ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលារៀន​ធ្វើ​រួច​ជាង​២​ខែ​ហើយ តែ​អត់​ទាន់​បើកប្រាក់​ឲ្យ​កម្មករ​ទៀត

8 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ រហូត​មក​ដល់​ពេល​នេះ ក្រុមហ៊ុន​ម៉ៅ​ការ​សំណង់​ធ្វើ​សាលារៀន​មួយ​ខ្នង ក្នុង​សាលា​បឋម​សិក្សា​ស្មែ​ត ពី​ក្រសួង​អប់រំ​យុវជន និង​កីឡា មិន​ទាន់​បាន​ប្រគល់​ប្រាក់​ឲ្យ​អ្នកម៉ៅការ​

ខេត្តកំពង់ឆ្នាំង ៖ រហូត​មក​ដល់​ពេល​នេះ ក្រុមហ៊ុន​ម៉ៅ​ការ​សំណង់​ធ្វើ​សាលារៀន​មួយ​ខ្នង ក្នុង​សាលា​បឋម​សិក្សា​ស្មែ​ត ពី​ក្រសួង​អប់រំ​យុវជន និង​កីឡា មិន​ទាន់​បាន​ប្រគល់​ប្រាក់​ឲ្យ​អ្នកម៉ៅការ​ពលកម្ម​នៅឡើយ​ទេ ទើប​ធ្វើ​ឲ្យ​កម្មករ​ជាង​២០​នាក់ ដាច់​បាយ​ជា​បណ្តើរ​ៗ​ហើយ សូ​ម្បី​តែ​ប្រាក់​សម្រាប់​ធ្វើ​ដំណើរ ទៅ​ចុះ​ឈ្មោះ បោះ​ឆ្នោត​ក៏​គ្មាន​ដែរ​។

អាស្រ័យ​ហេតុនេះ ទាំង​កម្មករ​ទាំង​អ្នកម៉ៅការ អំពាវនាវ​ឲ្យ​អាជ្ញាធរ​ខេត្ត ក្រសួង​អប់រំ​យុវជន និង​កីឡា ពិសេស​ប្រមុខ​រាជរដ្ឋាភិបាល សូម​ជួយ​ពួក​គាត់​ផង ព្រោះ​សាលារៀន​ធ្វើ​រួច​ជាង​២​ខែ​ហើយ មិនឃើញ​ប្រគល់​ប្រាក់​ឲ្យ​។ ព័ត៌មាន​នេះ កោះសន្តិភាព​ធ្លាប់​បាន​ផ្សាយ​ម្តង​ហើយ កាលពី​ពាក់​កណ្តាលខែ សីហា តែ​ដោយសារ​មិន​ទាន់​មាន​ដំណោះស្រាយ និង​កម្មករ​ទាំងនោះ​ចេះ​តែ​លំបាកទៅ​ៗ ទើប​ពួក​គាត់​សំណូមពរ​ឲ្យ​ផ្សាយ​ម្តងទៀត​។

នៅ​មុខ​សា​សា​ដែល​ទើប​សាងសង់​រួច ក្រុម​កម្មករ​ទាំងនោះ បាន​រៀបរាប់​ពី​ទុក្ខ​លំបាក​របស់​ខ្លួន​ថា ពួក​គាត់​មក​ធ្វើ​ជា​កម្មករ ពឹង​លើ​ប្រាក់​ពលកម្ម​ប្រចាំ​ថ្ងៃ ខ្លះ​១​ថ្ងៃ​១​ម៉ឺន​៨​ពាន់ ខ្លះ​២​ម៉ឺន និង​ខ្លះ​ទៀត​ច្រើន​ជាង​នេះ ម្នាក់​ៗ​ត្រូវ​បាន​មេជាង​សំណង់​ជំពាក់​ជាង​២​ខែ​ហើយ បើ​គិត​ខ្លះ​ជាង​១​លាន​រៀល ខ្លះ​ទៀត​ជាង​២​លាន​រៀល​។ ក្រុម​កម្មករ​ទាំងនោះ​ភាគច្រើន​ជា​ស្ត្រី​មេម៉ាយ ពួក​គាត់​កូន​៣ ខ្លះ​កូន​៥ ពឹង​លើ​ប្រាក់​ពលកម្ម​ប្រចាំ​ថ្ងៃ តែ​ដល់​មេជាង​ជំពាក់​ជាង​២​ខែ មិន​សង​ចឹ​ង​គាត់​រស់​យ៉ាងម៉េច​។

ចំណែក​បុរស​ម្នាក់​ជា​អ្នក​ដឹក​ខ្សាច់​និយាយ​ថា មេជាង​បាន​ជំពាក់​ប្រាក់​ដឹក​ខ្សាច់​គាត់​ជាង​៤០០​ដុល្លា ជាង​២​ខែ​ហើយ មិន​ទាន់​សង នេះ​ដោយសារ​តែ​ខាង​ក្រុមហ៊ុន​ម៉ៅ​ការ​សំណង់​មិន​ទម្លាក់​ប្រាក់​ឲ្យ​មេជាង​។ បុរស​ជា​មេជាង​សំណង​ឈ្មោះ ម៉ិ​ល សា​រ៉េ​ត អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទួល​ទ្រា  ឃុំ​ស្វាយ​ជ្រុំ ស្រុក​រលាប្អៀរ បាន​និយាយ​ឲ្យ​ដឹង​ថា គាត់​បាន​ទទួល​ម៉ៅ​ការ​ថ្លៃ​ពលកម្ម​ធ្វើ​សាលា​មួយ​ខ្នង​មាន​៥​បន្ទប់ និង​បន្ទប់ ទឹក​១​ខ្នង មាន​៤​បន្ទប់ នៅ​ក្នុង​សាលា​បឋម​សិក្សា​ស្មែ​ត​នេះ​ពី​ឈ្មោះ វុ​ទ្ធី ដែល​គាត់​បាន​ទទួល​ម៉ៅ​ការ​ផ្ទាល់​ពី​ក្រុមហ៊ុន តាន់ គី​ម​អេ​ង ក្នុង​តម្លៃ​១០.៥០០​ដុល្លា ជា​ថ្លៃ​ពលកម្ម​សុទ្ធ ចំណែក​សម្ភារ​សាងសង់​លើ​ឈ្មោះ វុ​ទ្ធី និង​ក្រុមហ៊ុន​។

