ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ធ្លាប់​សម្រាលកូន​ដោយ​ការ​វះកាត់​ក៏​អាច​សម្រាលកូន​តាម​ធម្មជាតិ​បាន​ដែរ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កញ្ញា​វេជ្ជបណ្ឌិត ឈា ចរិយា ឯកទេស​ផ្នែក​សម្ភព​និង​រោគ​ស្ត្រី​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត មាន​ប្រសាសន៍​ថា ជា​ការ​ពិត​ណាស់ ស្ត្រី​ដែល​ធ្លាប់​សម្រាលកូន​ដោយ​ការ​វះកាត់ ពិតជា​មាន​ច​ម្ង​ល់​ពី​ការ​សម្រាលកូន​

រាជធានី​ភ្នំពេញ ៖ កញ្ញា​វេជ្ជបណ្ឌិត ឈា ចរិយា ឯកទេស​ផ្នែក​សម្ភព​និង​រោគ​ស្ត្រី​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត មាន​ប្រសាសន៍​ថា ជា​ការ​ពិត​ណាស់ ស្ត្រី​ដែល​ធ្លាប់​សម្រាលកូន​ដោយ​ការ​វះកាត់ ពិតជា​មាន​ច​ម្ង​ល់​ពី​ការ​សម្រាលកូន​នៅ​ពេល​មាន​ផ្ទៃពោះ​លើក​ក្រោយ ។ ស្ត្រី​មួយ​ចំនួន​យល់​ថា គាត់​ពុំ​អាច​សម្រាល​តាម​ធម្មជាតិ​បាន​ទេ ហើយ​ត្រូវ​តែ​ធ្វើការ​វះកាត់​ម្តងទៀត នៅ​ពេល​មាន​ផ្ទៃពោះ​លើក​ក្រោយ ។

ទាក់ទង​នឹង​ចំណុច​នេះ យើងខ្ញុំ​ជា​វេជ្ជបណ្ឌិត​ឯកទេស​សូម​ធ្វើការ​បកស្រាយ​ដូច​តទៅ ៖

ក​-​តាម​ការ​សិក្សា​បង្ហាញ​ឲ្យ​ឃើញ​ថា ៥០%
នៃ​ស្ត្រី​ដែល​មាន​ស្បូន​ធ្លាប់​ធ្វើការ​វះកាត់ និង​មាន​អាង​ត្រគាក​ប្រហាក់ប្រហែល​ធម្មតា អាច​សម្រាលកូន​តាម​ផ្លូវ​ធម្មជាតិ​ដោយ​គ្មាន​ផលវិបាក ប៉ុន្តែ​ត្រូវ​ស្ថិត​នៅ​ក្រោម​ការ​តាមដាន និង​វាយតម្លៃ​ហ្មត់ចត់​ពី​គ្រូពេទ្យ​ជំនាញ​ផ្នែក​សម្ភព ។

ខ​-​កត្តា​ដែល​កំណត់​ថា ស្ត្រី​អាច​សម្រាលកូន​តាម​ផ្លូវ​ធម្មជាតិ​បាន​គឺ​ផ្អែក​ទៅ​លើ ៖
-​ប្រវត្តិ​វះកាត់​ពី​មុន (​វះ​ដោយ​បញ្ហា​អ្វី ផ្ទៃពោះ​គ្រប់​ខែ​ឬទេ? ប្រភេទ​វះកាត់ កា​រវិ​វត្ត​ជំងឺ​ក្រោយ​ការ​វះកាត់​)
-​ប្រវត្តិ​ផ្នែក​សម្ភព និង​រោគ​ស្ត្រី (​ឧ​.​វះកាត់​ស្បូន​)
– ការ​វាយតម្លៃ​ទម្ងន់​ទារក
-​ការ​វាយតម្លៃ​ទៅ​លើ​អាង​ត្រគាក
-​ការ​វាយតម្លៃ​មាត់ស្បូន (​ការ​បើក​នៃ​មាត់ស្បូន និង​កម្ពស់ ទម្ងន់​កូន​)
-​ការ​ចង់បាន​របស់​អ្នកជំងឺ (Souhait de la patiente)

គ​-​តើ​ស្ត្រី​អាច​ប្រឈម​បញ្ហា​អ្វីខ្លះ? ស្ត្រី​អាច​ប្រឈម​មុខ​នឹង​ការ​រហែក​ស្បូន (La rupture) ក្នុង​ពេល​កំពុង​ពពោះ និង​ក្នុង​ពេល​ឈឺពោះ​សម្រាល ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​ម្តាយ និង​ទារក​ក្នុង​ផ្ទៃ (​អត្រា​ស្លាប់​ទារក​មាន​ប្រហែល ៥,៥%  mortalité néonatale ក្នុង​ករណី​រហែក​ស្បូន​) ។ 

