រាជធានីភ្នំពេញ ៖ នៅម៉ោង៩និង៤០នាទីព្រឹកថ្ងៃទី១១ តុលា ២០១៦ នេះ បវរកញ្ញា ហេង ចន្ថា MISS GRAND CAMBODIA 2016 បានចូលទៅស្ថានទូតសហរដ្ឋអាមេរិចប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្ភាសន៍ជាលើកទី២ សុំទិដ្ឋាការទៅសហរដ្ឋអាមេរិក ប្រកួតវគ្គផ្តាច់ព្រ័ត្រ ក្នុងកម្មវិធីប្រកួត MISS GRAND INTERNATIONAL 2016 ប៉ុន្តែក្រោយម្ភាសន៍អស់រយៈពេលប្រហែលជាង១ម៉ោង លទ្ធផលនៅតែមិនទទួលបានទិដ្ឋាការពីស្ថានទូតអាមេរិកដដែល ។
ជាមួយគ្នានេះដែរ ក្នុងនាមជាបេក្ខនារីតំណាងឲ្យកម្ពុជា១រូប ដែលត្រូវចូលរួមក្នុងកម្មវិធីប្រកួតកម្រឹតអន្តរជាតិ បែរជាត្រូវបានបដិសេធមិនអោយទៅ កញ្ញា ហេង ចន្ថា បានសម្តែងការតូចចិត្ត និងការឈឺចាប់ ដោយសរសេរបង្ហាញនៅព្រឹកថ្ងៃទី១១ តុលា លើបណ្តាញសង្គមហ្វេសប៊ុកផេកផ្ទាល់ខ្លួនថា ៖ «សូមជម្រាបជូនប្រិយមិត្ត និងអ្នកគាំទ្រចំពោះ MGC គ្រប់ៗរូប នាងខ្ញុំទើបតែចេញពីស្ថានកុងស៊ុលនៃស្ថានទូតសហរដ្ឋអាមេរិចប្រចាំព្រះរាជាណាចក្រកម្ពុជា នាងខ្ញុំបានជួបសម្ភាសន៍ជាមួយមន្ត្រីកុងស៊ុលអាមេរិច ជានារី ព្រមទាំងបុរសជាជនជាតិខ្មែរ ជាអ្នកបកប្រែ។ មន្ត្រីកុងស៊ុល បានចោទសួរនៅសំនួរដដែលដូចកាលពីលើកទី១ដែលនាងខ្ញុំចូលសម្ភាសន៍ មន្ត្រីទូតដែលជាអ្នកបកប្រែបានបញ្ជាក់អោយនាងខ្ញុំដឹងថា គេបារម្ភខ្លាចផ្តល់ទិដ្ឋាការដល់នាងខ្ញុំ ហើយពេលទៅដល់សហរដ្ឋអាមេរិចបានចូលរួមកម្មវិធីប្រកួតរួចរាល់ នាងខ្ញុំនឹងមិនវិលត្រឡប់មកកាន់មាតុភូមិកំនើតវិញ។ នាងខ្ញុំពិតជាតូចចិត្តដែលក្នុងនាមជាប្រជាពលរដ្ឋកម្ពុជា១រូប ជាបេក្ខនារីតំណាងកម្ពុជា ចូលរួមក្នុងកម្មវិធីប្រកួតកម្រឹតអន្តរជាតិ ប៉ុន្តែត្រូវបានបដិសេធមិនអោយទៅ។ កម្មវិធីប្រកួតបានចាប់ផ្តើម ក្រុមការងារបានត្រៀមលក្ខណៈទាំងសម្លៀកប្រចាំជាតិ ក៏ដូចជាឈុតរាត្រីសមោសរដ៏ស្រស់ស្អាត ប៉ុន្តែនាងខ្ញុំពុំមានឱកាសបានស្លៀកពាក់ទៅវិញ។ នេះគឺជាការប្រមាថមួយដ៏ឆ្ងន់ធ្ងរ ជាការបន្ទាបតម្លៃនៃការតាំងចិត្ត ក៏ដូចជាខិតខំប្រឹងប្រែងនៃនាងខ្ញុំផ្ទាល់ ក៏ដូចជាក្រុមការងារ គេមិនផ្តល់តម្លៃដល់យើងសោះឡើយ ចុងបញ្ចប់នៃកិច្ចសម្ភាសន៍មន្ត្រីកុងស៊ុលនារីបានតបមកកាន់នាងខ្ញុំនូវចម្លើយដ៏ឈឺចាប់ថា “ Sorry, I don’t give you “. គ្មានអ្វីនឹងថ្លែងក្រៅពីទទួលយកនូវលទ្ធផលបដិសេធនេះ នាងខ្ញុំសូមអភ័យទោសចំពោះបញ្ហាដែលបានកើតឡើង ដែលបានធ្វើអោយប្រជាជនកម្ពុជាខកចិត្ត។ សូមថ្លែងអំណរគុណចំពោះស្ថានទូតសហរដ្ឋអាមេរិចដែលអនុញ្ញាតអោយនាងខ្ញុំចូលសម្ភាសន៍ជាលើកទី២ ។ សូមគោរពជូនពរលោកអ្នកប្រិយមិត្តគ្រប់ៗរូប » ។
