ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចរចា​យ៉ាងណា! ភាគីថៃមិន​ឱ្យ​នាំ​ផ្លែ​ស្វាយ​ចូលប្រទេស​គេដាច់ខាត

7 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ បើ​ទោះបីជា​អាជ្ញាធរ​ខេត្ត​ប៉ៃលិន ​សហការ​ជាមួយ​មន្ត្រី​នៃ​មន្ទីរ​ពាក់​ព័ន្ធ​ជា​ច្រើន​ស្ថាប័ន​ ដូច​ជាមន្ទីរ​ពាណិជ្ជកម្ម មន្ទីរ​កសិកម្ម សាខា​កាំកុងត្រូល​ខេត្ត សមត្ថកិច្ច​អន្តោប្រវេសន៍ សាខា​គយ និង​រដ្ឋាករ សមាគម​កសិកម្ម​ខេត្ត បាន​នាំ​គ្នា​សស្រាក់សស្រាំ ចូល​ទៅ​ជួប​ចរ​ចា​​ជាមួយ​ថៃ ក្នុង​ទឹកដី​ខេត្ត​ចាន់​បូរី ប្រទេស​ថៃ ដើម្បី​សុំ​ថៃ​បើក​ឱ្យ​អាជីវករខ្មែរ នាំ​កសិផល​ផ្លែស្វាយ​កែវ​រមៀត ចូល

ខេត្ត​ប៉ៃលិន ៖ បើ​ទោះបីជា​អាជ្ញាធរ​ខេត្ត​ប៉ៃលិន ​សហការ​ជាមួយ​មន្ត្រី​នៃ​មន្ទីរ​ពាក់​ព័ន្ធ​ជា​ច្រើន​ស្ថាប័ន​ ដូច​ជាមន្ទីរ​ពាណិជ្ជកម្ម មន្ទីរ​កសិកម្ម សាខា​កាំកុងត្រូល​ខេត្ត សមត្ថកិច្ច​អន្តោប្រវេសន៍ សាខា​គយ និង​រដ្ឋាករ សមាគម​កសិកម្ម​ខេត្ត បាន​នាំ​គ្នា​សស្រាក់សស្រាំ ចូល​ទៅ​ជួប​ចរ​ចា​​ជាមួយ​ថៃ ក្នុង​ទឹកដី​ខេត្ត​ចាន់​បូរី ប្រទេស​ថៃ ដើម្បី​សុំ​ថៃ​បើក​ឱ្យ​អាជីវករខ្មែរ នាំ​កសិផល​ផ្លែស្វាយ​កែវ​រមៀត ចូល​ទៅ​លក់ដូរ​នៅ​ទីនោះ ។

តែ​លទ្ធផល​ចុង​ក្រោយ គឺ​ខាង​ភាគី​ថៃ នៅ​តែ​មិន​ព្រម​អនុញ្ញាត​ឱ្យ​ចូល​ទៅ​លក់ដូរ​ក្នុង​ប្រទេស​គេ​ដដែល ដោយ​តម្រូវ​ឱ្យ​ខាង​ក្រសួងកសិកម្ម​នៃ​ប្រទេស​កម្ពុជា ធ្វើ​លិខិត​ស្នាម​បញ្ជាក់​ពី​គុណភាព​ផ្លែស្វាយ តាម​លក្ខណៈ​ស្តង់ដារ​អន្តរជាតិ​ជា​មុន​សិន ទើប​គេ​យល់ព្រម ។

សូម​បញ្ជាក់​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ ​កញ្ញា កន្លង​ទៅ​នេះ ប្រជាពលរដ្ឋ និង​អាជីវករជាង​៤០​នាក់ បាន​នាំ​គ្នា​តវ៉ា​នៅ​ក្នុង​មន្ទីរ​កសិកម្ម​ខេត្ត​ប៉ៃលិន ដើម្បី​សុំ​ឱ្យ​ខាង​ភាគី​ថៃ​បើក​ឱ្យ​ពួក​គេ ដឹក​ផ្លែស្វាយ​កែវ​រមៀត ចូល​ទៅ​លក់ដូរ​នៅ​ទីនោះ ខណៈ​ថៃ​បិទ​មិន​ឱ្យ​ចូល​តាំងពី ថ្ងៃ​ទី​០៨ ​កញ្ញា មក​ម្ល៉េះ ធ្វើ​ឱ្យ​រាំងស្ទះ​ដល់​ការ​នាំ​កសិផល​ចេញ​យ៉ាង​ខ្លាំង រីឯ​ទំនិញ​ថៃ​គ្រប់​ប្រភេទ បាន​ហូរ​ចូល​មក​ក្នុង​ទឹកដី​ខ្មែរ​រាល់​ព្រឹក​ថ្ងៃ​ល្ងាច​យប់យ៉ាង​គគ្រឹកគគ្រេង ដោយ​មិន​គិត​អំពី​បញ្ហា​ខូចគុណភាព​នោះ​ឡើយ ។

