រាជធានីភ្នំពេញ ៖ តារាសម្តែងនាង ស៊ុំ សុម៉ាលី បានសម្រេចចិត្តភ្ជាប់ពាក្យជាមួយបុរសដែលជាអាណិកជនខ្មែររស់នៅអាមេរិក បន្ទាប់ពីនាងបានរស់មានឈ្មោះជាស្ត្រីមេម៉ាយកូនមួយអស់ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ តារារូបនេះ បានរៀបចំពិធីភ្ជាប់ពាក្យដ៏សាមញ្ញមួយកាលពីអំឡុងខែមីនា ឆ្នាំ២០២២ មកម្ល៉េះ ប៉ុន្តែតារាស្រីរូបនេះ ទើបតែទម្លាយរូបភាពតាមហ្វេសប៊ុកកាលពីពេលថ្មីៗនេះប៉ុណ្ណោះ។

ស៊ុំ សុម៉ាលី បានអះអាងប្រាប់កោះសន្តិភាពតាមសារអេឡិចត្រូនិចថា នាងពិតជាបានភ្ជាប់ពាក្យជាមួយបុរសខ្មែររស់នៅអាមេរិកពិតមែន បន្ទាប់ពីបានស្គាល់គ្នាក្នុងរយៈពេលខ្លី។ នាងបញ្ជាក់ថា ការស្គាល់គ្នានេះ គឺតាមរយៈមិត្តភក្តិដែលរស់នៅទីនោះ ហើយពួកនាងបាននិយាយគ្នាប្រហែលជាមួយសប្តាហ៍ប៉ុណ្ណោះ អនាគតស្វាមីរបស់នាងក៏បានចុះមករៀបពិធីភ្ជាប់ពាក្យនេះតែម្តង។ នាងបន្ថែមថា អនាគតស្វាមីរបស់នាងមានវ័យ៤២ឆ្នាំ និងជាបុគ្គលិកធ្វើការនៅក្រុមហ៊ុនមួយនៅក្នុងប្រទេសអាមេរិក។

បើតាម ស៊ុំ សុម៉ាលី ថា មូលហេតុដែលនាងជ្រើសរើសបុរសខាងលើ ជាគូអនាគត គឺដោយសារគាត់ចិត្តល្អស្មោះត្រង់ និងជាពិសេសគឺគាត់ស្រលាញ់គោរព និងអោយតំលៃនាង និងក្រុមគ្រួសារ។ ដោយឡែកដោយសារធ្លាប់ជួបស្នេហាមិនសមប្រកប រហូតធ្វើអោយនាងក្លាយជាស្ត្រីមេម៉ាយនោះ ស៊ុំ សុម៉ាលី ក៏ហាក់មានអារម្មណ៍ស្ទាក់ស្ទើរនូវក្នុងការជ្រើសរើសជីវិតគូជាថ្មីនាពេលនេះ។ ប៉ុន្តែនាងជឿថា យើងធ្លាប់មានមេរៀនមកហើយ ដូច្នេះនាងគិតថា មនុស្សម្នាក់នេះនឹងធ្វើអោយនាងមានក្ដីសុខពិតប្រាដក និងចាប់ដៃគ្នាដល់ចាស់រៀងខ្លួន។
ស៊ុំ សុម៉ាលី បានលើកឡើងទៀតថា ក្រោយពេលនាងរៀបចំពិធីភ្ជាប់ពាក្យហើយនោះ នាងនិងអនាគតស្វាមីកំពុងរៀបចំឯកា ដើម្បីចេញទៅរៀបមង្គលការនៅទឹកដីអាមេរិក។ នាងថា ឯកសារកំពុងដាក់ ហើយប្រហែលជាខ្ទង់ខែ១១ អាចនឹងធ្លាក់ ហើយប្រសិនបើអ្វីបានសម្រេចនាងនឹងចាកចេញទៅដោយរូមជាមួយនឹងកូនស្រីតែម្នាក់របស់នាងផងដែរ៕






ចែករំលែកព័តមាននេះ