ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ​ឆ្នាំ​នេះ ទាក់ទាញ​សមិទ្ធិ​ករ​ភាពយន្ត​កាន់តែ​ច្រើន

2 ឆ្នាំ មុន
  • ភ្នំពេញ

មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ (CSFF) បាន​បើក​ប្រកាស​ទទួល​រឿង​ប្រកួត ដល់​សមិទ្ធិ​ករ​រឿង​ខ្លី ចាប់តាំងពី​ពាក់កណ្តាល​ខែមីនា នេះ​កន្លង​ទៅ​។ មហោស្រព​នេះ

រាជធានី​ភ្នំពេញ ៖ មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ (CSFF) បាន​បើក​ប្រកាស​ទទួល​រឿង​ប្រកួត ដល់​សមិទ្ធិ​ករ​រឿង​ខ្លី ចាប់តាំងពី​ពាក់កណ្តាល​ខែមីនា នេះ​កន្លង​ទៅ​។ មហោស្រព​នេះ នៅ​តែ​រាប់​បញ្ចូល​ភាពយន្ត​ខ្លី​កម្ពុជា ដើម្បី​លើកទឹកចិត្ត​ដល់​យុវ​សមិទ្ធិ​ករ ឱ្យ​បង្ហាញ​ទេព​កោសល្យ​របស់​ខ្លួន​។

មុន​នឹង​ឈាន​ទៅ​ដល់​មហោស្រព​ធំ អ្នក​រៀបចំ​កម្មវិធី គឺ «​ក្រុម​ភាពយន្ត​ឈូករ័ត្ន​» (Sunflower Film Alliance) បាន​រៀបចំ «​កិច្ច​ស្វែង​យល់​ពី​ភាពយន្ត​ចតុមុខ​» (Chaktomuk Film Insight) ជា​បន្តបន្ទាប់​គ្នា​បាន​៤​លើក​រួច​មក​ហើយ ដោយនៅ​ក្នុង​នោះ​លើក​ទី​១​ថ្ងៃ​ទី​២០ ខែមីនា (​អន​ឡាញ​) លើក​ទី​២ ថ្ងៃ​ទី​២៦ ខែមីនា នៅ «​ផ្ទះ​មេត្តា​» (Meta House) លើក​ទី​៣ នៅ​ថ្ងៃ​ទី​០៩ ខែមេសា (​អន​ឡាញ​) និង​លើក​ទី​៤ នៅ​ថ្ងៃ​ទី​២៣ ខែមេសា នៅ Ikigai Arts Center​។

បន្ទាប់​ពី​ទស្សនា​ភាពយន្ត​ខ្លី​ដែល​សម្រិតសម្រាំង​ពី​ឆ្នាំ​មុន ក​ម្មិ​វី​ធី​នេះ​មាន​បើក​វគ្គ​សំណួរចម្លើយ​រវាង​សាធារណជន និង​សមិទ្ធិ​ករ​ភាពយន្ត ក៏​ដូច​ជា​គណៈកម្មការ​មហោស្រព​។ កិច្ច​ស្វែង​យល់​នេះ ក៏​ជា​កម្មវិធី​មួយ​រៀបចំ​ឡើង​ដើម្បី​បញ្ជាក់​ថា មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ​ឆ្នាំ​នេះ បាន​ត្រឡប់​មក​វិញ​ហើយ ដែល​នឹង​ប្រារព្ធ​កម្មវិធី​ធំ​នា​ខែតុលា​នេះ​។ រាល់​លើក​អន​ឡាញ គឺ CFI ទាក់ទាញ​ទស្សនិកជន​មិន​តិច​ជាង​ពាន់​នាក់​ទេ រីឯ​ដោយ​ផ្ទាល់​វិញ ក៏​មិន​តិច​នាក់​ដែរ ដែល​ជា​កំណើន​ពហុគុណ ធៀប​នឹង​ឆ្នាំ​មុន​ៗ​។

