ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ី​អាយ​អិ​ម​ប៊ី ប្រកាស​ទទួល​ពាក្យ​ឱ្យ​និស្សិត​ចូលរួម​ប្រកួត​ជួញដូរ​ភាគហ៊ុន​ប្រចាំ​អាស៊ាន

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្មវិធី​ប្រកួត​ជួញដូរ​ភាគហ៊ុន ស៊ី​អាយ​អិ​ម​ប៊ី ប្រចាំ​តំបន់​អាស៊ាន ឆ្នាំ​២០១៦ (CIMB ASEAN Stock Challenge 2016) ជា​ព្រឹត្តិការណ៍​ប្រឡង​បែប​ទំនើប ដែល​មានការ​ប្រកួតប្រជែង​កាន់តែ​ខ្ពស់

រាជធានី​ភ្នំពេញ ៖ កម្មវិធី​ប្រកួត​ជួញដូរ​ភាគហ៊ុន ស៊ី​អាយ​អិ​ម​ប៊ី ប្រចាំ​តំបន់​អាស៊ាន ឆ្នាំ​២០១៦ (CIMB ASEAN Stock Challenge 2016) ជា​ព្រឹត្តិការណ៍​ប្រឡង​បែប​ទំនើប ដែល​មានការ​ប្រកួតប្រជែង​កាន់តែ​ខ្ពស់ ដើម្បី​ស្វែងរក​យុវជន​វ័យក្មេង​មាន​ទេព​កោសល្យ​ក្នុង​តំបន់​អាស៊ាន​ផ្នែក​វិស័យ​ជួញដូរ​ភាគហ៊ុន ។ និស្សិត​សាកលវិទ្យាល័យ​នៅ​ក្នុង​ប្រទេស​កម្ពុជា ម៉ា​ឡេ​ស៊ី ឥណ្ឌូ​នេ​ស៊ី សិង្ហ​បុរី និង​ថៃ មាន​សិទ្ធិ​ដាក់​ពាក្យ​ចូលរួម​កម្មវិធី​ប្រឡង​ជួញដូរ​មូល​ប​ត្រ​លើក​ទី​៧​នេះ ដែល​មាន​ប្រាក់​រង្វាន់​៣៨.០០០​ដុល្លារ​អា​មេ​រិ​ក និង​ដំណើរ​កម្សាន្ត​ទៅ​កាន់​ផ្សា​រមូល​ប​ត្រ​ហុងកុង​ផង​ដែរ ។ កម្មវិធី​ប្រកួត​ភាគហ៊ុន​អាស៊ាន ដែល​មាន​តែ​មួយ​នេះ អនុញ្ញាត​ឲ្យ​បេក្ខជន​វ័យក្មេង​ជួញដូរ​នៅ​លើ​ទីផ្សារ​ភាគហ៊ុន​ធំ​ៗ​ទាំង​៥ ក្នុង​តំបន់ រួម​មាន​ផ្សារភាគហ៊ុន​ប៊ូ​រ​សា​ម៉ា​ឡេ​ស៊ី (Bursa Malaysia) ផ្សារភាគហ៊ុន​ឥណ្ឌូ​ណេ​ស៊ី (IDX) ផ្សារភាគហ៊ុន​សិង្ហ​បុរី (SGX) ផ្សារភាគហ៊ុន​ថៃ (SET) និង​ផ្សារភាគហ៊ុន​ហុងកុង (HKEx) ។

លោកស្រី អ៊ុំ ចិន្តា​ភក្តី នាយិកា​ធនធានមនុស្ស​របស់​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី នៅ​កម្ពុជា បាន​បញ្ជាក់​ដែរ​ថា ៖ «​កម្មវិធី​ប្រកួត​ជួញដូរ​ភាគហ៊ុន​ស៊ី​អាយ​អិ​ម​ប៊ី ប្រចាំ​តំបន់​អាស៊ាន គឺជា​ឱកាស​សំខាន់​មួយ​សម្រាប់​និស្សិត​សាកលវិទ្យាល័យ​ក្នុង​ប្រទេស​កម្ពុជា បាន​ចូលរួម​ដើម្បី​បញ្ចេញ​សមត្ថភាព​ប្រកួត​ជាមួយ​និស្សិត​ដែល​មក​ពី​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ដូច​ជា ម៉ា​ឡេ​ស៊ី ឥណ្ឌូ​ណេ​ស៊ី សិង្ហ​បុរី និង​ថៃ  ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ពិតជា​មាន​សេចក្តី​សោមនស្ស​ដែល​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ដ៍​មាន​សារសំខាន់​នេះ ហើយ​ពួក​យើង​មាន​មោទនភាព​ដែល​ក្រុម​ជើងឯក​ថ្នាក់​ជាតិ​របស់​កម្ពុជា តែងតែ​ទទួល​បាន​លទ្ធផល​ល្អ គឺ​ចំណាត់ថ្នាក់​លេខ​២ ប្រចាំ​តំបន់ ក្នុង​កម្មវិធី​ប្រកួត​នេះ ក្នុង​ឆ្នាំ​២០១៤ និង​២០១៥» ។

