ម៉ៅ សេទុង ជាអ្នកដឹកនាំដ៏ល្បីល្បាញម្នាក់នៅក្នុងសតវត្សទី២០ ។ មនុស្សទាំងពិភពលោកស្គាល់គាត់ក្នុងឋានៈជាអ្នកផ្ដួលរំលំរដ្ឋាភិបាលចិន និងគណៈគ្រប់គ្រងជាតិរបស់សេនាប្រមុខចាង ខៃជៀក ហើយបង្កើតលទ្ធិកុម្មុយនីស្ដក្នុងទឹកដីចិន ។
សៀវភៅ «បុគ្គលខ្លាំង អ្នកធ្វើឱ្យរង្គើប្រវត្តិសាស្ត្រលោក» របស់លោកគឹម ចាន់ណា អត្ថាធិប្បាយថា លោកម៉ៅ សេទុង បានប្រកាសបង្កើតជាសាធារណរដ្ឋប្រជាជនចិន នៅថ្ងៃទី១ ខែតុលា ឆ្នាំ១៩៤៩ នៅឯវិមានចតុកោណ ធានអាន់មិន ជាអ្នកធ្វើបដិវត្ដវប្បធម៌ និងបានទទួលនូវការលើកតម្កើងក្នុងនាមជាបុគ្គលមានសមត្ថភាពបង្រួបបង្រួមប្រទេសចិនឱ្យក្លាយជាមហាប្រទេសសាជាថ្មី បន្ទាប់ពីធ្លាក់ទៅក្រោមឥទ្ធិពលរបស់ជនបរទេស ចាប់តាំងពីមានរឿង សង្គ្រាមអាភៀនមក ។ ប៉ុន្តែអ្វីទាំងអស់នេះធ្វើឱ្យ ជនជាតិចិនត្រូវបាត់បង់ជិវិតដោយសារតែការអត់ឃ្លានរហូតដល់៧០លាននាក់ ក្រោមការដឹកនាំរបស់គាត់ ដែលចាត់ទុកថាជាការចំណាយជិវិតរបស់ប្រជាជនក្នុងអំឡុងពេលគ្មានសង្គ្រាមដ៏ច្រើនបំផុតនៅក្នុងប្រវត្ដិសាស្ដ្រ ។
ជិវិតចុងក្រោយរបស់ម៉ៅ សេទុង ត្រូវបញ្ចប់យ៉ាង ទារុណបំផុតដោយជំងឺដ៏កាចសាហាវ និងការឱបក្រសោបអំណាចរហូតដល់នាទីចុងក្រោយ ។
បណ្ណាល័យ ៖ ដើមទុនសម្រាប់ធ្វើបដិវត្តន៍
ម៉ៅ សេទុង កើតនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ១៨៩៣ ក្នុងគ្រួសារកសិករ រស់នៅទីជនបទស្រុកឆាវសាន តំបន់ហ៊ូណាន ។ ពេលអាយុបាន៨ឆ្នាំ គេបានចូលរៀននៅសាលាបឋសិក្សាក្នុងភូមិ និងត្រូវឪពុកបង្ខំឱ្យរៀនសូត្រតាមពាក្យប្រៀនប្រដៅរបស់ខុងជឺ យ៉ាងតឹងរឹុងជាទីបំផុត ។ ម៉ៅ សេទុង បានរៀនចប់ខាងផ្នែកអក្សរសិល្ប៍ ដែលអាចតែងកំណាព្យកាព្យឃ្លោងបានល្អវិសេសក្នុងលំដាប់ថ្នាក់បណ្ឌិត ឬមនុស្សជាន់ខ្ពស់ ។ ម៉ៅ សេទុង ជាមនុស្សស្អប់ការរើសអើង និងការបែងចែកវណ្ណៈរវាងមនុស្សវណ្ណៈខ្ពស់ និងវណ្ណៈកសិករតាំងពីខ្លួននៅក្មេងមកម្ល៉េះ ។
ម៉ៅ សេទុង បានប្រឡងជាប់ចូលរៀនមហាវិទ្យាល័យគរុកោសល្យហ៊ូណាន និងបានខំប្រឹងប្រែងសិក្សារៀនសូត្រយ៉ាងពេញទំហឹង។ នៅពេល ទំនេរៗ គេបានសរសេរអត្ថបទចុះតាមសៀវភៅរបស់មហាវិទ្យាល័យ ។ ស្នាដៃនិពន្ធភាគច្រើនរបស់ម៉ៅ សេទុង តែងតែរិះគន់របបគ្រប់គ្រងរបស់រាជវង្សឈិង ដែលទទួលបាននូវការពេញនិយមពីអ្នកអានជាច្រើន ។
