រាជធានីភ្នំពេញ ៖ Fox Sports Asia ដែលជាវេបសាយធំមួយនៅសហរដ្ឋអាមេរិកបានចុះផ្សាយកាលពីថ្ងៃទី១៤ វិច្ឆិកា ថា ខ្សែប្រយុទ្ធឆ្នើមនៃក្រុមជម្រើសជាតិកម្ពុជា ចាន់ វឌ្ឍនាកា បានត្រៀមខ្លួនធ្វើព្យុះធ្វើភ្លៀងសម្រាប់ព្រឹត្តិការណ៍ AFF Suzuki Cup ២០១៦ នៅប្រទេសមីយ៉ាន់ម៉ា រួចរាល់ហើយ ។
Fox Sports Asiaបានប្រដូចកីឡាករចាន់ វឌ្ឍនាកា ទៅនឹងកីឡាករCristiano Ronaldoរបស់ក្រុមជម្រើសជាតិព័រទុយហ្គាល់ និងកីឡាករNeymarរបស់ក្រុមជម្រើសជាតិប្រេស៊ីល ហើយថា កីឡាកររូបនេះនឹងប្រើប្រាស់ជំនាញផ្ទាល់ខ្លួនជួយក្រុមជម្រើសជាតិកម្ពុជាដែលមានរហស្សនាមគោព្រៃឱ្យកាន់តែលេចធ្លោក្នុងព្រឹត្តិការណ៍AFF Suzuki Cup ។ ជាក់ស្ដែងក្នុងជំនួបមិត្តភាពចុងក្រោយជាមួយក្រុមតោសិង្ហបុរី ទោះបីក្រុមគោព្រៃកម្ពុជាចាញ់១-០ ក៏ក្រុមមួយនេះមានឱកាសគ្រប់គ្រងបាល់បានច្រើនដែរ ជាពិសេសកីឡាករចាន់ វឌ្ឍនាកា ដែលត្រូវគេចាត់ទុកជាGoal Maker Machine ស្ទើរតែរកគ្រាប់បាល់ឱ្យក្រុមរបស់ខ្លួនបានជាច្រើនលើកធ្វើឱ្យក្រុមម្ចាស់ផ្ទះភ័យមិនស្ទើរទៀតផង ។
នៅក្នុងព្រឹត្តិការណ៍បាល់ទាត់ដណ្ដើមពានAFF Suzuki Cup២០១៦ នៅប្រទេសមីយ៉ាន់ម៉ា ក្រុមគោព្រៃកម្ពុជាស្ថិតក្នុងពូល B ជាមួយក្រុមម្ចាស់ផ្ទះមីយ៉ាន់ម៉ា, វៀតណាម និងម៉ាឡេស៊ី ។ សូមរង់ចាំតាមដានទាំងអស់គ្នា ថាតើកីឡាករ ចាន់ វឌ្ឍនាកា ពិតជាអាចធ្វើព្យុះធ្វើភ្លៀងក្នុងព្រឹត្តិការណ៍ AFF Suzuki Cup ២០១៦ ដូច Fox Sports Asia ចុះផ្សាយឬយ៉ាងណា៕
ចែករំលែកព័តមាននេះ