ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សួន ពិសិដ្ឋ ចេញ​មុខ​និយាយ​ពី​បេក្ខជន ទុំ រ​ដ្ឋា និង​​បង្ហើប​ពី​ឱកាស​ច្រៀង​នៅ​ហង្ស​មាស

1 ឆ្នាំ មុន
  • ភ្នំពេញ

លោក សួន ពិសិដ្ឋ បាន​ចេញ​មុខ​និយាយ​ពី​បេក្ខជន ទុំ រ​ដ្ឋា ដែល​ជ្រុះ​ចេញពី​កម្មវិធី​ប្រឡង​ជុំ​ដំបូង Cambodia Idol ។ រហូត​មក​ទល់​ពេល​នេះ នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ហាក់​នៅ​មិន​ទាន់​ស្ងប់​កំ​ដៅ​នៃ​ការ​រិះគន់​ជុំវិញ

រាជធានី​ភ្នំពេញ ៖ លោក សួន ពិសិដ្ឋ បាន​ចេញ​មុខ​និយាយ​ពី​បេក្ខជន ទុំ រ​ដ្ឋា ដែល​ជ្រុះ​ចេញពី​កម្មវិធី​ប្រឡង​ជុំ​ដំបូង Cambodia Idol ។ រហូត​មក​ទល់​ពេល​នេះ នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ហាក់​នៅ​មិន​ទាន់​ស្ងប់​កំ​ដៅ​នៃ​ការ​រិះគន់​ជុំវិញ​ការ​មិន​សុខចិត្ត​ដែល​អោយ​បេក្ខជន ទុំ រ​ដ្ឋា ធ្លាក់​ទាំង​បេក្ខជន​រូប​នេះ មាន​ទឹកដម​សម្លេង​ល្អ ។ មហាជន​បាន​ផ្តោត​ទៅ​លើ​គណៈកម្មការ ជា​ពិសេស​លោក ឆ​ន សុវណ្ណ រាជ និង​អ្នក​នាង ឱ​ក សុគន្ធ​កញ្ញា ដែល​បាន​ទម្លាក់​បេក្ខជន​រូប​នេះ​មិន​អោយទៅ​វគ្គ​បន្ត​។

ជុំវិញ​បញ្ហា​ខាងលើ​នេះ ជា​អ្នកនិពន្ធ​បទ​ចម្រៀង និង​ធ្លាប់​ផ្តល់​ពិន្ទុ​ប្រឡង​ចម្រៀង​នា​ពេល​កន្លង​មក លោក សួន ពិសិដ្ឋ បាន​ចេញ​មុខ​និយាយ​ពី​ចំណុច​មួយ​ចំនួន​ដែល​ធ្វើ​អោយ​គណៈ​កមក​ម្មការ មិន​អោយ ទុំ រ​ដ្ឋា ឡើង​វគ្គ​បន្ត​។

លោក​បាន​លើក​ឡើង​ថា ប្អូន ទុំ រ​ដ្ឋា ខ្ញុំ​បាន​មើល និង​ស្ដាប់​ការ​ច្រៀង​ប្រឡង​ក្នុង​កម្មវិធី Cambodian Idol ប្អូន​មាន​ចំណុចខ្សោយ និង​ប្អូន​ក៏​មាន​ចំណុចខ្លាំង​! ទី​១)- គណៈកម្មការ​ទាំង​៤​រូប លោក ណុ​ប បា​យ៉ា​រិ​ទ្ធ អ្នក​នាង ឱ​ក សុគន្ធ​កញ្ញា អ្នក​នាង សុខ សីឡា​លី​ន និង​លោក ឆ​ន សុ​វ​ណ្ណា​រាជ បាន​លើក​ឡើង​អំពី​ចំណុច​វិជ្ជមាន និង​អវិជ្ជមាន អំពី​ទេព​កោសល្យ​ពូកែ និង​ខ្វះខាត​ក្នុង​ការ​ច្រៀង​របស់​ប្អូន សុទ្ធសឹងតែ​ត្រូវ​ទាំងអស់​!​។ គាត់​ទាំង​៤​រូប មាន​មូលហេតុ និង​ផល​ល្អ​ជាក់​ប្រាកដ ច្បាស់លាស់​របស់​គាត់​រៀង​ៗ​ខ្លួន ឈរ​ក្នុង​ការ​សម្រេចចិត្ត​កាត់សេចក្ដី​ជាប់ ឬ​ធ្លាក់​!​។

