របស់​យើង ​ដល់​ប្រទេស​កម្ពុជា ក្នុង​ភាព​ជា​ដៃគូ​ជាមួយ​អង្គការ​យូ​នី​សេ​ហ្វ ។

រូបភាព៖ ស្រី គំនិត

ហើយ​កាលពីដើម​ឆ្នាំ​នេះ ខ្ញុំ​មាន​កិ​តិ្ត​យស​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្តរតនគិរី ដើម្បី​ទៅ​មើល​ទូរ​បង្កក​រក្សា​វ៉ាក់សាំង​នេះ ដើម្បី​មើល​ពី​របៀប ​ដែល​វ៉ាក់សាំង Pfizer ត្រូវ​បាន​ចាក់​ជូន​ដល់​ប្រជាជន​ក្នុង​ខេត្តរតនគិរី ជា​ដូ​ស​ជំរុញ ។ ពិត​ណាស់ ប្រទេស​កម្ពុជា​បាន​គ្រប់គ្រង​លទ្ធកម្ម​វ៉ាក់សាំង​របស់​ខ្លួន​បាន​យ៉ាង​ល្អ ។ កម្ពុជា​បាន​ទទួល​វ៉ាក់សាំង​មួយ​ចំនួន ​ពី​ប្រទេស​ជា​មិត្ត ដូច​ជា​អូស្ត្រាលី​ជាដើម ។ កម្ពុជា​ក៏​បាន​ទិញ​វ៉ាក់សាំង​ជា​ច្រើន​ផង​ដែរ តាម​រយៈ​ដំណើរការ​ថវិកា​រដ្ឋាភិបាល​របស់​ខ្លួន ដូច្នេះ​ហើយ​នៅ​ពេល​នេះ ខ្ញុំ​គិត​ថា កម្ពុជា​នៅ​មាន​វ៉ាក់សាំង ហើយ​ត្រូវ​ប្រើ​វា​អោយ​បាន​មុន​ពេល​វ៉ាក់សាំង​ទាំងនោះ​ផុតកំណត់ ។ យើង​ដឹង​ច្បាស់​ហើយ​ថា យើង​មិន​ចង់​ផ្តល់​ឱ្យ​កម្ពុជា ​នូវ​វ៉ាក់សាំង​បន្ថែម​ទៀត​ទេ មុន​ពេល​ដែល​កម្ពុជា​ត្រៀមខ្លួន ​ទទួល​វ៉ាក់សាំង​ទាំងនោះ ពីព្រោះ​បើ​មិន​ដូច្នេះ​ទេ វ៉ាក់សាំង​របស់​យើង​អាច​នឹង​ផុតកំណត់​ផង​ដែរ ប្រសិនបើ​វា​មិន​ត្រូវ​បាន​ប្រើប្រាស់ ព្រោះ​យើង​ត្រូវ​ប្រើ​វ៉ាក់សាំង​មុន​ៗ​ជា​មុន​សិន ។ ប៉ុន្តែ​ខ្ញុំ​ដឹង​ថា​រដ្ឋាភិបាល​កម្ពុជា​ពិតជា​ចង់ និង​បាន​ចាប់ផ្តើម​រួច​ហើយ ហើយ​ក៏​នឹង​បន្ត​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ដល់​កុមារ ហើយ​អ្វី​ដែល​កម្ពុជា​មិន​ទាន់​មាន គឺ​វ៉ាក់សាំង Pfizer សម្រាប់​កុមារ ។ ទើប​យើង​បាន​សម្រេចចិត្ត​មុន​នេះ​ថា យើង​នឹង​ចាប់ផ្តើម​ផ្តល់​វ៉ាក់សាំង​កុមារ Pfizer ចំនួន 500 000 ដូ​ស​ដល់​កម្ពុជា ។ ហើយ​យើង​រំពឹង​ថា វ៉ាក់សាំង​នេះ​នឹង​មក​ដល់​ខែ​ក្រោយ​នេះ ។ ខ្ញុំ​ដឹង​ថា សម្តេច​នាយក​រដ្ឋមន្ត្រី​ក៏​បាន​ប្រកាស​ជា​សាធារណៈ​ រួច​ហើយ​អំពី​ជំនួយ​នេះ ។

សំណួរ ៖ ងាក​មក​រឿង​ពាណិជ្ជកម្ម​ទ្វេភាគី ។ តើ​ទំហំ​ពាណិជ្ជកម្ម​អូស្ត្រាលី​-​កម្ពុជា​ឆ្នាំ ២០២១ កន្លង​ទៅ​មានការ​កើនឡើង ឬ​ថយ​ចុះ ធៀប​នឹង​ឆ្នាំ ២០២០ ។ តើ​ទំនិញ​អ្វីខ្លះ​ដែល​អូស្ត្រាលី​នាំ​ចេញ​មក​កម្ពុជា និង​ទំនិញ​អ្វីខ្លះ​ដែល​អូស្ត្រាលី​នាំ​ចូល​ពី​កម្ពុជា ?