បន្ទាប់ពីនោះ ម៉ៅ សេទុង បានបន្តរៀននៅមហាវិទ្យាល័យប៉េកាំង ។ ម៉ៅ សេទុង រៀនផង និងធ្វើជាជំនួយការបណ្ណារក្សផង ។ ម៉ៅ សេទុង ជាមនុស្សចូលចិត្ដអានសៀវភៅ និងអានមិនរើសថា ជាវិជ្ជាអ្វីទេ ។ គឺបណ្ណាល័យនេះឯងដែលជាឃ្លាំងនៃចំណេះដឹងនិងជាប្រភពសន្សំបញ្ញារបស់ម៉ៅ សេទុង ។ មានរឿងតំណាលថា ចំណេះដឹងដែលបានមកពីបណ្ណាល័យប៉េងកាំងនោះហើយ គឺជាដើមទុនសម្រាប់ឱ្យម៉ៅ សេទុង ធ្វើបដិវត្ដផ្លាស់ប្ដូររបបគ្រប់គ្រងចិនទាំងមូលនោះ ។
ការបង្កើតបក្សកុម្មុយនីស្ត
នៅក្នុងអំឡុងឆ្នាំ១៩១៨ ជាសម័យបណ្ឌិតស៊ុន យាតសេន ដឹកនាំប្រទេស ក្រុមនិស្សិតបញ្ញវន្តដែលមានគំនិតចម្រើនជឿនលឿននៅប៉េកាំង បានចាប់ផ្ដើមធ្វើសកម្មភាពប៉ុនប៉ងផ្លាស់ប្ដូររបបគ្រប់គ្រងក្នុងប្រទេសចិន ។ ទទ្ទឹមគ្នានេះសាស្ដ្រចារ្យលី តាចៅ បានផ្ដួចផ្ដើមបង្កើត «ក្រុមនិយមរបបម៉ាកស៊ីស» ឡើងនៅមហាវិទ្យាល័យប៉េកាំង ដែលម៉ៅ សេទុង បានចូលរួមយ៉ាងសកម្មជាមួយនឹងសាស្ដ្រាចារ្យ ។ រហូតដល់ឆ្នាំ១៩២១ ម៉ៅ សេទុង ប្រមូលគ្គីគ្នាបង្កើតបក្សកុម្មុយនីស្ដចិនដែល ដំបូងៗ មានសមាជិកត្រឹមតែ១២នាក់ និងមានការណាត់ជួបប្រជុំគ្នាម្តងម្កាល ។ ទោះបីជាអាជ្ញាធររដ្ឋាភិបាលបក្សកួកមិងតាំង ព្យាយាមបោសសំអាតយ៉ាងណាក៏ គណបក្សឆ្វេងរបស់ចិនមួយក្រុមនេះ នៅតែមានឥទ្ធិពលរហូតធ្វើឱ្យបណ្តាពួកកម្មករកំពង់ផែ និងអ្នកនេសាទ ដែលនៅម្ដុំកោះហុងកុង ចាប់ផ្ដើមប្រឆាំងតទល់ជាមួយពួកថៅកែយ៉ាងខ្លាំងក្លា ។ នេះជាការប្រឆាំងនឹងពួកនាយទុនទៅតាមបែបរបស់បក្សកុម្មុយនីស្តដែលរីករាលដាលនៅទូទៅទាំងប្រទេស ។
«នៅពេលបានឡើងកាន់អំណាចជាមេដឹកនាំរបស់ប្រទេសចិនហើយ ម៉ៅ សេទុងបានផ្លាស់ប្តូរប្រព័ន្ធអប់រំសិក្សាថ្មីមួយដែលពុំធ្លាប់មានពីមុនទៅតាមមាគ៌ានៃរបបសង្គមនិយម ដោយលុបបំបាត់របបរាជនិយម លុបបំបាត់សាលាចំណេះដឹងទូទៅ លុបបំបាត់ការរៀនសូត្រតាមតម្រាខុងជឺ រីឯស្នាដៃអក្សសិល្ប៍ក៏ត្រូវគេបំផ្លាញចោលអស់ជាច្រើន ។