លោក​បន្ត​ថា ទី​២)- ប្អូន​មាន (​ដុ​ង​) ទេព​កោសល្យ ឧបនិស្ស័យ ទឹកដម​សម្លេង​ពី​កំណើត​ល្អ និង​ចេះ​របៀប​បែបផែន​នៃ​ការ​ច្រៀង​អឺ​ន​អង (​អឿ​ន​ឈឿ​ន​!) បាន​ល្អ​!​។

លោក សួន ពិសិដ្ឋ បន្ត​ថា ទី​៣)- និយាយ​អំពី​បច្ចេកទេស​សម្លេង និង​ការ​ច្រៀង​របស់​ប្អូន​វិញ​ម្ដង ៖ សម្លេង​ប្អូន​ប្រើ​ចេញពី​ដើមទ្រូង ទៅ​បំពង់​.​ក ដល់​គល់​ថ្គាម ចូល​ក្រអូមមាត់ និង​ចុង​ច្រមុះ​បន្តិច​។ ប្អូន​ច្រៀង​ប្រកាន់​តុង​ក្នុង​បទ​ភ្លេង​បាន​ល្អ​ខ្លាំង ភ្លាវ​តិចតួច​បំផុត ចង្វាក់​ក៏​ល្អ ចេះ​ប្រើ​សម្លេង​ខ្មោច​ពេល​ស្រែក​ឡើង​ខ្ពស់ ចេះ​ទប់​សម្លេង ទោះជា​ស្ទើរ​បន្តិច​ក៏​ដោយ ដោយសារ​អស់កម្លាំង​ខ្ញុំ​យល់​! ចេះ​ថ្នម ចេះ​ខ្លាំង ខ្យល់​ដង្ហើមវែង​ល្មម​គួរសម មិន​ទាន់​ចេះ​ប្រើ​ខ្យល់​ដង្ហើម និង​មិន​ទាន់​ចេះ​ទប់​ខ្យល់​ដង្ហើម រលក​សម្លេង​មាន រលក​ចង្វាក់​រណ្ដំ​ល្អ គ្រាន់តែ​មិន​ទាន់​ចេះ និង​យល់​របៀប​នៃ​ការ​ប្រើ​រលក​ក្នុង​ការ​ប្រើ​សម្លេង​នៅឡើយ រីឯ​សម្លេង​កណ្ដាល​របស់​ប្អូន​ធ្ងន់​ល្អ និង​មាន​កម្លាំង​មាំ​ធំ រួម​ទាំង​ពេល​ស្រែក​ឡើង​ដែរ ទាស់​ត្រង់​មួយ​ចំណុច ដោយសារ​តែ​សម្លេង​ចុង​ច្រមុះ លាយ​នឹង​ក្រអូមមាត់ និង​គល់​ថ្គាម​នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​សម្លេង​ប្អូន​ស្រ​ដៀង​ទៅ​នឹង​សម្លេង​គណៈកម្មការ ឆ​ន សុ​វ​ណ្ណា​រាជ ច្រើន​គួរសម​! ហើយ​ការ​ច្រៀង​ស្រែក​ទៅ​តុង​ខាងលើ​ៗ​របស់​ប្អូន​នៅ​ស្ទើរ​ខ្ពស់​មិន​ដល់​តុង បើ​ទោះជា​អស់កម្លាំង​យ៉ាងណា​ក៏​ដោយ​… ប៉ុន្តែ​…! ពេល​ដែល​ប្អូន​ច្រៀង​ចុះ​មក​សម្លេង​ខាងក្រោម​វិញ ប្អូន​ប្រើ​សម្លេង​ដើមទ្រូង​ទាំងស្រុង​នោះ គឺ​ក្រោម​ខ្លាំង ហើយ​បាន​ធ្ងន់​ល្អ​ខ្លាំង​ណាស់ និង​មាន​ទឹកដម​ក្រអួន​ល្អ និង​ល្អ​ជាង​សម្លេង​តារាចម្រៀង​អាជីព​ក្នុង​វិស័យ​សិល្បៈ​តន្ត្រី​ចម្រៀង​ខ្លះ​ផង ក៏​មិន​មាន និង​មិន​អាច​ធ្ងន់​មាន​ទម្ងន់ និង​មាន​ទឹកដម​ល្អ​ដូច​ជា​សម្លេង​ប្អូន​នោះ​ឡើយ​! ហើយ​សម្លេង​ដើមទ្រូង​ខាងក្រោម​របស់​ប្អូន គឺ​មិន​ច្រឡំ​ជាមួយ​អ្នក​ណា ឬ​តារាចម្រៀង​រាមច្បង​ណា​នោះ​ឡើយ​! គឺ Unique!​។

