រាជធានីភ្នំពេញ ៖ តារាចម្រៀង និងសម្តែងអ្នកនាង ពេជ្រ សូលីកា បានធ្វើការឆ្លើយតបទៅកាន់មហាជនមួយចំនួនដែលបានរិះគន់ទៅលើរូបនាង និងតារាផ្សេងទៀត ដែលថតពាណិជ្ជកម្មស្រាបៀរ ក្នុងពេលដែលការរិះគន់ទាំងអស់ គឺប្រើប្រាស់ជាភាសាមិនសមរម្យមកលើរូបនាង និងតារាមួយចំនួនទៀត។
ការរិះគន់មកលើ ពេជ្រ សូលីកា នាពេលនេះបានធ្វើឡើង បន្ទាប់ពីតារាស្រីរូបនេះ បានបង្ហោះវីដេអូខ្លីមួយបង្ហាញពីនារីម្នាក់និយាយពីការថតពាណិជ្ជកម្មស្រាបៀរពីអ្នកសិល្បៈដែលបំពេញការងារតាមភាពជាក់ស្តែង គឺមិនខុសឆ្គងអ្វីទេ ខណៈពេល ពេជ្រ សូលីកា ក៏បានយល់ស្របនូវអ្វីដែលនារីរូបនេះបាននិយាយផងដែរ។

តាមរយៈវីដែអូ ដែល ពេជ្រ សូលីកា បានធ្វើការចែកចាយនៅលើបណ្តាញសង្គមរបស់ខ្លួននាពេលនេះ បានធ្វើឲ្យមហាជនជាច្រើនបាននាំគ្នាចូលទៅធ្វើការខំមិន ដោយនៅក្នុងនោះក៏មានមហាជនមួយចំនួនបានគ្នារិះគន់ជាមួយនឹងការប្រើប្រាស់ពាក្យសម្តីមិនល្អជាច្រើនផងដែរ។
ដោយឃើញបែបនេះ ពេជ្រ សូលីកា ហាក់ក្តៅចុងច្រមុះ និងបានធ្វើការឆ្លើយតបភ្លាមទៅកាន់ការរិះគន់ទាំងអស់នោះវិញ ត្បិតនាងយល់ថា រាល់ពាក្យសរសេររិះគន់នោះហាក់ប្រើភាសាមិនសមរម្យ និងមិនមែនជាពាក្យណែនាំកែតម្រូវក្នុងន័យស្ថាបនានោះឡើយ។
តាមរយៈសារដែលបានសរសេរបង្ហោះលើគណនេយ្យហ្វេសប៊ុក ពេជ្រ សូលីកា បានលើកឡើងថា សូមមេត្តាអានអោយចប់ មុននឹងខមិនភាសាដែលយើងអាចជ្រើសរើសយកមកនិយាយទៅអ្នកដទៃមានល្អៗច្រើនណាស់ ។
នាងបញ្ជាក់ថា មុននឹងខ្ញុំសម្រេចចិត្តផុស Video ដោយតែខ្ញុំបានទទួល ខមិន អសីលធម៌ មួយចំនួន ដោយមានទាំងពាក្យជេរប្រមាថ ដែលវាមិនមែនជាពាក្យជួយកែតម្រូវទាល់តែសោះ បែរជាខឹងសម្បាមកលើរូបខ្ញុំទៅវិញ តើខ្ញុំខុសដែលខ្ញុំត្រូវបំពេញភារកិច្ចរបស់ខ្ញុំ? ។

