រាជធានីភ្នំពេញ ៖ បណ្តាញគ្រឹះស្ថាន វេសឡាញ អេឌ្យូខេសិន គ្រុប (WEG) បានប្រកាសជាផ្លូវការចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការវិនិយោគរួមគ្នា ដើម្បីបង្កើតសាលារៀនថ្មីចំនួន ៤ បន្ថែមទៀត ក្នុងគោលដៅពង្រីកវិសាលភាពអប់រំឱ្យកាន់តែខិតជិតសហគមន៍នៅតាមបណ្តារាជធានី និងខេត្តគោលដៅក្នុងឆ្នាំសិក្សា២០២៦-២០២៧។

ពិធីចុះហត្ថលេខារវាងបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប និងដៃគូវិនិយោគបានប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និង ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីពេលថ្មីៗកន្លងទៅនេះ នៅសណ្ឋាគារ SUN & MOON Riverside។
ចំពោះគ្រឹះស្ថានអប់រំថ្មីទាំង៤រួមមាន៖សាលារៀនអន្តរជាតិ វ៉េស្ទឡាញន៍ សាខាក្រុងស្វាយរៀង និងសាខាក្រុងពោធិ៍សាត់ សាលារៀនណត្សឡាញន៍ សាខាចោមចៅ មានទីតាំងក្នុងខណ្ឌពោធិ៍សែនជ័យ សាលារៀនសហគមន៍២១ សាខាមោងឬស្សី មានទីតាំងសិ្ថតស្រុកមោងឬស្សី ខេត្តបាត់ដំបង។ ហើយគ្រឹះស្ថានទាំងនោះបាននិងកំពុងទទួលចុះឈ្មោះសិស្សចូលរៀនជាមួយនឹងការផ្តល់ជូនពិសេសរហូតដល់ថ្ងៃបើវគ្គសិក្សាថ្មី។

សូមរំលឹកថា បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប បានរៀបចំ “មូលនិធិអភិវឌ្ឍវិស័យអប់រំ និងបណ្តុះបណ្តាល” ដោយត្រៀមនូវកញ្ចប់ថវិកាបម្រុងចំនួន ៣,០០០,០០០ ដុល្លារអាមេរិក (បីលានដុល្លារអាមេរិក)។គោលបំណងចម្បងនៃមូលនិធិនេះ គឺដើម្បីជំរុញគុណភាពអប់រំ និងពង្រីកវិសាលភាពនៃការបណ្តុះបណ្តាលនៅកម្ពុជា តាមរយៈការចូលរួមវិនិយោគជាមួយគ្រឹះស្ថានអប់រំឯកជនដែលមានស្រាប់ ដែលមានចក្ខុវិស័យដូចគ្នា និងមានបំណងចង់បង្កើនប្រសិទ្ធភាពការងារ និងគុណភាពបង្រៀនឱ្យកាន់តែប្រសើរឡើង។

ទន្ទឹមនឹងនេះ ការសម្រេចចិត្តពង្រីកសាខាបន្ថែមក្នុងឆ្នាំ២០២៦នេះ គឺជាជំហានយុទ្ធសាស្ត្រដ៏សំខាន់របស់វេសឡាញ ក្នុងការឆ្លើយតបទៅនឹងទំនុកចិត្តរបស់សាធារណជន។ តាមរយៈកិច្ចសហការជាមួយដៃគូវិនិយោគដែលមានចក្ខុវិស័យដូចគ្នា វេសឡាញនឹងបណ្តុះបណ្តាលធនធានមនុស្សកាន់តែច្រើន ដើម្បីចូលរួមអភិវឌ្ឍមូលធនមនុស្ស និងសេដ្ឋកិច្ចជាតិ។ លើសពីនេះ កិច្ចសហការវិនិយោគរួមនេះក៏ឆ្លុះបញ្ចាំងពីជំនឿចិត្តរបស់វិនិយោគិនមកលើប្រព័ន្ធគ្រប់គ្រងសាលារៀនរបស់បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប ដែលមានភាពរឹងមាំ និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មាតាបិតា និងអ្នកអាណាព្យាបាលសិស្ស។

សូមបញ្ជាក់ផងដែរថា កាលពេលថ្មីកន្លងទៅនេះ បណ្តញាគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុបបានសម្ពោធដាក់ឱ្យប្រើប្រាស់កម្មវិធីអន្តរជាតិ Pearson Edexcel មកពីចក្រភពអង់គ្លេសនៃសាលារៀនអន្តរជាតិ វ៉េស្ទឡាញន៍។ ការសម្រេចចិត្តដាក់បញ្ចូលកម្មវិធីអន្តរជាតិនេះគឺជាយុទ្ធសាស្ត្រដ៏សំខាន់មួយ និងកើតចេញពីចក្ខុវិស័យវែងឆ្ងាយក្នុងការធ្វើសមាហរណកម្មកម្មវិធីសិក្សាជាតិជាមួយនឹងស្តង់ដាអប់រំលំដាប់ពិភពលោក។ ហេតុផលសំខាន់មួយទៀត គឺដើម្បីផ្តល់ជូនសិស្សានុសិស្សនូវគុណវុឌ្ឍិដែលត្រូវបានទទួលស្គាល់ជាសកល ដែលអាចបើកទ្វារឱ្យពួកគេបន្តការសិក្សានៅសាកលវិទ្យាល័យល្បីៗនៅចក្រភពអង់គ្លេស សហរដ្ឋអាមេរិក អូស្ត្រាលី និងបណ្តាប្រទេសអភិវឌ្ឍន៍នានាបានយ៉ាងរលូន ព្រមទាំងជួយសន្សំសំចៃទាំងពេលវេលា និងថវិកា៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