លោក​បន្ត​ថា ទី​៤)- សម្រាប់​ខ្ញុំ គឺ​ខ្ញុំ​ផ្ទាល់​ឱ្យ​ប្អូន​ជាប់​ទៅ​ប្រឡង​ដំណាក់កាល​បន្ទាប់​ទៀត ដូច​ជា​គណៈកម្មការ លោក ណុ​ប បា​យ៉ា​រិ​ទ្ធ ដូច្នោះ​ដែរ​! គណៈកម្មការ​ទាំង​៣​រូប​ទៀត​គាត់​មិន​ឱ្យ​ប្អូន​ជាប់ គឺ​គាត់​មាន ហេតុ និង ផល វិជ្ជាជីវៈ បទ​ពិសោធន៍ និង​ការ​វាស់វែង ថ្លឹងថ្លែង ច្បាស់លាស់​របស់​គាត់ ក្នុង​ការ​សម្រេចចិត្ត​មិន​ឱ្យ​ប្អូន​ជាប់​ឈរ​ក្នុង​ភាព​ត្រឹមត្រូវ​របស់​គាត់​! ប៉ុន្តែ​បើ​ទោះជា​ប្អូន​មិន​ជាប់​ក៏​ដោយ កុំ​អស់សង្ឃឹម ត្រូវ​តែ​រឹង​មាំ ឈប់​យំ​! បន្តដំណើរ​តទៅ​មុខ​ទៀត​រហូត​ទាល់តែ​ទទួល​បាន​ជោ​ជ័យ​គោលដៅ​សុ​បិ​ន្ត ជា​តារាចម្រៀង​ល្បី​ក្នុង​វិស័យ​សិល្បៈ​តន្ត្រី​ចម្រៀង​ខ្មែរ​មួយ​រូប​នេះ​! ។

លោក​បន្ត​ទៀត​ថា ទី​៥)- បង​គាំទ្រ​ប្អូន ហើយនឹង​ផ្ដល់​ឱកាស​ទទួល​ប្អូន​ជា​កូនសិស្សរ​បស់បង​ផ្ទាល់ ខ្ញុំ​នឹង​បង្វឹក​បង្ហាត់បង្រៀន​ប្អូន​ដោយ​ផ្ទាល់​ដល់​ផ្ទះ និង studio ខ្ញុំ​តែ​ម្ដង អំពី​របៀប និង​បច្ចេកទេស​ច្រៀង និង​កុងត្រូល​សម្លេង ស្គាល់​ណាត​.​ភ្លេង ដឹង​ការ​កុងត្រូល​តុង និង​ចង្វាក់ និង​សម្លេង​បាន​ច្បាស់ ចេះ​ប្រើ​ដង្ហើម ចេះ​ទប់​ខ្យល់​ដង្ហើម និង​ដង្ហើមវែង និង​ច្រៀង​ចុះ​ក្រោម​កាន់តែ​ធ្ងន់ កាន់តែ​ចុះ​ក្រោម​បាន​ទៀត ប្រើ​សម្លេង​ខ្មោច​កាន់តែ​ខ្ពស់​ក្រ​លួច​ក្រអួន ស្រែក​កាន់តែ​បាន​ខ្ពស់ មាន​កម្លាំង​និង​ទឹកដម ប្រែក្លាយ​ប្អូន​ឱ្យ​ក្លាយជា​តារាចម្រៀង​អាជីព Professional និង​ចេះអក្សរ​ភ្លេង​ណោ​ត​ច្រៀង​ច្បាស់លាស់​មិនមែន​លំ​ៗ​។

