ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​ជំនាញ​ក្លែងបន្លំ និង​ប្រើប្រាស់​លិខិត​ក្លែង​លក់​ដី​អ្នក​ដទៃ យក​ទៅ​ដាក់​ពន្ធនាគារ ចំណែក​បក្សពួក​កំពុង​រត់ការ

1 ឆ្នាំ មុន
  • កំពង់ស្ពឺ

ជន​ជំនាញ​ខាង​ក្លែងបន្លំ និង​ប្រើប្រាស់​លិខិត​ក្លែង​លួច​លក់​អចលនវត្ថុ​របស់​អ្នក​ដទៃ​ម្នាក់ ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន រួច​ប្រគល់​ឲ្យ​តំណាង​អយ្យការ និង​ចៅក្រម​ចាត់វិធានការ​តាម​នីតិវិធី​ច្បាប់

ខេត្តកំពង់ស្ពឺ ៖ ជន​ជំនាញ​ខាង​ក្លែងបន្លំ និង​ប្រើប្រាស់​លិខិត​ក្លែង​លួច​លក់​អចលនវត្ថុ​របស់​អ្នក​ដទៃ​ម្នាក់ ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន រួច​ប្រគល់​ឲ្យ​តំណាង​អយ្យការ និង​ចៅក្រម​ចាត់វិធានការ​តាម​នីតិវិធី​ច្បាប់​។

ជន​ដែល​ចៅក្រម​សម្រេច​ចេញ​ដីកាឃុំខ្លួន​នេះ មានឈ្មោះ ញឹ​ម ចាន់​ថន ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​តាំង​គម្ពីរ ឃុំ​ទំព័រ​មាស ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​០៥ ខែឧសភា ឆ្នាំ​២០២២ នៅ​ចំណុច​ភូមិ​-​ឃុំ​ខាងលើ ហើយ​ត្រូវ​បាន​ចៅក្រម​ចេញ​ដីកា​សម្រេច​ឃុំខ្លួន​លេខ​៦១០៧ ចុះ​ថ្ងៃ​ទី​០៦ ខែឧសភា ឆ្នាំ​២០២២​។

បើ​តាម​ប្រភព​ពី​មន្ត្រី​សមត្ថកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ បាន​ឲ្យ​ដឹង​ថា ជន​ឈ្មោះ យឹ​ម ចាន់​ថន​នេះ គឺជា​មុខសញ្ញា​ដែល​ជំនាញ​ខាង​ក្លែង​ឯកសារ​លក់​អចលនវត្ថុ​របស់​អ្នក​ដទៃ ដែល​កន្លង​មក​មាន​អ្នក​ប្តឹង​ជា​ច្រើន​នាក់​មក​ហើយ តែ​ជន​នេះ​មាន​ខ្នងបង្អែក​ម្នាក់​ជា​មន្ត្រី​សាលាខេត្ត (​ប្រធាន​ការិយាល័យ​) ចាំ​ជួយ​ជ្រោមជ្រែង​នា​ពេល​កន្លង​មក ទើប​រូបគេ​ចេះ​តែ​មានសំណាង​គេច​ផុត​ពី​ការ​ចាប់ខ្លួន​រហូត​មក ទើបតែ​លើក​នេះ ទំនងជា​អស់លក្ខណ៍​ហើយ​មើលទៅ ទើប​ជាប់​ខ្នោះ​របស់​សមត្ថកិច្ច​បែប​នេះ​។