រូបភាព៖ ស្រី គំនិត

ឯកឧត្តម Pablo Kang៖ តាម​ពិត​ទៅ យើង​មិន​ទាន់​មាន​ស្ថិតិ​ពាណិជ្ជកម្ម​ឆ្នាំ 2021 នៅឡើយ​ទេ តែ​ខ្ញុំ​អាច​និយាយ​អំពី​ឆ្នាំ 2020 បាន ។ នៅ​ឆ្នាំ 2020 យើង​បានឃើញ​ពាណិជ្ជកម្ម​ទ្វេភាគី ពេល​ដែល​ខ្ញុំ​និយាយ​ពី​ពាណិជ្ជកម្ម ខ្ញុំ​សំដៅលើ​ពាណិជ្ជកម្ម​ទាំង​ទំនិញ និង​សេវាកម្ម សេវាកម្ម​រួម​បញ្ចូល​ទាំង​ការ​អប់រំ និង​ទេសចរណ៍ ។ ពាណិជ្ជកម្ម​ទៅ​វិញ​ទៅ​មក​លើ​ទំនិញ និង​សេវាកម្ម ក្នុង​ឆ្នាំ 2020 មាន​តម្លៃ​ប្រហែល 750 លាន​ដុល្លារ​អូស្ត្រាលី ហើយ​បើ​យើង​មើល​លើ​ការ​នាំ​ចេញ​ចម្បង​ ពី​ប្រទេស​អូស្ត្រាលី ការ​អប់រំ​ដូចដែល​យើង​បាន​ពិភាក្សា​មុន​នេះ ជា​ការ​នាំ​ចេញ​សំខាន់​មួយ នៅ​ពេល​ដែល​និស្សិត​កម្ពុជា​បង់ថ្លៃ​សិក្សា​ នៅ​សាកលវិទ្យាល័យ​អូស្ត្រាលី វា​ជា​ផ្នែក​មួយ​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​ទៅ​វិញ​ទៅ​មក ​ផ្នែក​សេវាកម្ម ។ ការ​នាំ​ចេញ​ផ្សេង​ៗ​ទៀត ​ពី​អូស្ត្រាលី​មាន​ដូច​ជា សាច់​គោ យើង​អាច​រក​ទិញ និង​បរិភោគ​សាច់​គោ​អូស្ត្រាលី នៅ​តាម​ភោជនីយដ្ឋាន​ជា​ច្រើន ក្នុង​ទីក្រុង​ភ្នំពេញ សៀមរាប និង​ខេត្ត​ផ្សេង​ៗ​ទៀត ហើយ​អូស្ត្រាលី​ក៏​នាំ​ចេញ​ផលិតផល​រោងចក្រ ​ដែល​មាន​តម្លៃ​ខ្ពស់​មួយ​ចំនួន ដូច​ជា បរិក្ខារ​ពេទ្យ និង​ថ្នាំពេទ្យ ជាដើម ​។ ធ្យូងថ្ម​ក៏​ជា​ទំនិញ​នាំ​ចេញ​ធំ​មួយទៀត​ដែរ អូស្ត្រាលី​ជា​អ្នក​នាំ​ចេញ​ធ្យូងថ្ម​ធំ​គួរសម ។

