ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក កឹ​ម សុខា ជួប​លោកស្រី រ៉ូ​ណា​ស្មី​ត ជជែក​ពី​បញ្ហា​នយោបាយ និង​សិទ្ធិ​មនុស្ស

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក កឹ​ម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ពូន​ស​ង្ងំ​នៅ​ស្នាក់​ការ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួប​ពិភាក្សា​ពី​បញ្ហា​នយោបាយ​សិទ្ធិ​មនុស្ស​បច្ចុប្បន្ន​នៅ​កម្ពុជា​ជាមួយ​លោក​ស្ត្រី រ៉ូ​ណា​ស្មី​ត

រាជធានី​ភ្នំពេញ ៖ លោក កឹ​ម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ពូន​ស​ង្ងំ​នៅ​ស្នាក់​ការ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួប​ពិភាក្សា​ពី​បញ្ហា​នយោបាយ​សិទ្ធិ​មនុស្ស​បច្ចុប្បន្ន​នៅ​កម្ពុជា​ជាមួយ​លោក​ស្ត្រី រ៉ូ​ណា​ស្មី​ត អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​នៅ​កម្ពុជា​។

យោង​តាម​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់​លោក កឹ​ម សុខា បាន​សរសេរ​នា​ព្រឹក​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០១៦ លោក​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក​ស្ត្រី រ៉ូ​ណា​ស្មី​ត ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​បាន​ជជែក​ពី​ស្ថាន​ការ​សិទ្ធិ​មនុស្ស និង​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

លោក​បញ្ជាក់​ថា «​បន្ទាប់​ពី​សួរសុខទុក្ខ​ខ្ញុំ​ផ្ទាល់ និង​សម្ដែង​ពី​ការ​ព្រួយបារម្ភ​អំពី ស្ថានភាព​រំលោភសិទ្ធិ​មនុស្ស​នៅ​កម្ពុជា​បច្ចុប្បន្ន​» អ្នកស្រី រ៉ូ​ណា​ស្មី​ត បាន​ជជែក​ពិភាក្សា​ការងារ​យ៉ាង​ស៊ីជម្រៅ​ជាមួយ​ខ្ញុំ​អំពី ៖

ទី​១-​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន ។

ទី​២-​ស្ថានភាព​ច្បាប់ ទាក់ទង​នឹង​សកម្មជន​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ជា​ពិសេស​ខ្លួន​ខ្ញុំ​ផ្ទាល់​។

ទី​៣-​គោល​ជំហរ​គណបក្ស​សង្គ្រោះ​ជាតិ ចំពោះ​ជាតិពន្ធុ (Stateless)​។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​ការ​ពិភាក្សា​ស្វែង​យល់​ពី​គ្នា​ទៅ​វិញ​មក​ហើយ យើង​បាន​ប្ដេជ្ញា​ថា នឹង​បន្ដ​ទំនាក់ទំនង​គ្នា​ទៀត ជា​ពិសេស​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ចំពោះ​បញ្ហា​រំលោភច្បាប់ និង​រំលោភសិទ្ធិ​មនុស្ស​ទាំងឡាយ​នៅ​កម្ពុជា​។

គួរ​បញ្ជាក់​ថា អ្នកស្រី រ៉ូ​ណា ស្មី​ត (Rhona Smith) ជា​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ ស្ដី​ពី «​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​» បាន​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង ប្រទេស​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​១០ ខែតុលា ដល់​ថ្ងៃ​ទី​២០ ខែតុលា ដើម្បី​ពិនិត្យ​ពី​ស្ថានភាព​នយោបាយ​ទូទៅ និង​ទិដ្ឋភាព​ផ្សេង​នៅ​ក្នុង​ប្រទេស​កម្ពុជា ។

លោក​ស្ត្រី​ក៏​បាន​ជួប​ពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ​ក្រ​សូ​ង​ស្ថាប័ន​មួយ  ព្រមទាំង​ថ្នាក់ដឹកនាំ​គណបក្ស​នយោបាយ​ធំ​ៗ​ផង​ដែរ​។ មុន​បញ្ចប់​ទស្សនកិច្ច លោក​ស្ត្រី​នឹង​ធ្វើ​សន្និសីទ​សារព័ត៌​មាននៅ​ថ្ងៃ​ទី​១៩ ខែតុលា វេលា​ម៉ោង​៣​រសៀល​នៅ​ការិយាល័យ សិទ្ធិ​មនុស្ស​អង្គការសហប្រជាជាតិ​ជុំវិញ​ពី​ដំណើរ​ទស្សនកិច្ច​របស់​លោក​ស្ត្រី​ផង​ដែរ​៕