គ្រូបង្រៀន សិស្ស និស្សិត ត្រូវគេជម្លៀសឱ្យទៅរស់នៅតាមស្រែចម្ការ ដើម្បីរៀនសូត្រតាមការអនុវត្តជាក់ស្តែង ពុំមែនគ្រាន់តែរៀនចេះចាំក្នុងគម្ពីរប៉ុណ្ណោះទេ » ។
រដ្ឋាភិបាលរួបរួមជាតិ
នៅក្នុងឆ្នាំ១៩២៣ បណ្ឌិតស៊ុន យ៉ាតសេន បានចេញថ្លែងការណ៍នៅទីក្រុងសៀងហៃក្នុងដែនដីដែលបក្សកុម្មុយនីសកំពុងរីករាលដាលដើម្បីអំពាវនាវឱ្យបក្សកុម្មុយស្តចូលមករួមរួមគ្នាជាមួយគណបក្ស កួកមិងតាំង របស់រដ្ឋាភិបាល។ នេះគឺជាលើកដំបូងដែលម៉ៅ សេទុង បានជួបជាមួយនឹងចាង ខៃជៀក បុគ្គលសំខាន់របស់រដ្ឋាភិបាល កួកមិងតាំងនៃប្រទេសចិន ។
ក្រោយពីមានការចរចាសម្រុះសម្រួលរវាង គណបក្សកួកមិងតាំង និងគណបក្សកុម្មុយនីស្តចិនមក គេក៏បានព្រមព្រៀងគ្នាបង្កើតរដ្ឋាភិបាលចម្រុះមួយហៅថា «រដ្ឋាភិបាលរួបរួមជាតិ» ហើយពេលនោះស្ថានការណ៍ស្រុកទេសក៏មានលក្ខណៈប្រក្រតីឡើងវិញ ។ ប៉ុន្តែបានមិនបានយូរប៉ុន្មាន នៅឆ្នាំ១៩២៥ បណ្ឌិតស៊ុនយ៉ាតសេន ក៏ទទួលអនិច្ចកម្មដោយជំងឺមហារីក គណបក្សទាំងពីរនេះក៏ចាប់ផ្ដើមបែកបាក់គ្នាឡើងវិញ ។ ៥ខែក្រោយមក ម៉ៅ សេទុង ក៏ចាប់ផ្តើមធ្វើកំណែទម្រង់អំពីកម្មសិទ្ធិដីធ្លី ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់កសិករ ដោយ ម៉ៅ សេទុង ខ្លួនឯងបានចូលរួមជាសមាជិក និងជាគណៈកម្មការសហព័ន្ធសហជីពកសិករផងដែរ ទើបត្រូវសមាជិកនៅក្នុងបក្សបានរិះគន់ថា គាត់កំពុងតែបំផ្លាញស្ថិរភាពរបស់រដ្ឋាភិបាលរួបរួមជាតិនេះហើយ ។
ការបែកជាពីររបស់ចិន
ទន្ទឹមនឹងគ្នានោះ ការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីបានបណ្ដាលឱ្យកើតមានទំនាស់យ៉ាងធ្ងន់រវាងគណបក្សទាំងពីរ ។ ម៉ៅ សេទុង បានឡើងតំណែងពីគណៈកម្មការសហព័ន្ធសហជីព កសិករមកជានាយកហពន្ធ័សហជីពដែលជាហេតុធ្វើម៉ៅ ត្រូវគេស្នើឱ្យធ្វើជាបេក្ខជនឈរឈ្មោះបោះឆ្នោតក្នុងគ្រានោះផងដែរ ។ ម៉ៅ សេទុង មានសំឡេងគាំទ្រពីក្រុមកសិករ និងបណ្ដាមហាជនក្នុងវណ្ណៈកម្មករស្ទើរតែមួយចំហៀងប្រទេស ។ តែមិនទាន់ដល់ថ្ងៃកំណត់ការបោះឆ្នោតផង ស្រាប់តែវិបត្តិនយោបាយក៏ចាប់ផ្ដើមចលាចលឡើង ។ ក្រុមប្រជាករសិករនៅតំបន់ហ៊ូណាន បានបង្កភាពវឹកវរឡើង ហើយពួកនាយទុនក៏ចាប់ផ្ដើុមចេញមកតស៊ូ ធ្វើឱ្យមានការខូចខាតយ៉ាងដំណំទាំងសងខាង។