បើ​និយាយ​ពី​ការ​នាំ​ចេញពី​ប្រទេស​កម្ពុជា ​ទៅ​កាន់​ប្រទេស​អូស្ត្រាលី​វិញ ទេសចរណ៍​គឺជា​ផ្នែក​មួយ​ដ៏​ធំ​ក្នុង​ការ​នាំ​ចេញ​ផ្នែក​សេវាកម្ម ក្នុង​ឆ្នាំ 2019 មុន​ពេល​មាន​ជំងឺ​កូ​វី​ដ មាន​ជនជាតិ​អូស្ត្រាលី​ប្រហែល 130 000 នាក់ ទទួល​បាន​ទិដ្ឋាការ​ទេសចរណ៍​មក​លេង​កម្ពុជា ហើយ​ភាគច្រើន​នៃ​ពួក​គេ​ទាំងនោះ បាន​ទៅ​លេង​ទីកន្លែង​នានា ដូច​ជា​ប្រាសាទអង្គរវត្ត ជាដើម ។ ដូច្នេះ វិស័យ​ទេសចរណ៍​ជា​ចំណូល​ដ៏​ធំ​មួយ មុន​ពេល​មានការ​រាតត្បាត​ជំងឺ​នេះ ។ ក្នុងអំឡុងពេល​មានការ​រាតត្បាត​ជំងឺ ទំនិញ​មួយ​ចំនួន​ដែល​នាំ​ចេញពី​កម្ពុជា​ទៅ​អូស្ត្រាលី មានការ​ជា​កើនឡើង ប្រហែលជា 50% ដូច​ជា​ការ​នាំ​ចេញ​អង្ករ​គុណភាព​ខ្ពស់​ពី​កម្ពុជា​ទៅ​អូស្ត្រាលី នៅ​ចន្លោះ​ឆ្នាំ 2019 ដល់ ឆ្នាំ 2020 អង្ករ​ក្រអូប​មាន​ប្រជាប្រិយភាព​ខ្លាំង​នៅ​ប្រទេស​អូស្ត្រាលី ហើយ​ជា​ការ​ពិត​ណាស់ កម្ពុជា​ផលិត​បាន​អង្ករ​ក្រអូប​គុណភាព​ខ្ពស់ ហើយ​បាន​ឈ្នះ​ពាន​ន​រង្វាន់​អន្តរជាតិ​ជា​ច្រើន​ផង​ដែរ ។

ហើយ​ដូចដែល​យើង​ដឹង​ហើយ​ថា នៅ​មាន​ទំនិញ​នាំ​ចេញ​មួយ​ចំនួន​ទៀត ​ពី​ប្រទេស​កម្ពុជា​ទៅ​កាន់​ប្រទេស​អូស្ត្រាលី ដូច​ជា វាយនភ័ណ្ឌ សម្លៀក​បំពាក់ និង​ស្បែកជើង ដែល​មាន​តាំងពី​យូរណាស់​មក​ហើយ ។ ចាប់ពី​ពាក់កណ្តាល​ឆ្នាំ​មុន​មក កម្ពុជា​បាន​បើក​ការដ្ឋាន​រុករក​រ៉ែ​មាស​ថ្មី ដែល​ជា​ការដ្ឋាន​រ៉ែ​មាស​ពាណិជ្ជកម្ម​ដំបូង​គេ ជា​ការដ្ឋាន​រ៉ែ​មាស​ដែល​មាន​និរន្តរភាព នៅ​ក្នុង​ខេត្តមណ្ឌលគិរី ហើយ​មាស​ក៏​ជា​មុខទំនិញ​សំខាន់​ដែល​នាំ​ចេញពី​កម្ពុជា​ទៅ​អូស្ត្រាលី​ផង​ដែរ នា​ពេល​នេះ ។ ជា​ការ​ពិត​ណាស់ ខ្ញុំ​សង្ឃឹមថា សេដ្ឋកិច្ច​របស់​យើង​ទាំង​ពីរ​មាន​សេរីភាវូបនីយកម្ម ទាំង​អូស្ត្រាលី និង​កម្ពុជា មានការ​យល់​ឃើញ​ថា មធ្យោបាយ​ដ៏​ល្អ​បំផុត​ដើម្បី​កែ​លម្អ​ពាណិជ្ជកម្ម និង​កំណើនសេដ្ឋកិច្ច គឺ​ការ​មាន​សេដ្ឋកិច្ច​បើកចំហ មិន​មាន​ពន្ធ​នាំ​ចូល មិន​មាន​កូតា មិន​មាន​ឧបសគ្គ​ផ្សេង​ៗ រារាំង​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម ។ ខ្ញុំ​គិត​ថា ការ​យល់​ឃើញ​នេះ ត្រូវ​បាន​ឆ្លុះ​បញ្ចាំង​នៅ​ក្នុង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​មួយ​ចំនួន ដែល​កម្ពុជា​បាន​ចុះហត្ថលេខា​នា​ពេល​ថ្មី​ៗ​នេះ​ជាមួយ​អូស្ត្រាលី រួម​ទាំង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដ៏​ធំ​បំផុត​របស់​ពិភពលោក គឺ​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ​ក្នុង​តំបន់ ឬ RCEP ដែល​បាន​ចូល​ជា​ធរមាន​នៅ​ដើមឆ្នាំ​នេះ ។ កម្ពុជា​អូស្ត្រាលី​ក៏​ជា​ភាគី​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី អាស៊ាន អូស្ត្រាលី នូ​វែ​ល​ហ្សេ​ឡង់ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដំបូង ប្រហែល 10 ឆ្នាំ​មុន ហើយ​ត្រូវ​បាន​បំពេញបន្ថែម​ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នៅ​ឆ្នាំ​នេះ ដើម្បី​រាប់​បញ្ចូល​ពី​ភាព​ជឿនលឿន​នៃ​ពាណិជ្ជកម្ម​ឌី​ជី​ថ​ល ហើយ​នេះ​ជា​អ្វី​ដែល​កម្ពុជា​បាន​ប្តេជ្ញា​ចិត្ត នឹង​ធ្វើការ​សម្របសម្រួល ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​នេះ ។ ខ្ញុំ​គិត​ថា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទាំងនោះ នឹង​បើក​អោយ​មានឱកាស​បន្ថែម​ទៀត សម្រាប់​ពាណិជ្ជកម្ម​កាន់តែ​ច្រើន​ឡើង​លើ​ទំនិញ និង​សេវាកម្ម រវាង​ប្រទេស​យើង​ទាំង​ពីរ ។

