ភ្លើង​អាប ភ្លើង​ព្រាយ ភ្លើង​ឆេះ​ឯង ជា​អ្វី ?


សៀវភៅ «១​សែន​បញ្ហា​» និទាន​ថា នៅ​ពេល​យប់​ជួនកាល​គេ​ឃើញ​ភ្លើង ម្យ៉ាង​ដែល​មាន​ទ្រង់ទ្រាយ​វែង​ហោះ​កាត់​លំហ​អាកាស ភ្លើង​នេះ​គេ​តែង​មាន​ជំនឿ ត​ៗ​គ្នា​មក​ថា ជា​ភ្លើង​អាប ឬ​ភ្លើង​ព្រាយ ។

គេ​តែង​ឮ​ពាក្យ​សម្តី​តំណាល​ថា មាន​គ្រូ​អាប (​ស្រី​ក៏​មាន ប្រុស​ក៏​មាន​) នៅ​វេលា​យប់​អាប​នោះ​រង់​ចាំតែ​មនុស្ស​ម្នា​ដេក​លក់​គ្រប់​គ្នា ឆ្អា​លវា​ផ្តាច់​ក ហូត​ក្បាល​និង​គ្រឿង​នៅ​ក្នុង​ខ្លួន​វា​ដោយ​ខ្លួនឯង ហោះ​ចេញ​ទៅ​រកស៊ី​ភក់ ជ្រាំ ស៊ី​កង្កែប ក្អាត់ ឬ​ស៊ី​លាមក​ជាដើម ។ ភ្លើង​ដែល​ភ្លឺ​ពណ៌​ខៀវ ដែល​វា​ហោះ​ចេញ​ទៅ​នោះ គេ​សន្មត​ថា ភ្លឺ​ដោយសារ​ប្រមាត់​របស់​វា ។ គ្រូ​អាប​ពូកែ​ណាស់ ចេះ​ធ្វើ​ឱ្យ​មនុស្ស​ទាំងស្រី​ប្រុស​ឈឺ (​ដែល​គេ​និយម​ហៅ​ថា អំពើ​) ឬ​ធ្វើ​ឱ្យ​មនុស្ស​ស្លាប់ ផង ។ ជា​ពិសេស​អាប​នោះ​ស៊ី​ភក់ជ្រាំ​ផ្ទះ​ណា មនុស្ស​ក្នុងផ្ទះ​នោះ​នឹង​ត្រូវ​រង​គ្រោះ​ដោយ​មាន​ជំងឺ​ធ្ងន់ ឬ​ស្លាប់​ក៏​មាន ដូច្នេះ​ហើយ​បានជា​អ្នក​ជំនឿ​ខ្លះ​បាន​កាប់​បន្លា​ស្អិត បន្លា​ឫស្សី ឬ​បន្លា​ដំបងយក្ស ទៅ​ឆ្ការ​ព័ទ្ធ​ជុំវិញ​កន្លែង​មាន​ភក់ជ្រាំ ឬ​កន្លែង​ស្មោកគ្រោក ផ្សេង​ៗ​ក្រោមផ្ទះ ឬ​នៅ​កន្លែង​ដែល​ស្ត្រីភេទ​កំពុង​សម្រាលកូន ខ្លាចក្រែង​មាន​អាប​មក​ស៊ី ។​ល​។

ភ្លើង​ទាំងនេះ​ច្រើន​កើត​មាននៅ​ម្តុំ​ណា​ដែល​សម្បូរ​ទៅ​ដោយ​ផ្នូរខ្មោច ឬ​ឆ្អឹង​សត្វ ផ្សេង​ៗ មាន​ឆ្អឹង​មនុស្ស ឆ្អឹង​គោ ឆ្អឹង​ឆ្កែ ឆ្អឹង​ឆ្មា និង​ឆ្អឹង​ជ្រូក​ជាដើម ។