លោក សុខ សុ​ភក្ត្រ ជា​ប្រធាន​ផ្នែក​កម្មវិធី​របស់​មហោស្រព​ឆ្នាំ​នេះ ឲ្យ​ដឹង​ថា​៖ «​កិច្ច​ស្វែង​យល់​ភាពយន្ត​ខ្លី​ចតុមុខ ពិតជា​ផ្តល់​សារៈសំខាន់​ចាំបាច់​សម្រាប់​យុវ​សមិទ្ធិ​ករ​សិក្សា​ស្វែង​យល់ បន្ថែម​អំពី​បច្ចេកទេស​ក្នុង​ការ​ផលិតភាព​យន្ត ការ​ទស្សនា​ស្នាដៃ ជ័យ​លា​ភី ជា​ពិសេស​មានឱកាស​បាន​ជួប និង​សំណេះសំណាល​ផ្ទាល់​ជាមួយ​អ្នក​មានបទពិសោធន៍ ផលិតករ អ្នកដឹកនាំ​រឿង និង​ក្រុមការងារ​ផ្សេង​ៗ​ទៀត ដើម្បី​ជម្រុញ​ការ​ផលិត​ស្នាដៃ​រឿង​ខ្លី​កាន់តែ​ទាក់ទាញ និង មានគុណ​ភាព​ដើម្បី​អាច​ដាក់ ប្រកួតប្រជែង​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ​ដែល​ធ្វើ​ឡើងជា​រៀង​រាល់​ឆ្នាំ ហើយ​ក៏​អាច​ក្លាយជា​ស្នាដៃ​មួយ​ដែល​អាច​ប្រកួតប្រជែង ក្នុង​ឆាក​អន្តរជាតិ​ផង​ដែរ​»​។

លោក ទី ទេព​និមល ជា​ជ័យ​លា​ភី​ប្រចាំឆ្នាំ​២០២១ តាម​រយៈ​រឿង «​ប៉ាន់​ក្រហម​» ក៏​បាន​លើក​ឡើង​ដែរ​ថា​៖ «​មហោ​ស្រព​ភាពយន្ត​ខ្លី នៅ​ក្រៅ​ស្រុក​មាន​ច្រើន​រាប់​មិន​អស់ តែ​នៅ​ប្រទេស​កម្ពុជា CSFF ជា​មហោស្រព​តែ​មួយ​គត់​ដែល​ផ្តល់​ឱកាស​ដល់ យុវ​សមិទ្ធិ​ករ​ដូច​ជា​ខ្ញុំ បង្ហាញ​ស្នាដៃ​ផ្ទាល់​ខ្លូ​ន និង​ការ​វាយតម្លៃ​ជាទី​ទុកចិត្ត​»​។

ចំណែក​កញ្ញា ថា​ស្រី​នុ​ត ជា​មន្ត្រី​នៅ​ស្ថាន​ទូ​ជប៉ុន និង​ជា​ភ្ញៀវ​ចូលរួម​ម្នាក់​នៅ CFI លើក​ទី​៤ ចូលរួម​ជា​មតិ​ថា​៖ «​កម្ម​វិធី​នេះ រៀបចំ​បាន​ល្អ ខ្ញុំ​ចូល​ចិត្ត​ជាងគេ គឺ​វគ្គ​សួរ​សំណួរ ព្រោះថា នាង​ខ្ញុំ​មានឱកាស​សួរ​សំណួរ​ដោយ​ផ្ទាល់​ជាមួយ​ផលិតករ ក៏​ដូច​ជា​អ្នកនិពន្ធ ផង​ដែរ​»​។

ជា​ការ​កត់សម្គាល់ បន្ទាប់​ពី​ចប់​មហោស្រព នឹង​បន្ត​យុទ្ធនាការ​របស់​ខ្លួន​នៅ​តាម​រោង​ភាពយន្ត និង​បណ្តា​ខេត្ត​មួយ​​ចំនួន​នៅ​ខែឧសភា ខាង​មុខ​នេះ ដោយ​រំពឹង​ថា​នឹង​ទាក់ទាញ​យុវ​សមិទ្ធិ​ករ​ពី​ទីតាំង​ទាំងនោះ ឱ្យ​ដាក់​រឿង​របស់​ខ្លួន មក CSFF​ដែរ និង​ពង្រីក​វិសាលភាព វិស័យ​ភាពយន្ត តាម​រយៈ​ការ​ទស្សនា​រឿង​ខ្លី​ៗ និង​មាន​អត្ថន័យ​។