កម្មវិធី​ប្រកួត​ជួញដូរ​ភាគហ៊ុន​ស៊ី​អាយ​អិ​ម​ប៊ី ប្រចាំ​តំបន់​អាស៊ាន ឆ្នាំ​២០១៦ គឺ​កាន់តែ​ពិសេស​ពី​ឆ្នាំ​មុន​។ សម្រាប់​ថ្នាក់​ជាតិ បេក្ខជន​ប្រឡង​ត្រូវ​ប្រកួតប្រជែង​គ្នា​នៅ​តាម​ប្រទេស​រៀង​ៗ​ខ្លួន ចាប់ពី​ថ្ងៃ​១០ ដល់ ២៨ ខែតុលា ជាមួយ​សាច់ប្រាក់​សរុប​៨០.០០០​ដុល្លារ​អា​មេ​រិ​ក សម្រាប់​ការ​ជួញដូរ ។ ហើយ​បី​ក្រុម​ដែល​ទទួល​បាន​ផល​ចំណេញ​វិនិយោគ​ច្រើន​ជាងគេ​នៅ​ពេល​បញ្ចប់​ការ​ជួញដូរ នឹង​ត្រូវ​យក​មក​ធ្វើការ​សម្រេច​ជា​ចុង​ក្រោយ ផ្អែក​លើ​សំ​ណេ​រ​យុទ្ធសាស្ត្រ​របស់​ពួក​គេ ។ ក្រុម​ដែល​មាន​សំ​ណេ​រ​យុទ្ធសាស្ត្រ​ល្អ​បំផុត នឹង​ក្លាយជា​ម្ចាស់​ជើងឯក​ថ្នាក់​ជាតិ​ក្នុង​ប្រទេស​របស់​ខ្លួន ។ ក្រុម​ជើងឯក​ចំណាត់ថ្នាក់​លេខ​១ នឹង​ទទួល​បាន​ប្រាក់​រង្វាន់​៨០០​ដុល្លារ​អា​មេ​រិ​ក ចំណាត់ថ្នាក់​លេខ​២ ទទួល​បាន​៥០០​ដុល្លារ​អា​មេ​រិ​ក និង​ចំណាត់ថ្នាក់​លេខ​៣ ទទួល​បាន​៤០០​ដុល្លារ​អា​មេ​រិ​ក​។ អ្នក​ជាប់​ជ័យ​លា​ភី​ទាំង​បី​ក្រុម​នឹង​មានឱកាស​ក្លាយជា​បុគ្គលិក​ហាត់​ការ នៅ​ស៊ី​អាយ​អិ​ម​ប៊ី គ្រុប ទៀត​ផង ។

ក្រុម​ជើងឯក​មក​ពី​ប្រទេស​ទាំង​៥ នឹង​មក​ប្រកួត​គ្នា​ក្នុង​ប្រទេស​សិង្ហ​បុរី នា​ខែមករា ឆ្នាំ​២០១៧ ដើម្បី​ដណ្តើម​ជើងឯក​ថ្នាក់​តំបន់​។ ផល​ចំណេញ​ពី​ការ​ជួញដូរ​របស់​ក្រុម​ជើងឯក​ថ្នាក់​ជាតិ នឹង​ត្រូវ​យក​មក​កំណត់​ពី​កម្រិត​ល្អ​ប្រសើរ​នៃ​ការ​ជួញដូរ​ឆ្លើយ​តប​នឹង​ពេលវេលា​។ តាម​រយៈ​លក្ខខណ្ឌ​នៃ​ការ​ប្រឡង​ក្រុម​នីមួយ​ៗ​នឹង​ទទួល​បាន​ប្រវត្តិ​ទិន្នន័យ​នៃ​ផ្សារភាគហ៊ុន​ទាំង​៥ ដើម្បី​វិភាគ និង​ជ្រើសរើស​ភាគហ៊ុន​មួយ​ដែល​គិត​ថា​អាច​ទទួល​បានការ​ចំណេញ​ច្រើន​បំផុត​។ ជា​លទ្ធផល​ក្រុម​ជើងឯក​នឹង​បាន​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​កាន់​ផ្សារភាគហ៊ុន​ហុងកុង ជាមួយ​ប្រាក់​រង្វាន់​១២.០០០​ដុល្លារ​អា​មេ​រិ​ក ហើយ​ក្រុម​ជើងឯក​រង​ទទួល​បាន​៨.០០០​ដុល្លារ​អា​មេ​រិ​ក ក្រុម​លេខ​៣ ទទួល​បាន ៥.០០០​ដុល្លារ​អា​មេ​រិ​ក ក្រុម​លេខ​៤ ទទួល​បាន​៣.០០០​ដុល្លារ​អា​មេ​រិ​ក និង​ក្រុម​លេខ​៥ ទទួល​បាន​១.៥០០​ដុល្លារ​អា​មេ​រិ​ក​។