ពេជ្រ សូលីកា បន្ថែមថា ការងារអីក៏ដោយ បើខ្ញុំមិនបានទៅបំពានលួចឆក់ប្លន់ទ្រព្យសម្បត្តិញើសឈា.មអ្នកដទៃ ហេតុអីខ្ញុំត្រូវមកទទួលពាក្យអាក្រក់ៗទាំងនេះ ពីមនុស្សដែលល្អៗទៅវិញ? បើមនុស្សល្អ រៀនសូត្របានល្អ ម៉េចក៏មិនប្រើពាក្យល្អៗទៅកាន់អ្នកដទៃដែលទៅ ជាមនុស្សដូចគ្នា ក៏ចង់បានពាក្យណែនាំល្អៗដូចគ្នា ។
បើតាម ពេជ្រ សូលីកា ថា តារាក៏ជាមនុស្ស ហេតុអីតារាគ្មានសិទិ្ធទទួលពាក្យល្អៗដូចមនុស្សធម្មតា? មិនពេញចិត្តអាចនិយាយណែនាំល្អៗមកបាន តែម៉េចចាំបាច់ត្រូវប្រើពាក្យ មីនេះ មីនោះ មីក្របី មីគម្រក់ មីតារាបាតសង្គម ធ្វើអី បងៗជាមនុស្សថ្លៃថ្នូរ បែរជាមកប្រើពាក្យសម្ដីអស់ទាំងនេះ ធ្វើដូចជាខ្ញុំទៅប្លន់គេ ដុតផ្ទះគេ។
នាងថា ខ្ញុំយល់ចិត្តបងៗដែលខមិនមួយចំនួន ថាបងៗមានអារម្មណ៍បែបម៉េច តែខ្ញុំក៏ចង់អោយបងៗយល់ពីពួកខ្ញុំដូចគ្នាថា វាជាតួនាទីការងាររបស់ពួកខ្ញុំ ខ្ញុំត្រូវបំពេញវានឹងជាទំនួសខុសត្រូវរបស់ខ្ញុំ មនុស្សសុទ្ធតែមិនដូចគ្នា អ្នកខ្លះរកស៊ី អ្នកខ្លះធ្វើការ ការងារសុទ្ធតែមិនដូចគ្នា រកស៊ីសុទ្ធតែមិនដូចគ្នា។ យល់ថា បើមិនទទួលផ្សព្វផ្សាយគ្រឿងស្រវឹង វាមិនដាច់បាយស្លា.ប់ទេ បន្តែពួកខ្ញុំមានសិទ្ធិជ្រើសរើស ព្រោះវាមិនមែនជាការងារលួចឆក់ប្លន់គេ ចឹងពួកតារាដូចខ្ញុំមានសិទិ្ធនឹងជ្រើសរើសការងារ រកស៊ីចង់បានចំណូល ធ្វើការចង់បានប្រាក់ខែ ខំយប់ខំថ្ងៃ ក៏មិនព្រមធ្វើជាចោរដែរ។
នាងបញ្ជាក់ថា ការងារសង្គមគេធ្វើម៉េចមើលមិនដែលឃើញតាមអ្វីដែលបងៗយល់ឃើញ តែបងៗមិនមែននៅក្នុងហេតុការណ៍ផ្ទាល់ បងអាចនិយាយម៉េចក៏បាន បងតែងតែនិយាយស្រាបំផ្លាញដល់មនុស្ស ខ្ញុំទទួលស្គាល់ ប៉ុន្តែវាអាស្រ័យទៅលើមនុស្សដូចគ្នា គ្មានអ្នកណាបង្ខំអ្នកណាបាននោះទេ ។ ឧទាហរណ៍ថា បើតារាផ្សព្វផ្សាយគ្រឿងស្រវឹង បើខ្លួនបងមិនចង់ផឹក តារាក៏មិនអាចទៅបង្ខំបងមកផឹកបានដែរ ហើយបើតារាផ្សព្វផ្សាយថា ហាមដាច់ខាតមិនអោយបងផឹកគ្រឿងស្រវឹង បើខ្លួនបងនៅតែផឹក តារាក៏មិនអាចទៅហ៊ាមបងបានដូចគ្នា ក្នុងនោះក៏មានពាក្យស្លោករបស់គេ «ពិសារដោយការទទួលខុសត្រូវ» ៕










ចែករំលែកព័តមាននេះ