ម៉ៅ សេទុងត្រូវបានគេបណ្ដេញពីបក្សដោយចោទប្រកាន់ពីបទញុះញង់ឱ្យក្រុមពួកកសិករនិងកម្មករបំពាននឹងបទបញ្ជារបស់រដ្ឋាភិបាល រហូតធ្វើឱ្យមានចលាចលកើតឡើង។ ពេលេពីបក្សម៉ៅ សេទុងក៏បានប្រកាសថា ខ្លួនគឺជាទ័ពព្រៃ(ចោរក្រហមកុម្មុយនីស្ត) ហើយក៏ព្យាយាមរៀបចំបង្កើតកងទ័ពបដិវត្តន៍របស់ប្រជាកសិករឡើងក្នុងខែកញ្ញា ឆ្នាំ១៩២៧។ ចំណែកចាង ខៃជៀកខាងភាគីរដ្ឋាភិបាល ដែលបានទទួលការគាំទ្រពីពួកបានចាត់វិធានការបោសសំអាតពួកបុគ្គល សំខាន់ៗរបស់បក្សកុម្មុយនីស្តមិនរើសមុខ ។ ហេតុការណ៍ដែលកើតឡើងនៅតំបន់សៀងហៃ ក្នុងគ្រានោះចាត់ទុកថាជាសោកនាដកម្មមួយរបស់ប្រទេសចិនធ្វើឱ្យម៉ៅ សេទុងនិងកងទ័ពខ្លួនត្រូវទទួលរងការខូតខាតយ៉ាងច្រើនស្ទើរតែមិនអាចងើបមកវិញរួច ។
លោកប្រធាន ម៉ៅ សេទុង ដ៏មហិមា
ពេលដែលគេចខ្លួនរួចផុតពីកងទ័ពគណៈជាតិរបស់ចិនហើយ ម៉ៅ សេទុងក៏បានរៀបចំបង្កើតទ័ពព្រៃក្រហមបន្ដទៀត ហើយខិតខំប្រមែប្រមូលកម្លាំងទ័ព និងគ្រឿងសព្វាវុធនៅតាមជួរភ្នំជិនកាំងសាន ។ ក្រោយមកទៀតបណ្ដាពួកកុម្មុយនីស្ដក្រុម ផ្សេងៗ ក៏នាំគ្នាគេចខ្លួនទៅរួបរួមជាមួយម៉ៅ សេទុងជាបន្ដបន្ទាប់ ។ ដូច្នេះហើយទើបកងទ័ពក្រហមរបស់ម៉ៅ សេទុងកាន់តែរីកទ្រង់ទ្រាយ ធំឡើងៗមានឥទ្ធិពលកាន់តែខ្លាំង និងពង្រីកតំបន់កាន់កាប់តែច្រើន ។ ម៉ៅ សេទុងមានឈ្មោះល្បីល្បាញក្នុងឋានៈជាអ្នកក្តោបអំណាចរបស់បក្សកុម្មុយនីស្ដទាំងអស់ ។ ម៉ៅ សេទុងបានបង្កើតរដ្ឋាភិបាលកុម្មុយនីស្ត ដែលមានបែបបទខុសពីរដ្ឋាភិបាលចិនគណៈជាតិរបស់ចាង ខៃជៀក។ ខែតុលា ឆ្នាំ១៩៣៣ ចាងខៃជៀកបានប្រើវិធីឡោមព័ទ្ធកងទ័ពកុម្មុយនីស្តចិនតាមរូបភាព «កៀងបញ្ចលស៊ង»ឬប្រៀបដូចជារៀបកំផែងព័ទ្ធជុំវិញប្រទេសចិនទាំងមូល ហើយវាយផ្ទប់ដោយឥតសំចៃ ធ្វើឱ្យកងទ័ពរបស់ម៉ៅ សេទុង ត្រូវបរាជ័យយ៉ាងធ្ងន់ ។