ប្រភព​ដដែល​បន្ត​ថា ដំណាក់កាល​តំណាង​អយ្យការ និង​ចៅក្រម​ស៊ើប គឺ​មាន​អ្នក​រត់ការ (​ខ្នងបង្អែក​) ខ្នះ​ខ្វែង​ដោយ​ពួក​គេ​ហ៊ាន​ចំណាយ​លុយ​ជិត​២​ម៉ឺន​ដុល្លារ ដើម្បី​ឱ្យ​ជន​ម្នាក់​នេះ បាន​រួចខ្លួន​វិញ តែ​ទោះបីជា​ខ្នងបង្អែក​របស់​ជន​នេះ ខិតខំ​ខ្នះខ្នែង​រត់ការ​យ៉ាងណា​ក៏​ដោយ ដើម្បី​ភាព​យុត្តិធម៌ គឺ​គ្មាន​នរណា​ម្នាក់​អើពើ​នឹង​ការ​ស្នើ​សុំ​ឲ្យ​មានការ​ដោះ​លែង​នេះ​ដែរ​។ សកម្មភាព និង​ការ​ប្រព្រឹត្តិ​លួច​លក់​អចលនវត្ថុ​របស់​អ្នក​ដទៃ​នេះ បើ​យោង​តាម​ប្រភព​ពី​មន្ត្រី​សមត្ថកិច្ច គឺ​មិនមែន​មាន​តែ​រូបគេ​ម្នាក់​នោះ​ទេ ដែល​ប្រព្រឹត្ត គឺ​នៅ​មាន​គ្នីគ្នា​ចំនួន​៧​ទៅ​៨​នាក់​ទៀត​ដែល​សុទ្ធ​សឹង​ជា​អ្នក​រួមគំនិត ហើយ​អ្នក​ដែល​ធំ​ជាងគេ និង​ធ្វើ​ជា​ខ្នងបង្អែក​នោះ គឺជា​មន្ត្រី​សាលាខេត្ត និង​អនុប្រធាន​មន្ទីរ​មួយ​រូប ជា​អ្នក​នៅ​ពីក្រោយ​ខ្នង​ពួក​គេ ដែល​យើង​បញ្ចេញ​ឈ្មោះ​ពិត​នៅ​ពេល​ក្រោយ​។

តែ​ទោះជា​យ៉ាងណា ជន​ឈ្មោះ យឹ​ម ចាន់​ថន​នេះ ទំនងជា​មិន​ព្រម​ជាប់គុក​ម្នាក់ឯង​នោះ​ទេ ព្រោះ​ការ​ក្លែង​លិខិត​ទាល់តែ​មាន​អ្នក​ពូកែ​ដែល​ជា​មន្ត្រី​។ ហើយ​មហាជន​រង់ចាំ​មើល​ថា តើ​ខ្នងបង្អែក​របស់​ជន​នេះ​អាច​រត់ការ ដើម្បី​ឲ្យ​ឈ្មោះ យឹ​ម ចាន់​ថន បាន​រួចខ្លួន​ពី​ពន្ធនាគារ​ដោយ​របៀប​ណា?

ដោយឡែក​ប្រភព​ពី​អ្នក​រស់នៅ​ភូមិ​តាំង​គម្ពី សុំ​មិន​បញ្ចេញ​ឈ្មោះ​ឯណោះ​វិញ ក៏​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា អ្នក​ដែល​រត់ការ​ឲ្យ​ជន​ម្នាក់​នេះ គឺជា​អ្នក​ធ្លាប់​ទទួល​បាន​ផលប្រយោជន៍​ពី​ជន​នេះ​តាម​រយៈ​ការ​ឲ្យ​ដី​ដែល​ជា​ដី​របស់​អ្នក​ដទៃ​ទៅ​ឲ្យ​ខ្នងបង្អែក​របស់​គេ​។ មូលហេតុ​នេះ​ហើយ ទើប​បានជា​ខ្នងបង្អែក​របស់​ជន​នេះ​ស្វះស្វែង ដើម្បី​ឲ្យ​មានការ​ដោះ​លែង​ជន​នេះ​។ និយាយ​ជា​រួម​ទៅ ការ​អោយ​ដី​ទៅ​ខ្នងបង្អែក​របស់​ជន​នេះ​នា​ពេល​កន្លង​មក គឺ​ជន​នេះ​យក​ដី​របស់​អ្នក​ដទៃ​ដែល​មិនមែន​ជា​របស់​ខ្លួន​អោយទៅ​ខ្នងបង្អែក​របស់​គេ​ប្រមាណ​ជិត​១០​ហិ​កតា​ឯណោះ ចុង​ក្រោយ​ក៏​រង​នូវ​បណ្តឹង ហើយ​ក៏​ត្រូវ​ឃាត់ខ្លួន​តែ​ម្តង​។

ព័ត៌មាន​បន្ថែម​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