លោកSavji Dholakia ថៅកែក្រុមហ៊ុននាំចេញពេជ្រនៅក្រុងSurat រដ្ឋឃូសរ៉ាត ប្រទេសឥណ្ឌា បានចែករថយន្ដចំនួន១.២៦០គ្រឿង និងខុនដូចំនួន៤០០បន្ទប់ រួមទាំងគ្រឿងអលង្ការដល់បុគ្គលិកមុនឈានដល់ពិធីបុណ្យប្រពៃណីជាតិ «ឌីវ៉ាលី» (Diwali) ដែលទើបកន្លងមកថ្មីៗនេះ ។
លោកDholakia ប្រាប់ AFP ថា «គោលដៅរបស់យើងចង់ឱ្យបុគ្គលិក ម្នាក់ៗមានផ្ទះសម្បែង និងរថយន្ដផ្ទាល់ខ្លួន ដូច្នេះយើងសម្រេចចិត្ដផ្ដល់រង្វាន់ជារថយន្ដ, ផ្ទះ និងគ្រឿងអលង្ការដល់បុគ្គលិក» ។
ក្រុមហ៊ុននឹងចំណាយប្រាក់ប្រហែល៥០០លានរូពី សម្រាប់ជារង្វាន់នៅក្នុងគម្រោងការឆ្លើយតបនឹងភក្ដីភាពដល់បុគ្គលិកមួយចំនួន ក្នុងចំណោមបុគ្គលិកសរុបចំនួន៥.៥០០នាក់ ។
បុគ្គលិកភាគច្រើននៃក្រុមហ៊ុននោះ រមែងទទួលបានរង្វាន់ពីចៅហ្វាយ ក្នុងអំឡុងពេលបុណ្យDiwali បុន្ដែសម្រាប់ពិធីបុណ្យលើកនេះ គឺជារង្វាន់មានតម្លៃខ្ពស់ជាងពេល ណាៗទាំងអស់ គិតតាំងពីឆ្នាំ២០១២មក ។ នៅឆ្នាំ២០១២ ម្ចាស់ក្រុមហ៊ុនបានផ្ដល់រថយន្ដដល់បុគ្គលិកចំនួន៣នាក់ ជាការឆ្លើយតបគុណបំណាច់បម្រើការងារបានល្អរបស់ពួកគេ ។
ក្រោយមកនៅឆ្នាំ២០១៤ មហាសេដ្ឋីម្ចាស់ក្រុមហ៊ុននោះ បានផ្ដល់រថយន្ដចំនួន៤៩១គ្រឿង និងខុនដូចំនួន២០៧បន្ទប់ដល់បុគ្គលិក នៅក្នុងគម្រោងការមានលក្ខណៈដូចគ្នា ។
ក្រុមហ៊ុនពេជ្ររបស់លោកDholakia គឺជាផ្នែកមួយក្នុងចំណោមក្រុមហ៊ុនឈានមុខ នៅក្រុងSurat ជាមជ្ឈមណ្ឌលពាណិជ្ជកម្មពេជ្ររបស់ឥណ្ឌា និងនាំចេញពេជ្រទៅ៧៥ប្រទេសនៅលើពិពភលោក ៕
ចែករំលែកព័តមាននេះ