សូមរំលឹកឡើងវិញថា កាលពីថ្ងៃទី២១ កញ្ញា ២០១៦ មន្រ្តីស្ថានទូតសហរដ្ឋអាមេរិចប្រចាំព្រះរាជាណាចក្រកម្ពុជា បានបដិសេធមិនផ្តល់ទិដ្ឋការអោយបវរកញ្ញា ហេង ចន្ថា បានទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ នៅលើទឹកដីអាមេរិកនោះទេ ។ នៅលើវេទិកាអន្តរជាតិដ៏មានកិត្តិយសមួយនេះបវរកញ្ញា ហេង ចន្ថា ជាបេក្ខនារី១រូប ដែលតំណាងអោយបេក្ខភាពកម្ពុជា ក្នុងកម្មវិធីប្រកួត MISS GRAND INTERNATIONAL 2016 ត្រូវបានអញ្ជើញពីសំណាក់លោកអគ្គនាយក ណាវ៉ាត់ នៃ Miss Grand International ។ កម្មវិធីប្រកួតផ្តាច់ព្រ័ត្រប្រព្រឹត្តទៅនៅរាត្រីថ្ងៃទី២៥ តុលា ២០១៦ ខាងមុខ នៅសហរដ្ឋអាមេរិក The Westgate Las Vegas Resort & Casino, Las Vegas, រដ្ឋ Nevada,។
កញ្ញាបានចោទជាសំណួរថា ហេតុអ្វីបានជាមន្ត្រីកុងស៊ុលសម្រេចចិត្តមិនផ្តល់ទិដ្ឋាការដល់នាងយ៉ាងដូច្នេះ? នាងនិយាយថា ៖ «ខ្ញុំបានបញ្ជាក់ពីបំណងថា គ្រាន់តែធ្វើដំណើរទៅប្រកួតនៅទីនោះ ក្នុងនាមតំណាងនារីកម្ពុជា ធ្វើដំណើរតាមកាតព្វកិច្ចតម្រូវ រួចត្រឡប់មកវិញ គឺពុំមានបំណងនឹងបោះបង់ចោលមាតុភូមិកម្ពុជា មាតុភូមិកំនើតនោះទេ» សូមបណ្តាប្រិយមិត្ត អ្នកគាំទ្រកម្មវិធីប្រកួត និងគាំទ្ររូបនាងជួយពិចារណា ក៏ដូចជាផ្តល់នូវការយល់ឃើញ ចំពោះលទ្ធផលដែរបានកើតឡើងនេះ។
កញ្ញាបានលើកជាចម្ងល់ថា «សូមប្រិយមិត្តជួយពិចារណានាងខ្ញុំ អ្វីជាកត្តាកំណត់ថា នាងខ្ញុំមិនមានលក្ខណៈគ្រប់គ្រាន់សមស្រប ? ដូចមានលិខិត ទាំងនោះភ្ជាប់មកជាមួយស្រាប់ ។
ជាចុងក្រោយកញ្ញា ហេង ចន្ថា បានបញ្ជាក់ថា នាងខ្ញុំសូមអភ័យទោសចំពោះមិត្តៗ អ្នកគាំទ្រគ្រប់ៗរូប យើងខ្ញុំបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពហើយ ។ សូមទទួលនូវការគោរព និងរាប់អានដ៏ខ្ពង់ខ្ពស់ពីនាងខ្ញុំ ។ សូមផ្តល់កំលាំងចិត្តដល់នាងខ្ញុំផង ។
ជុំវិញព័ត៌មានខាងលើ នារសៀលថ្ងៃទី១១ តុលា ២០១៦ ដដែលនេះ គេហទំព័រកោះសន្តិភាពមិនអាចរកការសុំអត្ថាធិប្បាយពីមន្ត្រីកុងស៊ុលសហរដ្ឋអាមេរិចប្រចាំព្រះរាជាណាចក្រកម្ពុជាខាងលើនេះបានទេ ៕












ចែករំលែកព័តមាននេះ