បើ​ភ្លើង​នេះ​ហោះ​ចេញពី​ព្រៃ​ខ្មោច គេ​ច្រើន​សន្មត​ថា​ជា​ភ្លើង​ព្រាយ ព្រោះ​គេ​យល់​ថា​នៅ​ក្នុង​ព្រៃ ឬ​នៅ​កន្លែង​កប់ខ្មោច​ច្រើន​សម្បូរ​ដោយ​ព្រាយ​បិសាច ហើយ​ត្រាយ​បិសាច​ទាំងនោះ តែង​ហោះ​ចេញ​ទៅ​រកស៊ី​នៅ​ទី ឆ្ងាយ​ៗ នា​វេលា​យប់ ។ ជួនកាល​នៅ​លើ​វាលទំនាប​ក៏​មាន​អណ្តាតភ្លើង ខៀវ​ៗ​លោត ភ្លែត​ៗ មើលទៅ​គួរ​ឱ្យ​ព្រឺក្បាល ភ្លើង​នោះ​គេ​ចាត់​ទុក​ថា​ជា​ភ្លើង​ខ្មោច​ដែល​វា​កំពុង​តែ​បញ្ចេញ​សកម្មភាព ។

អ្នក​វិទ្យាសាស្ត្រ​បាន​តាមដាន​ស្រាវជ្រាវ
បុព្វហេតុ​ទាំងនេះ ដោយ​បាន​រក​ឃើញ​ហេតុផល​ពិតប្រាកដ​របស់​វា ហើយ​បាន​ទាំង​ពិសោធន៍​ជាក់ស្តែង​ឃើញ​ថា​៖ នៅ​ក្នុង​ឆ្អឹង​សត្វ​ទាំងឡាយ សុទ្ធតែ​មាន​វត្ថុ​ម្យ៉ាង​ដែល​ងាយ​ឆេះ​ជាទី​បំផុត វត្ថុ​ធាតុ​នេះ​ហៅ​ថា «​ហ្វូ​ស​ហ្វ៊័​រ​» ។ ជាតិ ហ្វូ​ស​ហ្វ៊័​រ​» នេះ កាលបើ​សត្វ​អ្វីមួយ​ងាប់​រលួយ​ទៅ​វា​នឹង​ជ្រាប​ចេញ​មក​ក្រៅ ហើយ​បើ​ជាតិ​ហ្វូ​ស​ហ្វ៊័​រ​នេះ​ប៉ះ​នឹង​ខ្យល់​ឆេះ​ភ្លាម​មួយ​រំពេច ដោយ​មិនបាច់​មាន​ដើម​ភ្លើង​ពី​ណា​មក​ឡើយ ។

ដូច្នេះ​ហើយ​បានជា​នៅ​កន្លែង​ណា​ដែល​សម្បូរ​ឆ្អឹង​ខ្មោច (​ទោះ​ខ្មោច​សេះ ខ្មោច​គោ ខ្មោច​ចៀម ពពែ ខ្មោច​ជ្រូក ខ្មោចមនុស្ស ខ្មោច​ឆ្កែ ខ្មោចសត្វ​អ្វី​ក៏​ដោយ ។ តែង​សម្បូរ​ភ្លើង «​ព្រាយ​» ឬ​ភ្លើង «​ខ្មោច​» នេះ​ជា​ការណ៍​ពិត​ណាស់ ។