លោក សួន ពិសិដ្ឋ បាន​បន្ថែម​ថា ទី​៦)- ដោយសារ​តែ​បង​នៅ​ក្រោម​ដំបូល​ក្រុមហ៊ុន​ក្រុម​គ្រួសារ ហង្ស​មាស ស្រាប់ ក្នុង​នាម​ជា​លោកគ្រូ អ្នក​តែង​និពន្ធ​បទ​ភ្លេង និង​ទំនុកច្រៀង គណៈកម្មការ​កម្មវិធី​ប្រឡង​ចម្រៀង តារាចម្រៀង ការ​សម្ដែង និង​ជា​គ្រូបង្វឹក​បង្ហាត់បង្រៀន​តារាចម្រៀង ប្រចាំ​ក្រុមហ៊ុន ផលិតកម្ម ហង្ស​មាស បង​មាន​ក្ដី​ចាប់អារម្មណ៍​លើ​សមត្ថភាព និង​ទេព​កោសល្យ​ពី​កំណើត​ប្អូន​ខ្លាំង​ណាស់ ខ្ញុំ​នឹង​ស្នើ​សុំ​លោកពូ​អគ្គនាយក​ក្រុមហ៊ុន ផលិតកម្ម ហង្ស​មាស រួម​ទាំង​បង​ៗ​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន ដើម្បី​អនុញ្ញាត​ផ្ដល់​ឱកាស​ឱ្យ​ប្អូន​បាន​មានឱកាស​បញ្ចេញ​សមត្ថភាព ក្នុង​បទ​ចម្រៀង​ថ្មី​ដែល​ខ្ញុំ​នឹង​តែង​និពន្ធ​ទាំង​បទ​ភ្លេង​ថ្មី ទាំង​ទំនុកច្រៀង​ថ្មី និង​បង្វឹក​បង្ហាត់​ប​ង្រៀ​ង​ប្អូន​ដោយ​ផ្ទាល់​ក្នុង​ការ​ច្រៀង​បទ​ថ្មី​របស់ខ្ញុំ​តែង​និពន្ធ និង​ក្រុមហ៊ុន ហង្ស​មាស ព្រមទាំង​ស្នើ​សុំ​ក្រុមហ៊ុន នឹង​ផលិត​ជា MV ដល់​ប្អូន អាច​ផ្ដល់​ឱកាស​ឱ្យ​ប្អូន​ក្លាយជា​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​! ប្អូន​មិន​ចាំបាច់​ទៅ​ផលិតកម្ម​ណា ឬ​ទៅ​ណា​ទៅ​ណី​នោះ​ទេ​! សង្ឃឹមថា លោក​អគ្គនាយក និង​បង​ៗ នឹង​មាន​មេត្តា​ចូលរួម​ផ្ដល់​ឱកាស​ឱ្យ​ប្អូន​ផង​ដែរ​!​។ ដោយ​ក្ដី​គោរព​ស្រលាញ់​ពី​ខ្ញុំបាទ​! ខ្ញុំ​មើលឃើញ គ្រាប់ពេជ្រ Unique មិន​ទាន់​ឆ្នៃ​! ។

លោក​បន្ថែម​ទៀត​ថា ទី​៧)- ចរិត​ឫកពា​របស់​ប្អូន​ល្អ​សមសួន មើលទៅ​មានការ​ចេះ​ដឹង​ថ្លៃថ្នូរ​មាន​ក្រមសីលធម៌​ល្អ និង​រូបសម្បត្តិ​ប្អូន​ប៉ុណ្ណឹង​សម​រម​ហើយ​អាច​ជាតា​រា​បាន​។ ចាំ​មើល​ៗ..​ថា​តើ​ប្អូន​ប្រឡង​ធ្លាក់​មិន​មាន​ពាន នឹង​អាច​ក្លាយជា​តារាចម្រៀង​ល្បី មាន​ប្រជាប្រិយភាព មាន​ហ្វេ​ន​គាំទ្រ និង​មាន​បទ​ល្បី​ៗ​ក្នុង​ដួងចិត្ត​មហាជន​ឬ​អត់​!​? ខ្ញុំ​ធ្លាប់​បាន​ធ្វើ និង​ជួយ​ជ្រោមជ្រែង​បុគ្គល​សាមញ្ញ​មិន​ដែល​ប្រឡង​ចម្រៀង មិន​មាន​ពាន មិន​មានឈ្មោះ​ក្នុង​សង្គម ពី​ជីវិត​ក្រលំបាក រហូត​ទទួល​បាន​ជោគជ័យ​ក្នុង​វិ​ថី​សិល្បៈ​តន្ត្រី​ចម្រៀង​ក្លាយជា​កំពូល​តារាចម្រៀង​ខ្មែរ​មួយ​រូប​ដែល​មានកេរ្តិ៍ឈ្មោះ​ល្បីល្បាញ មាន​ប្រជាប្រិយភាព មាន​ហ្វេ​ន​រាប់​លាន​នាក់ រហូត​ក្លាយជា​សហគ្រិន​ជោគជ័យ​ទាំង​ក្នុង​សិល្បៈ ទាំង​ក្នុង​វិស័យ​ពាណិជ្ជកម្ម​ផង​ដែរ រហូត​ដល់​មក​សព្វ​ថ្ងៃនេះ​រួច​មក​ហើយ​!៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