ក្នុងស្ថានការណ៍អាសន្នបែបនេះម៉ៅ សេទុងមានដំណោះស្រោយតែម្យ៉ាងគត់ គឺរួបរួមកម្លាំងវាយបំបែកត្រង់ចំណុចណាមួយដើម្បីបើកច្រកគេចខ្លួន ។ ក្នុងខណៈនោះកងទ័ពគណៈជាតិរបស់ចាង ខៃជៀងបានព័ទ្ធជុំវិញស្ទើរតែគ្រប់កន្លែង គឺនៅសល់តែភាគខាងជើងប៉ុណ្ណោះដែលជាជួរភ្នំដាច់ស្រយាល និងព្រៃស្តុក ហើយត្រូវធ្វើដំណើរគេចវាងចុះឡើង ដើម្បីកុំឱ្យសត្រូវចូលទៅវាយប្រហារបាន ។ នៅខែកញ្ញា ឆ្នាំ១៩៣៤ ការធ្វើដំណើរគេចខ្លួនក៏ចាប់ផ្ដើមឡើង ។ ទោះបីជាបានរៀបចំជើងការយ៉ាងល្អិតល្អន់ និងជាសម្ងាត់យ៉ាងណាក៏ដោយ ក៏ទ័ពកុម្មុយនីស្តរបស់ម៉ៅ សេទុងនៅតែមិនអាចគេចផុតបានទាំងស្រុងដែរ ។ ពួកគេត្រូវពលីជីវិតកម្លាំងទ័ពអស់ជាច្រើន ប៉ុន្ដែដោយសារតែថាមពលផ្លូវចិត្តដ៏ខ្លាំងនោះ ទើបពួកគេប្តេជ្ញារត់គេចឱ្យទាល់តែបាន ។
រហូតដល់ថ្ងៃទី១៦ ខែតុលាឆ្នាំ១៩៣៤ ការព្យាយាមគេចខ្លួនរបស់កងទ័ពក្រហមក៏បានសម្រេច ដែលចាត់ទុកថាជាការធ្វើដំណើរមួយមានចម្ងាយប្រហែល៦៥០០ម៉ៃល៍។ សង្គ្រាមរវាងម៉ៅ សេទុង និងចាង ខៃជៀក បានអូសបន្លាយពេលអស់ជាច្រើនឆ្នាំ រហូតដល់ឆ្នាំ១៩៤៨ កងទ័ពចិនកុម្មុុយនីស្តក៏ដណ្ដើមជ័យជម្នះលើកងទ័ពចាង ខៃជៀកបានជាស្ថាពរ ហើយក៏រៀបចំរដ្ឋាភិបាលចិនកុម្មុយនីស្ដឡើង ។
វិមានចតុកោណ ធានអាន់មិនជាវិមានប្រវត្ដិសាស្ដ្រ ដែលលោកប្រធានម៉ៅ សេទុងប្រកាសបង្កើតជា «សាធារណរដ្ឋប្រជាមានិតចិន» នៅថ្ងៃទី១ ខែតុលា ឆ្នាំ១៩៤៩ ។
ព្រឹត្តិការណ៍សំខាន់ៗ
-កើតនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ១៨៩៣ ។
-ឆ្នាំ១៩២១បង្កើតកងទ័ពបក្សកុម្មុយនីស្តចិន។
-ប្រកាសខ្លួនជាក្រុមទ័ពព្រៃកុម្មុយនីស្តហើយចាត់តាំងកងទ័ពបដិវត្តន៍របស់ប្រជាកសិករឡើងនៅខែកញ្ញា ឆ្នាំ១៩២៧ ។
-ខែតុលា ឆ្នាំ១៩៣៣ ចាង ខៃជៀក ប្រើវិធីឡោមព័ទ្ធកងទ័ពចិនកុម្មុយនីស្តធ្វើឱ្យកងទ័ពរបស់ម៉ៅ សេទុង ទទួលបរាជ័យ ហើយត្រូវភៀសខ្លួនទៅភាគខាងជើង ។
-ឆ្នាំ១៩៤៨ ទទួលជ័យជម្នះលើកងទ័ពចិនគណៈជាតិរបស់ចាង ខៃជៀក ។
-ប្រកាសបង្កើតរដ្ឋប្រជាមានិតចិននាថ្ងៃទី១ ខែតុលា ឆ្នាំ១៩៤៩ នៅវិមានចតុកោណ ធានអាន់មិន ។
-ធ្វើបដិវត្តន៍វប្បធម៌នៅឆ្នាំ ១៩៦៦ ។
-ឡើងកាន់តំណែងជាប្រធានធិបតី រហូតដល់ឆ្នាំ ១៩៦៩ ។
-ទទួលមរណភាពនៅ ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ ១៩៧៦ ៕
ចែករំលែកព័តមាននេះ