សូម​រំលឹក​ដែរ​ថា ជ័យ​លា​ភី​សម្រាប់​ឆ្នាំ​២០២២​នេះ នឹង​ត្រូវ​បែងចែក​យ៉ាង​ហោច​ជា​៥​ប្រភេទ​ក្នុង​នោះ​មាន ៖ ភាពយន្ត​ខ្លី​ឆ្នើម​របស់​កម្ពុជា (​ដាក់​ពិន្ទុ​ដោយ​មេ​ប្រយោគ​ក្នុងស្រុក​) ភាពយន្ត​ខ្លី​ឆ្នើម​បន្ទាប់​របស់​កម្ពុជា (​ដាក់​ពិន្ទុ​ដោយ​មេ​ប្រយោគ​ក្នុងស្រុក​) ភាពយន្ត​ខ្លី​ឆ្នើម​អន្តរជាតិ (​ដាក់​ពិន្ទុ​ដោយ​មេ​ប្រយោគ​អន្តរជាតិ​) រង្វាន់​ទស្សនិកជន ដល់​ភាពយន្ត​ខ្លី​ក្នុងស្រុក (​តាម​រយៈ​ការ​បោះ​ឆ្នោត​ពី​ទស្សនិកជន​) រង្វាន់​ទស្សនិកជន ដល់​ភាពយន្ត​ខ្លី​អន្តរជាតិ (​តាម​រយៈ​ការ​បោះ​ឆ្នោត​ពី​ទស្សនិកជន​)​។

ក្រុម​ភាពយន្ត​ឈូករ័ត្ន ឬ Sunflower Film Alliance ដំណើរការ​តាំងពី​ចុងឆ្នាំ​២០១៧​មក ចាត់ទុកជា​ក្រុម​យុវជន​ក្រោម ការ​គ្រប់គ្រង ដោយ​អង្គការ​ភាពយន្ត​ឈូករ័ត្ន – Sunflower Film Organization – SFO ដែល​ចូលរួម​ដោយ​អ្នក​ស្ម័គ្រ​ចិត្តជា​ច្រើន​រូប​ទូ​ទាំង​ប្រទេស កម្ពុជា​ដែល​ស្រឡាញ់ ជំនាញ ភាពយន្ត អាយុ ចន្លោះ​ពី​១៥​ឆ្នាំ​ដល់​៣៥​ឆ្នាំ​។ អង្គការ​នេះ​ផ្ទាល់ បាន​ចុះ​ឈ្មោះ​ជា​ផ្លូវការ នៅ​ក្រសួងមហាផ្ទៃ ជា​អង្គការ​មិន​រក​ប្រាក់​ចំណេញ ។

ក្រុម​ភាពយន្ត​ឈូករ័ត្ន​បាន​ផលិត​គម្រោង​ខ្លួនឯង និង​សហ​ផលិត តាំងពី​ចុងឆ្នាំ​២០១៧ ដែល​រួម​មាន​កម្មវិធី «​កុន​ខ្ញុំ​» សម្រាប់​ទូរទស្សន៍​ជាតិ​កម្ពុជា (​ទ​ទក​) កម្រង​រឿង​ពី​«​គ្រួសារ​» និង​ភាពយន្ត​ខ្លី​ៗ​ដូច​ជា រឿង “akumu” និង​រឿង​ខ្លី​ៗ​មួយ​ចំនួន​ទៀត​។ តាំងពី​ឆ្នាំ ២០១៩ ក្រុម​នេះ​ក៏​បាន​រៀបចំ​កម្មវិធី «​តោះ​ថត​ភាពយន្ត​ឯកសារ​នៅ​កម្ពុជា​» (Let’s Document Cambodia) ដោយ​បាន​បណ្តុះបណ្តាល​យុវជន​នៅ​ភ្នំពេញ និង​តាម​ខេត្ត​នានា​បាន​មិន​តិច​ជាង​២០០​នាក់​ទេ​។

ក្រុម​ភាពយន្ត​ឈូករ័ត្ន មាន​គោលដៅ​ដ៏​ចម្បង គឺ​ចង់ឱ្យ​មានការ​យល់​ដឹង កាន់តែ​ទូលំទូលាយ​អំពី​ការ​ផលិត ភាពយន្ត ដើម្បី​កសាង​ឧស្សាហកម្ម ភាពយន្ត​កម្ពុជា ឱ្យ​រឹង​មាន​ដោយ​រៀបចំ វគ្គ​បណ្តុះបណ្តាល​ខ្លី​ៗ និង​ចាក់​បង្ហាញ​ស្នាដៃ តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា និង​រោង​ភាពយន្ត ឬ​មហោស្រព​នានា រួម​ទាំង មហោស្រព​ភាពយន្ត ខ្លី​ចតុ​មុខជា កម្មវិធី​ប្រចាំ​ក្រុម​ដែរ ជាមួយ​សម្ព័ន្ធមិត្ត តាម​បណ្តា​ខេត្ត​នៅ​កម្ពុជា ក៏​ដូច​ជា​ដៃគូ​នៅ ក្រៅ​ស្រុក ដើម្បី​នាំ​ស្នាដៃ យុវជន​ខ្មែរ ឱ្យ​មានការ​ទទួលស្គាល់​នៅ​លើ​ឆាក​អន្តរជាតិ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