​ហើយ​កាលពី​ថ្ងៃ​ទី​១៤ ​កញ្ញា កន្លង​ទៅ​នេះ អាជ្ញាធរ​ខេត្ត​ប៉ៃលិន បាន​នាំ​គ្នា​ចូល​ទៅ​ជួប​ប្រជុំ​ចរចា នៅ​ក្នុង​ខេត្ត​ចាន់​បូ​រី ប្រទេស​ថៃ ពេញ​មួយ​ថ្ងៃ ដើម្បី​សុំ​បើកផ្លូវ​ឱ្យ​អាជីវ​ករ​ខ្មែរ នាំ​ផ្លែស្វាយ​កែវ​រមៀត ចូល​ទៅ​លក់ដូរ​នៅ​ទីនោះ ដូច​កាលពីមុន ។ តែ​ខាង​ភាគី​ថៃ​មិន​អនុ​ញ្ញ​ត​ឡើយ លើកលែងតែ​ក្រសួងកសិកម្ម​ខ្មែរ រៀបចំ​ឯកសារ​បញ្ជាក់​ពី​គុណភាព​ផ្លែស្វាយ​ជា​មុន​សិន ។ 

រហូត​ដល់​រសៀល​ថ្ងៃ​ទី​១៥ ​កញ្ញា​នេះ ខាង​ក្រសួងកសិកម្ម​រួម​ជាមួយ​អាជីវករ​ជាង​២០​នាក់ បាន​ជួប​ប្រជុំ​គ្នា​បន្ទាន់​សារ​ជា​ថ្មី នៅ​ក្នុង​ការិយាល័យ​ច្រក​ទ្វារ​អន្តរជាតិ​ព្រំ ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ដើម្បី​ពិភាក្សា​រក​ដំណោះ​ស្រា យ ចំពោះ​បញ្ហា​ជាប់​គាំង នូវ​ការ​នាំ​ចេញ​ផ្លែស្វាយ​កែវ​រមៀត​នេះ​ដែរ តែ​មិន​ទាន់​បាន​លទ្ធ​ផ ល​យ៉ាងណា​នៅឡើយ​ទេ ។

ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ​លោក សុខ សា​វុ​ធ ប្រធាន​ការិយាល័យ ច្រក​ទ្វារ​អន្តរជាតិ​ព្រំ បានឱ្យ​ដឹង​ថា កិច្ចប្រជុំ​រវាង​ភាគី កម្ពុជា ជាមួយនឹង​ថៃ​ក្នុង​ខេត្ត​ចាន់​បូ​រី កាលពី​ថ្ងៃ​ទី​១៣ ខែកញ្ញា កន្លង​ទៅ ពាក់ព័ន្ធ​នឹង​បញ្ហា​ថៃ​បិទ​មិន​ឱ្យ​ខ្មែរ​នាំ​ផ្លែស្វាយ​កែវ​រមៀត​ចូល​ទៅ​លក់ដូរ​នៅ​ប្រទេស​គេ មិន​ទាន់​ទទួល​បាន​លទ្ធផល​នៅឡើយ​ទេ ព្រោះ​ខាង​ភាគី​ថៃ ទាមទារ​ឱ្យ​ខា ង​ក្រសួងកសិកម្ម​ខ្មែរ​យើង ធ្វើ​លិខិតបញ្ជាក់​ពី​គុណភាព​ផ្លែស្វាយ​កែវ​រមៀត​ជា​មុន​សិន មុន​នឹង​នាំ​ចូល​ទៅ​លក់​នៅ​ប្រទេស​របស់​គេ ដោយ​ព្រោះ​គេ​ថា ធ្លាប់​ពិនិត្យ​ឃើញ​ផ្លែស្វាយ​របស់​ខ្មែរ​យើង មាន​សត្វល្អិត​នៅ​ក្នុង​គ្រាប់ មាន​បាក់តេរី ហើយ​មាន​ផ្សិត​ខ្មៅ​ៗ​ផង​ដែរ ។

លោក​បន្ត​ទៀត​ថា នៅ​ពេល​ខាង​មុខ​ឆាប់​ៗ នេះ ខាង​ខ្មែរ​យើង​នឹង​ជួប​ប្រជុំ​ជាមួយ ខាង​ថៃ​ជា​លក្ខណៈ​ជាតិ ដោយ​ក្រសួងកសិកម្ម​ខ្មែរ ជួប​ជាមួយនឹង​ក្រសួងកសិកម្ម​ថៃ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ហើយ​ខាង​លោក​ក៏​នឹង​ចាត់ការ​រឹត​បន្តឹង​ចំពោះ​ការ​នាំ​ទំនិញ​របស់​ភាគី​ថៃ​ចូល​មក​ប្រទេស​ខ្មែរ​ផង​ដែរ ។ លោក​បញ្ជាក់​ទៀត​ថា ខាងយើង​មិន​ទាន់​អស់សង្ឃឹម​នៅឡើយ​ទេ បើ​ទោះបីជា​ខាង​ភាគី​ថៃ​បិទ​ការ​នាំ​ចូល​ក៏​ដោយ ព្រោះ​ខាង​ប្រទេស​កូរ៉េ គេ​ចូល​មក​កុម្ម​ង់​ទិញ​ផ្លែស្វាយ​កែវ​រមៀត​នេះ ចូល​ទៅ​ក្នុង​ប្រទេស​របស់​គេ​ផង​ដែរ ។