រជធានីភ្នំពេញ ៖ តារាសម្តែងបែបតួអង្គភេទទីបី រមែងធ្វើឱ្យទស្សនិកជន ផ្ទុះសំណើចរាល់កាយវិការនៅលើឆាកសម្តែងនោះ ពេលនេះ ស្រាប់តែមានសភាពរូបរាងកាយមាំទាំ រាងកាយចេញសាច់ដុំកង់ៗ ក្រោយបាត់មុខមួយរយ: ។
ភាពប្រែប្លែកបែបនេះ ធ្វើឱ្យសង្គមសិល្ប:មានការប្លែក និងភ្ញាក់ផ្អើលដែលនៅសុខៗ តារាកំប្លែងក្រមិចក្រមើមភេទទីបីរូបនេះ ទៅសំងំហាត់ប្រាណ លុតដំខ្លួនរហូតមើលទៅខុសប្លែកដោយអ្នកណាៗក៏លាន់មាត់ សូម្បីមិត្តភក្តិជិតដិត ក៏ហួសចិត្ត រហូតសុំវិធីសាស្ត្រធ្វើបែបណាមានរាងស្អាតអត់ក្បាលពោះ ។
មីសស្ទើឃ្វីន តារាភេទទីបី ដែលមានតួនាទីជាតារាសម្តែងផង និងរៀបចំកម្មវិធីកម្សាន្តនានាបានថ្លែងថា ពីមុនលោកមានរូបរាងធាត់ទ្រលុកទ្រលន់ ដែលជាហេតុមើលទៅមិនសូវជាអំណោយផលល្អទេ ក្នុងនាមតួសម្តែងអាជីពមួយ ។ ម្ល៉ោះហើយ រយ:ពេលប្រមាណជាមួយអាទិត្យ ឬពីរអាទិត្យ លោកបានសម្រេចចិត្តហាត់ប្រាណតាមក្បួនខ្នាត ហើយហូបចំណីអាហារតាមបែបលក្ខណ:ហាត់ប្រាណ ព្រមទាំងព្យាយាមហាត់ប្រាណមួយរយ:កាលជាប្រចាំ មិនដើរផឹកស៊ី ទៅណាផ្តាច់ខ្លួនមួយរយ: ចង់ប្លែកទីបំផុត បានដូចបំណងមែន ។
អ្នកដឹកនាំតួចេញសម្តែងរូបនេះបន្តលើកឡើងថា ចំពោះសិល្ប:លោកពេញចិត្តទទួលការងារមិនថា តែការងារសម្តែងតែងកាយបែបភេទទីបីនោះទេ សម្រាប់ការទទួលរៀបចំកម្មវិធីកម្សាន្តផ្សេងៗ តាមក្រុមហ៊ុន ឬតាមពីធីធំដុំលោកទទួលរៀបចំដោយមិនឱ្យមានការខកចិត្តឡើយ ។
ក្រៅពីមានកិច្ចការងារសម្តែងលើឆាកតន្ត្រី លោកក៏ត្រៀមចាប់ការងារធ្វើជាពិធីករនៅស្ថានីយទូរទស្សន៍មួយ ដែលកំពុងតែរៀបចំ។យ៉ាងណា សម្រាប់ទិសដៅឆ្នាំថ្មីនេះ លោកក្រៅពីចង់រៀបចំកម្មវិធីកម្សាន្តនានា ក៏ស្រឡាញ់ការងារជាអ្នករៀបចំកម្មវិធីតាមកញ្ចក់ទូរទស្សន៍ផងដែរ ដោយលោកកំពុងហាត់រៀនពីរៀមច្បង ។
គួរបញ្ជាក់ដែរថា ទំរាំមីសស្ទើឃ្វីនអាចជម្នះការងារបាន ដោយមានទីផ្សារក្នុងសិល្ប:មិនចាញ់តារាភេទទីបីមួយចំនួន លោកបានព្យាយាមតស៊ូគ្រប់រូបភាព តាមរយ:ការចេញសម្តែងគ្រប់ទិសទី ដើម្បីឱ្យគេបានស្គាល់ ។
រហូតមកទល់ពេលនេះ ក្នុងសង្គមសិល្ប:តារាកំប្លែង ដែលឈ្មុលជាមួយសិល្ប:រូបនេះ មានគេស្គាល់ច្រើន ដែលតួល្បីៗមួយចំនួនសរសើរពីទេពកោសល្យរបស់លោក ។ អ្វីដែលប្លែក លោកក៏មានទីផ្សារសម្តែងនៅតាមកញ្ចក់ទូរទស្សន៍ជាញឹកញាប់ តាមរយ:ការតុបតែងកាយបែបកំប្លែងៗដែលទស្សនិកជនចំណាំលោកបានផងដែរ ។
ចែករំលែកព័តមាននេះ