ដោយ​បុព្វហេតុ​ដូច​បាន​រៀបរាប់​មក​ខាងលើ​នេះ​ហើយ​បានជា​មាន​ជួនកាល​គំនរ​អុស ឬ​ធ្យូង ចំបើង ស្មៅ​ស្ងួត​ជាដើម ដែល​យើង​រៀប​ដាក់​វា​ក្នុង​គ​ន្លា​ត គ្មាន​ខ្យល់អាកាស​ចេញចូល​ស្រួល វា​បណ្តាល​ឱ្យ​ឆេះ​ទ្រលោម​ឡើង​ដោយ​គ្មាន​នរណា​ទៅ​ដុត​វា​សោះ ។ កម្មករ​នៅ​ឡធ្យូង​តែងតែ​មានការ​ពិសោធ​ដឹង​ច្បាស់​ថា ធ្យូង​ដែល​គេ​ចាក់​គរ​នៅ​កៀន​ជញ្ជាំង​ឥដ្ឋ យូរ​ថ្ងៃខែ​ទៅ​វា​អាច​ឆេះ​ឯង ។ ដូច្នេះ​គេ​តែងតែ​ធ្វើ​បំពង់ខ្យល់​ម្យ៉ាង​វែង​ដោត​ចំ​កណ្តាល​គំនរ​ធ្យូង​បញ្ឈរ​ទៅ​លើ​អាកាស​។ ធ្វើ​យ៉ាងនេះ​វា​អាច​ការពារ​មិន​ឱ្យ​ធ្យូង​ទាំងនេះ​ឆេះ​បាន ។ ព្រោះថា​គំនរ​ធ្យូង​ដែល​គេ​គរ​ចោល​នៅ​កន្លែង​ហប់​ខ្យល់ យូរ​ៗ​ទៅ​វា​នឹង​កើតជា​កំ​ដៅ ហើយ​កំ​ដៅ​នេះ​នឹង​កើន​ឡើងជា​លំដាប់ លុះត្រាតែ​ចេញ​មក​ជា​ភ្លើង ការ​ដោត​បំពង់​ឫស្សី ឬ​បំពង់ខ្យល់​នៅ​ចំ​កណ្តាល​គំនរ​ធ្យូង ជា​មធ្យោបាយ​ធ្វើ​ឱ្យ​មាន​ខ្យល់អាកាស​ចេញចូល​ស្រួល នាំ​ឱ្យ​កំ​ដៅ​ទាំងឡាយ​រសាត់​បាត់​ទៅ​ឆ្ងាយ ហើយ​ធ្យូង​ក៏​មិន​ងាយ​ឆេះ ។

នេះ​ជា​ភ្លើង​ឆេះ​ឯង​ម្យ៉ាង​ដែល​កើត​ដោយ​ខ្យល់អាកាស​ចេញចូល​មិន​ស្រួល (​ហប់​ខ្យល់​) ក្រៅពី​នេះ អ្នក​ដើរ​ព្រៃ​តែងតែ​ជួប​ប្រទះ​ជា​ញឹកញយ​នូវ​ភ្លើង​ឆេះ​ព្រៃ​ម្យ៉ាង​ដែល​កើត​ដោយ​បុព្វហេតុ​ដូច​ខាងលើ​នេះ ឬ​ដោយ​មាន​ជាតិ​ហ្វូ​ស​ហ្វ៊័​រ​ប៉ះ​ខ្យល់ ។ នៅ​ក្នុង​កាលបើ​មាន​ស្មៅ​ស្ងួត (​ស្មៅ​ងាប់​) គំនរ​ឈើ​ស្ងួត​(​ឈើ​ងាប់​) ដែល​គរ​លើ​គ្នា​ច្រើន​សន្ធឹក​ដោយ​គ្មាន​ខ្យល់​ចេញចូល​ស្រួល វា​ជា​ការ​ងាយស្រួល​ណាស់ ដែល​អាច​បណ្តាល​ឱ្យ​មាន​ភ្លើង​ឆេះ​ដោយ ឯង​ៗ ។

ជួនកាល​គំនរ​ឆ្អឹង​សត្វ ផ្សេង​ៗ ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​ហ្វូ​ស​ហ្វ៊័​រ​នោះ វា​អាច​បណ្តាល​ឱ្យ​មាន​អណ្តាតភ្លើង​ឆាប​ស្មៅ ឬ​កម្ទេច​ឈើ​ស្ងួត​នៅ​ជិត​នោះ ហើយ​មាន​ខ្យល់​អុកស៊ីហ្សែន​ជួយ​ផង ភ្លើង​នោះ​រឹតតែ​ឆេះ ខ្លាំង​ឡើង​ៗ រហូត​ដល់​ឆេះ​អស់​ព្រៃឈើ ធំ​ៗ​ផង ។

ដូច្នេះ​ភ្លើង​ឆេះ​ព្រៃ ពុំ​មែន​កើត​ដោយ​មាន​ដើម​ភ្លើង​តែ​ម្យ៉ាង​ប៉ុណ្ណោះ​ទេ គឺ​វា​អាច​ឆេះ​ដោយ ឯង​ៗ ដូច​មូលហេតុ​ដែល​បាន​រៀបរាប់​ខាងលើ​នេះ​ដែរ ៕

ស្រាវជ្រាវ...

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