គាត់​បាន​ចូល​ធ្វើ​នៅ​ថ្ងៃ​ទី​១១ ខែ​វិ​ឆ្ឆិ​កា ឆ្នាំ​២០១៥ និង​បាន​ធ្វើ​រួចរាល់​នៅ​ថ្ងៃ​ទី​០៥ ខែកក្កដា ២០១៦​។ ក្នុង​ពេល​កំពុង​សាងសង់ គាត់​បាន​បើកប្រាក់​ពី​ក្រុមហ៊ុន​ជា​បន្តបន្ទាប់​បាន​ចំនួន​តែ​ជាង​៥​ពាន់​ដុល្លា​តែ​ប៉ុណ្ណោះ នៅ​សល់​ជាង​៥​ពាន់​ដុល្លា​ទៀត ដែល​ខាង​លោក វុ​ទ្ធី និង​ក្រុមហ៊ុន​មិន​ទាន់​បើក​មក​ឲ្យ​។ គាត់​បាន​បញ្ចា​ក់ថា សាលារៀន​ធ្វើ​រួច​ជាង​២​ខែ​ហើយ តែ​ខាង​ក្រុមហ៊ុន​មិន​ត្រឹមតែ​មិន​ទម្លាក់​ប្រាក់​ជំពាក់​ថ្លៃ​ពលកម្ម ៥.១០០​ដុល្លា ប៉ុណ្ណោះ​ទេ ថែម​ទាំង​ឲ្យ​គាត់​ទៅ​ជឿ​ក្តារ​ពុ​ម្ភ ជឿ​ខ្សាច់ និង​ជឿ សម្ភារ​ផ្សេង​ៗ​ជាដើម ដែល​ក្រុមហ៊ុន​បាន​សង​ខ្លះ និង​នៅ​ជំពាក់​ខ្លះ​មិន​ទាន់​សង​គេ​នៅឡើយ​។

ដោយសារ​តែ​ការ​ទៅ​ជឿ​ក្តារ​ពុ​ម្ភ គេ​មិន​ឲ្យ​ប្រាក់​នេះ​ហើយ ទើប​ម្ចាស់​ក្តា​ពុ​ម្ភ គេ​មក​កាត់​ម៉ូតូ​គាត់​អស់ពីរ​គ្រឿង​។ ពួក​គាត់​ជា​កម្ម​កករ ក៏​ដូច​ជា​មេជាង  បាន​សំណូមពរ​ដល់​អាជ្ញាធរ​ខេត្ត ក្រសួង​អប់រំ​យុវជន និង​កីឡា   ពិសេស​ប្រមុខ​រាជរដ្ឋាភិបាល សូម​មេត្តា​ជួយ​ជម្រុញ​ឲ្យ​ក្រុមហ៊ុន តាន់ គី​ម​អេ​ង ប្រញាប់​ទម្លាក់​ប្រាក់​មក​ឲ្យ​មេជាង ដើម្បី​បាន​បើក​ឲ្យ​កម្មករ​ទាំង​អស់នោះ​ផង​។ ជុំវិញ​ការ​ចោទប្រកាន់​ខាងលើ មេការ​ក្រុមហ៊ុន តាន់ គី​ម​អេ​ង បាន​ប្រាប់​តាម​ទូរ​សព្ទ័​ថា បញ្ហា​នេះ គឺ​ដោយសារ​ការងារ​នេះ​មាន​កិច្ចសន្យា​គ្នា​ពេល​ធ្វើ​ហើយ​ខាង​ក្រសួង​ចុះ​ទៅ​មើល​សិន ដូច​ជា​មើល​គុណភាព មើល​សំណង់ ជាដើម តើ​ត្រឹមត្រូវ​តាម​បទដ្ឋាន​ដែរ​អត់ បើ​មាន​ខ្វះ ត្រូវ​ឲ្យ​គាត់​ធ្វើ​បន្ត​

។ រឿង​ថា​ធ្វើ​ហើយ គឺ​គាត់​ថា ខ្លួន​គាត់ តែ​ចំពោះ​យើង​ត្រូវ​ទៅ​ពិនិត្យ​សិន​។ នៅ​សល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត  គេ​នឹង​ចុះ​ទៅ​មើល​ហើយ ចំពោះ​ប្រាក់​វិញ​មិន​សល់​ច្រើន​ប៉ុន្មាន​នោះ​ទេ ទោះ​គាត់​ថា​ច្រើន តែ​ចាំ​ដល់​ពេល​គិត​បញ្ជី​ដឹង​ហើយ​។ ទោះ​យ៉ាងណា ក្រុម​កម្មករ​ទាំងនោះ​បាន​បញ្ជាក់​ថា ដល់​ខែ​ភ្ជុំបិណ្ឌ ស្អែក ខានស្អែក នេះ​ហើយ ពួក​គាត់​គ្មាន​ប្រាក់​ធ្វើបុណ្យ​ទេ យ៉ាងណា​ឲ្យ​ឆាប់​បើក​បាន​មុន​បុណ្យកាន់បិណ្ឌ​ផង​៕