ការអង្កេតមួយទាក់ទងនឹងជំងឺពងបែកលើស្បែកដែលបានកើតឡើងលើមនុស្សពីរនាក់បន្ទាប់ពីការចាក់សាក់ ត្រូវគេសន្និដ្ឋានថា អ្នកទាំងពីរឆ្លងមេរោគដោយបាក់តេរីដែលមិនធ្លាប់ត្រូវបានគេសិក្សាពីមុនមក ។
ការឆ្លងមេរោគនេះមានការចូលរួមពីបាក់តេរីដែលមានឈ្មោះថា haemophilum Mycobacterium ដែលវាជាធម្មតាកើតតែលើបុគ្គលដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ ។ អ្នកជំងឺទាំងពីនាក់នេះមកពីទីក្រុង Seattle ប៉ុន្តែការឡើងកន្ទួលនេះផ្ទុយទៅនឹងការណ៍ពិតដែលប្រព័ន្ធភាពស៊ាំរបស់ពួកគាត់មានដំណើរការធម្មតា នេះបើយោងតាមរបាយការណ៍ស្តីពីការអង្កេតខាងលើបានរកឃើញ ។
«មនុស្សពីរនាក់នេះឆ្លងមេរោគស្បែករ៉ាំរ៉ៃបន្ទាប់ពីបានទទួលការចាក់សាក់នៅហាងដូចគ្នា» ។ លោកវេជ្ជបណ្ឌិត Meagan K. Kay អ្នកដឹកនាំការសិក្សាពីមជ្ឈមណ្ឌលសហរដ្ឋអាមេរិកសម្រាក់ការគ្រប់គ្រង និងការពារជំងឺបានពន្យល់ ។ «ភ្ញៀវជាច្រើនត្រូវបានគេគិតថាឆ្លងមេរោគតាមរយៈការប្រើប្រាស់ទឹកម៉ាស៊ីនក្នុងអំឡុងពេលលាង និងពង្រាវទឹកថ្នាំ» ។
លោកស្រី Kay មន្ត្រីផ្នែកបម្រើជំងឺរាតត្បាតនៅ CDC និងក្រុមរបស់លោកស្រីបានរាយការណ៍ពីការរកឃើញរបស់ខ្លួននៅក្នុងព្រឹត្តិប័ត្រខែកញ្ញាស្តីពី Emerging Infectious Diseases របស់ CDC ។
ក្រុមអ្នកនិពន្ធបានចង្អុលបង្ហាញថា ការចាក់សាក់នេះមិនត្រូវបានគេចាត់ទុកថាជាដំណើរការដែលគ្មានមេរោគទេ ហើយអាចមានគ្រោះថ្នាក់ដល់ជីវិត ។ ខណៈពេលដែលទឹកថ្នាំ និងសារធាតុពណ៌ដែលគេប្រើជាទូទៅក្នុងការចាក់សាក់ត្រូវបានគ្រប់គ្រងដោយរដ្ឋបាលចំណីអាហារ និងឱសថសហរដ្ឋអាមេរិក ប៉ុន្តែច្បាប់នេះអនុវត្តបានតែនៅពេលដែលគេប្រើប្រាស់សារធាតុគ្រឿងសំអាង ឬសារធាតុពណ៌ប៉ុណ្ណោះ ។
ការបណ្តុះមេរោគដែលបានមកពីពងលើស្បែកក្នុងមន្ទីរពិសោធន៍បានបង្ហាញថាបាក់តេរី M. haemophilum គឺជាអ្នកបង្កជំងឺក្នុងករណីអ្នកជំងឺទី១ ។ ការវាយតម្លៃស្បែក និងការសម្ភាសអ្នកជំងឺនាំឱ្យក្រុមអ្នកស្រាវជ្រាវសន្និដ្ឋានថាបុរសទីពីរប្រហែលជាឆ្លងមេរោគដោយបាក់តេរីនេះដូចគ្នា ទោះបីជាពួកគេបានចាត់ថ្នាក់ស្ថានភាពរបស់គាត់ថាជា «ជាករណីសង្ស័យ» ក្ដី ។
ទឹកត្រូវបានគេចាត់ទុកថាជាប្រភពនៃបាក់តេរី M. haemophilum ។ ទោះបីជាឧបករណ៍សម្រាប់ចាក់សាក់ត្រូវបានគេសម្លាប់មេរោគ និងគ្មានបាក់តេរី M. haemophilum ត្រូវបានគេរកឃើញនៅក្នុងសំណាកទឹកវិភាគ ប៉ុន្តែអ្នកចាក់សាក់ឲ្យអតិថិជនត្រូវបានគេប្រាប់ឱ្យប្រើទឹកដែលបានសម្លាប់មេរោគសម្រាប់ការចាក់សាក់នៅពេល ក្រោយៗទៀត។
លោកស្រី Kay បានថ្លែងថា «វាជាការសំខាន់ក្នុងការចាំថាការសាក់មិនមែនជាដំណើរការដែលគ្មានមេរោគនោះទេ ហើយការឆ្លងមេរោគអាចកើតមានឡើងបន្ទាប់ពីការសាក់»។ «វិចិត្រករចាក់សាក់គួរតែដឹងពីវិធានការក្នុងការការពារការឆ្លងមេរោគ រួមទាំងការបណ្តុះបណ្តាលត្រឹមត្រូវ ការប្រើប្រាស់ឧបករណ៍ដែលបានរំងាប់មេរោគ និងរក្សាកន្លែងឲ្យមានភាពស្អាត ។ ហើយគួរជៀសវាការប្រើប្រាស់ទឹកម៉ាស៊ីនក្នុងអំឡុងពេលចាក់សាក់» ។
លោកស្រីបានបន្ថែមទៀតថា «អ្នកដែលសង្ស័យថា ខ្លួនបានឆ្លងមេរោគក្រោយពីការសាក់ គួរតែទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យរបស់ពួកគេ ។ ការឆ្លងមេរោគទូទៅអាចបង្ហាញឲ្យឃើញតាមរយៈការឡើងក្រហមលើស្បែកហើម និងឈឺ» ៕
ចែករំលែកព័តមាននេះ