រាជធានីភ្នំពេញ ៖ លោកវេជ្ជបណ្ឌិត ជា ហ៊ុយ ឯកទេសសល្យសាស្ត្រទូទៅនៃមន្ទីរពេទ្យកាល់មែ៉ត បានមានប្រសាសន៍ថា ការបាក់កឆ្អឹងភ្លៅគឺជាការបាក់ដែលមានលក្ខណៈធ្ងន់ធ្ងរ ជាពិសេសបើសិនជាអ្នកជំងឺមានវ័យចាស់ដោយសារផលវិបាករបស់វាអាចបណ្តាលឱ្យមានការគំរាមកំហែងដល់អាយុជីវិត ។ ប្រសិនជាអ្នកជំងឺមានវ័យក្មេងវាអាចបណ្តាលឱ្យមានការប៉ះពាល់ដល់មុខងាររបស់ជើងដែលបាក់ដោយសារការវិវឌ្ឍទៅរកការខូចក្បាលឆ្អឹង ឬការមិនតភ្ជាប់នៃឆ្អឹងបាក់ ។
អ្នកដែលមានវ័យចាស់ជរាចាប់ពីអាយុ ៦០ឆ្នាំមានការប្រឈមមុខខ្ពស់ទៅនឹងការបាក់កឆ្អឹងភ្លៅ ពីព្រោះឆ្អឹងរបស់គាត់មាននិន្នាការទៅរកភាពខ្សោយ ឬស្ដើង (Osteoporosis) ដែលជាទូទៅគ្រាន់តែបណ្តាលមកពីការដើរដួល ឬរអិលដួលចំណែកឯអ្នកដែលមានវ័យក្មេងបណ្តាលមកពីការបុកទង្គិចខ្លាំងក្លាដូចជា គ្រោះថ្នាក់ចរាចរណ៍ ឬធ្លាក់ពីទីខ្ពស់ ។
ក-តើសញ្ញាអ្វីខ្លះដែលត្រូវគិតដល់ការបាក់កឆ្អឹងភ្លៅ ?
-បើសិនជាអ្នកមានការបាក់កឆ្អឹងភ្លៅអ្នក នឹងមានការឈឺចុកចាប់យ៉ាងខ្លាំងនៅផ្នែកខាងលើ នៃឆ្អឹងភ្លៅ ឬតំបន់ក្រលៀន ជាពិសេសអ្នកមិនអាចឈរ ឬដើរបាន ។
-ជើងដែលបាក់មើលទៅខ្លីជាង ហើយប្រអប់ជើងងាកចេញមកក្រៅ បើយើងធ្វើការប្រៀបធៀបទៅនឹងជើងម្ខាងទៀត ។ បើសិនជាអ្នកមានសញ្ញាទាំងនេះត្រូវប្រញាប់មកមន្ទីរពេទ្យជាបន្ទាន់
ខ-តើយើងត្រូវធ្វើការព្យាបាលការបាក់កឆ្អឹងភ្លៅយ៉ាងដូចម្ដេច0x017d7 គោលបំណងនៃការព្យាបាលមាន២សំខាន់ ៖
១-បំបាត់ការឈឺចុកចាប់
២-ធ្វើយ៉ាងណាឱ្យអ្នកជំងឺឆាប់ធ្វើ ចលនាឡើងវិញបាន និងអាចមានលទ្ធភាពធ្វើសកម្ម ភាពការងារ ប្រហាក់ប្រហែល ឬដូចកាលពីមិនទាន់បាក់ ។
-ការឈឺចុកចាប់ខ្លាំងបណ្តាលឱ្យអ្នកជំងឺនៅស្ងៀមមិនអាចធ្វើចលនា ឬកម្រើកបាន ។
-ការនៅស្ងៀមមិនកម្រើកយូរអាចបណ្តាលឱ្យមានហានិភ័យខ្ពស់ដល់បញ្ហាសុខភាពទូទៅ និងអាយុជីវិត ជាពិសេសចំពោះអ្នកជំងឺដែលមានវ័យចាស់ជរា ។
-ភាគច្រើននៃអ្នកជំងឺបាក់កឆ្អឹងភ្លៅ ចាំបាច់ត្រូវធ្វើការវះកាត់ ដើម្បីតភ្ជាប់ឆ្អឹងដែលបាក់ ឬក៏ធ្វើការផ្លាស់ប្តូរក្បាលឆ្អឹងសិប្បនិម្មិត ដើម្បីជៀសវាងនូវផលវិបាក ។
គ-តើត្រូវធ្វើដូចម្តេចដើម្បីជៀសវាងការបាក់កឆ្អឹងភ្លៅ0x017d7 យើងមានហេតុផលជាច្រើនដែលអាចជៀសវាងការបាក់កឆ្អឹងភ្លៅបាន ។ ហេតុផលដ៏សំខាន់មួយជាចាំបាច់ គឺជៀសវាងការពុកឆ្អឹង (Osteoporosis) ។ លោកវេជ្ជ បណ្ឌិត ជា ហុ៊យ បានបញ្ជាក់ថា ដើម្បីរក្សាឆ្អឹងឱ្យមានភាពរឹងមាំយើងត្រូវ ៖
-ពិសាជាតិកាល់ស្យូម និងវីតាមីនដេឱ្យបានគ្រប់គ្រាន់
-ជៀសវាងការពិសាបារី និងជាតិអាល់កុលច្រើន
-ត្រូវធ្វើលំហាត់ប្រាណ ជាពិសេសការដើរជាជម្រើសមួយដ៏ល្អ បើសិនជាបងប្អូនមានបញ្ហាដូចរៀបរាប់ខាងលើ
សូមអញ្ជើញមកពិគ្រោះយោបល់ជាមួយក្រុមគ្រូពេទ្យជំនាញនៅមន្ទីរពេទ្យកាល់ម៉ែតដើម្បីទទួលការការពារ និងព្យាបាលដ៏មានប្រសិទ្ធភាព ជាមួយក្រុមគ្រូពេទ្យដែលមានបទពិសោធន៍ខ្ពស់ច្រើនឆ្នាំ ៕
ចែករំលែកព័តមាននេះ