ឃ​-​ហេតុ​អ្វី​បានជា​ស្ត្រី​ចាំបាច់​ត្រូវ​តាមដាន​ដោយ​ក្រុម​គ្រូពេទ្យ​ជំនាញ?
១-​ក្នុង​ពេល​ពពោះ ៖ អត្រា​នៃ​ការ​រហែក​ស្បូន​ដោយ​ឯកឯង​គឺ​ជួប​ដោយ​កម្រ និង​មាន​កម្រិត​ទាប
២-​ក្នុង​ពេល​ឈឺពោះ​សម្រាល ៖ អត្រា​នៃ​ការ​រហែក​ស្បូន​មាន​ខ្ពស់ ដែល​តម្រូវ​ឲ្យ​មានការ​តាមដាន​ទៅ​លើ​៖ -​ការ​តាមដាន​ចង្វាក់បេះដូង​កូន -​ការ​ធ្លាក់ឈាម -​ការ​ឈឺចាប់​ត្រង់​ថ្នេរ​វះ -​ការ​កន្ត្រាក់​ស្បូន រាល់​ការ​ប្រែប្រួល​ចង្វាក់បេះដូង​កូន (​ញាប់​ពេក​, យឺត​ពេក​, ចង្វាក់​រាបស្មើ​) លាយឡំ​ការ​ធ្លាក់ឈាម ។

កញ្ញា​វេជ្ជបណ្ឌិត ឈា ចរិយា បាន​បញ្ជាក់​ថា ការ​ឈឺចាប់​ខ្លាំង​នៅ​ត្រង់​ថ្នេរ​វះ ការ​កន្ត្រាក់​នៃ​ស្បូន​ញាប់​ហើយ​ខ្លាំង​ៗ ឬ​បាត់​ការ​កន្ត្រាក់​នៃ​ស្បូន គឺជា​សញ្ញា​នៃ​ការ​ត្រៀម​នឹង​រហែក ឬ​រហែក​ស្បូន ។

៥-​អនុសាសន៍​ពី​គ្រូពេទ្យ​ជំនាញ​ផ្នែក​សម្ភព ៖
-​ស្ត្រី​ដែល​ស្បូន​ធ្លាប់​វះកាត់​ហើយ និង​កំពុង​តែ​ពពោះ បើសិនជា​មានការ​ឈឺពោះ ត្រូវ​តែ​សម្រាក​ពេទ្យ  
-​គប្បី​មក​ពិគ្រោះ​ផ្ទៃពោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ដើម្បី​ពិភាក្សា​ពី​ការ​សម្រាលកូន​លើក​ក្រោយ
-​ការ​ប្រើប្រាស់​ថ្នាំ​មួយ​ចំនួន​ត្រូវ​បាន​ហាមឃាត់ ក្នុង​ពេល​តាមដាន​ការ​សម្រាល
-​ប្រសិនបើ​ស្ត្រី​ស្នើ​សុំ​ធ្វើការ​វះកាត់​ម្តងទៀត ក្រោយ​ពី​ការ​ខ្វល់​ពី​ផល​ចំណេញ ដែល​ប៉ះពាល់​ពី​គ្រូពេទ្យ​ជំនាញ ការ​វះកាត់​នឹង​ត្រូវ​បាន​ធ្វើ​ដោយ​គ្រូពេទ្យ​ជំនាញ

-​ករណី​ពិសេស​មួយ​ចំនួន ការ​វះកាត់​ត្រូវធ្វើ​ដោយ​ជៀស​មិន​បាន​ដូច​ជា ៖
•​ស្បូន​ដែល​ធ្លាប់​ឆ្លងកាត់​ការ​វះកាត់ ២​ដង​រួច​ហើយ (Utérus bicicatriciel)
• កូន​បញ្ច្រាស កូន​ថ្លោស កូនភ្លោះ​ឬ​ច្រើន ។

ស្ត្រី​គ្រប់​រូប អាច​មក​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ជំនាញ​ផ្នែក​សម្ភព​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ដើម្បី​ទទួល​ការ​ប្រឹក្សា​យោបល់​ដ៏​ល្អ ដែល​ធានា​នូវ​សុខុមាលភាព សុវត្ថិភាព នៅ​មុន និង​ក្រោយ​សម្រាល ជា​ពិសេស​អំឡុង​ពេល​សម្រាល ៕