សំណួរ ៖ កន្លង​មក នាង​ខ្ញុំ​ដឹង​ថា ស្នងការ​នគរបាល​សហព័ន្ធ​អូស្ត្រាលី (Australian Federal Police) បាន​នឹង​កំពុង​ធ្វើ​កិច្ចសហការ​របស់​ខ្លួន​ជាមួយនឹង​នគរបាល​ជាតិ​កម្ពុជា (CNP) ជា​ច្រើន​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​កេងប្រវ័ញ្ច​ផ្លូវភេទ​លើ​កុមារ ។ តើ​ឯកឧត្តម ឯកអគ្គរដ្ឋទូត Pablo Kang អាច​ជម្រាប​ជូន​បន្ថែម​អំពី​កិច្ចសហការ​គ្នា​លើ​វិស័យ​នេះ​ថា ទទួល​បាន​សមិទ្ធិ​ផល​យ៉ាងណា​ខ្លះ ?

ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា ឯកឧត្តម Pablo Kang ។ រូបភាព៖ ស្រី គំនិត

ឯកឧត្តម Pablo Kang៖ បាទ វា​ជា​បញ្ហា​សំខាន់​ណាស់ ហើយ​ជា​អកុសល​បញ្ហា​នេះ​នៅ​តែ​កើត​មាន​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា ទាំង​ការ​កេងប្រវ័ញ្ច​ផ្លូវភេទ​លើ​កុមារ រួម​ទាំង​ទេសចរណ៍​ផ្លូវភេទ​កុមារ និង​ការ​កេងប្រវ័ញ្ច​ផ្លូវភេទ​លើ​កុមារ​តាម​អ៊ីនធឺណិត ។ ជា​ការ​ពិត​ណាស់​ក្នុងអំឡុងពេល​កូ​វី​ដ ដែល​មនុស្ស​មានការ​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ អត្រា​នៃ​ការ​កេងប្រវ័ញ្ច​ផ្លូវភេទ​លើ​កុមារ​ នៅ​ក្នុង​ប្រទេស ដែល​ប្រព្រឹត្ត​ឡើង​ដោយ​ទេសចរណ៍​ដែល​ចូល​មក ​ក្នុង​ប្រទេស​កម្ពុជា​មានការ​ថយ​ចុះ​យ៉ាង​ច្បាស់ ប៉ុន្តែ​ការ​កេងប្រវ័ញ្ច​តាម​អ៊ីនធឺណិត​នៅ​តែ​ជា​បញ្ហា​ធំ ។ ដូចដែល​យើង​បានដឹង យើង​មាន​មន្ត្រី​ទំនាក់ទំនង​របស់​នគរបាល​សហព័ន្ធ​អូស្ត្រាលី ដែល​ជា​ផ្នែក​មួយ​របស់​ស្ថានទូត​របស់​យើង​នៅ​ទី​នេះ ​ក្នុង​ទីក្រុង​ភ្នំពេញ តំណាង​ឱ្យ​នគរបាល​កណ្តាល​អូស្ត្រាលី ។ ពួក​គេ​ធ្វើការ​ងារ​បាន​ល្អ​ណាស់ ជា​ពិសេស​ជាមួយ​នគរបាល​ជាតិ​កម្ពុជា និង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេង​ទៀត​របស់​រដ្ឋាភិបាល ព្រមទាំង​ជាមួយ​អង្គការ​សង្គម​ស៊ី​វិល ឬ​អង្គការ​មិនមែន​រដ្ឋាភិបាល ដែល​ធ្វើការ​ក្នុង​ផ្នែក​នេះ ដើម្បី​ព្យាយាម និង​ជួយ​កម្ពុជា បង្ក្រាប​ឧប្បត្តិហេតុ​នៃ​ការ​កេងប្រវ័ញ្ច​ផ្លូវភេទ​លើ​កុមារ ។ ក្នុង​រយៈពេល​ពីរ​ឆ្នាំ​កន្លង​មកនេះ នគរបាល​សហព័ន្ធ​របស់​យើង​បាន​ផ្តល់​ថវិកា​ចំនួន 130 000 ដុល្លារ​អូស្ត្រាលី ដល់​នគរបាល​ជាតិ​កម្ពុជា ដើម្បី​ជួយ​ពួក​គេ​ក្នុង​បញ្ហា​នានា ដូច​ជា ការ​ស៊ើបអង្កេត ការ​ប្រើប្រាស់​កោសល្យ​វិ​ច្ច័​យ ព្រមទាំង​ការ​ជួយ​គាំទ្រ និង​ការ​កំណត់​អត្តសញ្ញាណ​ជន​រង​គ្រោះ​ផង​ដែរ ។

​ថ្មី​ៗ​នេះ ដូច​ជា​កាលពី​ខែ​មុន នៅ​ខេត្តសៀមរាប យើង​បាន​រៀបចំ​សន្និសីទ​ថ្នាក់​តំបន់​ដ៏​ធំ​មួយ លើ​ប្រធានបទ​នេះ ដែល​មាន​អ្នកចូលរួម​ប្រហែល 17 នាក់​មក​ពី​ទូ​ទាំង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក ។ ហើយ​យើង​បាន​ពិនិត្យ​មើល​លើ​បញ្ហា​មួយ​ចំនួន ដូច​ជា ថា​តើ​យើង​ប្រើប្រាស់​បច្ចេកវិទ្យា​ថ្មី​ៗ ដើម្បី​បង្កើន​សមត្ថភាព​របស់​យើង ​ក្នុង​ការ​ស៊ើបអង្កេត​ឧក្រិដ្ឋកម្ម​ទាំងនេះ ​ដោយ​របៀប​ណា តើ​យើង​ធ្វើ​ជា​ដៃគូ​បន្ថែម​ទៀត ​ជាមួយ​សហគមន៍​លើ​បញ្ហា​ទាំងនេះ​ដោយ​របៀប​ណា តើ​យើង​ប្រើប្រាស់​ការ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​បន្ថែម​ទៀត​ដោយ​របៀប​ណា ក្នុង​ការ​ស៊ើបអង្កេត​របស់​យើង ។ វា​ជា​សន្និសីទ​ដែល​យើង​បាន​រៀបចំ​ធ្វើ​ជាមួយ​មជ្ឈមណ្ឌល​ហ្សា​កា​តា ​សម្រាប់​កិច្ចសហការ​អនុវត្ត​ច្បាប់ ។ ការ​កេងប្រវ័ញ្ច​ផ្លូវភេទ​លើ​កុមារ​ជា​បញ្ហា​ធំ ហើយ​វា​ជា​បញ្ហា​មួយ​ដែល​យើង​បាន​ធ្វើ​ការងារ​ជា​យូរ​មក​ហើយ​ នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​យើង​នឹង​បន្ត​ធ្វើ​តទៅ​ទៀត ។ ដូចដែល​ខ្ញុំ​បាន​លើក​ឡើង​មុន​នេះ យើង​ក៏​ធ្វើការ​ជាមួយ​អង្គការ​មិនមែន​រដ្ឋាភិបាល​មួយ​ចំនួន នៅ​ក្នុង​ផ្នែក​នេះ​ផង​ដែរ រួម​មាន​អង្គការ APLE Cambodia ឬ Action Pour Les Enfants ដែល​ជា​អង្គការ​មិនមែន​រដ្ឋាភិបាល​ដ៏​ធំ​មួយ ​ធ្វើការ​លើ​បញ្ហា​ទាំងនេះ ហើយ​ថ្មី​ៗ​នេះ យើង​បាន​ជួយ​ពួក​គេ​ដើម្បី​បង្កើត​តារាង​អា​ស័​យ​ដ្ឋា​ន​ និង​ទំនាក់ទំនង សម្រាប់​សេវាកម្ម​គាំទ្រ​ជន​រង​គ្រោះ​នៅ​ក្នុង​ប្រទេស​កម្ពុជា ។

រូបភាព៖ ស្រី គំនិត

សំណួរ ៖ តើ​ឯកឧត្តម ឯកអគ្គរដ្ឋទូត​មាន​អ្វី​បន្ថែម​ពីលើ​កិច្ច​សម្ភាសន៍​ថ្ងៃនេះ​ទៀត​ដែរ ឬទេ ?

ឯកឧត្តម Pablo Kang ៖ ខ្ញុំ​ចង់​និយាយ​ថា ខ្ញុំ​រីករាយ​ដែល​និយាយ​ជាមួយ​កញ្ញា ។ អូស្ត្រាលី និង​កម្ពុជា មាន​ទំនាក់ទំនង​ដ៏​យូរលង់​ណាស់​មក​ហើយ តាម​ពិត​ទៅ​ឆ្នាំ​នេះ យើង​ប្រារព្ធ​ខួប​ទី 70 ឆ្នាំ នៃ​ការ​បង្កើត​ទំនាក់ទំនង​ការទូត​របស់​យើង ដែល​កើត​មាន​ឡើង​កាលពី 70 ឆ្នាំ​មុន ក្នុង​ឆ្នាំ 1952 ។ ទំនាក់ទំនង​នេះ​ បង្ហាញ​ពី​ភាព​យូរអង្វែង ដង្ហើម និង​ភាព​ធន់ នៃ​ទំនាក់ទំនង​ទ្វេភាគី​របស់​យើង យើង​អាច​ដឹង​បាន​ថា នៅ​ឆ្នាំ 1952 ប្រទេស​កម្ពុជា​នៅ​មិន​ទាន់​ជា​ប្រទេស ​ដែល​មាន​ឯករាជ្យ​ភាព​ជា​ផ្លូវការ​នៅឡើយ​ទេ កម្ពុជា​នៅ​ជា​ផ្នែក​មួយ​នៃ​សហភាព​បារាំង ។ ប៉ុន្តែ​ទំនាក់ទំនង​របស់​យើង​បាន​ពង្រីក​តាំងពី​នៅ​ពេល​នោះ​មក ហើយ​ខ្ញុំ​គិត​ថា ឆ្លងកាត់​ពេលវេលា​រាប់​ឆ្នាំ​នេះ យើង​នឹង​ពង្រឹង​ទំនាក់ទំនង​នេះ​ឱ្យ​កាន់តែ​រឹង​មាំ​ថែម​ទៀត ។ ឆ្នាំ​នេះ​ជា​ឆ្នាំ​ដ៏​សំខាន់​មួយ​របស់​កម្ពុជា ដែល​កម្ពុជា​ធ្វើ​ជា​ប្រធាន​អាស៊ាន ។ ដូចដែល​ខ្ញុំ​បាន​លើក​ឡើង​មុន​នេះ យើង​បាន​និង​កំពុង​ធ្វើ​កម្មវិធី​មួយ​ចំនួន​សម្រាប់​ឆ្នាំ​នេះ ដើម្បី​ប្រារព្ធ​ខួប​ទី 70 ឆ្នាំ នេះ បន្ថែម​លើ​អ្វី​ដែល​យើង​បាន​ធ្វើ​រួច​ហើយ ។ ដូច្នេះ ខ្ញុំ​ទន្ទឹងរង់ចាំ​ធ្វើ​កម្មវិធី​ទាំងនេះ ហើយ​អរគុណ​កញ្ញា និង​ក្រុមការងារ​សម្រាប់​ថ្ងៃនេះ ៕